ស្ទឹងត្រែងៈ មន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​សៀមប៉ាង​ចំនួន​ ៤ ​នាក់​ ​បាន​ចុះ​រុះរើ​ជំរំ​ជនល្មើស​លាក់ខ្លួន​អារឈើ​ចំនួន ៥ ​កន្លែង និង​ជំរុំ​បរបាញ់​ចំនួន​ ១ ​ស្ថិតនៅ​ឃុំ​ព្រែកមាស ស្រុក​សៀមប៉ាង​ក្នុង​អំឡុងពេល​កំពុង​ធ្វើការ​ល្បាត​រយៈពេល ៥ ​ថ្ងៃ​ដោយ​បាន​រឹបអូស​វត្ថុតាង រណារយន្ត​ ៤ ​គ្រឿង ស្នាតេះ​ ២ ​ដើម និង​អន្ទាក់​ ៣៦ ​ខ្សែ​។

យោងតាម​ហ្វេសប៊ុក​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឲ្យ​ដឹងថា ជនល្មើស​ ២ ​នាក់​ ត្រូវបាន​នាំ​យក​មក​សួរនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការលួច​កាប់​ឈើ​ទៅតាម​ច្បាប់​ស្តីពី​ការការពារ​តំបន់​ធម្មជាតិ​។ វត្ថុតាង​ទាំងអស់​ត្រូវបាន​ប្រមូល​យកមក​រក្សាទុក​នៅ​ស្នាក់​ការរង​ដែនជម្រកសត្វព្រៃ ព្រៃឡង់​សៀមបូក​។

លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វិធានការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បាន​ដាក់​ចេញ​តាមរយៈ​ការអនុវត្ត​ផែនការ​របស់​គណៈបញ្ជា​ការឯកភាព​នៅក្នុង​ការទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ជាពិសេស​គឺ​ធនធាន​ព្រៃឈើ ការកាប់​ទន្ទ្រាន​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។ នៅក្នុង​ផែនការ​នោះ​ការចាប់ផ្តើម​ដំបូង​គឺ​ជំរុញ​ការទប់ស្កាត់​បទល្មើស​ទាំងឡាយ​ណា​នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដែល​គ្រប់គ្រង​ដោយ​ផ្នែក​បរិស្ថាន​។

លោក គុង ថ្លែងថា​៖ «​ផែនការ​គឺ​យើង​បាន​អនុវត្ត​ជាប្រចាំ​ដោយ​មាន​ឧទ្យានុរក្ស​ប្រចាំការ​គោលដៅ​នីមួយៗ​ទៅតាម​តំបន់​ការពារ​ធម្មជាតិ​។ ប៉ុន្តែ​ប្រតិបត្តិ​ការដែល​ចុះ​ធ្វើ​សកម្មភាព​ល្បាត​នៅ​គ្រប់​ទីតាំង​ទាំងអស់​ហ្នឹង​បានធ្វើ​ទៅតាម​ផែនការ​ប្រចាំខែ​នីមួយៗ​របស់​គណៈបញ្ជាការ​ឯកភាព​»​។

លោក គុង ថ្លែងថា ក្រុម​ឧទ្យានុរក្ស​ប្រចាំការ​តាម​តំបន់​ការពារ ចុះ​ដើរល្បាត​តាម​គ្រប់​ទីកន្លែង​នៅក្នុង​តំបន់ការពារធម្មជាតិ ទាំង​តំបន់​ការពារធម្មជាតិ​នៃ​ឧទ្យាន​វីរជ័យ តំបន់​ការពារ​ធម្មជាតិ​សៀមប៉ាង​ខាងលិច ហើយ​ទាំង​នៅ​ព្រៃឡង់​ជាដើម​៕