បាត់ដំបងៈ មន្ត្រី​ជំនាញ​អះអាង​ថា ករណី​ហូរ​ច្រោះ​បាក់ស្រុត​ខ្នង​ទំនប់​ប្រព័ន្ធ​ប្រឡាយ​មេ​មួយកន្លែង​នៅ​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំងកេសី ស្រុក​សង្កែ ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​ ១៧ សីហា គឺ​បណ្តាលមកពី​ការ​លួច​ជីក​ចោះ​ប្រព័ន្ធ​ប្រឡាយ​បេតុង​មេ​ដោយ​ខុសច្បាប់ ដើម្បី​បង្ហូរទឹក​ដាក់​ស្រែ​របស់​ប្រជាកសិករ​នៅ​តំបន់​នោះ​។

លោក​ ហួត ច័ន្ទតារារិទ្ធ ប្រធាន​ការិយាល័យ​រដ្ឋបាល​នៃ​មន្ទីរ​ធនធានទឹក និង ឧតុនិយម ខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៨ ​សីហា​ថា ប្រព័ន្ធ​ប្រឡាយ មេ​មួយ​ខ្សែ​នោះ​បាន​ស្ថាបនា​ឡើង​ស្រប​តាម​ស្ដង់ដា​បច្ចេកទេស ដោយ​ចាក់​បេតុង​យ៉ាងរឹងមាំ​។ ព្រោះ​វា​ជា​ប្រព័ន្ធ​ប្រឡាយ​មេ​ដែល​តភ្ជាប់​ពី​ប្រព័ន្ធ​ធារាសាស្ត្រ​នៃ​ទំនប់​កង្ហត​សម្រាប់​នាំ​ទឹក​ទៅ​ស្រោចស្រព​ដីស្រែ​ប្រជាកសិករ​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​មោងឫស្សី គាស់ក្រឡ សង្កែ និង​ស្រុក​បាណន់​។ ប៉ុន្តែ​កន្លង​មក​មាន​ប្រជាកសិករ​មួយចំនួន​បាន​លួច​ជីក​ចោះ​ទម្លុះ​ប្រព័ន្ធ​ប្រឡាយ​មេនេះ​យ៉ាង​អនាធិបតេយ្យ​ក្រោម​លេស​ថា ដើម្បី​នាំ​ទឹក​ទៅ​ស្រោចស្រព​ដី​ស្រែ​របស់​ពួកគេ​។

លោក ច័ន្ទតារារិទ្ធ បញ្ជាក់ថា​៖ «​ការជីក​ចោះ​ទម្លុះ​ប្រព័ន្ធ​ប្រឡាយ​មេ​ដោយ​ខុស​ច្បាប់​របស់​ប្រជាកសិករ​ទាំងនោះ​បាន​បង្ក​ឲ្យ​មាន​ការខូចខាត​នូវ​រចនាសម្ព័ន្ធ​នៃ​ប្រឡាយ​មេ​របស់​យើង​ដូចជា​ករណី​ហូរ​ច្រោះ​បាក់ស្រុត​ខ្នង​ទំនប់​នៃ​ប្រព័ន្ធ​ប្រឡាយ​មេ​នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​ជាដើម​»​។

លោក​បន្តថា​សកម្មភាព​លួច​ជីក​ចោះ​ទម្លុះ​ទំនប់​ប្រឡាយ​មេនេះ ធ្វើ​ឡើង​នៅពេល​យប់​ខណៈ​ក្រុម​ល្បាត​របស់​មន្ត្រី​ធនធាន​ទឹក​ឈប់​សម្រាក​ពី​ការងារ​។ ករណី​នេះ​ភាគច្រើន​កើតមាន​នៅក្នុង​ស្រុក​សង្កែ ស្រុក​គាស់ក្រឡ និង ស្រុក​មោងឫស្សី​។

យោងតាម​របាយការណ៍​របស់​មន្ទីរ​ធនធាន​ទឹក​ខេត្ត​បាត់ដំបង​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​អំពើ​ល្មើស​នៃ​ការជីក​ចោះ​ប្រព័ន្ធ​ប្រឡាយ​មេ ដើម្បី​បង្ហូរទឹក​ដាក់​ស្រែ​របស់​ប្រជាកសិករ​ទាំងនោះ​នៅ​តែ​បន្ត​កើត​មាន​យ៉ាង​អនាធិបតេយ្យ បើទោះ​ជា​មាន​ការហាមឃាត់​ពី​មន្ត្រី​ជំនាញ​ក្ដី​។ ជាក់ស្ដែង​កាលពី​ពេល​ថ្មីៗ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​មាន​ករណី​ជីក​ចោះ​ទំនប់​ប្រឡាយ​មេ​ចំនួន​ ១៣ ​កន្លែង​រួមមាន​នៅ​ឃុំ​អធិបតី​ចំនួន​ ៦ ​កន្លែង​នៅ​ឃុំ​រាំងកេសី​ចំនួន​ ៦ ​កន្លែង និង​មួយ​កន្លែង​ទៀត​នៅ​ឃុំ​កំពង់ព្រៀង​នៃ​ស្រុក​សង្កែ​។

