ភ្នំពេញៈ មន្ត្រី​នាំពាក្យ​អះអាងថា​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​ស្នើ​ច្បាប់​ថ្មី​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក ៣ រូប ​ដែល​ទាមទារ​ឱ្យ​ដោះលែង​និង​ទម្លាក់​បទ​ចោទ​លើ​ក្រុម​មេ​ដឹកនាំ​និង​មន្ត្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ​ដោយ​ថែម​ទាំង​បាន​ឆ្លើយតប​ថា​កម្ពុជា​គឺជា​រដ្ឋ​អធិបតេយ្យ​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ និង​មិន​អាច​ធ្វើ​តាម​ការ​ចង់​បាន​ពី​ប្រទេស​ក្រៅ​នោះ​ទេ។

លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​លោក​មាន​ការ​សោក​ស្ដាយ​ចំពោះ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​ក្នុង​នាម​ជា​អ្នក​បង្កើត​ច្បាប់​និង​ជា​អ្នក​ច្បាប់​គឺ​មិនគួរ​មក​បង្ខំ​ឱ្យ​តុលាការ​ក្នុង​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យ​ឲ្យ​ធ្វើតាម​ពួកគេ​នោះ​ទេ។ លោក​បន្តថា​ទោះ​ជា​យ៉ាង​នេះ​ក្ដី កម្ពុជា​មិន​យក​ចិត្ត​ទុកដាក់​និង​ធ្វើតាម​ឡើយ​ព្រោះ​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​មាន​របប​គ្រប់គ្រង​ខុសគ្នា​ដូច​មេឃ​និង​ដី។

លោក​ថា៖ «អ្នកនយោបាយ​មួយក្រុម​ដែលមាន​ចរិត​ដាក់​អាណានិគម​ដោយ​បំភ្លេច​ចោល​អធិបតេយ្យ​របស់​ជាតិ​នីមួយៗ​ហើយ​កម្ពុជា​គឺជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ហាក់​កំពុង​ធ្វើ​អាណានិគម​មក​លើ​កម្ពុជា​នេះ​ឯង ប៉ុន្តែ​កម្ពុជា​ស៊ាំ​នឹង​ចរិត​អាណានិគម​តាំង​ពី ១៩៩៨ មក​ដែល​សមាជិក​ព្រឹទ្ធសភា​អាមេរិក​តែង​ឃោសនា​ឲ្យ​បក្ស​ប្រឆាំង»។

ការលើកឡើង​ពី​មន្ត្រី​រដ្ឋា​ភិបាល​នេះ បន្ទាប់ពី​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក VOA ផ្សាយ​កាល​ពី​ថ្ងៃទី ២២ ខែ ​ឧសភា ​ថា​ មាន​សមាជិក​ព្រឹទ្ធសភា ៣ រូប មក​ពី​គណបក្ស​នយោបាយ​ទាំង ២ របស់​អាមេរិក​គឺ​លោក Lindsey Graham លោក Dick Durbin និង​លោក Marco Rubio បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ស្ដីពី «ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា​និង​ការ​វិល​ត្រឡប់​វិញ​នូវ​ការ​វិនិយោគ» ឆ្នាំ ២០១៩ (ហៅថា CARI Act) កាលពី​សប្ដាហ៍​មុន​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ ទម្លាក់​បទ​ចោទ​នានា​លើ​លោក សម រង្ស៊ី, ក្រុម​អ្នក​ប្រឆាំង​រដ្ឋាភិបាល​ជាច្រើន​រូប​ទៀត​និង​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ២ រូប​ផងដែរ។

VOA បានបន្តថា៖ «ច្បាប់​នេះ​នឹង​តម្រូវឱ្យ​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​ដែល​រក្សាទុក​នៅ​អាមេរិក​និង​ទាមទារ​ឱ្យ​អាមេរិក​ជំទាស់​រាល់​ប្រាក់​កម្ចី​ទៅ​កម្ពុជា។ បើ​ចូល​ជា​ធរមាន ច្បាប់​នេះ​ក៏​តម្រូវ​ឱ្យ​កម្ពុជា «ការពារអធិបតេយ្យ​ខ្លួន​ពី​ការ​ចូល​ជ្រៀត​ជ្រែក​ពី​ប្រទេស​កុម្មុយនីស្ដ​ចិន»។

ជុំវិញ​ការទាមទារ​ពី​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ ភ្នំពេញប៉ុស្ដិ៍​មិនអាច​សុំ​ការឆ្លើយ​តប​ពី​លោក គឹម សន្ដិភាព មន្ត្រី​នាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ទេ កាលពី​ម្សិលមិញ។

ប៉ុន្តែ​បើតាម​លោក ផៃ ស៊ី​ផាន សេចក្ដីស្នើ​នេះ​គឺ​ស្ថិតក្នុង​ដំណាក់កាល​សម្រេច​ចិត្ត​ប៉ុណ្ណោះ​ដោយ​មិន​ទាន់​ក្លាយជា​ច្បាប់​ទេ ហើយ​ទម្រាំ​ក្លាយជា​ច្បាប់​ដែល​អាច​ដាក់​ឱ្យ​អនុវត្ត​គឺ​ទាល់​មាន​សេចក្ដីសម្រេច​ចិត្ត​ពី​ប្រធានា​ធិបតី​អាមេរិក​ជាមុន ដូច្នេះ មិន​អាច​ធ្វើឱ្យ​កម្ពុជា​ត្រូវ​បារម្ភ​ពី​រឿង​នេះ​ទេ។

