ភ្នំពេញៈ លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រៃ្តយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានថ្លែងថា ការកំណត់ព្រំដែនដែលនៅសេសសល់ជាមួយប្រទេសវៀតណាម ថៃ និងឡាវ គឺមានភាពស្មុគស្មាញខ្លាំងទាំងលក្ខណៈបច្ចេកទេស និងឯកសារផ្លូវច្បាប់ ខណៈដែលបច្ចុប្បន្នការបោះបង្គោលព្រំដែនគោកជាមួយវៀតណាមសម្រេចបានចំនួន ៣១៥ បង្គោលលើចំនួនសរុប ៣៧៥ បង្គោលដែលនឹងស្មើ ៨៤%។
លោកស្រី កុយ ពិសី បានថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយកាសែតភ្នំពេញប៉ុស្តិ៍។ លោកស្រីឲ្យដឹងទៀតថា ចំណែកការបោះបង្គោលព្រំដែនជាមួយឡាវសម្រេចបានចំនួន ១២១ បង្គោលលើចំនួនសរុប ១៤៥ បង្គោលស្មើនឹង ៨៦% និងជាមួយភាគីថៃ កម្ពុជា-ថៃបានស្វែងរក និងកំណត់ទីតាំងបង្គោលព្រំដែនចាស់ដែលបោះដោយគណៈកម្មាធិការចម្រុះបារាំង-សៀម នៅក្នុងសម័យអាណានិគមបារាំងបានចំនួន ៤៥ បង្គោលក្នុងចំណោមបង្គោលសរុបចំនួន ៧៣ បង្គោលស្មើនឹង ៦២%។
លោកស្រី ពិសី បន្តថា ការកំណត់ព្រំសីមាដែលនៅសេសសល់ជាមួយប្រទេសទាំង ៣ ថៃ ឡាវ និងវៀតណាមគឺមានភាពស្មុគស្មាញខ្លាំងរួមមាន ទាំងលក្ខណៈបច្ចេកទេស និងឯកសារផ្លូវច្បាប់។ លោកស្រីបញ្ជាក់ថា ការបោះបង្គោលព្រំដែនដែលនៅសល់រវាងកម្ពុជា-វៀតណាម និងឡាវគឺពិបាកដូចគ្នាទាំងផែនទី និងបច្ចេកទេសនៅក្នុងការគូសចម្លងផែនទីដោយសារតែកម្ពុជានឹងប្រទេសទាំង ២ ប្រើប្រាស់ផែនទីខ្នាត ១ លើ ១០០ ពាន់។
លោកស្រីថា៖ «ផែនទីនេះបោះពុម្ពយូរហើយពេលយកទៅបោះនៅលើដីជាក់ស្តែង យើងអត់អាចអនុវត្តកើតទេ ព្រោះនៅលើផែនទី និងនៅទីតាំងជាក់ស្តែងវាអត់ដូចគ្នា។ ចំណែកថៃវិញគឺ យើងរុករកបង្គោលចាស់បច្ចុប្បន្ននៅសល់ ២៨ បង្គោលទៀតដែលយើងមិនឯកភាពគ្នានៅលើទីតាំង ព្រោះវាខុសពីទីតាំងដើម»។
លោកស្រីបន្តថា ការកំណត់ព្រំដែននេះវាក៏ទាក់ទងនឹងឯកសារពាក់ព័ន្ធនានាផងដែរដូចជាសេចក្តីសម្រេចរបស់អគ្គទេសាភិបាលឥណ្ឌូចិន និងឯកសារផ្សេងៗដោយភាគីនីមួយៗត្រូវយកឯកសារនោះមកធ្វើជាអំណះអំណាង។ «អ៊ីចឹងផែនទីហ្នឹងដាក់ថា ជារបស់គេ ប៉ុន្តែភាគីកម្ពុជាយើងមានឯកសារមួយទៀតដែលថាជារបស់យើង ដូចនេះវាត្រូវការពេលវេលា និងត្រូវជជែកគ្នារកដំណោះស្រាយ»។
លោកស្រី កុយ ពិសី បានថ្លែងទៀតថា រាជរដ្ឋាភិបាលបានបំពេញបេសកកម្មកំណត់ព្រំដែននេះបន្តពីព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោយពីព្រះអង្គដណ្តើមបានឯករាជ្យពីបារាំង។
លោកស្រីបញ្ជាក់ថា៖ «រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បញ្ជាក់ថាផែនទីយើង ខ្នាត ១ លើ ១០០ ពាន់ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន ធ្វើឡើងនៅចន្លោះឆ្នាំ ១៩៣៣ ដល់ ១៩៥៣ នេះគឺជាមូលដ្ឋានចម្បងដែលរដ្ឋាភិបាលត្រូវយកមកដោះស្រាយបញ្ហាព្រំដែន»។
លោកស្រីថ្លែងទៀតថា ពេលទទួលបានឯករាជ្យពីបារាំង ព្រះករុណា នរោត្តម សីហនុ បានយកផែនទីទៅដាក់តម្កល់នៅអង្គការសហប្រជាជាតិដើម្បីឲ្យអន្តរជាតិទទួលស្គាល់ព្រំដែនបច្ចុប្បន្នរបស់កម្ពុជា។ «មានន័យថា បារាំងប្រគល់ព្រំដែនឲ្យយើងប៉ុនណា គឺយើងយកប៉ុណ្ណឹង យើងអត់មានទៅទាមទារលើសពីនេះទេ ហើយសម័យព្រះករុណា អត់ទាន់បានបោះបង្គោលទេ អ៊ីចឹងរដ្ឋាភិបាល បន្តបេសកកម្មរបស់លោក (ព្រះបរមរតនកោដ្ឋ) គឺយកផែនទីនោះឲ្យចេញជាបង្គោលនៅលើដីជាក់ស្តែង»។
