ព្រះវិហារៈ ក្រុម​មន្ត្រី​ឧទ្យា​​នុរក្ស​ដែន​ជម្រក​ព្រៃព្រះរ​កា​ឆែប និងសកម្ម​ជន​ការពារព្រៃ​​ឈើមួយ​ចំនួន​ បាន​ចុះ​ល្បាត​ព្រៃរួមគ្នា​កាល​ពី​ចុង​សប្តាហ៍មុន​ ហើយ​បាន​បង្ក្រាប​ចាប់ឃាត់​ខ្លួន​ជន​សង្ស័យ​​​​​ចំនួន ​២ ​នាក់​ រួ​ម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ បញ្ជូន​ទៅ​តុលា​ការ​ខេត្ត​ព្រះវិហារ ខណៈ​ដែល​បទ​ល្មើសព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ​នៅ​តែ​បន្ត​កើត​មាន។

លោក ប៊ុន សឿង នាយក​ដែន​ជម្រក​ព្រៃព្រះ​រកាឆែប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​អង្គារ​​ថា ជនសង្ស័យ​​ឈ្មោះ ឡែន និង ឈ្មោះ រី ជាអ្នករស់​​នៅ​ក្នុងស្រុក​ឆែប ខេត្ត​ព្រះ​​វិហារ។ ពួក​គេត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យា​នុរក្ស ចាប់​ឃាត់​ខ្លួន ខណៈ​កំពុង​ប្រព្រឹត្ត​បទ​ល្មើស​កាប់​និងអារ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​ចំណុច​អាហារដ្ឋាន​ត្មាត ស្ថិត​ក្នុង​តំបន់​ព្រៃព្រះ​រកា​​​ឆែប កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

លោក​បាន​ថ្លែង​ថា​៖ «ជន​សង្ស័យ​ត្រូវបាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ ក្នុង​ពន្ធនាគារ​ខេត្តជា​បណ្ដោះ​អាសន្នកាល​ពី​ថ្ងៃ​ចន្ទ ដោយ​ចោទ​ប្រកាន់​ពី​បទ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោ​យ​​គ្មាន​ការ​អនុញ្ញាត»។

បើ​តាម​សម្ដី​របស់​លោកសឿ​ង បទល្មើ​ព្រៃឈើ​ នៅ​ក្នុង​តំបន់​ដែន​ជម្រក​ព្រៃព្រះ​រកា នៅ​តែ​ជា​ក្ដី​​កង្វល់​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួមពី​គ្រប់​ភាគីពាក់ព័ន្ធ​ទាំង​អស់ ពិសេស​ប្រជា​សហគមន៍​ និងអាជ្ញាធរ​មូលដ្ឋាន​ ដែល​រស់​នៅ​និង​មាន​មូល​​ដ្ឋាន​​ក្បែរ​​​ទីតាំង​​នៃតំបន់​ដែន​ជម្រក​​នេះ។ លោក​បាន​ប្រាប់​ទៀត​ថា គិត​ចាប់ពីដើម​ខែមករា​ ឆ្នាំ ២០១៩ រហូត​មក​ដល់​ពេលនេះ សមត្ថ​កិច្ច​បាន​បង្ក្រា​ប​​ចាប់​រឹប​អូស​វត្ថុ​តាង បាន​រណារ​យន្ត ៥០ គ្រឿង គោយន្ត​ ២០ គ្រឿង កាំភ្លើង​កែ​ច្នៃ ១៥ ​ដើម ឈើ​ចម្រុះ​គ្រប់​ប្រភេទ​ជាង​ ១​៥ ម៉ែត្រ​គុប​និង​អន្ទាក់​ចាប់​​សត្វ​ព្រៃ​មួយ​ចំនួន​ទៀត។

