ភ្នំពេញៈ ​មួយថ្ងៃ​បន្ទាប់ពី​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ឃាត់ខ្លួន​លោកស្រី​ មូរ សុខហួរ កាលពី​យប់​ថ្ងៃ​ពុធ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បាន​អះអាង​ថា ទោះបី​ឃាត់ខ្លួន​ ឬ​បណ្តេញចេញ​បុគ្គល​ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ​​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ ប៉ុន្តែ​គឺជា​ការបង្ហាញ​សាជាថ្មី​ទៀត​នូវ​ការអនុវត្ត​ពេញលេញ​​នៃ​ការប្រកាស​រួម​កំពូល​របស់​អាស៊ាន​ក្នុង​កិច្ច​ថែរក្សា​សន្តិភាព ស្ថិរភាព​នៅក្នុង​តំបន់​។

ការថ្លែង​របស់​លោក ផៃ ស៊ីផាន ដូចនេះ​បាន​ធ្វើ​ឡើង​នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ដោយ​លោក​គូសបញ្ជាក់​ថា ក្រុម​ទាំងនេះ​មាន​ទិសដៅ​បំផ្លាញ​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​កម្ពុជា តែ​ត្រូវ​បាន​ទប់ស្កាត់ ដោយ​បណ្ដា​ប្រទេស​អាស៊ាន​។ ​លោក​បាន​បន្តថា​ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​សម្ដែង​ការអរគុណ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ក្នុង​សកម្មភាព​ជួយ​កម្ពុជា​ក្នុង​ការបង្ក្រាប​ទប់ស្កាត់​ជន​ទាំងនោះ​ផងដែរ​។

ទាក់ទិន​នឹង​ករណី​នេះដែរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ «​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣» ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ម្សិលមិញ​ដែរ​ថា លោកស្រី មូរ សុខហួរ ដែល​កាន់​លិខិត​ឆ្លងដែន​សហរដ្ឋអាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​មិន​អនុញ្ញាត​ឱ្យចូល​ប្រទេស​ខ្លួន​នោះទេ​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​អ្នកឯង​កាន់​អី​កាន់​ទៅ ឥឡូវ​ជាក់ស្តែង​នៅ​ឥណ្ឌូនេស៊ី​ និង​នៅ​ម៉ាឡេស៊ី​យប់មិញ​នេះ កាន់​ប៉ាស្ព័រ​អាមេរិក​ទេ តែ​គេ​បណ្តេញ​ចេញពី​ស្រុក​គេ ហើយ​គេ​ក៏​មិន​ឱ្យចូល​នៅ​ម៉ាឡេស៊ី​។

តើ​ធ្វើ​អ្វី​គេ​ (​ម៉ាឡេស៊ី​) គេ​ក៏​មិនឱ្យ​ចូល​ដែរ​»​។

លោក​បាន​បន្តថា​៖ «​គេ​មាន​កិច្ចសហការ​ជាមួយ​កម្ពុជា​ដែល​ជា​រដ្ឋ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ជាមួយ​គ្នា​ដែល​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា ខ្ញុំ​ដឹងថា​ប្រទេស​មួយ​ចំនួន​នៅក្រៅ​តំបន់​ក៏​គេ​មិន​ឱ្យចូល​ដែរ ប៉ុន្តែ​ខ្ញុំ​មិន​ចាំបាច់​បញ្ចេញ​ឈ្មោះ​នោះ​ទេ គេ​គ្រាន់តែ​លួច​ប្រាប់​យើង​ថា ចង់​ធ្វើដំណើរ​ទៅ​ប្រទេស​គេ តែ​គេ​មិនឱ្យ​ចូល​»​។

លោកស្រី មូរ សុខហួរ បាន​រត់គេច​ចេញ​ពី​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ព្រលប់​ថ្ងៃទី​ ៦ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ ​បន្ទាប់ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​នេះ​បានស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​លោកស្រី​។

ក៏ប៉ុន្តែ​លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា វិធានការ​របស់​រាជរដ្ឋាភិបាល​ចំពោះ​ថ្នាក់ដឹកនាំ​ និង​សកម្មជន​គាំទ្រ​ផែនការ​របស់​លោក សម រង្ស៊ី បាននិង​កំពុង​រីករាលដាល​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​ធ្វើឲ្យ​​វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ទទួលរង​ការ​រិះគន់ថា បាន​រំលោភសិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​។

