ភ្នំពេញៈ មន្ត្រី​បាន​និយាយ​ថា ករណី​កាប់​ទន្ទ្រាន​យក​ដីព្រៃ​ដោយ​ខុសច្បាប់ នៅតាម​តំបន់​ការពារ​មាន​ការកើនឡើង ដោយសារ​តែ​តម្លៃ​ដីធ្លី​កើនឡើង និង​មាន​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​កាន់តែ​ច្រើន​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ៣ ខែវិច្ឆិកា​ ថា បច្ចុប្បន្ន​នេះ​ស្ថានភាព​បទល្មើស​ដែល​ក្រៅពី​ការលួច​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែលមាន​ទ្រង់ទ្រាយ​តូច​ក៏​នៅ​មាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​មាន​ការកើនឡើង ដោយសារ​តែ​តម្លៃ​ដី​មាន​ការកើនឡើង ហើយ​តម្រូវការ​ដី​សម្រាប់​ការអភិវឌ្ឍ​ធ្វើ​កសិកម្ម កសិឧស្សាហកម្ម គឺមាន​ការកើនឡើង​។

លោក​លើកឡើង​ថា​៖ «​បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ១៩៦៤ កម្ពុជា​មាន​ផ្ទៃដី​ព្រៃ​ប្រមាណ ៧៣ ភាគរយ ​ដែល​មាន​ប្រជាជន​ត្រឹមតែ ៥ ​លាន ៧ ​សែន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ត្រឹម​ឆ្នាំ​ ២០១៨ ដោយ​យោង​ទៅ​លើ​របាយការណ៍​កម្ពុជា​នៅសល់​ដីព្រៃ ប្រមាណ​៤៦,៨៦ ភាគរយ​គឺមាន ៨,៥ លាន​ហិកតា​»​។

លោក​បន្តថា​៖ «​ចំនួន​នេះ បើ​យើង​ធៀប​បច្ចុប្បន្ន​នេះ យើង​បាត់បង់​ (​ព្រៃឈើ​) ​ពី ៧៣ ​ភាគរយ មក​ ៤៦ ភាគរយ ប៉ុន្តែ​កំណើន​ប្រជាជន​កម្ពុជា​កើនឡើង​ពី​ ៥,៧ ​លាន​នាក់ ដល់ ១៦ ​លាន​នាក់​»​។

បើ​តាម​លោក​ ភក្ត្រា កំណើន​ដី​គម្រប​ព្រៃឈើ​ដែល​បាត់បង់​គឺ​វា​កើន​ទៅជា​ដីចម្ការ ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើឱ្យ​មាន​ការប្រែប្រួល​។ លោក​បញ្ជាក់ថា​៖ «​ការអភិវឌ្ឍ​ក៏​ធ្វើ​ឱ្យ​មាន​សម្ពាធ​ដល់​ធនធាន​ធម្មជាតិ ហេតុ​ដូច្នេះ​ហើយ​តាមរយៈ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (​ក.ជ.អ.ច) ​គឺ​យើង​បាន​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​បរិស្ថាន​ជាតិ​ឆ្នាំ​ ២០១៦-២០២៣ ​ដើម្បី​ធ្វើយ៉ាងណា​គ្រប់គ្រង និង​កាត់បន្ថយ​នូវ​ផលប៉ះពាល់​ដល់​បរិស្ថាន​»​។

ក្រសួង​បរិស្ថាន​បាននិង​កំពុង​បន្ត​អនុវត្ត​នូវ​ស្មារតី​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣ ខែ ​កក្កដា ឆ្នាំ​ ២០២០ ​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ក្រសួង​ចំនួន​ ៣ ​គឺ​ក្រសួង​បរិស្ថាន ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើការ​ពិនិត្យ សិក្សា ចងក្រង ស្រាវជ្រាវ​ទៅលើ​ដី​ដែល​ពលរដ្ឋ​កាន់កាប់​អាស្រ័យផល​យូរ​ឆ្នាំ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​កាត់​ឆ្វៀល​ឱ្យ​ពលរដ្ឋ​ទាំងនោះ​។

