ត្បូង​ឃុំ/ព្រៃវែងៈ រដ្ឋមន្ត្រី​ក្រសួ​​ងការ​ពារជាតិ​ និង​អគ្គ​មេ​​​បញ្ជាការ​រងនៃ​កងយោធពល​ ខេមរភូមិន្ទបាន​ជំរុញ​ឲ្យ​​កង​​កម្លាំង​ត្រូវសហការ​ជា​មួយ​​អា​​ជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ដើម្បី​បន្ត​​ចូល​រួម​ថែ​រក្សា​នូវ​សុខ​សន្តិ​ភាព ដើម្បី​ប្រឆាំង​​ដាច់​ខាត​ទៅ​នឹង ​​ការ​ «ញុះញង់ និង​​បដិវត្តន៍​ពណ៌​របស់​ក្រុម​ប្រឆាំង​ជ្រុល​​និយមដែល​ក្បត់​នឹង​ផល​ប្រយោ​​ជន៍​ជាតិ» ខណៈ​ដែល​លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែងថា ស្ថិរ​ភាព​នយោ​​បាយ​​ទូទៅ​នៅ​កម្ពុជា​កំពុង​ទទួល​រងការ​គំរាម​កំហែង។

នៅ​ក្នុង​ពិធី​រំឭក​ខួប​ ២៦​ ឆ្នាំ​ ថ្ងៃ​បង្កើត​កង​រាជ​អាវុធហត្ថ ដែល​ធ្វើ​ឡើង​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ កាល​ពីម្សិល​មិញ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​ផ្ដល់​អនុសាសន៍​​ដែ​ល​លោក​ហៅ​ថា​ ជា​ទស្សនាទាន​​និង​ចក្ខុវិស័យ​​ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈមរបស់​កងរាជ​អាវុធហត្ថ។

លោក​​បាន​ថ្លែងទៅ​កាន់​កង​រាជ​អាវុធ​ហត្ថ​រាប់​រយ​នាក់​​​ថា៖ «(កង​រាជ​អាវុធហត្ថ)ត្រូវ​សហការ​ជា​មួយ​ក្រសួងស្ថាប័​ន​​ពាក់ព័ន្ធ រដ្ឋបាល​មូលដ្ឋាន​គ្រប់​​លំដាប់​ថ្នាក់ បន្ដ​ចូល​រួម​ថែរក្សា​នូវ​សន្ដិភាពស្ថិរភាព​នយោ​បា​យ និង​សន្ដិសុខ​ជាតិ ដែល​យើង​ប្រឹង​ប្រែង​រកបានដោយ​លំបា​ក​បំផុត​នេះមិន​ឲ្យ​ក្រុមប្រឆាំង​ជ្រុលនិយម ​ដែល​ក្បត់​នឹង​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន ឬ​មជ្ឈដ្ឋាន​អ​គតិ​នៅ​ខាង​ក្រៅ​មក​​បំផ្លាញ​ទៅវិញ​បានឡើយ ទោះបី​ត្រូវ​បង់​ក្នុង​តម្លៃ​ណា​ក៏ដោយ»។

លោក ទៀ បាញ់ ក៏​បាន​ជំរុញ​ឲ្យ​កង​រាជ​អាវុធ​​ហត្ថ ត្រូវ​ខិតខំ​ជំរុញ​ការអភិវឌ្ឍ លទ្ធិ​ប្រជាធិប​តេយ្យ សេរីភាព សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ស្ថិរភាព​មីក្រូ​សេដ្ឋកិច្ច ការ​អភិវឌ្ឍ និង​ការ​កាត់បន្ថយ​ភាពក្រីក្រ​ ដែលជា​បុ​រេ​លក្ខខណ្ឌ និង​ធាតុ​ដ៏​សំខា​ន់​មិនអាច​ខ្វះ​បានសម្រាប់​ការ​អភិវ​ឌ្ឍ ប្រទេស ប្រកប​ដោយ​ចីរភាព។ លោក​​បន្តថា៖ «បន្ដ​ពង្រឹង​កម្លាំ​ង​ធ្វើជា​ស្នូល​ក្នុងការ​ប្រតិ​បត្តិ​ការ​ថែរក្សា​សុវត្ថិភាព សន្ដិ​សុខ សណ្ដាប់​ធ្នាប់​សាធា​រណៈ បន្ដ​ចូលរួម​បង្ក្រាប​រាល់​បទល្មើស ចូលរួម​ការងារ​មនុ​ស្ស​ធម៌ កិច្ច​ការ​សង្គម និង​សង្គ្រោះ (ជន​រង​គ្រោះ​​ដោយ​សារ​) គ្រោះ​មហន្ដរាយ»។

