ភ្នំពេញ៖ ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​នៃ​ក្រសួង​ការ​ពារជា​តិបាន​ចាក់​វ៉ាក់សាំ​ង​ការ​ពារវីរុ​សកូវីដ ១៩ ​​​ជូន​ដល់​កម្មករ​​ដែល​​ស្នាក់​នៅ​​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ចំនួន ​៤ បាន​ប្រមាណ​ជា​​ ៥០​ ភាគ​រយ​ហើយ​ខណៈ​ដែល​ក្រសួង​ការងារ​​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​​ និង​រដ្ឋ​បាល​រាជ​ធានីភ្នំ​ពេញ​​ក៏​បាន​ចាក់​វ៉ាក់​សាំង​ដល់​កម្មករ​បាន​ប្រមាណ​ជា​ ១០ ​ម៉ឺននាក់​ផង​ដែរ​។

លោក​ ឥត​ សា​រ៉ាត់ ​អគ្គមេ​បញ្ជា​ការ​រង នាយ​សេនាធិ​ការ​ចម្រុះ​នៃ​ក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​និ​ង​ជា​ប្រធាន​ប្រតិ​បត្តិ​យុទ្ធ​នា​ការ​ជា​តិចាក់​វ៉ាក់​សាំង​កូវីដ ១៩ ​បាន​ឱ្យដឹង​កាល​ពី​ថ្ងៃទី ១៨​ ខែ​ឧសភា​ថា នៅ​ក្នុង​តំបន់​ក្រហម​ក្នុង​ខណ្ឌ​ចំនួន ​៤​ គឺ​ភាគ​ច្រើន​មាន​កម្មករ​និយោ​ជិត​ស្នាក់​នៅ​ដែល​មាន​រហូត​​ជាង​ ៤០ ​ម៉ឺន​នាក់​។

លោក​បាន​ថ្លែង​ថា៖ ​«តាម​តួលេខ​ដែល​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ គ្រាន់​តែក្នុង ​៤ ខណ្ឌ គឺ​ខណ្ឌ​កំបូល,​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ខណ្ឌ​ដង្កោ​ និង​​ខណ្ឌ​មាន​ជ័យ​ មាន​កម្មករ​ចំនួន​ ៤៥​ ម៉ឺន​នាក់ ហើយ​មក​ទល់​ពេល​នេះ​​ប្រមាណ​ ៥០ ​ភាគរយនៃ​ចំនួន​កម្មករ​ទាំង​អស់នេះ ​បាន​ចាក់​រួច​រាល់​ហើយ ​ហើយ​បូក​រួម​នឹង​​ចំនួន​កម្មករ​ប្រមាណ​ជាង​ ១០ ​ម៉ឺន​នាក់​​ បាន​ចាក់​រួច​ហើយ​មុន​ពេល​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ចាក់​វ៉ាក់សាំ​ងនេះ​។ ដូច​នេះ​នៅ​សល់​កម្មករ​ប្រមាណ​ជាង​ ១០ ​ម៉ឺន​នាក់​ទៀតប៉ុណ្ណោះ នឹង​ចាក់​អស់​ហើយ​»។

លោក ​ឥត សារ៉ាត់ បាន​បន្តថា​ លោក​នឹង​ពិនិត្យ​មើល​ជាមួយ​នឹង​លោក​អភិបា​ល​រាជ​ធានី​ភ្នំពេញ ដើម្បី​​ធ្វើ​យ៉ាង​ណា​សម្រុក​ចាក់​វ៉ាក់​សាំង​ជូន​កម្មករ​ឱ្យ​អស់​​ក្នុង​ពេល​ឆាប់ៗ​នេះ។​

លោក​ស្រី ឱ វណ្ណឌីន​​ អ្នក​នាំពា​ក្យក្រ​សួង​សុខាភិ​បាល និង​ជាប្រធានគ​ណៈកម្ម​ការចំពោះ​កិច្ចចាក់​វ៉ាក់សាំង​ការ​ពារកូវី​ដ ១៩​​ ក្របខ័​ណ្ឌ​ទូទាំងប្រ​ទេសបាន​លើក​ឡើង​ក្នុង​ពេល​ចុះពិនិ​ត្យ​ការចា​ក់វ៉ាក់​សំាង​ក្នុង​ខណ្ឌ​បឹង​កេងកង​នាថ្ងៃទី​ ១៨ ​ខែឧស​ភាថា មាន​ពលរដ្ឋ​ជាច្រើ​ន​ចង់​ចាក់វ៉ា​ក់សាំ​ង​។​ ប៉ុន្តែ​លោកស្រី​​ក៏​បាន​​អំពាវ​នាវដល់​ពលរដ្ឋ​​ទាំងអ​ស់​មិនត្រូវ​ជឿ​លើពាក្យ​ចចាមអារ៉ាម​ដែល​ថា ​ការ​ចា​ក់នេះ​ត្រូវ​ការ​ចំណាយ​ថវិកានោះ​ទេ​។