លោក ពេជ្រ ពាន់ ប្រធាន​សហគ​មន៍​ព្រៃ​ឈើ​ព្រៃព្រះ​រកា បាន​ថ្លែង​ថា ​បទល្មើស​ព្រៃ​ឈើ​និង​សត្វព្រៃ ជារឿយៗ​ច្រើន​កើត​មាន​​នៅ​ពេល​រដូវ​ប្រាំង​ ហើយ​​សកម្មភាព​នៃបទ​ល្មើស​ភាគ​ច្រើន​កើត​ឡើង​នៅពេល​យប់។ ទោះជា​បែប​ណាក្ដី ក្រុម​ជន​ល្មើស មួយ​ចំនួន​ ត្រូវ​បាន​ក្រុម​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ក្រុម​មន្ត្រី​ឧទ្យានុរក្ស រួម​គ្នា​ចុះបង្ក្រាប​ចាប់​ឃាត់​ខ្លួន​និង​បាន​បញ្ជូន​ទៅ​ឲ្យ​តុលា​ការ​ផ្ដន្ទា​ទោស​តាម​ច្បាប់​ជា​បន្ត​បន្ទាប់​ដែរ។

លោក​​បន្តថា​៖ «ការ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​និង​សត្វ​ព្រៃ មិន​មែន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ព្រោះ​ជន​ល្មើស​នៅទីង​ងឹតហើ​យ​​យើង​​នៅ​ទីភ្លឺ ប៉ុន្តែ​ យើង​មិន​ត្រូវរួញ​រានោះ​ទេ​ យើង​ត្រូវ​បន្ត​ចូល​រួម​ជាមួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ដើម្បីឃ្លាំ​មើល ទប់​ស្កាត់ និងបង្ក្រាប​វាជាប្រចាំ ព្រោះវា​មិន​មែន​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ ឬក្រសួង​បរិស្ថាន​តែ​មួយ​នោះទេ ​វាជា​កាតព្វ​កិច្ច​របស់​យើង​គ្រប់​គ្នា»។

ដោយ​ឡែក​ ប្រជា​សហគមន៍​តំបន់​ព្រៃ​ឡង់ក្នុង​ស្រុក​ជ័យ​សែ​ន និង​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ បាន​សម្ដែង​ក្ដី​ព្រួយ​កង្វល់​អំពី​ការ​គំរាម​កំហែង​របស់​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​មក​លើ​ពួកគាត់​ ដែល​ជាអ្នក​ការពារ​ព្រៃឈើ ​ក្នុង​អំឡុង​នៃការ​ចុះ​ល្បាត​ការ​ពារ​ព្រៃ​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់។

អ្នក​ស្រី ភោគ ហុង តំណាង​ប្រជា​សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​មកពី​ឃុំ​ធ្មាស្រុក​ជ័យ​សែន​ ខេត្ត​ព្រះវិហារ​ បាន​ថ្លែង​ថា​ មក​ទល់​​ពេល​នេះ សំណុំ​រឿង​របស់​អ្នក​ស្រី ដែល​បាន​ប្ដឹង​ប្រឆាំង​ក្រុម​ជន​សង្ស័យ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​ កាល​ពី​ដើម​ខែ​មករា​កន្លង​មក​នោះ នៅ​​មិន​ទាន់​ឃើញ​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេខណៈ​ជន​សង្ស័យ​ នៅ​តែ​បន្ត​សកម្មភាព​ គំរា​មកំ​ហែង​ដោយ​ប្រយោល​មក​លើអ្ន​ក​​ស្រី និងសកម្មជន​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍។

អ្នកស្រី​បាន​បន្ត​ថា​៖ «វា​ពិតជា​ពិបាក​និយាយ​ណាស់​នៅ​ពេល​ដែល​សួរថា​ តើ​យើង​គួរធ្វើ​បែប​ណា ដើម្បី​ការពារនិង​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​ និង​សត្វព្រៃ​ឲ្យ​មា​ន​ប្រសិទ្ធ​ភាពខណៈ​ប្រជាពល​រដ្ឋ និង មន្ត្រី​រាជ​ការមួយ​ចំនួន ​នៅ​តែ​មិន​ចូល​រួមគោរព​និង​អនុវត្ត​ច្បាប់​ការពារ​ព្រៃ​ឈើ និង​សត្វព្រៃ ហើយ​ពួក​គេ​នៅតែ​បន្ត​គាំទ្រ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ តាម​រយៈ​ការបរិភោគ​សាច់​សត្វ​ព្រៃ និងទិញ​ឈើ​ដែល​គ្មាន​ប្រភព​ច្បាស់​លាស់»៕