ត្បូងឃ្មុំៈ ប្រតិភូ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កាលពី​ថ្ងៃ​សៅរ៍​បាន​ចុះទៅ​ពិនិត្យ​តំបន់​ព្រំដែន​ក្នុង​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​ជា​ទី​ដែល​មាន​ភាពចម្រូងចម្រាស ពាក់ព័ន្ធ​នឹង​ការអះអាង​ដែល​ថា កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ភាគី​វៀតណាម​ដោយសារ​ការបោះ​បង្គោលព្រំ​ដែន​។ គណៈកម្មាធិការ​នេះ​អះអាង​ថា កម្ពុជា​មិនបាន​បាត់​ដី​ដោយសារ​ការបោះបង្គោល​ព្រំដែន​ដូច​ការលើកឡើង​ទេ​។

ការចុះ​ទៅ​ពិនិត្យ​ទីតាំង​នេះ ធ្វើឡើង​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បន្ទាប់ពី​អ្នករិះគន់​រឿង​ព្រំដែន​ដែល​រួមមាន​លោក រ៉ុង ឈុន និង​លោក សួង សុភ័ណ្ឌ បាន​អះអាង​ថា ការបោះបង្គោល​ព្រំដែន​ពី​បង្គោល​លេខ​ ១១៤ ដល់​ ១១៩ ​មាន​ភាពមិន​ប្រក្រតី និង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដី​អាស្រ័យផល​ទៅ​ខាង​វៀតណាម​ជាច្រើន​រយហិកតា ឬ​ចូល​មក​ក្នុង​ដី​កម្ពុជា​ប្រមាណ​ ៥០០ ​ម៉ែត្រ​។ ការអះអាង​របស់​អ្នក​រិះគន់​ធ្វើឡើង​ដោយយោង​តាម​សម្ដី​របស់​ពលរដ្ឋ​មូលដ្ឋាន​។

លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​ថ្លែង​កាលពី​ថ្ងៃ​សៅរ៍​នៅលើ​ហ្វេសប៊ុក​ថា ប្រតិភូគណៈកម្មាធិការ​កិច្ចការ​ព្រំដែន​បាន​ជួប​ជាមួយ​ពលរដ្ឋ ១១ ​គ្រួសារ​ដែល​ធ្លាប់​បាន​ជួប​ជាមួយ​លោក រ៉ុង ឈុន​។ ពលរដ្ឋ​ទាំងនោះ​បាន​ឆ្លើយថា មិនមាន​ការបាត់ដី​ទៅ​វៀតណាម​ទេ ហើយ​ពួកគេ​បាន​ចូលរួម​ជាមួយ​ពួកក្រុម​ដែល​លោកស្រី​ថា​ «​អគតិ​» ​កន្លង​ទៅ​ដោយសារ​ «​ពួកអគតិ​» ​សន្យា​ថា នឹង​ជួយ​តវ៉ា​សុំ​ដី​ដែល​កម្ពុជា​ទទួល​បាន​បន្ទាប់ពី​ការបញ្ចប់​ការងារ​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​នៅ​តំបន់​នោះ​ឲ្យ​ពួកគាត់​បាន​អាស្រ័យផល​ទៅ​ថ្ងៃមុខ​តែប៉ុណ្ណោះ​។

លោកស្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​៖ «​គាត់​ថា មកពី​លោក រ៉ុង ឈុន ក្ដី សួង សុភ័ណ្ឌ ក្ដី​ហ្នឹង​ថា ជួយ​សុំ​ដី​ដែល​កម្ពុជា​នឹង​ទទួល​បាន​បន្ទាប់ពី​បញ្ចប់​ការខណ្ឌសីមា និង​បោះបង្គោល យើង​បាន​ដី​មួយ​ចំនួន​មក​ខាង​កម្ពុជា អ៊ីចឹង​ពួកគាត់​ថា​នឹង​ជួយ​សុំ​ដី​ហ្នឹង​ឲ្យ​ពួកគាត់​ធ្វើស្រែ​ចម្ការ​ដាំដុះ​។ អ៊ីចឹង​ហើយ​បានជា​គាត់​ចូលរួម​ហែរហម ប៉ុន្តែ​ពួកគាត់​អត់​មាន​និយាយថា គាត់​បាត់​ដី​គាត់​ទេ​។ កម្ពុជា​អត់​មាន​បាត់​ដី​ទៅ​វៀតណាម ហើយ​ដី​របស់គាត់ ក៏​អត់​មាន​បាត់​ដែរ​»​។

លោកស្រី​បន្តថា​៖ «​អ៊ីចឹង​អ្វីដែល​គាត់​តវ៉ា គឺ​គាត់​ចង់​បាន​ដី​ដែល​កម្ពុជា​បាន​មកពី​វៀតណាម បន្ទាប់ពី​ការខណ្ឌសីមា និង​បោះបង្គោល​ ប៉ុន្តែ​គាត់​អត់​មាន​ថា គាត់​បាត់​ដី​ទៅ​វៀតណាម​ទេ គាត់​ហ៊ាន​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់ ប្រសិន​ជា​ រ៉ុង ឈុន ​ក្ដី សួង សុភ័ណ្ឌ ក្ដី​ថា ពួកគាត់​អ្នក​ថា គាត់​ហ៊ាន​តទល់​។ អាហ្នឹង​សម្ដី​គាត់​ជួប​ជាមួយ​ពួកខ្ញុំ​នៅលើ​ដី គឺ​គាត់​និយាយ​អ៊ីចឹង​ចា៎​»​។

