កោះកុងៈ មង​ចាប់​សត្វ​ស្លាប​ប្រវែង​ ៣ ២០០ ​ម៉ែត្រ​បន្ថែមទៀត​ ត្រូវ​បាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​ល្បាត​ស្ទឹងព្រាត់ រួម​សហការ​ជាមួយ​ក្រុម​ឧទ្យានុរក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ (Wildlife Alliance) រុះរើ និង​ដកហូត​នៅក្នុង​ពេល​ដែល​ពួកគេ​បាន​រួម​គ្នា​ចុះ​ល្បាត ហើយ​ប្រទះឃើញ​គេ​ដាក់ពង្រាយ​នៅលើ​វាលស្មៅ​នៃ​តំបន់​ព្រៃកោងកាង​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​ជួរ​ភ្នំក្រវាញ​កាលពី​ថ្ងៃ​អង្គារ​។

លោក Ionescu Dragos អ្នកសម្របសម្រួល​កម្មវិធី​ចុះល្បាត​នៃ​ក្រុម​ឧទ្យានុរក្ស​ប្រចាំ​តំបន់​ភាគខាងត្បូង​ជួរ​ភ្នំក្រវាញ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ពុធ​ថា មង​ចាប់​សត្វស្លាប​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ប៉ុន្តែ​បទល្មើស​នៅតែ​បន្ត​កើតឡើង ពិសេស​នៅ​ដើម​រដូវរងារ​នេះ​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​អង្គារ ក្រុម​ឧទ្យានុរក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ​ស្នាក់ការ​ល្បាត​ស្ទឹង​ព្រាត់​ក្នុង​ស្រុក​ថ្មបាំង ខេត្ត​កោះកុង​បាន​រុះរើ​មង​ចាប់​សត្វ​ស្លាប​ប្រវែង ៣ ២០០ ​ម៉ែត្រ​ ដែល​ត្រូវបាន​គេ​ដាក់ពង្រាយ​នៅលើ​វាលស្មៅ​នៃ​តំបន់​ព្រៃកោងកាង​ភាគ​ខាងត្បូង​ជួរ​ភ្នំក្រវាញ​ដើម្បី​ចាប់​សត្វ​ស្លាប​យក​ទៅ​លក់​។

លោក Dragos បាន​បន្តថា​៖ «​កាលពីពេល​ថ្មីៗ​នេះ ក្រុម​ឧទ្យានុរក្ស​ស្នាក់ការ​កោះពៅ និង​ត្រពាំងរូង​បាន​រុះរើ​មង​ចាប់​បក្សី​ប្រវែង ៤ ៨០០ ​ម៉ែត្រ និង រឹបអូស​យក​ប្រព័ន្ធ​ឧបករណ៍​បំពង​សំឡេង​ចំនួន​ ៧ ​គ្រឿង​ ដែល​ចាក់​សំឡេង​បក្សី​ដើម្បី​ទាក់ទាញ​សត្វព្រៃ​ឲ្យ​ចូល​ក្នុង​មង​របស់​ពួកគេ​។ ខណៈពេល​ដែល​រុះរើ​ចាប់​មង​ខុសច្បាប់​របស់​អ្នកប្រមាញ់ ក្រុម​ល្បាត​របស់​យើង​បាន​ជួយសង្គ្រោះ​សត្វ​បក្សី​ចំនួន ៣១ ​ក្បាល និង​បាន​ដោះលែង​ពួកវា​ឲ្យ​ចូលទៅ​ក្នុងព្រៃ​វិញ​»​។

ជុំវិញ​ករណី​នេះ​លោក ម៉ម ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមមន្ត្រី​ឧទ្យានុរក្ស​បាន​សហការ​ជាមួយ​ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​ការពារ​សត្វព្រៃ​ចុះ​ល្បាត​ស្រាវជ្រាវ និង​បង្ក្រាប​ជាប្រចាំ​។ ជាមួយ​គ្នា​នេះ​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​អប់រំ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បញ្ឈប់​ការបរបាញ់​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​ការ​រាយ​សំណាញ់ មង​ចាប់​សត្វ​ស្លាប​នេះ​ផងដែរ ប៉ុន្តែ​បទល្មើស​នៅតែ​បន្ត​កើតមាន​ដែល​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បញ្ឈប់​វា​។