លោក​ថា​៖ «​សមាជិក​អាស៊ាន​ត្រូវតែ​យកចិត្ត​ទុកដាក់​ផ្នែក​សិទ្ធិមនុស្ស​ផ្នែក​សេរីភាព​ក្នុង​ការបញ្ចេញមតិ ហើយ​គួរតែ​មាន​យន្តការ​ការពារ​អ្នកគាំទ្រ​លទ្ធិប្រជាធិបតេយ្យ សកម្មជន​នយោបាយ​។ ​អាស៊ាន​ត្រូវធ្វើ​យ៉ាងណា​ជួយ​ទប់ស្កាត់​ប្រទេស​នីមួយៗ​​កុំ​ឲ្យ​ធ្លាក់ចូល​ទៅក្នុង​របប​ផ្តាច់ការ​ ឬ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការរំលោភសិទ្ធិ​មនុស្ស​»​។

ទន្ទឹមនឹង​នេះដែរ​កាលពី​ម្សិលមិញ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​ (APHR) ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ម៉ាឡេស៊ី​ឲ្យ​ដោះលែង លោកស្រី មូរ សុខហួរ ភ្លាមៗ​ដោយ​គ្មាន​លក្ខខណ្ឌ​។

សេចក្តី​ថ្លែងការណ៍​នោះបាន​លើកឡើង​ថា​៖ «​លោកស្រី មូរសុខហួរ គួរតែ​ត្រូវបាន​ដោះលែង​ពី​ការឃាត់ខ្លួន​ជាបន្ទាន់​ និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​បន្តសកម្មភាព​របស់​លោកស្រី​ដោយ​សន្តិភាព​។ ការសម្រេច​ឃាត់ខ្លួន​លោកស្រី គឺជា​ការមិន​គោរព​ទាំងស្រុង​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​»​។

យ៉ាងណាក្ដី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ស្វាគមន៍​ និង​បានចាត់ទុក​ការឃាត់ខ្លួន​លោកស្រី មូរ សុខហួរ របស់​សមត្ថកិច្ច​ម៉ាឡេស៊ី​ថា ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ហើយ​ក៏​ជា​ការគោរព​គោលការណ៍​អាស៊ាន​ដែល​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​នីមួយៗ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដោយ​វិជ្ជមាន​នេះ ហើយ​យើង​នឹង​មាន​ការជួយ​គ្នា​ទៅវិញ​ទៅមក​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។

ពួកគេ​ (​អតីត​ថ្នាក់ដឹកនាំ​សង្គ្រោះជាតិ​) ​គឺជា​មនុស្ស​ចង្រៃ និង​នាំ​ចង្រៃ​ដល់​ស្រុក​ទេ​។ ​វា​គឺជា​កិច្ចសហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស (​អាស៊ាន​)» ហើយ​វា​គឺជា​ការឆ្លុះបញ្ចាំង​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​»​។

កាលពី​ថ្ងៃទី​ ៦ ​ខែ​វិច្ឆិកា ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ៥ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​ចាប់ឃុំខ្លួន​សកម្មជន​​ ២ នាក់​ដែល​ជា​ជនជាតិ​កម្ពុជា​ពេលដែល​ពួកគេ​បាន​កំពុង​ព្យាយាម​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​បាងកក​។

ដោយឡែក​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ថៃ​វិញ បើ​តាម​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា លោក​អភិបាលខេត្ត​ស្រះកែវ​របស់​ថៃ​លោក​ វ៉រ៉ាផាន់ សូវ៉ានុស​ (WORAPHAN SUWANNUS) ​បានទទួល​សំណើ​ជួយ​អនុវត្ត​ការទប់ស្កាត់​អ្នកគាំទ្រ​ការវិលត្រឡប់​របស់​លោក សម រង្ស៊ី ដែល​ប្រកាស​យក​ទឹកដី​ប្រទេស​ថៃ​ធ្វើជា​មូលដ្ឋាន ។

លោក អ៊ុំ រាត្រី បាន​បញ្ជាក់​​ថា​៖ «​កងកម្លាំង​គ្រប់​ប្រភេទ​របស់​ថៃ ជួយ​សហការ​ផ្តល់​ព័ត៌មាន​រហ័ស និង​ចូលរួម​ទប់ស្កាត់​បង្រាប​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទាំងអស់ ដែល​ប្រកាស​យក​ទឹកដី​ប្រទេស​ថៃ​ជា​មូលដ្ឋាន​។ ដោយឡែក​ខេត្ត​ស្រះកែវ ច្រក​ប៉ោយប៉ែត​ជា​មូលដ្ឋាន​ចូល​មក​កម្ពុជា​ក្នុង​គោលដៅ​ផ្តួលរលំ​រដ្ឋាភិបាល​ស្របច្បាប់​»៕