លោកស្រី កុយ ពិសី ស្នើសុំ​ពលរដ្ឋ​កុំឲ្យ​មាន​ចរិត​មួយ​ដែល​និយាយ​ខុសពី​ការពិត បំភ្លៃ​រឿង និង​មើលងាយ​ដល់​កិច្ចប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រុម​ការងារ​របស់​លោកស្រី​បាន​ប្រឹងប្រែង​ធ្វើការ​រហូត​ដល់​មាន​ការស្លាប់ និង​របួស​ដោយសារ​ផ្ទុះ​មីន​ជាដើម​។

«​រាល់ថ្ងៃនេះ យើង​ធ្វើ​បាន​ច្រើន​ហើយ សូម​នាំគ្នា​ធ្វើ​ម៉េច​ពួតដៃគ្នា​ដើម្បី​បញ្ចប់​ទៅ ដើម្បី​ឲ្យ​ខ្មែរ​យើង​ស្រុកទេស​យើង​មាន​ព្រំដែន​មួយ​ច្បាស់លាស់ ដើម្បី​ថែរក្សា​​ទឹកដី​យើង​ឲ្យ​បាន​គង់វង្ស​។ នេះ​ជា​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​កំពូល​ និង​គណបក្ស​ក៏ដូចជា​រដ្ឋាភិបាល គឺ​ទិសដៅ​មុត​ស្រួច​ណាស់​ខិតខំ​មែនទែន​ក្នុង​ការធ្វើ​យ៉ាងណា​បញ្ចប់​ការងារ​នេះ​ឲ្យ​បាន​នាពេល​ខាង​មុខ​»​។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​នៅ​កន្លែង​ចុះ​ពិនិត្យ​ព្រំដែន​ថា ដី​ខ្លះ​ដែល​ត្រូវបាន​បោះបង្គោល​ព្រំសីមា​រួចហើយ កំពុង​ស្ថិតក្រោម​ការកាន់កាប់​ដោយ​ភាគី​វៀតណាម​។ ប៉ុន្តែ​ដី​នេះ​នឹង​ត្រូវ​ប្រគល់​មក​ឲ្យ​កម្ពុជា​បន្ទាប់ពី​មាន​ការផ្លាស់ប្ដូរ​លិខិតូបករណ៍​រវាង​ភាគី​ទាំង​ ២​។

ចំពោះ​ករណី​របស់​លោក សួង សុភ័ណ្ឌ និង​លោក រ៉ុង ឈុន លោក​ វ៉ា គឹមហុង ថ្លែងថា វា​ជា​សមត្ថកិច្ច​របស់​តុលាការ​ក្នុង​ការវិនិច្ឆ័យ​។

ពលរដ្ឋ​មួយចំនួន​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ដែល​លោក​ វ៉ា គឹមហុង ចុះទៅ​ទីនោះ​ថា ពួកគេ​មិនបាន​បាត់បង់​ដីធ្លី​ទេ ប៉ុន្តែ​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប្លង់​កម្មសិទ្ធិ​ដល់​ពួកគេ ដើម្បី​អាច​បង្កបង្កើនផល​នៅ​លើដី​ទាំងនោះ​។

លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ដែល​អមដំណើរ​ប្រតិភូ​ព្រំដែន​បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​មិន​បាន​បាត់​ដី​សូម្បី​ ១ ​មិល្លីម៉ែត្រ​ទេ ក្នុង​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។

លោក​ថា​៖ «​ក្នុង​នាម​រដ្ឋបាលខេត្ត ដូច​អ្វី​ដែលជា​ប្រសាសន៍​របស់​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​អ៊ីចឹង​ដែរ យើង​ត្រូវ​តែ​ធ្វើយ៉ាងណា​រក្សា​ខណ្ឌសីមា​របស់​យើង​នេះ​ឲ្យ​ទាល់តែ​បាន​មិន​ឲ្យ​បាត់​ ១ ​មិល្លីម៉ែត្រ​ទេ​។ បើ​បាត់​គឺថា ខ្ញុំ​យក​ជីវិត​របស់ខ្ញុំ​ទៅ​ធានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​នាម​ខ្ញុំ​ជា​អភិបាលខេត្ត​។ ព្រោះ​យើង​ម្នាក់ៗ​យើង​មាន​បេះដូង​របស់​យើង​ជា​ខ្មែរ ហើយ​យើង​មាន​ឆន្ទៈ​​របស់​យើង​មុតមាំ​ណាស់ ក្នុង​ការការពារ​បូរណភាព​ទឹកដី​របស់​យើង​»​។

លោក រ៉ុង ឈុន សមាជិក ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ចុង​ខែ​កក្កដា ចំណែក​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ពាក់កណ្ដាល​ខែសីហា ពាក់ព័ន្ធ​នឹង​ការអះអាង​ដោយយោង​លើ​សម្ដី​ពលរដ្ឋ​ថា កម្ពុជា​បាន​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ក្នុង​ការបោះបង្គោល​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ ២​។ អ្នក​ទាំង​ ២ ត្រូវ​បាន​ចោទប្រកាន់​ពី​បទញុះញង់​។ មនុស្ស​មួយចំនួន​ទៀត​ក៏​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទញុះញង់​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​នេះដែរ​៕

វីដេអូ៖