លោក​បន្ត​ថា កង​រាជ​អាវុធ​​ហត្ថ ត្រូវ​ពង្រឹង​យន្ដការ​ត្រួត​​ពិនិត្យ​ឲ្យ​មាន​ប្រសិទ្ធភាព តាម​តួនាទី​ភារកិច្ចដែល​រាជ​រដ្ឋា​ភិបា​ល ប្រគល់​ជូនឲ្យ​សមជា​កម្លាំង​ផ្ដ​ល់​​សមត្ថកិច្ច​ស្រប​ច្បាប់ដែ​លមាន​គុណ​សម្បត្តិ​ច្រើន និង​ត្រូវ​គ្រប់​​​គ្រងការងារ​រដ្ឋបាល​សាធា​រណៈ និង​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​ហ្មត់​ចត់ ការពារ​មិន​ឲ្យ​មាន​អំពើ​ពុករលួយ ឬ​ការរំលោភអំណា​ច​ពី​សំណាក់​អាជ្ញាធរ​សាធា​រណៈ​ទៅលើ​ប្រជាពលរដ្ឋ។

​លោក​ ទៀ បាញ់ ​បាន​លើក​ឡើង​ថា​ នៅឆ្នាំ ២០១៩ ​នេះ​ ស្ថានការណ៍​ពិភព​លោកនឹង​បន្ត​​ប្រែប្រួល​យ៉ាង​ជ្រាល​ជ្រៅ ស្មុគ​ស្មាញ ឆាប់រហ័ស និង​ពិបាក​ប៉ាន់ស្មាន​បាន​ ហើយ​ថា ការប៉ះ​ទង្គិច​គ្នា​រវាង​ផល​ប្រ​យោ​​​ជន៍របស់​មហា​អំណាច បាន​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​កើន​ឡើង​​កម្តៅ ហើយ​ពេល​ខ្លះ​ស្ទើរ​ផ្ទុះ​សង្គ្រាម ពិភពលោក។ «ចលនា​ឧទ្ទាម​របស់​ពួកក្បត់​ជាតិ ដែលមាន​បរទេស​នៅ​ពីក្រោយ​ខ្នង នៅតែ​មិន​បោះបង់​នូវ​មហិច្ឆតា​ប៉ុន​ប៉​ង​​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ ដូចនេះ​នាយទាហាន និង​ពល​​​​​​​​​​ទាហាននៃ​កង​រាជអាវុធហត្ថ នៅមាន​ភារកិច្ច​ជាច្រើន​ទៀត ដែល​ត្រូវបំពេញ ដើម្បី​ធានា​ភាពសុខសាន្ត​ជូន​ប្រជា​ពលរ​ដ្ឋ និង​ធានា​ឲ្យ​បាន​នូវ​បរិយា​កាស​សន្តិសុខ​ល្អប្រសើរ»។ «នូវ​ឧបា​​​​យកល​ពិសពុល ​របស់​ពួកអមិត្តដែល​បាន​ឃុបឃិត​ជាមួ​យ​​​បរទេសប៉ុនប៉ង​ផ្តួលរំលំ​រាជ​រដ្ឋា​​​ភិបាល​ស្របច្បាប់តាម​បែប​ផែ​ន​​បដិវត្ត​ន៍​ពណ៌​ដណ្តើម​យក​អំណា​ច ផ្ទុយ​ពី​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ»។

ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការកងរាជ​អាវុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក៏​បាន​​ថ្លែង​នៅ​ក្នុង​ពិធី​នេះ​ដែរ​ថា៖ «(ត្រូវ)ចូលរួម​ថែរក្សា​សុខ​ស​ន្តិ​ភាព​ឲ្យ​បាន ប្រឆាំង​ដាច់​ខាត់​ការ​ញុះ​​ញង់ និង​បដិវត្តន៍​ពណ៌។ ជា​​ពិសេស ​(កង​រាជ​អាវុធ​ហត្ថ) បា​ន​អប់រំ​ និង​លើកទឹកចិត្តដល់​យោធិន​ដែល​ចូល​និវត្ត​ន៍បង្ហា​ញ​អំពី​ការយក​ចិត្ត​ដាក់​របស់​រាជ​​រដ្ឋាភិបាលមិនបាន​បោះបង់​បង​​ប្អូន​ចោល​ទេ»។