លោក ផល្លា បាន​បញ្ជាក់​ថា​៖ «​ជា​រៀងរាល់​ឆ្នាំ ក្រុម​ឧទ្យានុរក្ស​យើង និង​អង្គការ​សម្ព័ន្ធភាព​ការពារ​សត្វព្រៃ Wildlife Alliance បាន​សហការ​គ្នា​ចុះ​ល្បាត​ស្រាវជ្រាវ និង​បង្ក្រាប និង​រឹបអូស​វត្ថុតាង​នៃ​បទល្មើស​សំណាញ់​មង​រាប់ពាន់​វង់ [​ត្បូង​] ដែល​ក្រុម​អ្នកប្រមាញ់​បាន​ចង​ពង្រាយ​លើ​វាលស្មៅ ដើម្បី​ចាប់​សត្វ​ស្លាប​»​។

លោក​បាន​ឲ្យ​ដឹងថា សំណាញ់​ចាប់​សត្វ​ស្លាប​ភាគច្រើន​មាន​ប្រវែង​រាប់ពាន់​ម៉ែត្រ ហើយ​ចាប់​សត្វ​ស្លាប​ណា​ដែល​ហើរ​ចូល​ទៅក្នុង​សំណាញ់​នោះ​។

យ៉ាងណា​ក៏ដោយ​បើ​តាម​លោក Dragos ការប្រើ​សំណាញ់ ឬ​មង​ចាប់​សត្វ​ស្លាប​គឺជា​ទម្លាប់​មួយ​របស់​ប្រជាជន​នៅក្នុង​ខេត្ត​កោះកុង​ដែល​នៅជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​។ ពិសេស​ការមកដល់​នៃ​ពពួកសត្វ​ស្លាប​បំផ្លាស់ទី​ផ្សេងៗ​ទៀត​នា​រដូវរងា​នេះ គឺជា​ពេលវេលា​ដែល​ពួកគេ​ចាប់ផ្ដើម​នូវ​សកម្មភាព​ល្មើសច្បាប់​ទាំងនេះ​។

លោក Dragos បាន​ប្រាប់​ទៀត​ថា​៖ «​អ្នកប្រមាញ់​បាន​បង្កើត​ជញ្ជាំង​ចេញពី​សំណាញ់​ខ្មៅ ឬ​ស ស្តើង​ដែល​គ្របដណ្ដប់​រាប់រយ​ម៉ែត្រ​។ ដើម្បី​ទាក់ទាញ​សត្វ​បក្សី អ្នកប្រមាញ់​ប្រើ​សត្វ​ព្រាប​ឈ្មោល​ដែល​មាន​ភាពចាស់ទុំ ដើម្បី​ទាក់ទាញ​បក្សី​ដទៃ​ទៀត​»​។

លោក​បន្តថា អ្នកប្រមាញ់​ខ្លះទៀត​បាន​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ឧបករណ៍​បំពង​សំឡេង​ដែល​ភ្ជាប់​ម៉ាស៊ីន​ចាក់​ស៊ីឌី និង​អាគុយ​ឡាន​។ ចម្រៀង​បក្សី​ត្រូវបាន​គេ​ចាក់​ម្តង​ហើយ​ម្តងទៀត​។ វិធីសាស្ត្រ​នេះ​ត្រូវបាន​គេ​ប្រើ​ភាគច្រើន​នៅពេល​យប់​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្លូវ និង​តំបន់​សហគមន៍ ហើយ​ប្រសិទ្ធភាព​របស់​វា គឺ​ចាប់​សត្វ​បាន​យ៉ាងច្រើន ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ​។

លោក Dragos បាន​ថ្លែង​ទៀតថា​៖ «​នៅពេល​នេះ​ជា​រដូវកាល​នៃ​ការផ្លាស់​ទីលំនៅ​របស់​បក្សី ហើយ​ក៏​ជា​ពេល​ដែល​ក្រុមការងារ​របស់​យើង​ត្រូវ​ពង្រឹង​ការចុះ​ល្បាត​ការពារ​តំបន់ឆ្នេរ និង​ស្រាវជ្រាវ​បង្ក្រាប​អន្ទាក់​បក្សី​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​»៕