លោកស្រី ពិសី បន្ថែមថា លោកស្រីមានមោទនភាពចំពោះកិច្ចការកំណត់ព្រំសីមានេះ ព្រោះកាលពីមុនព្រំដែនជាតំបន់ធ្វើសឹកសង្គ្រាម និងត្រូវបានបោះបង់ចោល ប៉ុន្តែបច្ចុប្បន្នតំបន់ព្រំដែនមានការអភិវឌ្ឍច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ មានប្រជាជនរស់នៅច្រើនដែលកាន់តែធ្វើឲ្យព្រំដែនរឹងមាំ។
ទាក់ទិននឹងការអភិវឌ្ឍនៅតាមព្រំដែននេះកាលពីឆ្នាំ ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរមួយហាមឃាត់ប្រជាពលរដ្ឋទាំងអស់មិនឲ្យជួល ឬលក់ដីនៅតាមខ្សែបន្ទាត់ព្រំដែនឲ្យទៅប្រជាពលរដ្ឋនៅប្រទេសជិតខាងដូចជា វៀតណាម ឡាវ និងថៃ គឺដើម្បីរក្សាការពារនូវសិទ្ធិកាន់កាប់ដីធ្លី និងផលប្រយោជន៍ស្របច្បាប់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន ព្រមទាំងជួយសម្រួលដល់ការងារកំណត់ និងបោះបង្គោលខណ្ឌសីមាសំដៅរក្សាការពារឲ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ។
កាលពីខែតុលា ឆ្នាំ ២០១៩ នៅក្នុងឱកាសចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការនៃការបោះបង្គោលព្រំដែនជាមួយវៀតណាម លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជានឹងប្រែក្លាយខ្សែព្រំដែនកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនកម្ពុជាជាមួយឡាវ និងថៃឱ្យទៅជាព្រំដែនអន្តរជាតិពិតប្រាកដ ដើម្បីបញ្ចប់នូវបាតុភាពព្រំដែនរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់គ្មានភាពភ័យខ្លាចទៅជាតំបន់ដែលមានជីវភាពធូរធារ និងជាតំបន់មានការអភិវឌ្ឍសុខដុមនីយកម្ម រុងរឿងតរៀងទៅ»។
លោក វ៉ា សាម៉េត ពលរដ្ឋរស់នៅខេត្តស្វាយរៀងប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកសប្បាយចិត្តនៅពេលដែលរដ្ឋាភិបាលបានកំណត់ការបោះបង្គោលព្រំដែនបានចំនួនច្រើន និងស្នើឲ្យពន្លឿនដើម្បីឲ្យឆាប់បានបញ្ចប់ការកំណត់ព្រំដែន។ «ការបោះបង្គោលព្រំដែននៅពេលនេះគឺល្អណាស់ ខ្ញុំសប្បាយចិត្តព្រោះបើផ្ទះមួយមានរបងត្រឹមត្រូវ យើងអាចការពារបាន យើងលែងភ័យ លែងបារម្ភ អ្នកជុំវិញយើងដណ្តើមឈ្លានពាន។ ខ្ញុំជំរុញឲ្យរដ្ឋាភិបាលធ្វើឲ្យសម្រេចឆាប់ព្រោះកាលណាធ្វើហើយមានប្រជាជនយើងចង់ទៅមើលចង់ដឹងគេធ្វើព្រំដែនយ៉ាងម៉េច»។
លោកស្រី កុយ ពិសី ថ្លែងថា រដ្ឋាភិបាលមានឆន្ទៈមុតមាំក្នុងការជំរុញការងារព្រំដែន និងចង់បញ្ចប់ការបោះបង្គោលព្រំដែនឲ្យបានរួចរាល់នៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន គឺធ្វើយ៉ាងណាឲ្យការគូសផែនទីនៅលើក្រដាសត្រូវគ្នាជាមួយនឹងទីតាំងដីជាក់ស្តែង។ «យើងមិនអាចទុកប្រទេសយើងឲ្យអត់របង ល្ហល្ហេវបានទេ គឺចាំបាច់ត្រូវតែធ្វើរបងការពារទាំងបង្គោលព្រំដែនខ្សែព្រំដែន និងប្រជាជន យើងចង់បានព្រំដែនមួយស្រុះស្រួលគ្នា និងសុខសន្តិភាព»៕