ភ្នំពេញៈ ថ្វីដ្បិតតែ​ជំនន់​ទឹកភ្លៀង​បាន​ស្រក​ជា​បណ្ដើរៗ​ក្ដី ប៉ុន្តែ​ចំនួន​អ្នក​លង់ទឹក​ស្លាប់​នៅតែ​បន្ត​កើនឡើង​ជា​អ្វីដែល​មន្ត្រី​អះអាង​ថា​ករណីនេះ​ភាគច្រើន​បណ្ដាល​មកពី​ការធ្វេសប្រហែស​របស់​បុគ្គល​​ដែល​ទាមទារ​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដល់​ជីវិត​របស់​​សមាជិក​ក្រុមគ្រួសារ​ក្នុង​សហគមន៍​ដែល​រងគ្រោះ​។

យោងតាម​ទិន្នន័យ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៧ តុលា គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ឲ្យ​មនុស្ស​ ៤៤ ​នាក់​​លង់ទឹក​ស្លាប់​ក្នុងនោះ​ខេត្ត​បន្ទាយមានជ័យ​មាន​ច្រើន​ជាង​គេ គឺ​រហូត​ដល់​ ២៦ ​នាក់ បន្ទាប់មក​គឺ​ខេត្ត​កំពង់ធំ​មាន​អ្នកស្លាប់​ដោយ​លង់​ទឹក​ចំនួន​ ៧ ​នាក់ និង​ខេត្ត​ពោធិ៍សាត់​មាន​អ្នកស្លាប់ ៦ ​នាក់​។

មូលហេតុ​នៃ​ការស្លាប់​នេះ​ត្រូវ​បាន​មន្ត្រី​អះអាង​ថា ភាគច្រើន​​បណ្ដាល​មកពី​ការធ្វេស​ប្រហែស​​របស់​បុគ្គល​ ឬ​ឪពុកម្ដាយ​លើកលែង​តែ​បុរស​ជា​ឪពុក​ម្នាក់ នៅ​ភូមិ​​កសិណ​ឃុំ-ស្រុក​ថ្មពួក និង​ប្រជាការពារ​ម្នាក់ទៀត​នៅ​ភូមិ​ក្បាលកោះ សង្កាត់-ក្រុង​ប៉ោយប៉ែត ​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​ស្លាប់​​ក្នុង​បុព្វហេតុ​ការពារ និង​សង្គ្រោះ​ជីវិត​កូនប្រុស​របស់​ខ្លួន និង​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ផ្សេងទៀត​។

លោក លី សារី អ្នកនាំពាក្យ​​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៧ ខែតុលា​ថា ការធ្វេសប្រហែស ឬ​ខ្វះ​ភាពម្ចាស់ការ​ពី​សុវត្ថិភាព​នៃ​ការរស់នៅ​របស់​បុគ្គល​ ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ ពិសេស​ឪពុកម្ដាយ​បាន​ធ្វើឲ្យ​ចំនួន​ជនរងគ្រោះ​លង់ទឹក​ស្លាប់​ក្នុង​គ្រា​មាន​ទឹកជំនន់​នៅ​ខេត្ត​​នេះ​បាន​កើនឡើង​ដល់​ ២៦ ​នាក់​​ក្នុងនោះ​មាន​ ៨ ​នាក់​ជា​កុមារ​។

លោក​ថ្លែងថា​៖ «​តាម​ការស៊ើបសួរ​ពី​ក្រុមគ្រួសារ និង​សាច់ញាតិ​​ជនរងគ្រោះ ការស្លាប់​របស់​ពួកគេ​ផ្ដើម​ចេញ​ពី​សកម្មភាព​ផ្សេងៗ​គ្នា​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ដូចជា​ការចុះ​លេង​ទឹក ដោយ​គ្មាន​ឪពុក​ម្ដាយ​នៅ​ក្បែរ ការនេសាទ​ត្រី និង​​បេះ​ត្រកួន ក្នុង​ស្ថានភាព​ស្រវឹង​ក្នុង​តំបន់​ដែល​កំពុង​ជន់​លិច និង​ទឹក​កំពុង​ហូរ​កួច​ខ្លាំង​»​។

