
អាជីវករផ្សារដេប៉ូកំពង់ធ្វើតេស្តរកមេរោគឆ្លងកូវិដ ១៩ កាលពីថ្ងៃទីទី២២ ០៤ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានពន្យល់ថា ការនៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដក្នុងចំនួនកាន់តែច្រើន ជារៀងរាល់ថ្ងៃ គឺដោយសារតែមានការធ្វើតេស្តរហ័សនៅតំបន់ក្រហម ដែលមានការឆ្លងច្រើន។
ការពន្យល់បែបនេះ ខណៈប្រជាពលរដ្ឋមួយចំនួនមានចម្ងល់ ថាតើហេតុអ្វី បានជាចំនួននៃអ្នកឆ្លងវីរុសកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញត្រូវបានរកឃើញមានចំនួនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានបានបិទខ្ទប់តំបន់មួយចំនួន មិនឱ្យមានប្រជាពលរដ្ឋចេញ ពីលំនៅឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី ១៥ ខែមេសា ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
បន្ទាប់មកទៀត រាជរដ្ឋាភិបាលបានសម្រេចបន្តធ្វើការបិទខ្ទប់ភូមិសាស្ត្រដដែលនេះ រយៈពេល ១ សប្តាហ៍ទៀត រហូតដល់ថ្ងៃទី ០៥ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ប៉ុន្តែនៅតែបន្តមានការឆ្លងរាលដាល និងមានរកឃើញអ្នកឆ្លងជាច្រើនរយនាក់កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាងនេះទៅទៀត អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានសម្រេចកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់នេះ ហើយអ្នកដែលរកឃើញមានឆ្លងច្រើន ជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម និងលឿងទុំ។
លោក ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី ០៤ ខែឧសភានេះ ថា ការដែលក្រសួងនៅតែបន្តរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ក្នុងចំនួនច្រើនជាបន្តបន្ទាប់ដដែលនេះ ដោយសារតែ [យើង] បានធ្វើតេស្តរហ័សក្នុងទីតាំងដែលបានកំណត់ថា ជាតំបន់ក្រហមដែលជាកន្លែងមានការឆ្លងច្រើន។
លោកថា ក្នុងរយៈពេលជិត ៣ សប្តាហ៍កន្លងមកនេះ ការខិតខំប្រឹងប្រែងក្នុងការធ្វើតេស្តរកវីរុស កូវីដ១៩ ដែលធ្វើឱ្យចំនួននៃការរកឃើញអ្នកឆ្លងមានចំនួនច្រើន គឺដោយសារការប្រើម៉ាស៊ីនតេស្តរហ័សទៅលើអ្នកសង្ស័យថា មានផ្ទុកវីរុសកូវីដ១៩។
លោកមានប្រសាសន៍ថា៖ «អ្នកដែលរកឃើញមានវិជ្ជមានច្រើន គឺនៅតំបន់ក្រហម ឬតំបន់មានហានិភ័យខ្ពស់ ដែលមានការឆ្លងច្រើន ហើយយើងបានធ្វើតេស្តច្រើនទៅដល់អ្នកដែលរស់នៅទីនោះ ដែលធ្វើឱ្យយើងរកឃើញមានករណីនេះច្រើន ហើយយើងក៏បានបិទខ្ទប់នៅតាមភូមិសាស្ត្រសំខាន់ៗដែលមានការឆ្លងច្រើននោះហើយដែរ»។
លោក ហុក គឹមចេង បានពន្យល់បន្តថា៖ «អត្រានៃការតេស្តរកអ្នកឆ្លងវីរុសកូវីដ១៩ មានពី ១០ ភាគរយ ឬលើស ១០ ភាគរយទៅទៀត។ អ្វីដែលយើងបានរកឃើញអ្នកឆ្លងថ្មីនេះ គឺនៅក្នុងតំបន់ដែលមានការឆ្លងពីមុនមកហ្នឹង ! ហើយយើងនៅតែបន្ត និងជំរុញការធ្វើតេស្តស្រាវជ្រាវ រកបន្តបន្ទាប់ទៀត នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នេះ»។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះបានបញ្ជាក់ទៀតថា បើគិតចាប់ពីពេលនៃការបិទខ្ទប់រហូតមកដល់ពេលនេះ មិនទាន់មានរយៈពេលវែងប៉ុន្មាននោះដែរ ក្នុងការរុករកអ្នកមានវិជ្ជមាន វីរុសកូវីដ១៩ ក្នុងតំបន់បិទខ្ទប់ដែលជាតំបន់មានហានិភ័យខ្ពស់នេះ ហើយការរកឃើញនូវករណីនេះ ជាបន្តបន្ទាប់ទៀតនៅកន្លែងទាំងនោះ។
គួរបញ្ជាក់ផងដែរថា នៅមុនពេលប៉ុន្មានម៉ោងនៃការចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញរាប់រយនាក់បានសម្រុកទៅទិញអីវ៉ាន់ និងស្បៀងអាហារសម្រាប់ត្រៀមទុកនៅអំឡុងពេលនៃការបិទខ្ទប់នេះ។
ការសម្រុកនាំគ្នាទិញអីវ៉ាន់ និងស្បៀងអាហារនៅតាមផ្សារនេះ បន្ទាប់ពីមានសារសំឡេងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបែកធ្លាយជាសាធារណៈថា នឹងមានការបិទខ្ទប់នេះ និងមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានារួមនឹងការផ្សាយរបស់សារព័ត៌មានបរទេស និងក្នុងស្រុកមួយចំនួនផងដែរ។
ជាមួយគ្នានេះដែរ មួយថ្ងៃបន្ទាប់មកលោកនាយករដ្ឋមន្ត្រីក៏បានព្រមានចាត់វិធានការទៅដល់អ្នកដែលធ្វើឱ្យមានការបែកធ្លាយនូវសារសំឡេងនេះ។
ទាក់ទងនឹងករណីនេះ លោក ហុក គឹមចេង បានបញ្ជាក់ថា ការឆ្លងរីករាលដាលច្រើននេះមិនមានហេតុផលណាមួយពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវព័ត៌មានមិនពិតនាពេលកន្លងមកនោះទេ ប៉ុន្តែក្រសួងបានរកឃើញចង្កោមនៃការឆ្លងជាច្រើនកន្លែងមុនពេលរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានលើកឡើងថា បើបុគ្គលម្នាក់ៗមិនបានអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ ត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងរឹតតែអូសបន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពគ្រប់គ្រងបានហើយ។
លោកស្រីបានបន្ថែមថា ៖ «នៅឥណ្ឌា យើងឃើញស្រាប់ហើយៗ យើងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនោះដែរមែនទេ? បើមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឱ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី ៣ ការពារ ៣ កុំ ចាក់វ៉ាក់សាំង និងនៅផ្ទះ ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ»។
ទន្ទឹមនឹងនេះដែរ មនុស្សចំនួន ៩៣៨ នាក់ត្រូវបានក្រសួងសុខាភិបាល ប្រកាសរកឃើញមានឆ្លងវីរុសកូវីដ១៩ នៅថ្ងៃទី ០៤ ខែឧសភានេះ ខណៈដែលមានអ្នកជាសះស្បើយចំនួន ៣៦១ នាក់ និងមានអ្នកទទួលមរណភាព ដោយសារជំងឺកូវីដ១៩បន្ថែមចំនួន ០១ នាក់ទៀត៕