ភ្នំពេញៈ មន្រ្ដីឧទ្យានុរក្សខេត្ដកោះកុង ៣៤ នាក់ បានស្បថចូលកាន់តំណែងជាឆ្មាំការពារធម្មជាតិ កាលពីសប្ដាហ៍មុន ខណៈក្រសួងបរិស្ថានមានមន្រ្ដីឧទ្យានុរក្សសរុបចំនួន ១ ២២០ នាក់ កំពុងបំពេញការងារក្នុងតំបន់ការងារ និងអភិរក្សនានានៅទូទាំងប្រទេស។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃចន្ទម្សិលមិញថា ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សសរុបចំនួន ១ ២២០ នាក់ ដែលបាននិងកំពុងបំពេញការងារក្នុងនាមជាឆ្មាំធម្មជាតិ នៅក្នុងតំបន់ការពារ និងអភិរក្សទំហំ ៧,៥ លានហិកតា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។
លោកបានថ្លែងថា៖ «មន្ត្រីឧទ្យានុរក្សទាំងអស់ជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមានតួនាទីក្នុងការអនុវត្តច្បាប់ក្រោមដែនសមត្ថកិច្ចរបស់ខ្លួនអំឡុងពេលចុះល្បាត នៅតាមតំបន់ការពារធម្មជាតិអាចចាប់ខ្លួនជនល្មើស និងអនុវត្តនីតិវិធីច្បាប់ផ្សេងៗ»។
លោក ភក្ត្រា បានឲ្យដឹងទៀតថា ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ មន្ត្រីឧទ្យានុរក្សទាំងអស់ត្រូវធ្វើពិធីសម្បថ នៅចំពោះមុខតុលាការជាមុនសិន ។ ទន្ទឹមនឹងនេះ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថានក៏បានឆ្លងកាត់នូវការហ្វឹកហាត់អំពីវិធីសាស្ត្រល្បាត និងការប្រើប្រាស់អាវុធ ដើម្បីការពារធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន មន្រ្ដីឧទ្យានុរក្ស ៣៤ នាក់ បានសច្ចានៅចំពោះមុខប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងមេធាវីនៃសាលសាលាដំបូងខេត្តកោះកុង ដើម្បីទទួលសិទ្ធិក្លាយជាភ្នាក់ងារមន្ត្រីយុត្តិធម៌ ការពារធនធានធម្មជាតិ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលកើតមានក្នុងតំបន់ដែនការពារបរិស្ថានខេត្ដកោះកុង ឱ្យមានប្រសិទ្ធភាពល្អប្រសើរ។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប្រាប់ថា បើរាប់ទាំងមន្រ្ដីឧទ្យានុរក្សទើបស្បថចូលកាន់តំណែងនេះ សរុបមន្រ្ដីឧទ្យានុក្សខេត្ដកោះកុង មានចំនួន ១១៣ នាក់ ដែលកំពុងធ្វើការងារការពារធនធានធម្មជាតិកាលពីសប្ដាហ៍មុន។ ការស្បថចូលកាន់តួនាទីចុងក្រោយនេះ ដើម្បីឱ្យមន្រ្ដីឧទ្យានុរក្សអាចមានសិទ្ធិជាមន្ត្រីនគរបាលផង និងជាភ្នាក់ងារយុត្តិធម៌ ក្នុងគោលបំណងពង្រឹងសមត្ថភាពបង្ក្រាប និងការពារអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ដែនការពារបរិស្ថាននីមួយៗ។
ទាក់ទងនឹងការអនុវត្ដនីតិវិធីរបស់មន្រ្ដីឧទ្យានុរក្សក្នុងខេត្ដកោះកុង លោក ផល្លា បានអះអាងថា មន្រ្ដីឧទ្យានុរក្សក្នុងខេត្ដរបស់លោក មិនដែលមានអ្នកអនុវត្ដល្មើសឬខុសពីតួនាទីខ្លួននោះទេ។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលបានធ្វើការងារលើបញ្ហាដីធ្លីក្នុងខេត្ដកោះកុងដែរនោះ បានមើលឃើញថា មន្រ្ដីឧទ្យានុរក្សបានអនុវត្ដតួនាទីរបស់ខ្លួនភាគច្រើនបានតែចំពោះប្រជាពលរដ្ឋតូចតាច ក៏ប៉ុន្ដែចំពោះការឃាត់ក្រុមហ៊ុន ឬក៏អ្នកមាន ឬឧកញ៉ា មន្រ្ដីឧទ្យានុក្ស មិនអាចហាមឃាត់ដោយប្រសិទ្ធភាពទេ។
លោកបានលើកឧទារណ៍ថា៖ «ជាក់ស្ដែងករណីការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់ឧទ្យានជាតិរាមក្នុងខេត្ដព្រះសីហនុ យើងឃើញមានកម្លាំងបរិស្ថានច្រើន ក៏ប៉ុន្ដែហេតុអីក៏តំបន់នោះ ត្រូវរងការកាប់បំផ្លាញព្រៃយ៉ាងទូលំទូលាយ ហើយការកាប់បំផ្លាញនោះ ក៏មិនមែនធ្វើឡើងដោយស្ងាត់ៗទៅទៀតគឺធ្វើឡើងដោយគ្រឿងចក្រ និងមនុស្សជាច្រើនចូលទៅកាប់ទន្រ្ទាន»។
លោក សាវឿន បានស្នើថា មន្រ្ដីឧទ្យានុរក្សដែលធ្វើស្បថចូលកាន់តួនាទីនេះ ត្រូវបំពេញការងារប្រកបដោយប្រសិទ្ធភាព ហើយត្រូវតែហ៊ានមានចំណាត់ការ និងហ៊ានអនុវត្ដទៅលើជនល្មើសទាំងអស់ ដោយស្មើភាពគ្នា មិនខ្លាចញញើតបុគ្គលដែលមានខ្នងបង្អែក ឬមានអំណាចនោះទេ។
លោក មាន ព្រហ្មមុនី មន្រ្តីសម្របសម្រួលផ្នែកសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ប្រចាំខេត្តកោះកុង មិនអាចសុំការបកស្រាយជុំវិញករណីនេះបានទេកាលពីម្សិលមិញ ដោយទូរស័ព្ទចូល តែមិនមានអ្នកទទួល៕