យ៉ាងណា​ក៏ដោយ​លោក សារី បាន​សរសើរ​ចំពោះ​វីរភាព​របស់​បុរស​ម្នាក់ ឈ្មោះ ណាត ឡូត អាយុ​ ៥០ ​ឆ្នាំ​មាន​លំនៅ​ក្នុងភូមិ​កសិណ ឃុំ-ស្រុក​ថ្មពួក ដែល​បាន​ស្លាប់​ដោយសារ​តែ​ជួយ​ជីវិត​កូនប្រុស​​របស់​គាត់​ពី​ការបាក់​ដី​ច្រាំង​ជាប់មាត់​អូរ​ធ្លាក់ចូល​ទឹក​ដែល​កំពុង​ជន់​លិច និង​ហូរ​កួច​ខ្មួលខ្មាញ់​ឲ្យ​​រួច​ជីវិត តាមរយៈ​ការប្រឹង​ចាប់​​ដៃ​កូន​ទាញ​មក​ដីគោក​វិញ​។ ប៉ុន្តែ​​ជា​អកុសល​ពេល​ជួយ​កូន​រួច​ក៏​ស្រាប់តែ​គាត់​វិលមុខ ហើយ​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​តែម្ដង​។ ​ចំណែក​ប្រជា​ការពារ​ម្នាក់​ឈ្មោះ កែវ វិត អាយុ​ ៥៦ ​ឆ្នាំ​មាន​លំនៅ​ក្នុងភូមិ​ក្បាលកោះ សង្កាត់-ក្រុង​ប៉ោយប៉ែត​បាន​ដួល​ស្លាប់​ក្នុង​ទឹក​​ បន្ទាប់ពី​គាត់​អស់កម្លាំង ក្រោយ​ពេល​ជួយ​ជម្លៀស​គ្រួសារ​ពលរដ្ឋ​​ពី​ទឹកជំនន់​នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។

លោក​ថា​៖ «​យើង​បាន​អំពាវនាវ និង​ណែនាំ​ជាប្រចាំ​ដល់​ពលរដ្ឋ​ឲ្យ​​ប្រុងប្រយ័ត្ន​គ្រប់​ជំហាន ទាំង​ផ្នែក​សន្តិសុខ និង​អនាម័យ​នៃ​ការរស់នៅ ប៉ុន្តែ​មាន​ពលរដ្ឋ​មួយចំនួន​​តូច​មិន​បាន​អនុវត្តតាម​សេចក្ដី​ណែនាំ​របស់​យើង​ទេ​»​។

ទោះ​ជា​យ៉ាងណា បើ​តាម​លោក សារី ករណី​នេះ​រាជរដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្ដល់​ប្រាក់ឧបត្ថម្ភ​ដល់​គ្រួសារ​ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ក្នុង​ ១ ​គ្រួសារ​ចំនួន​ ១០ ​លាន​រៀល​ដូចៗ​គ្នា​។

សូម​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង​​នេះ​បាន​ប៉ះពាល់​ពលរដ្ឋ​ ១៤៩-៨៥៧ ​គ្រួសារ ស្មើនឹង​ ៥៩៩ ៤២៨ ​នាក់​ក្នុង​ ២០ ​រាជធានី-ខេត្ត​រួមមាន រាជធានី​ភ្នំពេញ កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ស្វាយរៀង តាកែវ កំពង់ស្ពឺ ព្រះសីហនុ និង​កោះកុង​។ ក្នុងនោះ​ពលរដ្ឋ​ចំនួន ១១ ៨៩៦ ​គ្រួសារ​ស្មើនឹង​ ៤៧ ៥៨៤ ​នាក់​ត្រូវ​បាន​ជួយ​ជម្លៀស​ទៅកាន់​ទីទួល​មាន​​សុវត្ថិភាព​។

ក្រៅពី​នេះ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​សាលារៀន ៩៥១ ​កន្លែង​,​វត្ត​ ៣០៧ ​កន្លែង​,​ដំណាំ​ស្រូវ ២៨៤ ៩៦១ ​ហិកតា ដំណាំ​រួមផ្សំ ៩៧ ០២៩ ​ហិកតា និង​លិច​ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវលំ​ជនបទ សរុប​ប្រវែង ២ ៣១២ ​គីឡូម៉ែត្រ ផង​ដែរ​៕