The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ឧទ្យានុរក្ស​បាន​រើ​អន្ទាក់​ជាង​ ២០០ ​ចេញពី​តំបន់​ការពារ​សត្វព្រៃ​អារ៉ែង




មន្ត្រី​ឧទ្យានុរក្ស​បាន​រើ​អន្ទាក់​ជាង​ ២០០ ​ចេញពី​តំបន់​ការពារ​សត្វព្រៃ​អារ៉ែង

Content image - Phnom Penh Post
មន្ត្រី​ឧទ្យានុរក្ស​កំពុង​រើ​អន្ទាក់ ដែល​គេ​ដាក់​ចាប់​សត្វព្រៃ​ក្នុង​តំបន់​ការពារ​អារ៉ែង​។ រូបថត WA-C

មន្ត្រី​ឧទ្យានុរក្ស​បាន​រើ​អន្ទាក់​ជាង​ ២០០ ​ចេញពី​តំបន់​ការពារ​សត្វព្រៃ​អារ៉ែង

កោះកុងៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ (Wildlife Alliance Cambodia) ​បាន​ឲ្យ​ដឹងថា កាលពី​សប្ដាហ៍​មុន មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ដកហូត​អន្ទាក់​ដាក់​សត្វព្រៃ​ចំនួន​ជាង​​ ២០០ ​អន្ទាក់​នៅក្នុង​តំបន់​អារ៉ែង​។

មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​បាន​លើកឡើង​ថា ជ្រូកព្រៃ​គឺជា​សត្វ​រងគ្រោះ​ច្រើន​ជាងគេ ដោយសារ​អន្ទាក់​ទាំងនោះ​។

ទំព័រ​ហ្វេសប៊ុក​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចុះផ្សាយ​នៅ​ថ្ងៃទី​ ៧ ​មករា​បាន​ឲ្យ​ដឹងថា​៖ «​កាលពី​សប្ដាហ៍​កន្លងទៅ មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​អារ៉ែង​បាន​រុះរើ និង​ដកហូត​អន្ទាក់​បាន​ចំនួន​ ២៦៦ អន្ទាក់​។ អន្ទាក់​គឺជា​គ្រោះមហន្តរាយ​ដ៏ធំ​មួយ​សម្រាប់​សត្វព្រៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។

ទំព័រ​ហ្វេសប៊ុក​នេះ​បានបង្ហាញ​រូបថត​ចំនួន​ ៤ ​សន្លឹក​ ដែល​មាន​មន្ត្រី​ឧទ្យានុរក្ស​ម្នាក់ កងរាជអាវុធហត្ថ​ ២ ​នាក់ និង​មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​ឈរ​បង្ហាញ​ខ្សែ​អន្ទាក់​សត្វព្រៃ​ទាំងនេះ​។ មន្ត្រី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុមការងារ​ទាំងនោះ​គឺ​តែង​ចុះ​ធ្វើ​សកម្មភាព​ល្បាត​ជា​រៀងរាល់​ថ្ងៃ​នៅក្នុង​តំបន់​អារ៉ែង ហើយ​អន្ទាក់​សត្វព្រៃ​ដែល​ត្រូវ​ដកហូត​ពី​ក្នុងព្រៃ​ទាំងនោះ​គឺ​ត្រូវ​រក្សាទុក​នៅក្នុង​ទីស្នាក់ការ​អារ៉ែង​របស់​ក្រសួងបរិស្ថាន​។

មន្ត្រី​ដដែល​រូបនោះ​និយាយ​ថា​៖ «​អន្ទាក់​សត្វ​ទាំង​ហ្នឹង គឺ​ជាប់​សត្វព្រៃ​ចម្រុះ សត្វ​ណា​ចូល​ក្នុង​អន្ទាក់​ហ្នឹង​មុន​គឺ​សត្វ​នោះ​ហើយ​»​។