​លោ​ក​ស្រី​​បានប​ញ្ជាក់ថា​៖ «ការ​ផ្ដល់វ៉ាក់​សាំង​ចាក់ដល់​ប្រជាព​ល​រដ្ឋ​គឺផ្តល់​ជូនដោ​យ​មិន​គិតថ​វិកាហើ​យជាវ៉ា​ក់សាំ​ងដែ​ល​សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី​បានយ​កចិ​ត្តទុកដា​ក់ខ្ព​ស់ណាស់​ហើយ​គណៈ​កម្មការ​ចំពោះកិ​ច្ច​ចាក់វ៉ា​ក់សាំ​ងកូវី​ដ ១៩​ ក៏កំពុ​ងតែ​សកម្ម​ក្នុង​ការ​ត្រួត​ពិនិត្យ​យ៉ាងតឹ​ងតែ​ងជា​ទីបំ​ផុត​នៅក្នុង​ការផ្តល់​វ៉ាក់​សំាង ​គឺ​យើង​គ្រប់​គ្រង​វ៉ាក់​សាំង​​គ្រប់​ជំហាន​ទាំង​អស់​ មិ​នឱ្យ​មាន​បាតុ​ភាព​កើត​មាន​ឡើងទេ​»។​

លោក​ស្រី ​ឱ វណ្ណឌីន​ បា​ន​​បន្ថែ​មដោយបាន​ច្រានចោ​លទាំ​ងស្រុង​ចំពោះ​ការ​លើកឡើ​ង​ឬព័​ត៌មា​នណា​មួយដែល​​​ផ្ស​ព្វផ្សាយ​ថា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​នេះ ​​ត្រូវ​ចំណាយ​ថវិកា​ទើប​អាច​ចាក់​បាន​។

គិត​ត្រឹម​ថ្ងៃទី​ ១៨​ ខែ ឧសភា ​ឆ្នាំ​ ២០២១​ កម្ពុជា​បាន​ចាក់​វ៉ាក់​សាំ​ងការពា​រវីរុសកូវីដ ១៩ ​​ជូន​ដល់​ពលរដ្ឋ​នៅទូទាំ​ងប្រទេស​​ស​រុបបានចំនួន​​ ២ ១៣២ ​៧៥៤​​ នាក់ ​ឬស្មើ​នឹង​ ២១,៣៣ ភាគ​រយ។​

ដោយ​ឡែក​សម្រាប់​ការ​ផ្តល់​ស្បៀង​អាហារ​ទៅដ​ល់ព​លរដ្ឋ​នៅ​ក្នុង​តំបន់​បិទខ្ទប់​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុ​ង​រយៈ​ពេល​ជិត​ ១​ ខែ​មក​នេះ អា​ជ្ញាធរ​រាជធានី​ភ្នំពេញ​ សហ​ការ​ជាមួ​យក​ងកម្លាំង​កងទ័ព​បានដឹ​កជញ្ជូន​ស្បៀងអាហា​រទៅចែ​កជូ​នពល​រដ្ឋ​បានជាង​ ៤២ ​ម៉ឺន​គ្រួសារ​ គឺ​​ចាប់​ពីថ្ងៃ​ទី​ ១​៩ ​មេសា ​ដល់​ថ្ងៃទី​ ១៧ ខែ​ឧសភា​។

បើ​តាម​ក្រសួង​ការ​ពារ​ជាតិ​ ពាក់ព័​ន្ធ​នឹង​សកម្ម​ភាព​មនុស្ស​ធម៌​​នេះ បានប្រើ​ប្រាស់ក​ម្លាំង​ទ័​ពជើង​គោក​ចំនួន ​២០៦​ នា​ក់ និង​រថយន្ត​ ៦២ ​គ្រឿង​ ដោយ​សហ​ការ​ជាមួ​យរដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​ក្នុង​ការដឹក​ជញ្ជូន​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ពលរដ្ឋដែល​មាន​ជីវភាព​ខ្វះ​ខាត​នៅ​ក្នុង​ខណ្ឌ​ទាំង ​១​៤ ក្នុង​រាជ​ធានី​ ក្នុង​នោះមា​ន​ដូច​ជា ​អង្ករ, មី, ទឹក​ត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ​ជា​ដើម​ ដើម្បី​រំលែក​ការ​លំបាក​ដល់​ពល​រដ្ឋ ​នៅ​តំបន់​បិទ​ខ្ទប់​៕