ភ្នំពេញៈ លោក ឯម ច័ន្ទមករា ​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បាន​ចាត់ទុក​ការបង្កើន​​ការផ្សព្វផ្សាយ​ព័ត៌មាន ឬ​ប្រព័ន្ធ​ស្វែងរក​ការងារ​ឱ្យបាន​ទូលំទូលាយ​ដល់​ជន​មាន​ពិការភាព​គឺជា​កិច្ចការ​សំខាន់ ស្របពេល​​ដែល​ប្រទេស​ជាតិ​កំពុង​ប្រឈម​បញ្ហា​ជំងឺ​កូវីដ​១៩ និង​គ្រោះ​ទឹកជំនន់​នាពេល​បច្ចុប្បន្ន​។

ការថ្លែង​របស់លោក​បែប​នេះ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ “​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ជន​មាន​ពិការភាព​” ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃទី ១៩ ខែ​តុលា ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​ជន​មាន​ពិការភាព​។

លោក ឯម ច័ន្ទមករា បាន​លើកឡើង​ថា ការបង្កើន​ការផ្សព្វផ្សាយ​ព័ត៌មាន ឬ​ប្រព័ន្ធ​ស្វែងរក​ការងារ​ឱ្យបាន​ទូលំទូលាយ​ដល់​ជន​មាន​ពិការភាព គឺជា​កិច្ចសំខាន់ ហើយ​ការបង្កើន​ការយល់ដឹង​អំពី​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ការកំណត់​អត្រា និង​បែបបទ​ជ្រើសរើស​ជន​មានពិការភាព​ចូល​បម្រើ​ការងារ​ជាមួយ​អ្នក​ជាប់​កាតព្វកិច្ច​ត្រូវតែ​បន្តសកម្មភាព​ឱ្យ​កាន់តែ​មាន​ភាពសកម្ម​។

លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ការកសាង​បទដ្ឋាន​គតិយុត្ត​ដើម្បី​ផ្គូផ្គង​សមត្ថភាព និង​ការងារ​របស់​ជន​មាន​ពិការភាព​ដែល​អាច​ធ្វើបាន និង​ផ្តល់​ការសម្របសម្រួល​រក​ការងារ​ដល់​ជន​មាន​ពិការភាព​ដែល​មាន​លក្ខណសម្បត្តិ និង​សមត្ថភាព​បំពេញ​នូវ​មុខងារ​តួនាទី និង​ការទទួល​ខុសត្រូវ​ក្នុង​មុខតំណែង ត្រូវ​ជំរុញ​ឱ្យស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ការតម្រង់​ទិស​​ក្នុង​ការបង្កើត​មុខរបរ​សមស្រប​សម្រាប់​ជន​មាន​ពិការភាព​តាមរយៈ​ការស្រាវជ្រាវ​អំពី​តម្រូវការ​មូលដ្ឋាន និង​ការពិគ្រោះ​យោបល់ គួរ​ចាប់​ផ្តើមធ្វើ​ដោយ​មាន​ការពិភាក្សា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​ជន​មាន​ពិការភាព​។

ក្នុង​ឆ្នាំ​ ២០១៩ ជន​មាន​ពិការភាព​បាន​បម្រើ​ការងារ​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន​ទូទាំង​ប្រទេស​សរុប​មាន ៦ ៦៥២ ​នាក់​ ក្នុង​នោះ​ជន​មាន​ពិការភាព​ចំនួន ២ ៨៦០ ​នាក់ ​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​ និង​ស្ថាប័នរដ្ឋ​ចំនួន​ ៤០​។ ចំណែក​វិស័យ​ឯកជន​វិញ​មាន​ជន​មាន​ពិការភាព​ចំនួន ៣ ៧៩២ ​នាក់​ បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ​។ នេះ​បើតាម​ស្ថិតិ​ដែល​ក្រសួង​សង្គមកិច្ច​បាន​ធ្វើការ​សាកល្បង​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្តសៀមរាប​លើ​ ១០២ ​អង្គភាព​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ពិការភាព ២០១៩-២០២៣ ក្នុង​ការគិតគូរ​យ៉ាង​ល្អិតល្អន់​អំពី​ការដោះស្រាយ​ជូន​ជន​មាន​ពិការភាព ដើម្បី​បង្កើន​ការងារ និង​សន្តិសុខ​សេដ្ឋកិច្ច​ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការលើកកម្ពស់​កំណើន​ការងារ​សមស្រប និង​ការពង្រឹង​អាជីព និង​មុខរបរ​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​បាន​សមរម្យ​ជូន​ជន​មាន​ពិការភាព​។