អារ៉ែង​ជា​តំបន់​មួយ​ស្ថិត​ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​។ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​អះអាងថា ជួរ​ភ្នំក្រវាញ​ដែល​ជា​ព្រៃ​ទឹកភ្លៀង​របស់​កម្ពុជា​គឺ​គេ​អាចមាន​ឱកាស​បានឃើញ​ប្រភេទ​បក្សី​ចំនួន​ ៤៥០ ​ប្រភេទ និង​សត្វ​ឆ្អឹង​កង​ជាង​ ៥៥ ​ប្រភេទ​ដែល​កំពុង​រង​ការគំរាមកំហែង​ដូចជា​សត្វ​ខ្លាឃ្មុំ​ព្រះអាទិត្យ និង​ដំរី​អាស៊ី​ជាដើម​។

លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​ថ្លែង​ឲ្យ​ដឹងថា​នៅក្នុង​តំបន់​អារ៉ែង សត្វព្រៃ​ដែល​ឧស្សាហ៍​បានឃើញ​ច្រើន​ជាងគេ​គឺ​មាន​ដូចជា​ជ្រូកព្រៃ ដំរី និង​ឈ្លូស​ជាដើម ខណៈ​សត្វព្រៃ​រងគ្រោះ​ខ្លាំងជាងគេ​បំផុត​ពី​ការដាក់​អន្ទាក់ គឺមាន​ដូចជា​សត្វ​ជ្រូកព្រៃ និង​សត្វ​ត្រកួត​។

លោក​ថ្លែង​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ឧទ្យានុរក្ស​ប្រចាំខេត្ត​កោះកុង​គឺ​មាន​ចំនួន​ ១១២ ​នាក់​ ដែល​តែង​ចុះ​ល្បាត​ជា​រៀងរាល់​ថ្ងៃ​នៅក្នុង​តំបន់​អារ៉ែង និង​តំបន់​មួយចំនួនទៀត​នៅក្បែរៗ​តំបន់​អារ៉ែង​។ ប្រធាន​មន្ទីរ​រូបនេះ​បន្ថែមថា អ្នក​ដែល​ដាក់​អន្ទាក់​ទាំងនោះ គឺជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ព្រៃឡង់​ដែល​ពួកគាត់​ភាគច្រើន​ដាក់​អន្ទាក់ សម្រាប់​យក​សត្វព្រៃ​មក​បរិភោគ ឬ​ចែកចាយ​គ្នា​។

លោក​ថ្លែងថា​៖ «​ស្ថានភាព​​ (​ការដាក់​អន្ទាក់​) ​មិនមាន​ការកើនឡើង​ទេ​។ សកម្មភាព​ដាក់​អន្ទាក់​គឺអាច​កើតឡើង​ប្រហាក់ប្រហែល​នាពេល​កន្លងមក ឬ​មានការ​ថយចុះ​តិចតួច ដោយសារ​យើង​មាន​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាប្រចាំ​»​។

លោក អន សុធារិទ្ធ អភិបាល​ស្រុក​ថ្មបាំង​ខេត្តកោះកុង​បាន​លើកឡើង​ថា ខាង​សាលាស្រុក​បាន​បញ្ជូន​មន្ត្រី​ចុះទៅ​ផ្សព្វផ្សាយ​តាម​សាលា​នានា​ដោយ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការ​អភិរក្ស​សត្វព្រៃ​។

លោក​បន្តថា ក្រៅពីនេះ​ក៏​តែងតែ​ចុះ​ធ្វើ​វេទិកាសាធារណៈ ដើម្បី​ផ្សព្វផ្សាយ​ទៅ​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​ឱ្យ​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការការពារ​សត្វព្រៃ​ផងដែរ ​ជាពិសេស​អំពី​ការការពារ​នៅ​តំបន់​អារ៉ែង និង​តំបន់​ជីផាត់​។

លោក​បាន​ថ្លែងថា​៖ «​យើង​​តែង​ធ្វើ​វេទិកាសាធារណៈ គឺ​ធ្វើ​​ ១ ​ខែ​ម្ដង​ទៅ​ ២ ​ខែម្ដង​»៕

អត្ថបទគួរចាប់អារម្មណ៍