របាយការណ៍​ដដែល​ឱ្យ​ដឹង​ថា​ការជីក​ចោះ​ទំនប់​ប្រឡាយ​មេ​យ៉ាង​អនាធិបតេយ្យ​នេះ​ភាគច្រើន​បង្កឡើង​ដោយ​ពួក​នាយទុន​មាន​ដីស្រែ​ចាប់ពី​ ២០ ​ហិកតា​ដល់​ ៨០ ​ហិកតា​។ ការជីក​ចោះ​នោះ​គឺ​មាន​ទំហំ​ចាប់ពី​ ០,២ ​ម៉ែត្រ​ដល់​ ០,៨ ​ម៉ែត្រ ហើយ​កន្លែង​បាន​ចោះ​ដល់​បាត​ប្រឡាយ​បង្ក​ឲ្យ​មាន​ទឹក​ហូរ​ច្រោះ​បាក់ស្រុត​ខ្នង​ទំនប់​។

របាយការណ៍​នោះ​បាន​បញ្ជាក់ថា​៖ «​នៅ​សងខាង​ប្រឡាយ​សុទ្ធ​តែ​មាន​ប្រឡាយ​រង​សម្រាប់​បង្វែរ​ទឹក​សម្រាប់​ឲ្យ​ប្រើ​ទៅ​តាម​បច្ចេកទេស តែ​អ្នក​ដែល​មាន​ដីស្រែ​ធំៗ​មិន​ចង់​ប្រើ​ម៉ាស៊ីន​បូម​បន្ត​ទេ​។ ពួកគេ​បាន​ចោះ​ប្រឡាយ​ដល់​បាត​បង្ហូរទឹក​ដាក់​ស្រែ​តែម្តង​។ ការជីក​ចោះ​នេះ​ទៀត​ខាង​មន្ទីរ​ជំនាញ​យើង​ក៏​បាន​ជូនដំណឹង​ដល់​ប្រជាជន​ឲ្យ​ស្នើ​មក​ខាង​មន្ទីរ​ដើម្បី​ជួយ​ធ្វើ​តាម​លក្ខណៈ​បច្ចេកទេស តែ​ពួកគេ​មិន​បាន​អនុវត្តតាម​សេចក្ដី​ណែនាំ​របស់​យើង​នោះទេ​។ បញ្ហា​នេះ​បើ​មិន​មាន​វិធានការ​ផ្លូវ​ច្បាប់​ទេ​គឺ​មិន​អាច​ទប់ស្កាត់​បាន​ឡើយ​»​។

យ៉ាងណា​ក៏ដោយ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​កន្លង​ទៅ​នេះ​ដោយ​សហគមន៍​ប្រជាកសិករ​ក្នុង​តំបន់​ដែលមាន​បញ្ហា​ប្រឈម​ខាងលើ​នេះ​បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​ខុសច្បាប់​ទាំងនេះ​។ ប៉ុន្តែ​ពួកគេ​ក៏​បាន​សុំ​ឲ្យ​មាន​ការជួយ​អន្តរាគមន៍​កសាង​នូវ​ប្រព័ន្ធ​ទំនប់​បង្ហៀរទឹក​មួយ​សម្រាប់​ពួកគេ​ដែល​មាន​ដីស្រែ​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​ប្រឡាយ​មេនេះ​។

លោក ពេញ ភឿត ប្រធាន​សហគមន៍​ទួលម្ទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថ្ងៃ​ទី​ ១៨ សីហា ថា​កន្លង​មក​សហគមន៍​របស់​លោក​ពិតជា​បាន​ជីក​ចោះ​ទំនប់​ប្រឡាយ​មេ​ដាក់លូ ដើម្បី​សម្រួល​ដល់​ការបញ្ជូន​ទឹក​ទៅ​កាន់​ប្រព័ន្ធ​ប្រឡាយ​មេ​របស់​សហគមន៍​។

