ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលថ្លែងថា ការទាមទាររបស់សហភាពអឺរ៉ុប រឿង EBA មិនអាចហួសបន្ទាត់ក្រហម «អធិបតេយ្យភាព និងឯករាជភាព» របស់កម្ពុជាទេ ខណៈអ្នកវិភាគយល់ថា រដ្ឋាភិបាល មិនបានធ្វើទៅតាមការចង់បានរបស់សហភាពអឺរ៉ុបក្នុងការស្តារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលធ្លាក់ចុះ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោក Jean-Christophe Belliard អគ្គលេខាធិការរង នៃមន្ទីរការបរទេសសហភាពអឺរ៉ុប និងលោក George Edgar ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា ដើម្បីសំណេះសំណាល អំពីប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្រសួងការបរទេស កាលពីម្សិលមិញ។ លោក សុខុន បានប្រាប់ប្រតិភូសហភាពអឺរ៉ុបថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅប្ដូរនឹង EBA បានទេ ។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបនោះថា EBA មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់កម្មករ កម្មការិនី ប៉ុណ្ណោះទេ វាថែមទាំងជួយដល់ជីវភាពក្រុមគ្រួសាររបស់ពួកគេប្រមាណ ២ លាននាក់ទៀត។
លោក សោផាន់ ថ្លែងដោយលើកឡើងនូវពាក្យសម្ដីរបស់លោក សុខុន ដែលថ្លែងថា៖ «រដ្ឋាភិបាលនឹងព្យាយាមគ្រប់បែបយ៉ាង ដើម្បីរក្សានូវ EBA សម្រាប់កម្ពុជា។ ប៉ុន្តែទោះយ៉ាងណាមានបន្ទាត់ក្រហមមួយនោះគឺថា អធិបតេយ្យភាព និងឯករាជភាពសម្រាប់ប្រទេស គឺមិនអាចប្តូរជាមួយ EBA បានទេ»។
លោក សោផាន់ បន្តថា៖ «ភាគីទាំង ២ នឹងបន្តសន្ទនាជាមួយគ្នារកដំណោះស្រាយ ដើម្បីរក្សា EBA សម្រាប់កម្ពុជា។ ការសន្ទនានេះ គឺឈរនៅលើស្មារតីគោរពគ្នាទៅវិញទៅមក»។
យោងតាមសហភាពអឺរ៉ុប EBA ត្រូវបានផ្ដល់ឲ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍដោយចីរភាព។ ប៉ុន្តែប្រទេសដែលទទួលបាន ត្រូវគោរពគោលការណ៍សិទ្ធិមនុស្ស ដែលមានចែងក្នុងកតិកាសញ្ញាដែលពាក់ព័ន្ធ។ កាលពីខែកុម្ភៈកន្លងទៅ សហភាពអឺរ៉ុប សម្រេចចាប់ផ្ដើមដំណើរការនីតិវិធីផ្អាក EBA ពីកម្ពុជាដែលខ្លួនបានផ្ដល់ឲ្យកាលពីឆ្នាំ ២០០៣ ដោយលើកឡើងពីហេតុផលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក សោផាន់ ថ្លែងថា លោក ប្រាក់ សុខុន បានប្រាប់ប្រតិភូសហភាពអឺរ៉ុបថា កម្ពុជាបានធ្វើកិច្ចការដើម្បីឆ្លើយតប នឹងការទាមទារ ដូចជាការកែប្រែច្បាប់ដែលអនុញ្ញាតឲ្យអ្នកនយោបាយជាប់បម្រាមអាចស្នើសុំសម្បទានយោបាយ ហើយថែមទាំងបានអនុញ្ញាតឲ្យលោក កឹម សុខា ទទួលបានការនៅក្រៅឃុំប៉ុន្តែជាប់ក្រោមលក្ខខណ្ឌកំណត់របស់តុលាការ។
