ភ្នំពេញៈ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​អះអាង​ថា កម្ពុជា​កំពុងតែ​​ផ្តោត​ការយកចិត្ត​ទុកដាក់​ជាសំខាន់​ទៅលើ​ការកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ក្នុង​បរិយាកាស​ ដើម្បី​ជា​​ការចូលរួម​ចំណែក​ការពារ​ការប្រែប្រួល​អាកាសធាតុ ខណៈ​មន្ត្រី​ជំនាញ​ថា​កម្ពុជា​ត្រូវ​ព្យាយាម​កាត់បន្ថយ​ឧស្ម័ន​​ផ្ទះ​កញ្ចក់​ឱ្យបាន​ចំនួន​ ២១ ​លាន​តោន​នៅក្នុង​ ១ ​ឆ្នាំ​។

ការលើកឡើង​របស់​លោក នេត្រ ភក្ត្រា បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ការចូលរួម​ចំណែក​របស់​ជាតិ ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​​នៅ​ក្រសួងបរិស្ថាន​ពីថ្ងៃ​ទី​ ៨ ខែ​កុម្ភៈ​។

លោក នេត្រ ភក្ត្រា បាន​ឱ្យដឹងថា កម្ពុជា​ងាយ​នឹងរង​គ្រោះ​នូវ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះ ហេតុនេះ​ទើប​វិធានការ​បន្សុំា​ក៏ដូចជា​វិធានការ​ក្នុង​ការចូលរួម​ទប់ស្កាត់​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅក្នុង​បរិយាកាស​គឺជា​បញ្ហា​អាទិភាព​។ បញ្ហា​ការប្រែប្រួល​អាកាសធាតុ​នេះ ប្រសិន​បើ​មិនមាន​វិធានការ​ទប់ស្កាត់​ទេ​នោះ វា​នឹង​ធ្វើឱ្យ​មាន​ផលប៉ះពាល់​ដល់​ផលិតផល​សរុប​ក្នុងស្រុក​។

លោក​ថ្លែងថា​៖ «​កិច្ចការ​ដែល​ប្រទេស​កម្ពុជា​បាន​ផ្តោត​ជា​សំខាន់​គឺ​​ពាក់ព័ន្ធ​ជាមួយ​នឹង​ការកាត់បន្ថយ​​ និង​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ការដាក់​ចុះ​នូវ​ផែនការ និង​កម្មវិធី​ផ្សេងៗ​ដូចជា ការប្រើប្រាស់​នូវ​ថាមពល​កកើត​ឡើងវិញ ដូចជា​ប្រព័ន្ធ​សូឡា​ជាដើម​»​។

លោក ភក្ត្រា បាន​បន្តថា រដ្ឋាភិបាល​កម្ពុជា​បានកំណត់​នូវ​ចក្ខុវិស័យ​មួយ នៅក្នុង​ឆ្នាំ​ ២០៣០ កសាង​ខ្លួន​ឱ្យ​ទៅ​ជា​ប្រទេសមួយ ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​នៅ​ឆ្នាំ​ ២០៥០ គឺជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​។ «​កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​នឹង​ការប្រែប្រួល​អាកាសធាតុ ប្រសិនបើ​មិនមាន​ផែនការ​សកម្មភាព​នេះ ដាក់​ចុះ​ក្នុង​ការទប់ស្កាត់​លើ​ការប្រែប្រួល​អាកាសធាតុ​ទេ​គឺ​គោលដៅ​ចក្ខុ​វិស័យនេះ​មិនអាច​សម្រេចបាន​នោះទេ​»​។

លោក ទិន ពន្លក រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ដែរ​ថា ដើម្បី​​បន្សាប​ឧស្ម័ន​ផ្ទះ​កញ្ចក់ គេ​ត្រូវការ​វិធានការ​ ២ ​សំខាន់ ទី​១ គឺ​វិធានការ​បន្សុំា និង​ទី​២ ​គឺ​កាត់បន្ថយ​។ ​ដំណើរការ​នេះ​ផ្តោត​លើ​វិស័យ​ជា​អាទិភាព​​សម្រាប់​សេដ្ឋកិច្ចជាតិ ដូចជា កសិកម្ម​វិស័យ​សំណង់ វិស័យ​ថាមពល សុខភាព​សាធារណៈ ឧស្សាហកម្ម ការប្រើប្រាស់​ដី និង​ការគ្រប់គ្រង​សំណល់ វិស័យ​ទេសចរណ៍​ជាដើម​។

