ភ្នំពេញៈ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ​លោក សក់ សេដ្ឋា បាន​ឱ្យដឹងថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ព្រៃឈើ ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​នៅ​មិនទាន់​អាច​សម្រេច​បានទេ ដោយសារ​មាន​បញ្ហា​មួយចំនួន​មិនទាន់​ស្រុះស្រួល​​គ្នា ទី​ ១ ​គឺ​ការបែងចែក​អំណាច​ ​ទី​ ២ ​គឺ​រឿង​ធនធាន​មនុស្ស និង​ទី​ ៣ ​គឺ​ការបែងចែក​មុខងារ​រវាង​​ក្រសួង​ជាមួយ​ថ្នាក់ក្រោម​ជាតិ​។

ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​​ចុង​សប្ដាហ៍​មុន​លោក សក់ សេដ្ឋា បាន​ឱ្យ​ដឹង​ថា ទោះបី​ជា​មាន​ភាពសាំញ៉ាំ​បន្តិច ប៉ុន្តែ​ក្រុម​ការងារ​បាន​ស្រុះស្រួល​គ្នា​អំពី​ប្រព័ន្ធ និង​នីតិវិធី​មួយចំនួន​រួចហើយ​។ ប្រព័ន្ធ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ក្នុង​ច្បាប់​សព្វថ្ងៃ​មាន​របៀប​មជ្ឈការ​បន្តិច ហេតុនេះ​ត្រូវ​កែប្រែ​ច្បាប់​នេះ​ដើម្បី​​ធ្វើ​វិមជ្ឈការ​អំណាច​ទៅឱ្យ​ថ្នាក់​ក្រោម​ជាតិ​។

លោក​បាន​បញ្ជាក់ថា​៖ «​ច្បាប់​បច្ចុប្បន្ន​ឱ្យ​អំណាច​ហ្នឹង​ទៅ​​មន្ត្រី​រដ្ឋបាល​ជលផល មន្ត្រី​ឧទ្យានុរក្ស ឬ​ក៏​រដ្ឋបាល​ព្រៃឈើ​​ហ្នឹង​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ទោះបី​ថា​ប៉េអឹម​ចាប់​ក៏ដោយ ប៉ូលិស​ចាប់​ក៏ដោយ​ត្រូវ​ឱ្យ​សំណុំ​រឿង​ហ្នឹង​ទៅ​ខាង​ព្រៃឈើ ខាង​ជលផល​ខាង​អី ដើម្បី​នាំ​រឿង​ហ្នឹង​ទៅ​តុលាការ វា​មាន​​បញ្ហា​សាំញ៉ាំ​ត្រង់​ហ្នឹង​»​។

ទាក់ទិន​នឹង​ការធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៣ ​នេះ​សកម្មជន​ការពារ​ព្រៃឈើ លោក ហេង ស្រស់ បាន​ថ្លែងថា ការធ្វើ​វិមជ្ឈការ​អំណាច​ទៅឱ្យ​ខាង​ណាមួយ​គឺជា​នីតិវិធី​របស់​រាជរដ្ឋាភិបាល​។

ប៉ុន្តែ​លោក​ថា បើ​មើល​លើ​ការអនុវត្ត​ច្បាប់​វិញ ទោះបី​ជា​មិន​ផ្ទេរអំណាច​ទៅដល់​ថ្នាក់មូលដ្ឋាន​ក៏ដោយ ក៏​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​នៅតែ​មាន​ភាពធូររលុង​។

លោក​ថា​៖ «​ជាក់ស្តែង​យើង​​មើល​ឃើញ​ស្រាប់​ហើយ​កាលពី​មុន អំណាច​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​មួយចំនួន​គឺ​ខាង​ក្រសួង​កសិកម្ម​ហ្នឹង​មិនបាន​​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ទេ ​រុញ​ទៅ​ឱ្យ​ក្រសួង​បរិស្ថាន ពេល​ទៅ​ដល់​កណ្ដាប់ដៃ​ក្រសួង​បរិស្ថាន បែរ​ជា​នៅតែ​មាន​ការធូររលុង នៅ​តែ​មាន​ការកាប់បំផ្លាញ​ព្រៃឈើ ហើយ​នៅពេល​បាន​អំណាច​លើ​ក្រសួងបរិស្ថាន​ហើយ បែរ​ជា​ក្រសួង​...​មិន​ឱ្យ​សកម្មជន និង​សហគមន៍​ចូលរួម​ចំណែក​ការពារ​តទៅ​ទៀត​»​។

