ក្រចេះ៖ មន្ត្រី​ឧទ្យានុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ព្រែក​ប្រសព្វ កំពុង​ពិចារណា​សំណើ​របស់​លោក ​សូម សារិទ្ធ អភិបាល​ស្រុក​សំបូរ ដែល​ស្នើ​សូម​ឲ្យ​ប្រគល់​គោយន្ត​កន្រៃ្ត ១ គ្រឿង​ និង​ម៉ូតូ ១ គ្រឿង​​ ជូន​​ពលរដ្ឋ ​៣ ​គ្រួសារ​វិញ បន្ទាប់​ពី​បាន​ចាប់​ឃាត់​​ នៅ​ពេល​ពលរដ្ឋ​ទាំង​នោះ​​ កំពុង​បោះ​បង្គោល​​ប្រមាណ ​៥០០ ​ដើម ​​នៅ​លើ​ទីតាំង​ដី​ព្រៃ​ប្រមាណ ​១០ ​ហិកតា​ ដែល​នៅ​ជាប់​ដី​ស្រែ​របស់​ពួក​គាត់​។

លោក សារិទ្ធ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ថា យោង​តាម​របាយការណ៍​ពី​អាជ្ញាធរ​ឃុំ ដែល​បាន​បញ្ជូន​មក ​ក្រោយ​ពី​ពិនិត្យ​ទីតាំង​កើត​ហេតុ​ ឃើញ​​ថា​ពលរដ្ឋ​ទាំង​នោះ​បាន​​បោះ​បង្គោល​ហ៊ុមព័ទ្ធ​​ដី​ព្រៃ ដែល​នៅ​ជាប់​នឹង​ដី​ស្រែ​របស់​ពួក​គាត់​​។

លោក​បញ្ជាក់​ថា​៖ «​របាយការណ៍​ដែល​មេ​ឃុំ បាន​បញ្ជូន​មក ទីតាំង​នោះ គឺ​ជា​ដីព្រៃ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង ៣ គ្រួសារ បោះ​បង្គោល​ហ៊ុមព័ទ្ធ​សម្រាប់​ទុក​ចង​គោ​ក្របី​របស់​ពួក​គាត់ និង​ជ្រក​ម្លប់​នៅ​ពេល​នឿយ​ហត់ ក្រោយ​ពី​ការ​បង្ក​បង្កើន​ផល»។

បើ​តាម​លោក ​សារិទ្ធ អ្នក​ភូមិ​អះអាង​ថា ពួក​គាត់​គ្មាន​បំណង​​វាត​យក​ដី​នោះ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ទេ តែ​ការ​បោះ​បង្គោល​របង គឺ​ដើម្បី​ជួយ​ការ​ពារ​កុំ​ឲ្យ​មាន​គេ​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​នៅ​​ទីតាំង​នោះ​តែ​ប៉ុណ្ណោះ ហើយ​ថា គាត់​មិន​ជំទាស់​ចំពោះ​សមត្ថកិច្ច ដែល​ដក​ហូត​យក​បង្គោល​របង​នោះ​ទេ តែ​សូម​អធ្យាស្រ័យ​ និង​ផ្ដល់​គោយន្ត ​១ ​គ្រឿង ​និង​ម៉ូតូ ​១ ​គ្រឿង ​ឲ្យ​ពួក​គាត់​វិញ។

លោក​បន្ត​​ថា​៖ «ក្រោយ​ពី​ពិនិត្យ​របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ហើយ ខ្ញុំ​បាន​ទាក់ទង​ទៅ​មន្ត្រី​​ជំនាញ​ដើម្បី​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​អ្នក​ភូមិ​ដែល​បាន​ដឹង​នូវ​កំហុស​​របស់​ខ្លួន ហើយ​ប្រគល់​វត្ថុ​តាង​ដែល​បាន​រឹប​អូស​នោះ​ជូន​ពួក​គាត់​វិញ​តែ​ខាង​មន្ត្រី​​ជំនាញ គេ​​​បាន​ប្រាប់​ថា គេ​នឹង​ពិចារណា​សា​ជា​ថ្មី ចំពោះ​ទង្វើ​របស់​អ្នក​ភូមិ​ទាំង​នោះ»​។