លោក​ថា​៖ «​ខណៈ​នៅ​តំបន់​មួយ​ចំនួន​កំពុង​ប្រឈម​ការលង់លិច​ដោយ​គ្រោះជំនន់​ទឹកភ្លៀង ដីស្រែ​របស់​ប្រជាសហគមន៍​យើង​ប្រមាណ​ជាង​ ៨០០០ ​ហិកតា​នៅ​ទូទាំង​ឃុំ​រាំងកេសី​បាន​ប្រឈម​នឹង​គ្រោះរាំងស្ងួត​។ ដូច្នេះ​ហើយ​ទើប​សហគមន៍​យើង​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ចាំបាច់​ត្រូវ​ជីក​ចោះ​ទំនប់​ប្រឡាយ​មេ​នោះ ដើម្បី​បញ្ជូន​ទឹក​មក​ជួយ​សង្គ្រោះ​»​។

លោក​ ភឿត និយាយ​ទៀត​ថា​នៅពេល​នេះ​អាជ្ញាធរ​បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ចំពោះ​ការជីក​ចោះ​ប្រឡាយ​មេទឹក​នោះ​ដោយ​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​បើ​មាន​ករណី​ជីក​ចោះ​នោះ​ជាថ្មីទៀត​។ ជាមួយ​គ្នា​នេះ រូង​ ឬ​កន្លែង​ដែល​មាន​ការចោះ​ដាក់លូ​រួច​នោះ ក៏​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​ចុះ​ចាក់​ស៊ីម៉ងត៍​លុប​វិញ​ជា​បណ្ដើរ​បាន​មួយ​ចំនួន​ធំ​ផងដែរ​។

លោក​បន្ត​ថា​៖ «​ប្រជាកសិករ​ក្នុង​សហគមន៍​យើង​ក៏​មាន​ក្ដីបារម្ភ​ផងដែរ ប្រសិន​បើ​ប្រព័ន្ធ​លូ​ដែល​យើង​បាន​ជីក​ចោះ​សម្រាប់​នាំ​ទឹក​ពី​ប្រព័ន្ធ​ប្រឡាយ​មេ​របស់​រដ្ឋ​នោះ​ត្រូវ​បាន​ចាក់​លុប ព្រោះ​យើង​មិន​មាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាស៊ីន​បូមទឹក​ខ្នាត​ធំ ដើម្បី​បូមទឹក​ពី​ប្រព័ន្ធ​ប្រឡាយ​មេនោះ​មក​បញ្ចូល​ក្នុង​ប្រឡាយ​សហគមន៍​យើង​ទេ​»​។

ករណី​ទឹក​ហូរ​ច្រោះ​បាក់ស្រុត​ខ្នង​ទំនប់​នោះ​លោក​ ភឿត និយាយ​ថា​ប្រជាសហគមន៍​របស់​លោក​បាន​សហការ​ជាមួយ​អាជ្ញាធរ​ឃុំ ដឹក​ក្រួស ខ្សាច់ និង​ស៊ីម៉ងត៍​ព្រម​ទាំង​ដី​ទៅ​ចាក់​បំពេញ ដើម្បី​ជួសជុល​ឡើង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​អាទិត្យ​។

លោក​បាន​បន្តថា​កន្លែង​មាន​ការហូរ​ច្រោះ​បាក់ស្រុត​មួយ​ផ្នែក​នៃ​ខ្នង​ទំនប់​ប្រឡាយ​មេនោះ​មាន​ប្រវែង​ជាង​ ៣ ​ម៉ែត្រ និង​ទទឹង​ប្រមាណ​ជាង​ ១ ​ម៉ែត្រ​។ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​បាក់​ធ្លាយ​ទំនប់​ទេ​។ ជាមួយ​គ្នា​នេះ​លោក​ក៏បាន​បដិសេធ​ថា ទីតាំង​នោះ​មិន​ស្ថិត​នៅ​ចំណុច​ដែល​សហគមន៍​របស់​លោក​បាន​ជីក​ចោះ​ដាក់​ប្រព័ន្ធ​លូ​នោះ​ទេ​។

យ៉ាងណា​ក៏ដោយ​លោក ច័ន្ធតារារិទ្ធ បាន​និយាយ​ថា តាម​លក្ខណៈ​បច្ចេកទេស​ប្រឡាយ​បេតុង​មេនោះ​មិន​អាច​ទឹក​ហូរ​ច្រោះ​បណ្ដាល​ឲ្យ​បាក់ស្រុត​ដោយ​ខ្លួនឯង​ងាយៗ​ទេ ប្រសិន​បើ​ចំណុច​នោះ​គ្មាន​ការ​លួច​ជីក​ចោះ​ទម្លុះ​ទេ​នោះ​។ ប៉ុន្តែ​លោក​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​សហគមន៍​ក្នុង​ការការពារ និង​ជួសជុល​ទំនប់​ប្រឡាយ​មេ​នេះ​៕