លោកថ្លែងថា៖ «ប្រទេសខ្លះ ទាមទារសេរីភាពរបស់លោក កឹម សុខា ។ នេះជាចំណុចដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេស កម្ពុជា។ កម្ពុជាគោរពច្បាប់ គោរពនីតិរដ្ឋ។ អ្វីដែលកម្ពុជា មិនអាចធ្វើបានគឺនៅបន្ទាត់ក្រហមនេះ»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្លែងថា ទោះបីមាន ឬគ្មាន EBA សេដ្ឋកិច្ចកម្ពុជា មិនអាចធាក់ថយក្រោយនោះទេ។ វាអាចមានសម្ពាធនៅក្នុងដំណាក់កាលខ្លីណាមួយ ហើយបើអាចគ្រប់គ្រងចំណុចប្រឈមឬចំណុចប៉ះពាល់ទាំងនោះបាន កម្ពុជានឹងមានឧត្តមភាពក្នុងការប្រកួតប្រជែងក្នុងរយៈពេលយូរអង្វែង។ លោកបន្តថា បើទោះបី EBA អាចបាត់បង់នៅដំណាក់កាលចុងក្រោយក៏ដោយ ក៏សហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា នៅតែបន្តទៅមុខទៀត។
លោកថ្លែងថា៖ «ខ្ញុំគិតថា យើងនៅមានវិធានការពិភាក្សាគ្នាជាបន្តបន្ទាប់ទៅមុខទៀត ហើយចំណុចជាច្រើនដូចកម្ពុជាបានបញ្ជាក់ជំហររួចហើយថា បើមាន EBA យើងស្វាគមន៍ ហើយបើអត់ EBA ក៏យើងនៅតែបន្តទំនាក់ទំនងជាមួយនឹង EU ហើយវាអាស្រ័យលើ EU ជាអ្នកសម្រេចថាតើអ្វីជាគោលនយោបាយរួមរបស់ EU សម្រាប់ប្រជាជនកម្ពុជាវាដូចម្ដេច ។ ប្រសិនបើ EU ចង់ឃើញអ្វីដែលជាភាពវិជ្ជមាន អំពីសុច្ឆន្ទៈនៃការចង់ឃើញការគោរពលក្ខខណ្ឌការងារ ដែលកម្ពុជាឈានមុខគេហើយ ខ្ញុំសង្ឃឹមថា EU នឹងបន្ត»។
លោកបន្តថា៖ «ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើសមភាគីរបស់យើងយល់ថា លក្ខខណ្ឌការងារឬអ្វីដែលកម្ពុជាបានធ្វើល្អជាងគេ ហើយវាមិនអាចជាចំណុចគន្លឹះសម្រាប់ EU ធ្វើការពិចារណាទេអាហ្នឹងក៏វាជាការវិនិច្ឆ័យដោយឡែករបស់ EU ។ ចំណែកកម្ពុជាក៏មានគោលនយោបាយឯករាជ្យ មានវិធានការឯករាជ្យរបស់ខ្លួនក្នុងការគ្រប់គ្រងមីក្រូសេដ្ឋកិច្ច និងគ្រប់គ្រងនូវមូលដ្ឋានសម្រាប់ជំរុញសេដ្ឋកិច្ចរបស់ខ្លួន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល លើកឡើងថា កម្ពុជា បានត្រៀមខ្លួនជាង ១ ឆ្នាំហើយ សម្រាប់ការបាត់បង់ EBA ដោយលោកថា ចំណូលរបស់កម្ពុជាកើនខ្ពស់។ ការត្រៀមខ្លួនរួមមាន ការចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោក និងធ្វើជាដៃគូពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ កាត់បន្ថយការចំណាយរបស់ពាណិជ្ជករជាដើម។
លោកថា៖ «EBA យើងត្រៀមខ្លួនបាត់បង់ ប៉ុន្តែអ្វីដែលយើងថា វាអយុត្តិធម៌ គឺការយករឿងនយោបាយមកពាក់ព័ន្ធ ដែលធ្វើឲ្យរឿងនេះដូចជា រលកស៊ូណាមិ។ នេះជាអ្វីដែលយើងមិនសប្បាយចិត្ត។ តែទំនាក់ទំនងជាមួយ EU និងសមាជិកនៃ EU នៅតែមានទំនាក់ទំនងល្អ។ យើងអត់មានទោមនស្សទេ បាត់ក៏បាត់ទៅ មិនបាត់ក៏ហីទៅ អ្វីដែលជាអាទិភាព គឺយើងពង្រឹងសេដ្ឋកិច្ចរបស់យើង»។
