The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី៖ ការបង្ការ និង​ទប់ស្កាត់​អគ្គិភ័យ​​ កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន

មន្ត្រី៖ ការបង្ការ និង​ទប់ស្កាត់​អគ្គិភ័យ​​ កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន

Content image - Phnom Penh Post
សមត្ថកិច្ច​កំពុង​ខំប្រឹង​ពន្លត់​អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ពូក​នៅ​បឹងទំពុន​ពី​ចុង​ខែ​មុន​។ រូប​ហ៊ាន រង្សី

មន្ត្រី៖ ការបង្ការ និង​ទប់ស្កាត់​អគ្គិភ័យ​​ កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន

ភ្នំពេញ: វិធានការ​បង្ការ និង​ការទប់ស្កាត់​ហានិភ័យ​អគ្គិភ័យ​កំពុង​មាន​បញ្ហា​ប្រឈម​ច្រើន ខណៈ​មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​មើលឃើញ​ថា សំណង់ អគារ រោងចក្រ និង​សហគ្រាស​មួយចំនួន​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មិនបាន​គិតគូរ​ពី​បច្ចេកទេស​បង្ការ​អគ្គិភ័យ និង​មិនទាន់​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​គ្រប់គ្រង​អគ្គិភ័យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​។

ការលើកឡើង​ទាំងនេះ​គឺ​ធ្វើ​ឡើង​នៅក្នុង​កម្មវិធី​សិក្ខាសាលា​ស្ដីពី​ «​សុវត្ថិភាព​អគ្គិភ័យ​នៅ​កម្ពុជា​» ដែល​រៀបចំ​ឡើង​ដោយ​សមាគម​សហគ្រាស​បង្ការ​អគ្គិភ័យ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​លក្ខណៈ​បច្ចេកទេស​ការប្រើប្រាស់​ឧបករណ៍​សម្ភារ បង្ការ​ពន្លត់​អគ្គិភ័យ និង​បង្ហាត់បង្រៀន​អំពី​របៀប​ពន្លត់​អគ្គិភ័យ​នៅ​តាម​បណ្តា​ក្រុមហ៊ុន សណ្ឋាគារ សហគ្រាស រោងចក្រ និង​ស្ថានីយ​ប្រេង​ឥន្ធនៈ​ពី​ថ្ងៃ​ចន្ទ​។

លោក​ សេក ភូមី អគ្គស្នងការរង​នគរបាល​ជាតិ​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា បច្ចុប្បន្ន​អង្គភាព​ជំនាញ​កំពុង​ជួប​បញ្ហា​ប្រឈម​ជាច្រើន​តាមរយៈ​កង្វះ​ការយល់​ដឹង​របស់​ប្រជាពលរដ្ឋ និង​សហគមន៍​ជាទូទៅ​នៅ​មាន​កម្រិត​ទាប​ដែល​ជា​ហេតុ​ធ្វើឲ្យ​ស្មារតី​ចូលរួម​ភ្ញាក់រឭក​អនុវត្ត​តាម​វិធានការ​ច្បាប់ ឬ​ការធ្វេសប្រហែស​នៅតែ​មាន​បញ្ហា​ខ្ពស់​។

លោក​ថា​៖ «​យើង​ពុំទាន់​មាន​ច្បាប់​ស្ដីពី​សំណង់ និង​បទដ្ឋាន​បច្ចេកទេស​ស្ដីពី​ការបំពាក់​ប្រព័ន្ធ​ពន្លត់​អគ្គិភ័យ​នៅឡើយ​ដែល​ជា​ហេតុ​ធ្វើឲ្យ​យើង​ជួបប្រទះ​ហានិភ័យ​ខ្ពស់ សំណង់​គោលដៅ​ជាច្រើន​គ្មាន​ប្លង់​ប្រព័ន្ធ​បង្ការ​ពន្លត់​អគ្គិភ័យ​ដែល​មាន​ការទទួល​ស្គាល់​ពី​សមត្ថកិច្ច​នគរបាល​អគ្គិភ័យ​បញ្ហា​សាងសង់​លំនៅឋាន​មិន​រៀបរយ បញ្ហា​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ឬ​តូចចង្អៀត​ក៏បង្ក​ជា​ឧបសគ្គ​ច្រើន រាំងស្ទះ​ដល់​ប្រតិបត្តិការ​ចេញ​ពន្លត់​របស់​រថយន្ត​អគ្គិភ័យ​ឲ្យ​ទាន់​ពេលវេលា​»​។

