The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​ឧទ្យានុរក្ស​ ៦ ​រូប​ទទួលបាន​បណ្ណ​សរសើរ​ពី​ក្រសួងបរិស្ថាន​ និង​អង្គការ WWF




មន្ត្រី​ឧទ្យានុរក្ស​ ៦ ​រូប​ទទួលបាន​បណ្ណ​សរសើរ​ពី​ក្រសួងបរិស្ថាន​ និង​អង្គការ WWF

Content image - Phnom Penh Post
លោក​ នេត្រ ភក្ត្រា ប្រគល់​បណ្ណ​សរសើរ​ដល់​ឧទ្យានុរក្ស​ពីថ្ងៃ​ ១៧ មករា​។ ​រូប អាប់ឌុលរ៉ាស់ហ៊ីម

មន្ត្រី​ឧទ្យានុរក្ស​ ៦ ​រូប​ទទួលបាន​បណ្ណ​សរសើរ​ពី​ក្រសួងបរិស្ថាន​ និង​អង្គការ WWF

មណ្ឌលគិរីៈ ក្រសួង​បរិស្ថាន និង​អង្គការ WWF ផ្តល់​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន​ដល់​មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​ចំនួន​ ៦ ​នាក់​ក្នុង​ចំណោម​ ១០០ ​នាក់​ក្នុង​ខេត្តមណ្ឌលគិរី ដើម្បី​ជា​ការលើក​ទឹកចិត្ត​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ក្នុងពេល​កន្លងមក​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ឲ្យ​ដឹងថា មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​ចំនួន ៦ ​រូប​ដែល​ទទួលបាន​បណ្ណសរសើរ​មេត្រីភាព​ពី​ក្រសួងបរិស្ថាន​នោះ រួមមាន មន្ត្រី​ឧទ្យានុរក្ស​ ៣ ​រូប​បំពេញការងារ​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែ​ពក និង​ ៣ ​រូប​ទៀត​បំពេញ​ការងារ​យ៉ាងសកម្ម​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច នៃ​ខេត្តមណ្ឌលគិរី​។

លោក នេត្រ ភក្ត្រា បាន​ប្រគល់​បណ្ណ​សរសើរ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​ទាំង​ ៦ ​រូប ដោយផ្ទាល់​នៅ​ទីស្នាក់ការ ត្រពាំង​ធ្មៀរ​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក កាលពី​ថ្ងៃទី​ ១៧ មករា ក្នុង​ឱកាស​ដឹកនាំ ក្រុម​អ្នកសារព័ត៌មាន​ចុះ​ទស្សនកិច្ច​ស្វែងយល់​ពី​សក្ដានុពល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

បើតាម​លោក ភក្ត្រា បណ្ណសរសើរ​មេត្រីភាព​នេះ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការលះបង់​កម្លាំងកាយ កម្លាំងចិត្ត​ដ៏មោះមុត​ក្នុង​ការបំពេញ​ការងារ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។ លើក​ទឹកចិត្ត​ដល់​មន្ត្រី ឧទ្យានុរក្ស​ឲ្យ​បន្ត​បំពេញ​ការងារ​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​បន្ត​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ​របស់ខ្លួន​។ លោក​ថា ក្រសួង​បរិស្ថាន​ចាត់ទុក​មន្ត្រី​ឧទ្យានុរក្ស​ជា​ឆ្មាំ​ការពារ​ព្រៃឈើ និង​ជា​អ្នក​នៅ​ជួរមុខ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​មន្ត្រី​ឧទ្យានុរក្ស​មាន​បទពិសោធ​ច្រើន​ក្នុង​ការងារ​ដើរល្បាត បង្ក្រាប​បទល្មើស និង​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ តែ​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ត្រូវ​បន្ត​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ថ្មីៗ បន្ថែមទៀត​ដើម្បី​បង្កើន​សមត្ថភាព និង​ទទួលបាន​នូវ​មេរៀន និង​បទពិសោធ​ថ្មីៗ​បន្ថែមទៀត​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​តួនាទី​របស់ខ្លួន​ជា​ឆ្មាំ​ព្រៃ​»​។