លោក​បាន​បញ្ជាក់ថា ថ្វី​ដ្បិត​កម្ពុជា​មិន​ចូល​ចិត្តការ​សម្លុត​តាមបែប​ដាក់​អាណា​និគម​ក្ដី ប៉ុន្តែ​កម្ពុជា​នៅ​តែ​ជា​មិត្ត​របស់​អាមេរិក ហើយ​កម្ពុជា​ក៏​មិនមែន​ជា​ប្រទេស​ធ្វើ​ភេរវកម្ម​នាំឱ្យ​ប៉ះពាល​ផល​ប្រយោជន៍​អាមេរិក​ដែរ។

លោកស្រី Emily Zeeberg មន្ត្រី​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បានបញ្ជាក់​យ៉ាង​ខ្លី​តាមរយៈ​អ៊ីមែល​កាលពី​ម្សិលមិញ​ថា អ្នកស្រី​មិនមាន​យោបល់​អ្វី​ជុំវិញ​ការ​លើក​ឡើង​របស់​មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​នេះ​ទេ។

ចំណែក​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​សភាក​ម្ពុជា​លើក​ឡើង​ថា ការ​ស្នើសុំ​ច្បាប់​ថ្មី​របស់​ក្រុម​សមាជិក​ព្រឹទ្ធសភា​នេះ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​បុគ្គល​ដែល​មិន​តំណាង​ឱ្យ​ទស្សនៈ​របស់​រដ្ឋសភា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឡើយ ដោយ​លោក​បាន​យល់​ឃើញ​ថា លទ្ធភាព​ដែល​អាច​ចេញ​ទៅ​ជា​ច្បាប់​គឺ​មិន​អាច​ទៅរួច​នោះទេ។ ប៉ុន្តែ​លោក​ថា ប្រសិនបើ​អាច​ចេញ​ទៅ​ច្បាប់​មែន ក៏​មិន​អាចឱ្យ​កម្ពុជា​ធ្វើតាម​បាន​ដែរ ព្រោះ​លោក​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ពង្រឹង​ជំហរ​មិន​ចុះ​ញ៉ម​នឹង​សម្ពាធ​បរទេស។

លោក​ថា៖ «ជាពិសេស​ក្នុង​បរិបទ​បច្ចុប្បន្ន​គឺ​កម្ពុជា​ទាមទារ​ឱ្យមាន​ភាពច្បាស់​លាស់​មួយ​ក្នុង​ជំហរ​នយោបាយ​ការ​បរទេស​របស់​ខ្លួន អ៊ីចឹង​ខ្ញុំ​យល់​ថា​ទោះជា​ចេញ​ឬ​មិន​ចេញ ការ​កែប្រែ​ឥរិយាបថ​ណាមួយ​ក្នុងនយោបាយ​ការបរទេស​កម្ពុជា​គឺ​មិនមាន​ទេ រក្សា​ស្ថានភាព​ដដែល។ ពីព្រោះ​យើង​ដឹង​ថា​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មួយ​ហើយ​ប្រសិន​យើង​ចេះតែ​ធ្វើ​នេះ​ធ្វើ​នោះ​តាម​សម្ពាធ​អន្តរជាតិ យើង​លែង​មាន​អ្វី​ជា​អធិបតេយ្យ​ជាតិ ជា​ឯករាជ្យ​ជាតិ​ហើយ ពី​ព្រោះ​រឿង កឹម សុខា សម រង្ស៊ី​មិនមែន​រឿង​សហរដ្ឋ​អាមេរិក​ទេ ជា​រឿង​ផ្ទៃក្នុង​កម្ពុជា​ដែល​កម្ពុជា​ត្រូវ​មាន​វិធានការ​ច្បាប់​របស់​ខ្លួន​ដើម្បី​សណ្ដាប់​ធ្នាប់​និង​សន្ដិភាព​អ៊ីចឹង​ទេ​បើ​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ឬ​ចលាចល​ណាមួយ​មិនមែន​សហរដ្ឋ​អាមេរិក​ទទួល​ខុស​ត្រូវ​ទេ​គឺ​កម្ពុជា»។

ទោះជា​យ៉ាងណាលោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយបាន​លើកឡើង​ថា អាមេរិក​មាន​សិទ្ធិ​ជំរុញ​ឱ្យ​កម្ពុជា​គោរព​កិច្ច​ព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​ព្រោះ​អាមេរិក​យល់​ថា កម្ពុជា​រួម​ទាំង​ចិន​ដែល​ជា​ប្រទេស​ហត្ថលេខី បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នេះ។

លោក​ថា៖ «ជា​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស សហរដ្ឋអាមេរិក​មាន​កាតព្វ​កិច្ច​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ​និង​មាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ​ក្នុង​ការ​ចាត់​វិធានការ​ទាំង​ឡាយ​ជាឯកតោ​ភាគី​ដើម្បី​ឱ្យ​កម្ពុជា​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ។

កាតព្វកិច្ច​ទាំងនោះ មានការ​អនុម័ត​និង​ការគោរព​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស ការ​បង្កើត​តុលាការ​ឯករាជ្យ​ដើម្បី​អនុវត្ត​សិទ្ធិ​មនុស្ស ការ​ប្រកាន់​យក​គោល​នយោបាល​អព្យាក្រឹត​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ ការ​ការពារ​អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ឯកភាព​ជាតិ»៕