តាម​លោក ឯម ច័ន្ទមករា ការប្រកាស​អនុវត្ត​កម្មវិធី​ផ្តល់​សាច់ប្រាក់​ជូន​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​​កូវីដ ​១៩ ជូន​គ្រួសារ​ដែលមាន​បណ្ណសមធម៌​ (​ទាំង​ក្រ-១​ និង​ក្រ ​-២) ​ប្រមាណ​ជាង​ ៥៦ ​ម៉ឺន​គ្រួសារ​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ២៥ ​លាន​ដុល្លារ ​ក្នុង​ ១ ​ខែ​ក្នុង​នោះ​មាន​ជន​មាន​ពិការភាព​ចំនួន ១០០ ៨៤៤ ​នាក់​ (​ស្ត្រី​មាន​ពិការភាព​ចំនួន​ ៥១ ៧៨២ ​នាក់​)​ បាន​ទទួល​ប្រាក់ឧបត្ថម្ភ​នេះ​។

លោក ចាន់ សារិន ​នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍​បាន​លើកឡើង​ថា ជនពិការ​នៅតែ​មាន​ឧបសគ្គ​ក្នុង​ការទទួល​បាន​ឱកាស​ការងារ ព្រោះ​វិស័យ​មួយចំនួន​នៅមាន​ការរើសអើង និង​មិន​ទទួលយក​ជន​មាន​ពិការភាព​មក​បម្រើការ​។ លោក​បន្តថា បើ​រដ្ឋាភិបាល​មាន​យន្តការ​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ជន​មាន​ពិការភាព​ទទួល​បាន​ឱកាស​ការងារ ស្រប​តាម​ផែនការ​របស់ខ្លួន​នោះ គឺជា​រឿង​ប្រសើរ​។

ជាមួយ​នេះ​ដែរ​លោក ចាន់ សារិន បាន​ជំរុញ​ដល់​ជនពិការ​គ្រប់រូប​គួរ​ពង្រឹង​សមត្ថភាព​​ និង​ជំនាញ​របស់ខ្លួន​ឱ្យបាន​ខ្លាំង និង​ត្រូវ​តស៊ូ​ក្នុង​ការងារ​​ដើម្បី​ទទួល​បាន​នូវ​ជីវិត​ការងារ​មួយ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ ខណៈ​ដែល​សង្គម​នៅមាន​ការរើសអើង​មកលើ​ជន​មាន​ពិការភាព​នៅឡើយ ហើយ​ឱកាស​ការងារ​សម្រាប់​ជនពិការ​ក៏​នៅតែ​មិន​ទូលំទូលាយ​នោះ​។

បន្ថែម​ពីនេះ​ទៀត​លោក​បាន​បញ្ជាក់ថា​៖ «​ជនពិការ​ត្រូវ​ពង្រឹង​សមត្ថភាព​ទាំង​ ២ ទាំង​ជំនាញ​ទន់ និង​ជំនាញ​រឹង ដើម្បី​ឆ្លើយតប​ទៅនឹង​ឱកាស​ការងារ និង​ឆ្លើយតប​ទៅ​នឹង​អ្វីដែល​និយោជក​ចង់បាន​។ កុំ​ឱ្យគេ​ជួល​ទៅហើយ យើង​ធ្វើការ​មិន​កើត គេ​ដៀល​ជនពិការ​ហ្នឹង វា​ប៉ះ​ទាំងអស់​គ្នា​។ ​ខ្ញុំ​អាច​និយាយ​បាន​ថា ភាគរយ​ដែល​ជនពិការ​ទទួល​បាន​ជោគជ័យ​គឺ​នៅ​ទាប​ណាស់​គឺ​ក្រោម​ ៥០ ភាគរយ​»៕