ក្រៅពី​ទទួលបាន​បណ្ណ​សរសើរ​ពី​ក្រសួងបរិស្ថាន មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំព្រេច​ក៏​ទទួលបាន​បណ្ណ​សរសើរ​ពី អង្គការ ​WWF ​ដែលជា​ដៃគូ​សហការ​របស់​ក្រសួងបរិស្ថាន​ផងដែរ​។

លោក សេង ទៀក នាយក​អង្គការ WWF នៅ​កម្ពុជា​ថ្លែងថា ការផ្តល់​បណ្ណ​សរសើរ​ដល់​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ផ្តល់​ការគាំទ្រ និង​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ជួរមុខ​ដែលមាន​ឆន្ទៈ​មោះមុត ការសន្យា និង​ការលះបង់​ខ្ពស់ ចូលរួម​ការពារ​ធនធានធម្មជាតិ និង​សត្វព្រៃ​ដែលជា​បេតិកភណ្ឌ​ជាតិ​មានជីវិត​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

លោក​បន្តថា​៖ «​ខ្ញុំ​សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​ទទួលបាន​ចេញពី​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក សត្វព្រៃ​ទាំង​ ២ ចាប់ពី​ឆ្នាំ​ ២០១៣ រហូតដល់​ឆ្នាំ​ ២០២០ ​ដែល​បាន​​ចាប់​បង្ក្រាប​រឹបអូស​បទល្មើស​បាន​ច្រើន​ករណី​»​។

បើតាម​លោក សេង ទៀក ចាប់ពី ឆ្នាំ​ ២០១៣-២០២០ ឧទ្យានុរក្ស​ប្រមូល​អន្ទាក់​បាន​ ២៤ ៧៩៨ និង​អន្ទាក់​ឆក់​ ១ ០៩២៥ ​ម៉ែត្រ រណារយន្ត​ ១ ៧៥២ ​គ្រឿង ឈើ​ ២៦ ៤៨៦ ​ម៉ែត្រគុប និង​ការទន្ទ្រាន ដីព្រៃ​ខុសច្បាប់​ ២៣ ៨៩៨ ​ហិកតា ចេញ​លិខិត​ព្រមាន​ ១ ៥៩៧ ​ករណី និង​ចាប់បាន​ជន​ប្រព្រឹត្ត​ ១២៣ ​នាក់​បញ្ជូន​ទៅ​តុលាការ​។

លោក​ អឿន សំរិត មន្ត្រី​ឧទ្យានុរក្ស​នៅ​ដែនជម្រកសត្វព្រៃ​ស្រែពក​ដែល​ទទួលបាន​បណ្ណ​សរសើរ​មេត្រីភាព​បរិស្ថាន សម្តែង​ក្តី​រីករាយ​ក្នុង​ការទទួល​បាន​បណ្ណ​សរសើរ​នេះ ដោយ​លោក​បញ្ជាក់ថា នេះ​ជា លើក​ទី​ ១ ​ហើយ ក្នុងពេល​បំពេញការងារ​ជាង​ ៧ ​ឆ្នាំ​មកនេះ​។

លោក​និយាយថា​៖ «​កន្លែង​ដែន​ជម្រក ដែល​ខ្ញុំ​កាន់កាប់​រយៈពេល​ ៧ ​ឆ្នាំ​ហ្នឹង វា​មាន​បញ្ហា​ប្រឈម​នឹង​ការគ្រោះថ្នាក់​តិចតួច​។ ប៉ុន្តែ​ការទទួលបាន​នេះ ខ្ញុំ​គិតថា ដោយសារ​តែ​កន្លងមក​ខ្ញុំ​មិន​ដែល​បដិសេធ ឬ​រាថយ​ក្នុង​ការចុះ​ធ្វើ​កិច្ចការងារ​អភិរក្ស ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ទេ​»​។

លោក​ សំរិត ឲ្យ​ដឹងថា ការចុះ​អនុវត្ត​ការងារ​ការពារ​ធនធាន​ធម្មជាតិ​កន្លង​មក​មាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ដោយសារ​ការសហការ​គ្នា​ជា​ក្រុម ដោយ​យក​កម្លាំង​ពី​តាម​ប៉ុស្តិ៍​នីមួយៗ​ និង​សហការ​ជាមួយ​សហគមន៍​តំបន់ការពារធម្មជាតិ​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