
មន្ត្រីឧទ្យានុរក្សកម្ពុជាពេលទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅថៃ។ សហការី
ភ្នំពេញៈ ឧទ្យានុរក្សខ្មែរ ២៣ នាក់ កំពុងចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលឧទ្យានុរក្សនៅប្រទេស ថៃ ស្ដីពីការពង្រឹងការអនុវត្តច្បាប់នៅតាមព្រំដែនដោយផ្ដោតលើកិច្ចសហប្រតិបត្តិការស្ដីពីតំបន់ការពារ និងការគ្រប់គ្រងតំបន់ទេសភាពព្រមទាំងការអភិរក្សជីវចម្រុះ។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៦ ខែសីហា ដែលរៀបចំឡើងដោយអង្គការការពារសត្វព្រៃ Freeland នៅតំបន់ឧទ្យានជាតិតាប្រាយ៉ាប្រទេស ថៃ។
លោក ចាន់ សុជាតិ គ្រូបង្គោលម្នាក់ដែលមានបទពិសោធដើរល្បាតព្រៃជាង ១៤ ឆ្នាំ និងកំពុងចូលរួមវគ្គបណ្ដុះបណ្ដាលនេះ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទថា ក្នុងចំណោមឧទ្យានុរក្សខ្មែរទាំង ២៣ នាក់ ដែលចូលរួមវគ្គបណ្ដុះបណ្ដាលនោះ គឺ ២០ នាក់ ជាមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ២ នាក់ ជាគ្រូបង្គោល និងម្នាក់ទៀតជាបុគ្គលិករបស់អង្គការ CI ប្រចាំនៅតំបន់ព្រៃឡង់ ហើយភាគីថៃ គឺមានមន្ត្រីឧទ្យានុរក្សចូលរួមចំនួន ១៥ នាក់។
លោកបន្តថា ក្នុងវគ្គបណ្ដុះបណ្ដាលរយៈពេល ១១ ថ្ងៃនេះ គឺគ្រូបង្គោលកម្ពុជា-ថៃ ធ្វើបទបង្ហាញលម្អិតពីប្រធានបទសំខាន់ចំនួន ៤ គឺទី១ បច្ចេកទេសដើរល្បាតព្រៃ ទី២ បច្ចេកទេសសង្គ្រោះបឋមដល់អ្នកល្បាតព្រៃ ទី៣ បច្ចេកទេសចាប់ចងជនល្មើស និងទី៤ បច្ចេកទេសមើលផែនទី ត្រីវិស័យ និងប្រើប្រាស់ប្រព័ន្ធ GPS។
លោកថា៖ «ឧទាហរណ៍ថា សិក្ខាកាមហ្នឹង ពីមុនអត់ចេះប្រើត្រីវិស័យ អ៊ីចឹង! ពួកខ្ញុំជាគ្រូទាំងគ្រូបង្គោលខ្មែរ និងថៃហ្នឹង គឺបង្រៀនពួកគាត់ឱ្យចេះប្រើប្រាស់ និងចេះមើលផែនទី និងចេះយកម៉ាស៊ីន GPS ចុចមើលនៅលើផែនទី និងចេះប្រើប្រាស់ត្រីវីស័យ ដើម្បីឱ្យគាត់ចេះប្រើនៅពេលដើរចូលទៅក្នុងព្រៃ គាត់បានដើរដល់គោលដៅណា ហើយប្រសិនបើវង្វេងនៅក្នុងព្រៃ តើពួកគាត់ត្រូវធ្វើយ៉ាងម៉េច»។
លោកបន្តថា៖ «ជាពិសេសនៅពេលបោះជំរំនៅក្នុងព្រៃ ពួកគាត់ត្រូវចេះ គឺត្រូវបោះជំរំយ៉ាងម៉េចដើម្បីមានសុវត្ថិភាព និងអាចគេចផុតពីការលួចបាញ់របស់ជនល្មើស ហើយប្រសិនបើជនល្មើសលួចបាញ់ ត្រូវការពារខ្លួន ឬបាញ់តបតអីយ៉ាងម៉េច អ៊ីចឹង!»។
បើតាមលោក ចាន់ សុជាតិ កត្តាដែលអង្គការ Freeland នៅប្រទេស ថៃ អញ្ជើញមន្ត្រីឧទ្យានុរក្ស និងគ្រូបង្គោលពីខ្មែរទៅទទួលវគ្គបណ្ដុះបណ្ដាល និងចែករំលែកបទពិសោធនេះ គឺដោយសារតែប្រទេសទាំង ២ មានតំបន់ដែលត្រូវការពារ និងអភិរក្សធនធានធម្មជាតិនៅជាប់គ្នា។
គ្រូបង្គោលរូបនេះបន្ថែមថា កន្លងមកអង្គការ Freeland បានរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលជាច្រើនលើករួចមកហើយនៅក្នុងប្រទេស ថៃ ដូចជា នៅឆ្នាំ ២០១២ ឆ្នាំ ២០១៥ និងឆ្នាំ ២០១៩ នេះ។
ចំណែកលោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទដែរថា បាត់ដំបងបានបញ្ជូនមន្ត្រីឧទ្យានុរក្សចំនួន ៣ នាក់ ទៅចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេស ថៃ នេះ ដោយលោកបានអះអាងថា កន្លងមកមន្ត្រីដែលបញ្ជូនទៅបណ្ដុះបណ្ដាលគឺបន្ទាប់មកតែងក្លាយជាគ្រូបង្គោល ដើម្បីចែករំលែកចំណេះដឹងបន្តទៅកាន់មន្ត្រីឧទ្យានុរក្សផ្សេងទៀត។
លោកថា៖ «វគ្គហ្នឹងពិសេសដែរព្រោះតាមអ្វីដែលក្ដាប់បានពីមន្ត្រីខ្ញុំដែលរាយការណ៍ពីថៃមក វាមានដូចជា វិធីសាស្ដ្រដើរល្បាត វិធីសាស្ដ្រការពារខ្លួនពីសត្វសាហាវ និងមានវិធីសាស្ដ្រជាច្រើនផ្សេងទៀត អ៊ីចឹងមន្ត្រីយើងទទួលបានចំណេះច្រើន»។
បើតាមលោក កត បូរ៉ាន ខេត្តបាត់ដំបង គឺមានតំបន់ការពារចំនួន ២ នៅជាប់ព្រំដែនថៃមានប្រវែងប្រហែល ៤០ គីឡូម៉ែត្រ គឺតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស។
កម្ពុជាមានខេត្តចំនួន ៧ ស្ថិតនៅជាប់ព្រំដែនថៃដូចជា ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ៕