លោកថា៖ «បើឲ្យយើងធ្វើអ្វីប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជា រំលោភលើសាលដីកាតុលាការកំពូល យើងអត់ធ្វើ ហើយបើធ្វើទៅនាំឲ្យកម្ពុជាមានអស្ថិរភាពហើយបាត់បង់សន្តិភាពដែលមានតម្លៃខ្ពស់ យើងអត់ធ្វើ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ថា រដ្ឋាភិបាល មិនបានឆ្លើយតបច្រើនទៅលើការទាមទាររបស់ EU ទេ ដូចជា នៅលើសិទ្ធិការងារ និងបញ្ហានយោបាយ ខណៈដែលខ្លួនក៏ចង់រក្សាទុក EBA ដែរ។
លោកថា រដ្ឋាភិបាល នឹងធ្វើតាម EU ក្នុងករណីដែលខ្លួនមិនអាចទប់ស្កាត់ឬរកអ្វីមកជំនួសបានពីអត្ថប្រយោជន៍នៃការបាត់បង់ EBA។ ប៉ុន្តែរដ្ឋាភិបាលនឹងមិនធ្វើតាម EU ទេ បើគណបក្សកាន់អំណាចគិតទៅលើការបាត់បង់ប្រជាប្រិយភាពធៀបទៅនឹងបក្សប្រឆាំង។
លោកបានថ្លែងថា៖ «ការដកវាពិតជាមិនអាចជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សបានទេ ប៉ុន្តែសហភាពអឺរ៉ុបគេអត់មានវិធានការអីផ្សេង ក្រៅពីរំឭកឬស្នើឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមគេទេ ។ បើអត់ទេ ចំណាត់ការសហភាពអឺរ៉ុប គឺគេយក EBA ជាចំណាត់ការបឋម»។
ប្រសិនបើបាត់ EBA នោះ លោក សុវណ្ណារ៉ាថា បញ្ហារឿងសិទ្ធិមនុស្ស វានឹងកាន់តែតានតឹង ហើយពលរដ្ឋកម្ពុជា អាចនឹងងាកទៅរកចរន្តនយោបាយ ២ គឺមួយចង់បានប្រជាធិបតេយ្យ ហើយមួយទៀតបន្តគាំទ្ររដ្ឋាភិបាល ហើយព្រឹត្តិការណ៍ដែលមិនអាចគិតទុកមុន វានឹងកើតមាន ក្នុងអនាគតវែងឆ្ងាយទៀត។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយម្នាក់ទៀតយល់ឃើញថា រហូតមកទល់ពេលនេះ រដ្ឋាភិបាលមិនបានធ្វើទៅតាមការចង់បានរបស់ EU នោះទេ ហើយបានរក្សាជំហររបស់ខ្លួន។ លោកថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអាក្រក់ ដោយមិនជាប់ពាក់ព័ន្ធទៅនឹងប្រព័ន្ធអនុគ្រោះពន្ធនោះទេ។
លោកថា ស្ថានភាពសិទ្ធិមនុស្សនឹងប្រសើរឡើង បើរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ លោកថា EBA គ្រាន់តែជាការលើកទឹកចិត្តប៉ុណ្ណោះ។
លោក ព្រាប កុល ប្រធានប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងថា EU គោរពនីតិវិធី និងបទដ្ឋានលើគោល ការណ៍និងជំហររបស់ខ្លួន។ EU ធ្វើការវាយតម្លៃនិងផ្ដល់សារៈសំខាន់លើសសរស្ដម្ភ ៤ គឺសិទ្ធិនយោបាយ លំហចូលរួមរបស់ពលរដ្ឋ សិទ្ធិនិងលក្ខខណ្ឌការងារនិងសិទ្ធិដីធ្លី។
លោកថា៖ «ការរីកចម្រើនលើចំណុចទាំងនេះគឺវាមានភាពចាំបាច់ក្នុងការចៀសវាងការបាត់បង់ EBA»៕