លោក​បន្តថា​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩ ​នេះ​ដោយ​គួបផ្សំ​ជាមួយ​ការប្រែប្រួល​អាកាសធាតុ​ឡើង​កម្ដៅ និង​បណ្ដាល​ឲ្យ​កើត​មាន​អគ្គិភ័យ​រហូត​ដល់ ៣១៥ ​លើក​ (​កើន​ ៧៨ ​លើក ស្មើ​ ១៨,១៨ ​ភាគរយ​ប្រៀបធៀប​ឆមាស​ទី​ ១ ឆ្នាំ​២០១៨) បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ១០ ​នាក់​របួស​ ៤៦ ​នាក់ ឆេះ​ផ្ទះ​អស់​ ៤១៨ ​ខ្នង រោងចក្រ ១ ​កន្លែង ឃ្លាំង​ស្ដុក​សម្ភារ​ ៧ ​កន្លែង ស្ថានីយ​ស្តុក​ហ្គាស​ ១ ​កន្លែង យានដ្ឋាន​ជួសជុល​រថយន្ត​ ១ ​កន្លែង ឆេះ​តូប​លក់ដូរ​ ១២៩ ​តូប និង​ឧបករណ៍​សម្ភារ​លុយកាក់​អស់​ជាច្រើន​ទៀត​។

បើ​តាម​លោក ភូមី មូលហេតុ​សំខាន់​បង្ក​ឲ្យ​មាន​អគ្គិភ័យ​កើតឡើង​ដោយសារ​ការឆ្លង​ចរន្តអគ្គិសនី ៣៦,៨២ ​ភាគរយ ករណី​ធ្វេសប្រហែស ២៨,៩០ ​ភាគរយ និង​ដោយសារ​មូលហេតុ​ផ្សេងៗ​ទៀត​ដូចជា ជនល្មើស​បង្កហេតុ​ដុត​​បំផ្លាញ ឬ​កើតឡើង​ឯកឯង​ដោយសារ​ធម្មជាតិ​ប្រមាណ​ ៣៤,២៨ ​ភាគរយ​។

ក្នុងចំណោម​ការឆេះ​ទាំងនេះ គេ​រកឃើញ​ថា​មាន​ ១៣ ​ករណី​ បាន​បង្ក​ទៅ​ជា​គ្រោះ​មហន្តរាយ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រាលដាល​ដែល​បណ្ដាល​មកពី​ការធ្វេសប្រហែស ឬ​មិន​គោរព​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​ការបង្ការ​អគ្គិភ័យ​។

លោក ច្រឹង ដាវណ្ណារ៉ា អតីត​អនុប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់ និង​សង្គ្រោះ​ក្នុង​គ្រោះថ្នាក់​ដោយសារ​អគ្គិភ័យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវបាន​អញ្ជើញ​មក​ធ្វើ​បទបង្ហាញ​ពី​បទពិសោធ​ផ្ទាល់ខ្លួន ដោយ​លោក​បាន​ថ្លែងថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ការវិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​មានដូចជា សំណង់ ស្ថាប័នរដ្ឋ និង​ឯកជន​កើតឡើង​ជាច្រើន​មាន​អគារ​កម្ពស់​ច្រើន​ជាន់ អគារ​ក្រោម​ដី អគារ​សហកម្មសិទ្ធិ បុរី​លំនៅឋាន​បណ្ដុំ​អគារ​ពាណិជ្ជកម្ម​ធំៗ សំណង់​រោងចក្រ សហគ្រាស សិប្បកម្ម ស្ថានីយប្រេងឥន្ធនៈ ឧស្ម័ន​ចំហេះ ឃ្លាំង​ស្ដុក​ប្រេងឥន្ធនៈ សិប្បកម្ម​បញ្ចូល​ឧស្ម័ន​ចំហេះ​ជាដើម​។

លោក​បន្តថា​៖ «​ទន្ទឹម​ការរីកចម្រើន​នេះ​យើង​កំពុង​ជួប​ប្រទះ​សោកនាដកម្ម​ដែល​បណ្ដាល​មកពី​គ្រោះមហន្តរាយ​ដោយ​គ្រោះ​អគ្គិភ័យ​បាន​បំផ្លាញ​សមិទ្ធផល​ដែល​បាន​ខិតខំ​កសាង​ដោយ​លំបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​រហូត​មាន​ករណី​ខ្លះ​ធ្វើឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៀត​»​។