ចំណែក​ លោក ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី និង​ជារដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​​​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះ​វិហារនៅ​ខេត្ត​ព្រៃ​វែងថា ស្ថិរ​ភា​ព​នយោ​បាយ​ទូទៅ​នៅ​កម្ពុជា​​​​កំពុង​​ទទួល​រង​ការ​គំរាម​កំហែង​តា​ម​រយៈ​អ្នក​ដែល​ចង់​បំផុស​បំផុល​ និង​ដឹក​នាំកម្លាំង​មហាជនដើ​ម្បី​​ធ្វើបាតុ​កម្ម​ប្រឆាំង ​និង​ទម្លាក់​រដ្ឋាភិបាល ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត។

លោក​បន្ត​ថា បច្ចុប្បន្ន​ប្រទេស​ កម្ពុជា​ មាន​សុខ​សន្តិភាពហើយ​ និង​​គ្មាន​កម្លាំង​ប្រដាប់​អាវុធ​ក្រៅ​ច្បាប់​ណា​ទៅពួន​សំងំ​ដើម្បី​មកវាយ​ប្រហារ និង​ផ្តួលរំលំ​រដ្ឋាភិបា​ល​នោះ​ទេ។ «ហើយ​ដែល​បញ្ហា​នេះ​​យើង​មាន​មេរៀន​បទ​ពិសោ​ធ​​ហើយ។ វា​អត់​សុខ​ទេ។ សាក​មើល​បើ​សុខ។​ ខ្មែរ​យើង​គឺថា​ បែក​បាក់​គ្នា​សាជាថ្មីហើយ​មិ​ន​ដឹង​ពេល​ណាយើង​ផ្គុំ​គ្នា​បា​ន រួប​រួម​គ្នា​បាន​ឡើងវិញ​ទេ។​ ឥឡូ​វ អ្វី​ដែល​យើង​ធ្វើ​បាន​ធ្វើ​ទៅ។ អ្វី​ដែល​ធ្វើ​មិន​ទាន់បាន​ខំ​ដោះ​ស្រា​​​យ​ទៅ។ វាគ្រាន់បើ​ជាង​រុះ​ធ្វើ​សា​ថ្មី។ អ្នក​ដែល​ចង់​មក​ធ្វើ​ ចង់រុះ​ធ្វើ​សាថ្មី (ឬ?)»។

ជា​មួយ​នឹង​ការ​អំពាវ​នាវ​កុំ​ឲ្យ​​​​បំផ្លាញ​សន្តិ​​ភា​ព​លោក​ ស ខេង​​ ថ្លែង​ទៀត​ថា​៖ «បើ​មិន​បាន​ជួយចូក​ជួយ​​ចែវ សូមមេត្តា​កុំ​យក​ជើង​រាទឹក»។

លោក​បន្តថា ប្រជាជន​ទាំង​អ​ស់​​គឺស្នេហា​ជាតិ​ដូចគ្នាគ្រាន់​តែ​ថា​ អ្នក​ខ្លះ​បាន​ធ្វើ​ការងារ​តិច​ អ្នក​ខ្លះ​បាន​ធ្វើការងារ​ច្រើន។ អ្នក​ខ្លះ​មាន​ចំណុច​ខ្សោយ​នេះ អ្នក​ខ្លះមាន​​ចំណុច​ខ្សោយនោះ ដែលនេះ​ជារឿង​ជាតិ និង​ជា​រឿ​ង​​ធម្មតានៃមនុស្ស​ក្នុង​សក​ល​​​លោ​ក។ ប៉ុន្តែ​សូម​​កុំ​ឲ្យ​បែង​ចែក​ថា អ្នក​នេះស្នេហា​ជាតិ ហើយ​អ្នក​នោះ​ក្បត់​ជាតិ។

