ភ្នំពេញៈ ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​កាលពី​ម្សិលមិញ​បាន​ឆ្លើយតប​ចំពោះ​ការរិះគន់​ពី​ការតែងតាំង​ទីប្រឹក្សា​នៅ​តាម​ស្ថាប័នរដ្ឋ ដោយ​បាន​ចាត់ទុក​ថា​នេះ​មិនមែន​ជា​ការខ្ជះខ្ជាយ​ថវិកា​ជាតិ​ដូច​ការលើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ តែ​ជា​ការ​លើក​ទឹកចិត្ត និង​ជា​ការ​ជំរុញ​ប្រសិទ្ធភាព​ការងារ ខណៈ​ដែល​មន្ត្រី​ទាំងនោះ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​។

ការបញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បន្ទាប់ពី​មាន​ការ​រិះគន់​មួយ​ចំនួន​ដែល​ថា​ការតែងតាំង​ទីប្រឹក្សា​ក្រសួង​ការងារ​ចំនួន​ជាង​ ១០០ ​នាក់​ថា​ជា​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ ហើយ​ថា​ទីប្រឹក្សា​ទាំងនេះ​នឹង​មិន​អាច​បំពេញ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន​។

បើ​យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ នរោត្តម សីហមុនី​កាលពី​ថ្ងៃ​ទី​ ១១ ​ធ្នូ​ថ្មីៗ​នេះ​បាន​សម្រេច​​តែងតាំង​ទីប្រឹក្សា​ក្រសួង​ការងារ​​ចំនួន​ ១០៧​ ​នាក់​ដែល​ក្នុង​នោះ ២១ ​នាក់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ និង​ក្រៅពី​នេះ​មាន​ឋានៈ​ស្មើ​អគ្គនាយក​។

ក្នុង​ចំណោម​ទីប្រឹក្សា​ទាំង ១០៧ ​នាក់​នោះ​មាន​អ្នក​ខ្លះ​ជា​មេដឹកនាំ​សហជីព ដូចជា​លោក​​ ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា ហើយ​អ្នក​ខ្លះ​ទៀត​ជា​ថ្នាក់ដឹកនាំ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ដូចជា លោក ខេន លូ និង​លោក កាំង ម៉ូនីកា ជាដើម​ដែល​ការតែងតាំង​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

ទាក់ទង​នឹង​ការតែងតាំង​នេះ​លោក​ សុខ ឥសាន បាន​ពន្យល់​តាម​សារ​តេឡេក្រាម​របស់​លោក​កាលពី​ម្សិលមិញ​ថា​នេះ​ជា​សិទ្ធិ​របស់​គណបក្ស​កាន់​អំណាច​ដោយ​ផ្អែក​លើ​សំណូមពរ​ការងារ លក្ខណសម្បត្តិ គុណសម្បត្តិ​របស់​សាមីជន​ហើយ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​ដែរ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺជា​ការលើក​ទឹកចិត្ត​ និង​ជំរុញ​ឲ្យ​មាន​ប្រសិទ្ធភាព​ការងារ​។

លោក​បញ្ជាក់​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​ប្រើប្រាស់​ថវិការដ្ឋ​ស្រប​តាម​សំណូមពរ​ត្រូវការ​ចាំបាច់​មាន​ការ​សន្សំសំចៃ​។ ចំពោះ​មន្ត្រី​ដែល​គ្មាន​ក្របខ័ណ្ឌ​នៅ​តាម​ក្រសួង និង​ស្ថាប័នរដ្ឋ​ទើប​អាច​ទទួល​បាន​ប្រាក់​បៀវត្សរ៍​។ ចំពោះ​មន្ត្រី​ដែល​មាន​ក្របខ័ណ្ឌ​នៅក្នុង​ក្រសួង និង​ស្ថាប័នរដ្ឋ​រួច​ហើយ បើ​ទទួល​ការតែងតាំង​ជា​ទីប្រឹក្សា​ទោះមាន​ឋាន:​អ្វី​ក៏ដោយ​គឺ​មិន​ទទួល​​បាន​ប្រាក់​បៀវត្សរ៍​ត្រួត​ថែម​ទៀត​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក សុខ ឥសាន ក៏​បាន​ថ្លែង​ដែរ​ថា​អ្នក​រិះគន់​ទាំងនោះ​បាន​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​​ដោយ​គ្មាន​មូលដ្ឋាន​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​៖ «​សូម​អ្នក​ដែល​មិន​ដឹង​ខ្យល់ បើ​មិន​ដឹង​អី​នោះ​កុំ​និយាយ​ចោទ​រាជរដ្ឋាភិបាល​ថា​ខ្ជះខ្ជាយ​ថវិការដ្ឋ​ទៅ​លើ​បៀវត្សរ៍​របស់​ទីប្រឹក្សា​ដ៏​ច្រើន​នោះ?»​។

យ៉ាង​ណា​ក្ដី​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក សន ជ័យ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ការបន្ត​តែងតាំង​ទីប្រឹក្សា​នៅ​តាម​ក្រសួង និង​ស្ថាប័ន​ធ្វើឲ្យ​ចំនួន​កាន់តែ​កើនឡើង​ច្រើន ប៉ុន្តែ​មិន​អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ដោយសារ​អ្នកខ្លះ​គ្រាន់​​តែ​ចង់​បាន​ត្រឹម​តំណែង និង​ងារ​ជា​ឯកឧត្តម ឬ​លោកជំទាវ​តែ​ដល់​ធ្វើការ​ខ្វះ​ប្រសិទ្ធភាព​នាំ​ឲ្យ​ខាតបង់​ថវិកាជាតិ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ឃើញ​ហើយ​ចំនួន​បន្ត​កើនឡើង​រហូត​។ តំណែង​ទីប្រឹក្សា​នេះ​មិនមែន​តំណែង​សម្រេច​ចិត្ត វា​គ្រាន់​តែ​ជា​ការ​ផ្តល់យោបល់ ហើយ​ថា តើ​ពួកគេ​ទាំង​នោះ​ត្រូវ​បាន​គេ​យក​មក​ពិចារណារ​ដែរ​ឬ​ទេ មាន​ទីប្រឹក្សា​​ខ្លះ​យក​តែ​ងារ​ទេ ដោយ​មិន​យក​ប្រាក់​ខែ​។ តែ​បើ​អ្នក​យក​វា នាំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកា​ជាតិ​»​។

ទោះ​ជា​យ៉ាង​ណា​ក្តី​ការតែងតាំង​ទីប្រឹក្សា​ក្រសួង​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​ទាំងឡាយ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​មធ្យោបាយ​មួយ​ដែល​រាជរដ្ឋាភិបាល​ប្រើ​ដើម្បី​ជា​រង្វាន់​ និង​ជា​ការ​ផ្តល់​កិត្តិយស​ដល់​មន្ត្រី​ដែល​ធ្លាប់​មាន​គុណសម្បត្តិ​ជំនួស​ប្រាក់​និវត្ត​ដែល​មិន​សូវ​គ្រប់គ្រាន់​៕