ភ្នំពេញ៖ វគ្គហ្វឹកហ្វឺនមន្ត្រីមុខងារសាធារណៈជាឧទ្យានុរក្សស្តីពី «វិធីសាស្រ្តល្បាតក្នុងតំបន់ការពារធម្មជាតិ» ធ្វើការហ្វឹកហ្វឺនបាន ៩ ជំនាន់ហើយ ដែលក្នុងនោះមានមន្ត្រីឧទ្យានុរក្សដែលបានបណ្តុះបណ្តាលសរុបទាំងអស់ចំនួន ៥៩៤ នាក់ ស្រ្តីចំនួន ៦ នាក់។ នេះបើតាមមន្ត្រីនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ពីថ្ងៃទី ២៣ កញ្ញា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅទូទាំងប្រទេសមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានមានចំនួន ១ ២៦០ នាក់។ មន្ត្រីឧទ្យានុរក្សទាំងអស់បានទទួលការហ្វឹកហាត់ បណ្តុះបណ្តាល និងបានស្បថនៅតុលាការសាលាឧទ្ធរណ៍ឱ្យក្លាយទៅជាមន្ត្រីនគរបាលយុត្តិធម៌។
លោក ភក្ត្រា បានប្រាប់ថា មន្ត្រីឧទ្យានុរក្សដែលក្រសួងបរិស្ថានជ្រើសរើសមកពីតាមបណ្តាខេត្តនានានោះពួកគាត់មិនមានជំនាញ ខាងផ្នែកយោធាទេ ពួកគាត់ជាជនស៊ីវិល ឬជាប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហេតុនេះក្រសួងបរិស្ថានបានសហការជាមួយសាលានាយទាហានសកម្មត្មាតពង ដើម្បីបានទទួលវគ្គហ្វឹកហ្វឺនជំនាញផ្សេងៗ។
មន្ត្រីនាំពាក្យរូបនេះថ្លែងថា៖ «អ៊ីចឹងការបណ្តុះបណ្តាលពីបែបបទ ពីច្បាប់ ពីរបៀបនៃការល្បាត របៀបនៃការធ្វើអន្តរាគមន៍ ពេលមានបទល្មើសមានអីហ្នឹង វាជាការពង្រឹងសមត្ថភាពបន្ថែម ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការការពារធនធានធម្មជាតិរបស់យើង។ មន្ត្រីឧទ្យានុរក្សមិនមែនតែជាអ្នកការពារព្រៃឈើទេ ប៉ុន្តែជាអ្នកដែលបង្ក្រាបបទល្មើស និងទប់ស្កាត់បទល្មើសថែមទៀតផង»។
ក្រៅពីការសហការជាមួយសាលានាយទាហានសកម្ម ក្រសួងបរិស្ថានក៏មានកិច្ចសហការជាមួយគម្រោងជាដៃគូពីសហរដ្ឋអាមេរិកផងដែរ ក្នុងការពង្រឹងសមត្ថភាពរបស់មន្ត្រីឧទ្យានុរក្ស អំពីរបៀបនៃការស៊ីបអង្កេត របៀបនៃការប្រមូលភ័ស្តុតាង របៀបនៃការចងក្រងបទល្មើស និងរបៀបនៃការសិក្សាអំពីច្បាប់ផ្សេងៗ ដើម្បីឱ្យបានយល់ដឹងជារួមផងដែរ។
ក្រសួងបរិស្ថានបានចាត់មន្ត្រីឧទ្យានុរក្សដែលបានហ្វឹកហ្វឺនចប់ ឱ្យចេញទៅធ្វើការអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះចំនួន ៥៥ តំបន់ ដែលមានទំហំប្រមាណ ៧ លាន ៥ សែនហិកតា នៅទូទាំងប្រទេសកម្ពុជា។ តំបន់ទាំងនោះស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង ក្រចេះ កំពង់ស្ពឺ កោះកុង រតនគិរី និងខេត្តមណ្ឌលគិរីជាដើម។ នេះបើតាមការឱ្យដឹងពីលោក ភក្ត្រា។
តាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅទូទាំងប្រទេសកម្ពុជា មានសហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថានមាន ១៦៩ សហគមន៍។ រាល់ថ្ងៃសហគមន៍តំបន់ការពារធម្មជាតិទាំងអស់នោះបានចូលរួមសហការជាមួយមន្ត្រីឧទ្យានុរក្ស ចុះល្បាតនៅតាមព្រៃតំបន់ការពារធម្មជាតិនានា។ ក្នុងនោះមានខេត្តបន្ទាយមានជ័យ និងក្នុងដែនជម្រក សត្វព្រៃសង្ឃរុក្ខវន្តផងដែរ។
ចំណែកនៅតំបន់ព្រៃឡង់ មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ បានសហការជាមួយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន។ លោក នេត្រ ភក្ត្រា ប្រាប់ថា សហគមន៍តំបន់ការពារធម្មជាតិដែលអាចចូលរួមបានទាំងនោះ គឺចាំបាច់ត្រូវធ្វើកិច្ចសហការ ក៏ដូចជាទទួលស្គាល់ដោយក្រសួងបរិស្ថានជាមុនសិន។
លោកថ្លែងថា៖ «ហេតុនេះ ចំពោះបណ្តាញសហគមន៍ ឬអ្នកមួយចំនួនដែលចង់ចូលរួមកិច្ចការពារធម្មជាតិ គឺត្រូវស្ថិតនៅក្រោមច្បាប់សិន។ មានន័យថាត្រូវទទួលស្គាល់ពីក្រសួងបរិស្ថានមានកិច្ចព្រមព្រៀងមានអី អ៊ីចឹងទៅ ដើម្បីយើងធ្វើការងារជាមួយគ្នាជាលក្ខណៈមួយដែលយើងរួមគ្នា ដើម្បីការពារធនធានធម្មជាតិរបស់យើងហ្នឹង»។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមការងារបណ្ដាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី កត់សម្គាល់ឃើញថា មន្ត្រីឧទ្យានុរក្សមានក្រមសីលធម៌ ធ្វើការងារសកម្មក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ។ ប៉ុន្តែប្រសិទ្ធភាពក្នុងការការពារតំបន់អភិរក្សមិនសូវមានប្រសិទ្ធភាពនោះទេ។
លោក តុលា និយាយថា៖ «ការអនុវត្តរបស់គាត់មើលទៅនៅមានកម្រិត ព្រោះអ្នកប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើអីហ្នឹងសុទ្ធតែអ្នកមានស័ក្តិមានបុណ្យហូរហែ ១.២.៣. អ៊ីចឹងទៅ។ មិនមែនមន្ត្រីឧទ្យានុរក្សមិនខំទេ គាត់ខំ ប៉ុន្តែដោយសារតែអ្នកមានអំណាចធំៗ ក្បាលពោះធំជាងគាត់ អ៊ីចឹងគាត់ម៉េចហ៊ាន»។
មន្ត្រីឧទ្យានុរក្សនៅខេត្តកំពង់ស្ពឺ លោក កែវ សុផាត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៣ កញ្ញា ថា ពេលមានបទល្មើសកើតឡើងនៅតំបន់ការពារធម្មជាតិនៅមានការឆកល្វែងខ្លះ ប៉ុន្តែយុទ្ធសាស្ត្រដែលមន្ត្រីឧទ្យានុរក្សចុះបង្ក្រាប មានក្បួនខ្នាតត្រឹមត្រូវ។
លោក សុផាត បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនមន្ត្រីឧទ្យានុរក្សមានរយៈពេលខ្លី ធ្វើឱ្យមានការហត់នឿយខ្លាំងក្នុងការហ្វឹកហាត់។ ព្រោះសម្រាកបានតិច ប៉ុន្តែវាជួយឱ្យមានសមត្ថភាពជំនាញ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅទីវាល។ មានប្រសិទ្ធភាព ល្អប្រសើរច្រើននៅក្នុងកិច្ចការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការអភិរក្សជីវចម្រុះ៕