លោក​បន្ថែម​ថា​តាម​តួលេខ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ បញ្ហា​គ្រោះមហន្តរាយ​ដោយ​អគ្គិភ័យ​មាន​ការកើនឡើង​ជា​លំដាប់​ដែល​ជា​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគទុន ចំពោះ​ការបង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដើម្បី​ការពារ​អាយុជីវិត​មនុស្ស សត្វ ទ្រព្យសម្បត្តិ បរិស្ថាន និង​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​។

លោក វ៉ាង គិតម៉េង ប្រធាន​សមាគម​សហគ្រាស​បង្ការ​អគ្គិភ័យ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន ខេមបូឌាន ហ្វែរវិន អិនធើប្រាយ ខមភេនី លីមីធីត (CFE) បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ដែល​មាន​អាជីវកម្ម​ខ្នាតតូច ឬ​ធំ និង​មធ្យម​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រៀម​ឧបករណ៍​ការពារ​សុវត្ថិភាព​ពន្លត់​អគ្គិភ័យ​ដែល​អាចជួយ​សង្គ្រោះ​ជា​លក្ខណៈ​បឋម ឬ​បន្ទាន់​។

លោក​បន្ត​ថា ចំណែក​នៅតាម​បណ្ដា​ក្រុមហ៊ុន រោងចក្រ សហគ្រាស​អាជីវកម្ម​មួយចំនួន​ទៀត​ត្រូវ​យក​ចិត្ដ​ទុកដាក់​លើ​កិច្ចការ​នេះ ដោយ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​របៀប​ទុកដាក់​បំពង់​ពន្លត់​អគ្គិភ័យ​ឲ្យ​បាន​ត្រឹមត្រូវ​។ ពិសេស​បង្រៀន​កម្មករ ឬ​បុគ្គលិក​ពី​វិធី​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​នេះ និង​វិធី​បង្ការ​នានា​។

លោក​បញ្ជាក់ថា​៖ «​សូម​បងប្អូន​អាជីវករ​ដែល​មាន​មុខរបរ​គ្រប់​ទីកន្លែង និង​ប្រជាពលរដ្ឋ​នៅ​តាម​គេហដ្ឋាន​គួរតែ​មាន​បំពង់​សុវត្ថិភាព​ដើម្បី​ការពារ​គ្រោះ​អគ្គិភ័យ​ដែល​កើតឡើង​ជាយ​ថាហេតុ និង​អនុវត្ដ​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​ការិយាល័យ​ជំនាញ​បាន​បង្ហាត់បង្រៀន​ត្រូវ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់បំផុត​»​។

លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​បាន​ថ្លែង​ថា វិស័យ​ធានារ៉ាប់រង​មាន​ការរីកចម្រើន ដោយសារ​ម្ចាស់​អាជីវកម្ម សហគ្រាស អគារ ផ្ទះសំបែង និង​ក្រុមគ្រួសារ​កម្ពុជា​ចង់​ឲ្យ​មាន​ការការពារ​កាន់តែ​ច្រើន​ទៅ​លើ​ការបាត់បង់​ហិរញ្ញវត្ថុ​ដែល​បណ្ដាល​មកពី​ការកើតឡើង​នូវ​ហានិភ័យ​នានា​ជាយថាហេតុ​។

លោក​បន្ត​ថា​ ជាក់ស្ដែង​សំណង់​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទទួល​បាន​ការទូទាត់​សង​អតិថិជន​របស់​ខ្លួន​ចេះ​តែ​មាន​ការកើនឡើង​ជា​លំដាប់​។ សំណង​ធានារ៉ាប់រង​ក្នុង​ឆ្នាំ​ ២០១៨ ​កន្លង​ទៅ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ២៥,៨ ​លាន​ដុល្លារ​ដែល​ក្នុងនោះ​សំណង​ផ្នែក​ធានារ៉ាប់រង​ទូទៅ​មាន​ចំនួន ១៩,៨ ​លាន​ដុល្លារ​។

លោក​បញ្ជាក់​ថា​៖ «​បច្ចុប្បន្ន​មាន​ប្រតិបត្តិករ​ធានារ៉ាប់រង​ចំនួន​ ៣២ កំពុងមាន​ប្រតិបត្តិការ​នៅក្នុង​ទីផ្សារ​ធានារ៉ាប់រង​នៅ​កម្ពុជា​។ ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ ​១៣ ក្រុមហ៊ុន ធានារ៉ាប់រង​អាយុជីវិត ១១ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច ៧ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ ១ ហើយ​ក្រុមហ៊ុន​ទាំងនេះ​សុទ្ធតែ​ជា​សមាជិក​របស់​សមាគម​ធានារ៉ាប់រង​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