​​កំពង់​ឆ្នាំង៖​​ មន្ត្រី​ឧុទ្យាន​អនុ​រក្ស​ខេត្ត​កំពង់​ឆ្នាំង​បាន​សហ​ការ​ជា​មួយ​ក្រុម​អង្គ​ការ​អន្ត​រាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត​​លែង​ពស់​ថ្លាន់ ​៣៨ ក្បាល​ ចូល​​​បឹង​ធម្ម​ជា​តិ​វិញ​កាល​ពី​ថ្ងៃ​ទី​ ២៥​ ​ខែ​ ឧសភា​ ​ឆ្នាំ​ ២០២១​។​ ​

​លោក​ ​ម៉ែន ​ផល្លា​ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ឆ្នាំង​​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អង្គ​ការ​អន្ត​រាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័តបាន​រក​ឃើញ​ពស់​ថ្លាន់​ចំនួន​៣៨​ក្បាល​ ពី​បណ្តា​កន្លែង​ផ្សេងៗ​ ​ក្នុង​នោះ​មាន​ប្រ​មូល​ពី​ភ្នំ​តា​ម៉ៅ ​បណ្តា​កន្លែង​ចិញ្ចឹម​តាម​ផ្ទះ​​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ​និង​ស្ទាក់​ចាប់​បាន​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​សត្វ​ព្រៃ​លក់​ផង​ដែរ​។​ ​

​លោក​ ​ម៉ែន​ ​ផល្លា ​ក្រុម​អង្គ​ការ​អន្ត​រាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត ​បាន​ឱ្យ​ដឹង​ថា​៖​ ​«​គាត់ ​(​មន្ត្រី​)​ ចាប់​បាន​ពី​កន្លែង​ផ្សេងៗ​ ​ហើយ​មក​សហ​ការ​ជា​មួយ​មន្ត្រី​យើង​ប្រចាំ​ការ​នៅ ឆ្នុក​ទ្រូ​ហ្នឹង​ដើ​ម្បី​ដោះ​លែង​ទៅ​បឹង​ធម្ម​ជាតិ​វិញ។​ ​ពស់​ទាំង​នោះ​យើង​អត់​បាន​ដឹង​ថា មាន​ទម្ងន់​ ​និង​ប្រ​វែង​ប៉ុន្មាន​ទេ​ ​ព្រោះ​ប្រញាប់​យក​ទៅ​លែង​ ​ខ្លាច​ទុក​យូរ​ទៅ​វាងា​ប់​»​ ​។​ ​

​លោក​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ឆ្នាំង​ ​បាន​អំពាវ​នាវ​ដល់​ប្រ​ជា​ពលរដ្ឋ​ជួយ​ថែរ​ក្សា​កា​រ​ពារ​ និង​អភិ​រក្ស​សត្វ​ព្រៃ​គ្រប់​ប្រ​ភេទ​ ​កុំ​ចាប់​ ​ឬ​ស​ម្លាប់​សត្វ​ ​និង​កុំ​កាប់​ដុត​រុក​រាន​ទន្ទ្រាន​ដី​ព្រៃ​ដែល​ជា​ជម្រក​ជីវ​ចម្រុះ​គ្រប់​ប្រ​ភេទ។ ​​លោក​ផល្លា​បញ្ជាក់​ថា​ ​ការ​ចាប់​សត្វ​ព្រៃ​យក​ទៅ​ជួញ​ដូរ​ជា​អំពើ​ខុស​ច្បាប់​។​​

​លោក​ ​ខៀវ​ ​រចនា​ ​មន្ត្រី​បច្ចេក​ទេស​ផ្នែក​ចម្ការ​ឈើ​ដាំ​នៃ​ក្រុម​ហ៊ុន​ ​Grandis ​Timber ​ដែល​ធ្វើ​ការ​អភិ​រក្ស​សត្វ​ព្រៃ​និង​បង្កើត​​ចម្ការ​ឈើ​លើ​ដី​រេច​រឹល​នៅ​កម្ពុ​ជា​​ បាន​សាទរ​ចំ​ពោះ​ការ​ដោះលែ​ង​ពស់​ថ្លាន់​ចូល​ទៅ​កាន់​លំ​នៅ​ធម្ម​ជាតិ​របស់​វា​វិញ ​ប៉ុន្តែ​លោក​សំណូម​ពរ​ឲ្យ​មាន​ការ​ដោះ​លែង​យ៉ាង​ណា​ឲ្យ​ត្រូវ​តាម​តំបន់​ជា​មួយ​ប្រ​ភេទ​សត្វ​ដែល​ត្រូវ​ដោះ​លែង​។

លោក​ថ្លែង​ថា​៖​ ​«​ពស់​ថ្លាន់​ ​វា​មាន​ប្រភេ​ទ​ខ្លះ​វារ​ស់​នៅ​ក្នុង​តំប​ន់​ព្រៃ​ភ្នំ ឯ​ខ្លះ​ទៀត​នៅ​តាម​បឹង​ដែល​គេ​ហៅ​ថា​ថ្លាន់​ទឹ​ក​ ​អី​ចឹង​បើ​លែង​ត្រូវ​តំប​ន់​កន្លែង​វារ​ស់​នៅ សត្វ​វា​ងាយ​ស្រួល​រស់​នៅ​ ​មិន​សូវ​មាន​ហា​និភ័យ ​ប៉ុន្តែ​បើ​លែង​ខុស​ទី​តាំង​លក្ខ​ខណ្ឌ​ក​ន្លែង​ដែល​វារស់​នៅ ធ្វើ​ឲ្យ​វា​ពិ​បាក​រ​ក​ចំ​ណី​ ​ហើយ​មាន​ហានិ​ភ័យ​ខ្ពស់​ពី​ការ​បរ​បាញ់​របស់​អ្ន​ក​ភូមិ​»​៕​ ​​