លោក ដួង ឆាយសាវុធ ប្រធាន​​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ​ប៉ុន្តែ​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ទី ២៣ ​ខែ​មេសា​​​​ថា កាល​ថ្ងៃ​ទី ​២១ ខែ​មេសា មន្ត្រី​ឧទ្យានុរក្ស ដែន​ជម្រក​សត្វ​ព្រៃ​ព្រែក​ប្រស​ព្វ រួម​សហការ​ជាមួយ​ប្រជាសហគមន៍ បាន​ចុះ​ល្បាត​ព្រៃ ​ដើម្បី​ទប់​ស្កាត់​​បទ​ល្មើស​ធនធាន​ធម្មជាតិ នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រែក​ប្រសព្វ​ ហើយ​បាន​ប្រទះ​ឃើញ​ករណី​បោះ​បង្គោល​​ហ៊ុមព័ទ្ធ​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ដោយ​ខុស​ច្បាប់​មួយ​កន្លែង ​នៅ​​ចំណុច​ប៉ារ៉ុង ភូមិសាស្រ្ត​ឃុំ​វឌ្ឍនៈ ស្រុក​សំបូរ​។ ប៉ុន្តែ​ក្រុម​ជន​សង្ស័យ​ បាន​រត់​គេច​ខ្លួន​មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចូល​ទៅ​ដល់។

លោក​បញ្ជាក់​ថា​៖ «ទីតាំង​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​នោះ មាន​​ទំហំ​ប្រមាណ ១០ ហិកតា និង​មាន​បង្គោល​ចំនួន ៥០០ ​ដើម​។ មន្ត្រី​យើង​រួម​ទាំង​ប្រជាសហគមន៍​ បាន​រុះរើ​បង្គោល​នោះ​ចេញ។ យើង​​រឹប​អូស​វត្ថុ​តាង​មួយ​ចំនួន​ទៀត ​រួម​មាន គោយន្ត​​កន្រៃ្ត ១ ​គ្រឿង ម៉ូតូ ១ ​គ្រឿង កាំបិត​ផ្គាក់ ​១ ​ដើម ពូថៅ ១ និង​ចបជីក ​១​»។ លោក​បន្ត​ថា៖ «​នៅ​ពេល​នេះ មន្ត្រី​ឧទ្យានុ​រក្ស​យើង កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​មុខ​សញ្ញា​ជន​សង្ស័យ​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​»។

លោក គង់ នី អាយុ ​៥២ឆ្នាំ តំណាង​ពលរដ្ឋ​ទាំង​ ៣ ​គ្រួសារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​ដី​ដែល​បាន​បោះ​បង្គោល​គ្រាក់ ហ៊ុមព័ទ្ធ​នោះ គឺ​ជា​ដី​ព្រៃ​ដែល​នៅ​ជាប់​នឹង​ដី​ស្រែ​របស់​ពួក​លោក​។

លោក យុន ស៊ីម មេឃុំ​វឌ្ឍនៈ ថ្លែង​ថា លោក​រួម​ទាំង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ និង​មេភូមិ អនុភូមិ ប្រធាន​ក្រុម​ក្នុង​មូលដ្ឋាន​ឃុំ​វឌ្ឍនៈ​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ដី​ដែល​ត្រូវ​បាន​បោះ​បង្គោល​ហ៊ុមព័ទ្ធ​នោះ​ហើយ​ឃើញ​ថា ទីតាំង​នោះ​គឺ​ជា​ដី​ព្រៃ ដែល​នៅ​ជាប់​នឹង​ដី​ស្រែ​របស់​ពលរដ្ឋ​។

បើ​តាម​លោក ឆាយសាវុធ ដី​នោះ​ជា​ដី​ក្នុង​តំបន់​ដែន​ជម្រក​​សត្វ​ព្រៃ​ព្រែក​ប្រសព្វ ហើយ​ទីតាំង​នោះ ជា​ចំណុច​ឆ្លង​កាត់​នៃ​សត្វ​ក្ដាន់ ដែល​កំពុង​រងគ្រោះ​ ​និង​ជិត​ផុត​ពូជ​៕​