លោក​ថ្លែងថា​៖ «​នៅ​ឆ្នាំ​ ២០៣០ ​យើង​នឹង​ប្តេជ្ញា​ធ្វើយ៉ាងណា​នឹង​កាត់បន្ថយ​ឱ្យបាន​ ៤០ ​ភាគរយ ​នៃ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធៀប​ជាមួយ​នឹង​​កម្រិត​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​តាម​ទម្លាប់​ធម្មតា ស្មើនឹង​ប្រហែល​ ៦៥ លាន​តោន សមមូល​ឧស្ម័ន​ផ្ទះ​កញ្ចក់​»​។

លោក​ ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​​បរិស្ថាន​បាន​ថ្លែង​ដែរ​ថា តាមរយៈ​​របាយការណ៍​បច្ចុប្បន្នភាព​ការចូលរួមចំណែក​របស់​ជាតិ​ដើម្បី​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ គឺជា​របាយការណ៍​ប្តេជ្ញាចិត្ត​ក្នុងនាម​ជាតិ​កម្ពុជា​​ដើម្បី​រួមគ្នា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅលើ​ភពផែនដី​ឲ្យមក​កម្រិត​មួយ​​ល្មម​កុំឱ្យ​ផែនដី​ក្តៅ​ពេក​ដែល​នាំឱ្យ​​មាន​ការប្រែប្រួល​អាកាសធាតុ​។

លោក​បាន​ថ្លែងថា​៖ «​តាម​សេណារីយោ​ធម្មតា​នោះ​គឺថា បើ​យើង​មិន​​ចាត់ការ​ទេ​នៅ​ឆ្នាំ​ ២១០០ ​សីតុណ្ហភាព​លើ​លោក​យើង​នឹង​កើន​ពី​ ៤ ​ទៅ​ ៥ ​អង្សា​ជា​មធ្យម នោះ​ទឹកជំនន់ ខ្យល់ព្យុះ​កាន់តែ​ច្រើន អ៊ីចឹង​ធ្វើ​ម៉េច​បន្ថយ​ឱ្យបាន​ត្រឹមតែ​ល្មម​ដើម្បី​រក្សា​សីតុណ្ហភាព​លើ​លោក​នេះ​នៅ​ឆ្នាំ​ ២១០០ ​កុំឱ្យ​លើស​ ២ ​អង្សា​»​។

លោក​បាន​បន្តថា កម្ពុជា​ត្រូវ​ព្យាយាម​ធ្វើយ៉ាងណា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ក្នុង​បរិយាកាស​សម្រាប់​ប្រទេស​កម្ពុជា​​ឱ្យ​បាន​ ២១ ​លាន​តោន​ ក្នុង​ ១ ​ឆ្នាំ ហើយ​ក្នុងនោះ​ផ្នែក​ខាង​កសិកម្ម និង​ព្រៃឈើ​អាច​មាន​លទ្ធភាព​កាត់​ដល់​ទៅ​ ៦ ​ទៅ​ ៧ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ បើ​មានលទ្ធភាព​គ្រប់គ្រាន់​។

លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​ថ្លែងថា ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​ក្នុង​ឆ្នាំ​ ២០៣០ ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ដល់ ៧៩ ​លាន​តោន​នៃ​សមមូល​ឧស្ម័ន​កាបូនិច​ក្នុង​ ១ ​ឆ្នាំ ខណៈ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​សរុប​ទាំងអស់ រាប់បញ្ចូល​ទាំង​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី​ផ្សេងទៀត​ត្រូវបាន​គេ​រំពឹងថា​កើនឡើង​ដល់​ ១៥៥ ​លាន​តោន ​នៃ​សមមូល​ឧស្ម័ន​កាបូនិច​ក្នុង​ ១ ​ឆ្នាំ​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​យើង​អត់​កាត់បន្ថយ​ទេ នោះ​នៅ​ឆ្នាំ​ ២០៣០ ​ហ្នឹង​អាច​នឹង​ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ហ្នឹង​ ១៥៥ ​លាន​តោន តែបើ​យើង​អនុវត្តតាម​វិធានការ​ដែលមាន​ទាំង​វិធានការ​កាត់បន្ថយ និង​វិធានការ​​បន្សុំា យើង​អាច​កាត់បន្ថយ​រហូត​ទៅ​ដល់​ ៦៥ ​លាន​តោន​»៕