ព្រះសីហនុៈ គណៈ​កម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចំណុច​ស្ពាន​សំរោង ​ស្ថិត​ក្នុង​ស្រុក​កំពង់​សិលា​ ខេត្ត​ព្រះ​សី​ហនុ​ ដែល​អាច​ប្រឈម​នឹង​ការ​ជន់លិច ។​

ការ​ប្រកាស​បែប​នេះ ​បន្ទាប់​ពី​ក្រសួ​ង​ធន​ធាន​ទឹក ​និង​ឧតុ​និយម​ បាន​ជូន​ដំ​ណឺង​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ព្រោះ​កម្ពុជានឹង​មាន​ភ្លៀង​ និង​ខ្យល់​ខ្លាំង​​​នៅ​តំបន់​ខេត្ដ​ជាប់​សមុទ្រ​ពិសេស​ក្នុង​ភូមិ​សាស្ដ្រ ​ខេត្ដ​កោះ​កុង ​និង​ខេត្ដ​ព្រះសីហនុ​ ចាប់​ពី​ថ្ងៃ​ទី ​៣ ​ដល់​ថ្ងៃទី​ ៦​ ដោយ​សារ​ឥ​ទ្ធិពល​ខ្យល់​ព្យុះ។​

​លោក​ កែវ​ វី​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិ​ការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បាន​ប្រកាស​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចំណុច​ស្ពាន​សំរោង ស្ថិត​ក្នុង​ស្រុក​កំពង់​សិលា ​ខេត្ត​ព្រះ​សីហនុ​ ព្រោះ​តែ​ស្ពាន​នេះ​អាច​ប្រ​ឈម​នឹង​ការ​ជន់​លិច​ បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់។​

​លោក​​បញ្ជាក់​ថា​៖​ ​«​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ ដោយ​សារ​តែ​មាន​ឥ​ទិ្ធ​ពល​កន្ទុយ​ព្យុះ​មក​ ធ្វើ​ឲ្យ​មាន​ភ្លៀង​ តាម​តំបន់​ព្រំ​ដែន​ ​និង​តំបន់​មាត់​សមុទ្រ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ច្រើន។​ ដោយ​ភាគ​ច្រើន​នៅ​តំបន់​មាត់​សមុទ្រ​ ដែល​រង​ការ​ប៉ះ​ពាល់​ច្រើន​ ដូច​ជា​ក្នុង​ខេត្ត​ព្រះ​សីហនុ​ ដែល​មាន​ភ្លៀង​លិច​ម្តង​ជា២ដង​ ក្នុង​ខេត្ត​កោះកុង ​កែប​ និង​ខេត្ត​កំពត ​ក៏​មាន​ការ​ជន់​លិច​ តែ​មិន​ធ្ងន់​ធ្ងរ​នោះ​ទេ»​។​

​លោក​បញ្ជាក់​បន្ត​ថា​៖​ ​«​ឥឡូវ​កំពុង​មាន​បញ្ហា​ប៉ះ​ពាល់នឹង​ស្ពាន​ ស្ទឹង​សំរោង​ ដោយ​សា​រ​តែ​នៅ​សល់​តែ​ជាង​កន្លះ​ម៉ែត្រ​ទៀត​ទេ​ ដែល​វា​អាច​ដល់​កម្រិត​ប្រកាស​អាសន្ន ​និង​អាច​បង្ក​ការ​ជន់​លិច ​ដូច​ឆ្នាំ​មុន​ ខណៈ​ពេល​នេះ​ ក៏​មាន​ការ​បាក់​ស្រុះ​ក្បាល​ស្ពាន​អូ​រគគីរ​ ក្នុង​ព្រំដែន​រវាង​ស្រុក​កំពង់សិលា​ហ្នឹង​ដែរ។​ មាន​ការ​ប៉ះពាល់​បែប​នេះ​ ខាង​អាជ្ញា​ធរ​ជំនាញកំពុង​មាន​ការ​ជួស​ជុល​ ហើយ​យើង​បាន​ត្រៀម​កម្លាំង​ចាំ​ពិនិត្យ​ និង​តាម​ដាន​ស្ថាន​ភាព​នៅ​ក្នុង​តំបន់​នេះ​ មា​ន​ការកើន​ឡើង​ទឹក​បន្ថែម​ទៀត​»​។​

​លោក​ កែវ​ វី​ បាន​អះអាង​ថា​ បើ​សិន​ជា​ទឹក​នៅ​តែ​បន្ត​ជន់​ឡើង​ដល់​កម្រិត​ដែល​ប្រ​កាស​អាសន្ន​ ដោយ​មាន​កម្ពស់​ទឹក​ពី​ ១​ ទៅ​ ២​ តឹក​នៅ​លើ​ផ្លូវ​នោះ ​ការ​ចរាចរ​រថ​យន្ត​ធុន​ធំ ​នឹង​ត្រូវ​ផ្អាក​ការ​ឆ្លង​កាត់​ ហើយ​ក្នុង​ករណី​កម្ពស់​ទឹក​នេះ ​ឡើង​ទៅ​ដល់ ​៥​ តឹក ​នោះ​គ្រប់​យាន​យន្ត​ទាំង​អស់ ​នឹង​ត្រូវ​ផ្អាក។​ ប៉ុន្តែ​យ៉ាង​ណា​លោក​អះ​អាង​ថា​ ជំនន់ទឹក​ភ្លៀង​ ក្នុង​ឆ្នាំ​នេះ​ មាន​លក្ខណៈ​យឺត​ជាង​ឆ្នាំ​មុន​ ខណៈ​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​ គឺ​ចាប់​ពី​ពាក់​កណ្តាល​ខែ​កក្ក​ដា​​ គឺ​តំបន់​នេះ​ មាន​ការ​ជន់​លិច​បាត់​ទៅ​ហើយ​។​