លោក​បន្ថែមថា​៖ «​នេះ​គឺជា​ការសម្រេចចិត្ត​ដ៏ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល នៅក្នុង​ការឈាន​ទៅ​ដល់​ការដោះស្រាយ​បញ្ហាដីធ្លី​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​យើង​ឱ្យ​ចប់សព្វគ្រប់ បន្ទាប់ពី​យើង​បាន​ដាក់​ឱ្យ​អនុវត្ត​នូវ​បទបញ្ជា ០០១ របស់​រាជរដ្ឋាភិបាល ដើម្បី​កាត់​ឆ្វៀល វាស់វែង ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​កាន់កាប់​ដី​អាស្រ័យផល​យូរ​ឆ្នាំ​»​។

លោក​ថ្លែងថា៖ «​ឥឡូវនេះ យើង​កំពុងតែ​ឈាន​ដល់​ដំណាក់កាល​ដែល​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី ឬក៏​មាន​បញ្ហា​មួយចំនួន​ទៀត​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ដើម្បីឱ្យ​ដាច់ស្រេច ដើម្បី​យើង​កំណត់​ព្រំ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ធ្វើយ៉ាងណា​ឱ្យមាន​ការការពារ​ដែល​នេះ​គឺជា​វិធានការ​មួយ​ដ៏មាន​ប្រសិទ្ធភាព​ក្នុងការ​ទប់ស្កាត់​ក្នុង​ការទន្ទ្រាន​ដីព្រៃ​ដោយ​ខុសច្បាប់​»​។

លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ឱ្យ​ដឹងថា ចំពោះ​ករណី​កាន់កាប់​ទន្ទ្រាន​ដីព្រៃ​នេះ មាន​ការប្រតិកម្ម​តាំងពី​យូរណាស់​មក​ហើយ ខណៈ​ដែល​ដីព្រៃ​ ១ ​ផ្នែក​ធំ​ត្រូវ​បាន​ទន្ទ្រាន​កាន់កាប់​ដោយ​បុគ្គល​មាន​អំណាច ដូចជា ឧកញ៉ា​ធំៗ​ជាដើម ហើយ​អ្វី​ទាំងអស់​នេះ​គឺជា​ការទទួល​ខុសត្រូវ​ដោយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​។

លោក​បាន​បន្តថា​៖ «​បើ​គ្រាន់តែ​និយាយ វា​មិនទាន់​គ្រប់គ្រាន់​នោះទេ ពីព្រោះ​ប្រទេស​យើង​មាន​ច្បាប់​ដែល​បានចែង​យ៉ាងច្បាស់​ជុំវិញ​ការទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ គឺ​ត្រូវ​មានទោស​។ ជាមួយ​គ្នា​នេះ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ប្រើប្រាស់​ច្បាប់​ក្នុង​ការដកហូត​ ឬ​ផ្តន្ទាទោស​ចំពោះ​បុគ្គល​ដែល​ទន្ទ្រាន​យក​ដី​រដ្ឋ​នោះ​»​។

បើតាម​លោក​ ប៊ុណ្ណារ៍ ក្រៅពី​ការផ្តន្ទាទោស​ «​ច្បាប់​ព្រៃឈើ​បាន​ចែងថា ឧក្រិដ្ឋជន​ព្រៃឈើ​ត្រូវ​ទទួល​ខុសត្រូវ និង​សងការ​ខូចខាត​ព្រៃឈើ​ហ្នឹង ធ្វើ​យ៉ាងម៉េច​ធ្វើឱ្យ​ដូចដើម​ឡើងវិញ​»​។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃឈើ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​បាន​អះអាងថា ការរុករាន​កាន់កាប់​ទន្ទ្រាន​ដីព្រៃ​ឈើ​របស់​រដ្ឋ​នេះ​គឺ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។ លោក​បន្តថា ការពង្រីក​ដី​កសិកម្ម និង​ការផ្តល់​ដីសម្បទាន​ច្រើន​លើសលប់​បាន​ធ្វើឱ្យ​ដីព្រៃ​ត្រូវ​បាន​បាត់បង់​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​រដ្ឋាភិបាល​គួរតែ​គិតគូរ​ឡើងវិញ ចំពោះ​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ ប៉ុន្តែ​បើ​វិនិយោគ រដ្ឋាភិបាល​គួរតែ​វិនិយោគ​ដោយ​ខ្លួនឯង​ដោយ​រៀបចំ​ឱ្យ​ទៅជា​តំបន់​អេកូ​ទេសចរណ៍​ដើម្បី​ផ្តល់​ចំណូល និង​ការងារ​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​វិញ​ល្អ​ជាង​»៕

វីដេអូ៖