ការ​ថ្លែងរបស់​មន្ត្រី​ជាន់​ខ្ពស់​​រាជ​រដ្ឋាភិបាល​ខាង​លើ គឺ​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ប្រកាស​ជា​បន្ត​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រ​ធា​​ន​ស្ដី​ទី​ នៃ​អតីត​​គណ​​​បក្ស​សង្គ្រោះ​ជាតិ ដែល​ថា រូប​លោក​និង​ថ្នាក់​ដឹក​នាំ​​របស់​គណ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​​តុលាការ​កំពូ​ល​រំលាយ​ចោល​នេះ នឹង​វិល​ត្រឡ​ប់​​ចូល​មក​កាន់​ប្រទេស​កម្ពុជា​​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដើម្បី​ «ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​​ដែល​ត្រូវ​បាន​បំផ្លាញ​ឲ្យ​រស់​ឡើង​វិញ»។

លោក សម រង្ស៊ី បាន​សរសេរ​ និង​បង្ហោះវីដេអូ​ នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ ៩ ខែ​ កក្កដា ​ថា តំណាង​រាស្ត្រ និង​ឥស្សរជន​នយោ​បាយ​ជាច្រើន​រូប​ទៀតមកពី​ទូទាំង​ពិភព​លោក បាន​ស្ម័គ្រ​ចិត្ត​អម​ដំណើរ​ជាមួ​យ​ លោក និង​ថ្នាក់​ដឹក​នាំ​អតីត​គ​ណ​​​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​ធ្វើ​មាតុ​ភូមិ​និវត្តន៍មក​កម្ពុជា​វិញ។ លោកប្រកាស​ថា​៖ «យើង​នឹង​បង្ហោះ​វីដេអូ​បែប​នេះ ជា​បន្ត​​បន្ទាប់​ទៀតរហូត​ដល់​ថ្ងៃ​មាតុ​​ភូមិ​និវត្តន៍ នៃ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ»។

លោក គិន ភា ប្រធាន​វិទ្យា​ស្ថា​ន​ទំនាក់​ទំនង​អន្តរជាតិ​ នៃ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា ការ​ចង់​បង្កើត​ឱ្យ​មាន​ចលនា​បដិវត្តន៍​ពណ៌ពី​មហា​ជន​ ដែលចង់ផ្តួល​រំលំ​រដ្ឋាភិបាលគឺ​តែង​តែត្រូវបាន​សង្កេ​ត​ឃើញ​ចេញ​ពី​ លោក សម រង្ស៊ី ដែល​វោហា​រសាស្ត្ររបស់​គាត់​​និយាយ​ទៅ​លើ​ទិដ្ឋភាព ៣។

ទី​១ គឺ​គាត់​តែងតែ​អំពាវនាវឱ្យ​ពលរដ្ឋ​ងើបឡើង​បះបោរ​ប្រឆាំ​ង​​នឹង​រដ្ឋាភិបាល​ ទី២​ គាត់​តែង​តែ​អំពាវ​នាវេឱ្យ​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​ចលនា​ផ្តួលរំលំ​រដ្ឋាភិបាល ​ទី​៣ គាត់​អំពាវ​នាវ​ឱ្យ​អន្តរជាតិ​ដា​ក់​សម្ពាធ ឬក៏​គាប​សង្កត់​ដោយ​ប្រការ​ណា​មួយ​ទៅលើ​រដ្ឋា​ភិបា​ល​ដែល​កំពុង​កាន់​អំណាច។​ «អ៊ីចឹង​ទៅ​លើ​ទិដ្ឋភាព​៣នេះ គឺវា​គ្រប់គ្រាន់​ហើយសម្រាប់​ថា ​ជា​ការ​គំរាម​កំហែងមួយ​ ដល់​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល។ នេះ​​​យើង​សំណាង​ហើយ​ដែល​ប្រ​ជា​​ពលរដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​​អាវុធរបស់​យើង​មិន​បាន​ជឿតា​ម ឬក៏​មិន​បាន​ធ្លាក់​ទៅ​ក្នុង​ការ​ញុះ​​​ញង់​របស់​លោកសម រង្ស៊ី ដែ​ល​រដ្ឋាភិបាល​នៅ​តែ​គ្រប់​គ្រង​សភា​ព​ការណ៍​បាន»។

លោក គិន ភា បន្តថា ប្រសិន​បើ​កម្ពុជា​មា​ន​ភាព​ផុយ​ស្រួយ​ក្នុង​ការ​គ្រប់​​គ្រង​កង​កម្លាំង​ប្រដាប់​អាវុធ ឬ​ក៏​គ្រប់គ្រង​ចលនា​មហាជន​មិន​​បាន​ល្អទេ វានឹង​អាច​មាន​វិបត្តិ​សង្គម​កើត​ឡើង៕