​លោក​ ​ភូមី​ ​មុន្ន​រិទ្ធ​ ​មន្ត្រី​ប្រ​ចាំ​ការ​នៃ​មន្ទី​រ​សាធារ​ណ​កា​រ​ ខេ​ត្ត​ព្រះ​សីហ​នុ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុ​ស្តិ៍​ពី​ម្សិល​មិញ​ថា​ ជា​ទូ​ទៅ​​ក្នុង​តំបន់​ស្ពាន​សំរោង​ ​ក្នុង​ស្រុក​កំពង់​សិលា​នេះ ​នឹង​មាន​ការ​ជន់​លិច​ បើក​ម្ពស់​ទឹក​ឡើង​ដល់​ ​ជាង​ ៥​ ម៉ែត្រ។​ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ ​មក​ដល់​ម៉ោង​ ​៥ ល្ងាច​ម្សិល​មិញ​ ​គឺ​កម្ពស់​ទឹក​នៅ​ហ្នឹង​ ​ត្រឹម​ ​៤​ ​ម៉ែត្រ​ ​៦៥​ ​សង់ទីម៉ែ​ត្រ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​វា​កំពុង​នៅ​ថេរ​ ដែល​មិ​ន​ទាន់​ឡើង​ទៀត​ទេ ​ហើយ​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តា​ម​ ដ​ង​ផ្លូវ​គឺ​ធម្ម​តា​ ​ប៉ុន្តែ​វា​អាច​នឹង​មាន​ការ​ឡើង​បន្ថែម​ទៀត​ ​បើ​វា​ឡើង​ដល់​កម្រិត​មួយ​ហ្នឹង​ ​បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ យើង​ប្រកាស​អា​សន្ន​ ​ហើយ​យើង​នៅ​ចាំ​មើល​ទី​នេះ​ជា​ក់​ស្តែង​ ​បើ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​ទៀ​ត​ ​យើង​នឹង​ផ្អាក​បណ្តោះ​​អាសន្ន​»​។

​ខណៈ​ជំនន់​ទឹក​ភ្លៀង​ កាល​ពី​ម្សិល​មិញដែរ​ ​បាន​បណ្តាល​ឲ្យ​ជន់​លិច​ផល​ដំណាំ ​ផ្លូវ​ធ្វើ​ដំណើរ​ និង​លំនៅ​ឋាន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ នៅ​ឃុំ​ចំនួន​ ២ ​ក្នុង​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំ​បង​។​

មន្ត្រី​នគរ​បាល​ប្រចាំ​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជាប់​គ្នា ២ ​ថ្ងៃ បាន​បណ្តាល​ឲ្យ​ទឹក​ស្ទឹង​ ដែល​ហូរ​កាត់​ក្នុង​ស្រុក​សំឡូត ​ខេត្ត​បាត់​ដំបង បាន​ជន់​លិច​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឃុំ​ចំនួន​ ២​ ​គឺ​ឃុំ​តា​តោក​ និង​ឃុំ​សំឡូត។​ ​ទឹក​ជំនន់​នេះ​ បាន​បង្ក​ឲ្យ​ប៉ះ​ពាល់​ដំណាំ ផ្លូវ​ធ្វើ​ដំណើរ​ និង​លំ​នៅ​ឋាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ ប៉ុន្តែ​លោក​ថា​ វា​បាន​ស្រក​ថម​ថយ​មក​ធម្ម​តា​បន្តិច​ម្តង​វិញ​ ដោយ​មិន​បណ្តាល​ឲ្យ​ប៉ះ​ពាល់​អាយុ​ជីវិត​ប្រ​ជា​ពល​រដ្ឋ​នោះ​ទេ​។​

លោក​បញ្ជាក់​ថា​៖​ ​«​វា​មិន​ទាន់​មាន​ខូច​ខាត​អីធំ​ទេ​ គ្រាន់​តែ​ឡើង​មួយ​យប់​ ហើយ​ព្រឹក​ឡើង​វា​ស្រក​ទៅ​វិញ​អស់​ វា​មាន​អី​គ្រាន់​តែ​មាន​ភ្លៀង​មួយ​ប្រាវ។​ វា​លិច​ប៉ះ​ពាល់​ផល​ដំណាំ​ខ្លះ​​ដែរ​ ដូច​ជា​ស្វាយ​ ​ពោត​ ប្រមាណ​ ​៤​ ទៅ​ ៥ ​ហិក​តា ​តែ​ចំនួន​នេះ ​មិន​ទាន់​សរុប​អស់​នោះ​ទេ ​ចាំ​មើ​ល​ទឹក​វា​ស្រក​អស់​សិន​ ​ថា​នឹង​មាន​អ្វី​ប៉ះ​ពាល់​បន្ត​ទៀត​។​ ​តែ​វា​អត់​មាន​ប៉ះ​ពាល់​អ្វី​ធំ​ដុំ​ទេ ​ព្រោះ​ទឹក​ភ្លៀវ​នេះ បាន​ស្រក​ទៅ​វិញ​លឿន​ ហើយ​ក៏​មិន​មាន​ភ្លៀង​ធ្លាក់​បន្ត​ទៀត​ដែរ»៕