បើ​តាម​លោក ស្រស់ ប្រសិន​បើ​រាជរដ្ឋាភិបាល​ចង់​ឱ្យ​មាន​ប្រសិទ្ធភាព​លើ​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​ត្រូវតែ​បញ្ឈប់​រោងចក្រ​អារឈើ បញ្ឈប់​នូវ​សិប្បកម្ម​ឈើ បញ្ឈប់​នូវ​ការចេញ​លិខិត​ឱ្យ​ដឹកឈើ​ពី​កម្ពុជា​យក​ទៅ​លក់​នៅក្រៅ​ប្រទេស​។ «​ដរាបណា​ចំណុច​ទាំង​ ៣ ​នេះ​នៅតែ​កើតមាន​នោះ​ទោះបីជា​បង្កើត​ច្បាប់​ប៉ុន្មាន​រយច្បាប់​យក​មក​អនុវត្ត​ទៀត​ក៏​វា​មិនមាន​ប្រសិទ្ធភាព​ដែរ​...»​។

យ៉ាងណាក្ដី រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​​ក្រោម​ជាតិ​ (​គ.ជ.អ.ប) លោក ង៉ាន់ ចំរើន បាន​ថ្លែងថា ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ផ្តល់​អំណាច​ឱ្យ​អាជ្ញាធរ​ផ្សេងៗ​ចូលរួម​គឺជា​ការចាំបាច់​ត្រូវតែ​ធ្វើឱ្យ​ស្របតាម​ផ្លូវច្បាប់​។

លោក​បាន​បន្តថា ការផ្ទេរ​អំណាច​មួយ​ចំនួន​ឱ្យ​ថ្នាក់​មូលដ្ឋាន​ពាក់ព័ន្ធ​ច្បាប់​ព្រៃឈើ ជលផល និង​តំបន់​ការពារ​ធម្មជាតិ​នេះ គឺ​ដើម្បី​ធានា​បាន​ការប្រមូល​កម្លាំង​សរុប ព្រោះ​សព្វថ្ងៃ​មាន​ការខ្វះ​មន្ត្រី​ច្រើន ទាំង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ទាំង​អនុរក្ស​ព្រៃឈើ ថ្វីបើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​រើស​បន្ថែម​​ជា​បន្តបន្ទាប់​ក៏ដោយ​។

ឆ្លើយតប​នឹង​ការរិះគន់​ពី​ការអនុវត្ត​ច្បាប់​ព្រៃឈើ​នៅ​មាន​ភាព​ធូររលុង​នេះ លោក ង៉ាន់ ចំរើន បាន​ពន្យល់​ថា អំណាច​​ទាំងអស់​គប្បី​បែងចែក​កុំឱ្យ​ជាន់​គ្នា ហើយ​មាន​លទ្ធភាព​អាចជួយ​បំពេញ​កិច្ចការងារ​គ្នា​ទៅវិញ​ទៅមក​បាន​។

លោក ចំរើន បញ្ជាក់​ថា​៖ «​ត្រូវ​​បែងចែក​ឱ្យ​អំណាច​ទៅ​ខាង​​ថ្នាក់ស្រុក​ប៉ុនណា ថ្នាក់ឃុំ​ប៉ុនណា​ឱ្យ​អំណាច​ទៅ​ខេត្ត ប៉ុនណា ពាក់ព័ន្ធ​ការគ្រប់គ្រង​ព្រៃឈើ ជលផល និង​ការគ្រប់គ្រង​​ធនធាន​ធម្មជាតិ ឬ​តំបន់​ឧទ្យាន​អី​។​ល​។ និង ។​ល​។ ហូរហែ ​ដើម្បី​បង្ក​ការងាយស្រួល​ទៅ​ដល់​​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ធ្វើការ​រាយការណ៍​ពេល​ពួកគាត់​ឃើញ​បទល្មើស​»​។

កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០១៦ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​ស្តីពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការពង្រឹង​ការគ្រប់គ្រង​​ធនធាន​ធម្មជាតិ​។ ក្នុង​នោះ​​បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជាពិសេស​លើ​វិស័យ​ព្រៃឈើ ​និង​ជលផល តាមរយៈ​ជំរុញ​​ឱ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ក៏ដូចជា ការបែងចែក​ឡើងវិញ​នូវ​សមត្ថកិច្ច​ឱ្យ​បាន​ច្បាស់លាស់​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ និង​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធានា​នូវ​ការលើក​កម្ពស់ និង​និរន្តរភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​៕