ភ្នំពេញៈ មន្ត្រីក្រសួង​បរិស្ថាន​បាន​ឲ្យដឹងកាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ពី​ហាង​ទំនើប​ធំៗ (Supe​rstore​)​ ប្រហែល​​ ៣០​ ភាគរយ អាច​ត្រូវ​បាន​កាត់​បន្ថយ ស្រប​ពេល​ដែល​អនុ​ក្រឹត្យទា​ក់ទង​នឹង​ការ​ការពារ​បរិស្ថាន​កំ​ពុង​ត្រូវ​បានដំ​ណើ​រកា​ររៀប​ចំ ​ខណៈ​ស្ថា​ប័ន​ខ្លះ​ឈប់​ប្រើ​ថង់​ប្លា​ស្ទិក។

លោក អ៊ាង សុផល្លែត រដ្ឋ​លេខាធិ​ការ​ក្រសួង​បរិស្ថាន​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពលរដ្ឋ​កម្ពុជា​មាន​ការ​យល់​ដឹង​កាន់តែ​ច្រើន​ពី​ផល​ប៉ះពាល់​ដោយការប្រើថង់​ប្លាស្ទិក​។ លោកថា នេះ​ក៏​ដោ​យ​សារ​មាន​ការ​ចូលរួម​ពី​ដៃគូ​អភិវឌ្ឍ​ន៍និង​អង្គ​ការ​ដៃគូ​ផងដែរ។ ស្ថា​ប័ន​មួយ​ចំនួន​ឈប់​​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ដូចជា ​កែ​វជ័រ​ជា​ដើម​ បែរ​មក​ជា​ប្រើ​ជំនួស​វិញ​នូវបំពង់​ដែល​អាច​ប្រើ​ហើយ​លាង​បាន​វិញ​។

លោក ​អ៊ាង សុផ​ល្លែត បញ្ជាក់​ថា៖ «ប្រជា​ជន​យើង​គាត់​ឈប់​ប្រើ​ថង់​ប្លាស្ទិក​ហើយ ​ភាគ​ច្រើន​គាត់​យក​ថង់​ពី​ផ្ទះ​ទៅ​ ហើយ​ទៅ​គាត់​ដាក់​ទំនិញ​គាត់​ហើយ​គាត់​យក​មក​វិញ​ ចុះ​ឡើងៗ​»។

លោក នេត្រ ​ភក្រ្តា រដ្ឋ​លេខាធិកា​រ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពីថ្ងៃអាទិត្យ​ថា ​អនុក្រឹត្យ​ថ្មី​ស្តីពី​បំពង់​បឺត និង​ប្រអប់​ស្នោ​កំពុង​ត្រូវបាន​​ដំណើរ​ការ​រៀបចំ​ដើម្បី​ចូលរួម​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ ឬ​កាត់​បន្ថយ​ការ​ប្រើប្រា​ស់​ថង់​ ប្លាស្ទិក​និង​ការ​ប្រើប្រាស់​សារធាតុ​ដែល​ផលិត​ពី​ប្លាស្ទិក​ដែល​ប៉ះ​ពាល់​ដល់​បរិស្ថាន។ ប៉ុន្តែ​លោក​ថា ​មិន​ទាន់​អាច​អត្ថា​ធិប្បាយ​បន្ថែម​​ជុំវិញ​អនុក្រឹត្យ​ថ្មី​នេះ​ទេ។

កាល​ពី​ថ្ងៃ​ទី ​១​ ខែ សីហា​ លោក អ៊ាង ​សុផល្លែត បាន​ដឹកនាំកិ​ច្ច ប្រជុំក្រុមការងារ​គ្រប់គ្រងសំណល់​ប្លាស្ទិកដោយ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ ​UNDP និង World Bank ដើម្បី​រក​មធ្យោ​បាយ​ជំរុញ​ការអនុវត្ត 4R (កាត់​បន្ថយ​ ​ប្រើប្រាស់​ឡើង​វិញ ​កែ​ច្នៃ​ឡើង​វិញ និង​ប្រើ​ជំនួស) និង​កា​រអប់រំដើម្បី​ឱ្យ​មានការ​យល់​ដឹង​ពី​ផល​វិបាក​ និង​​ផល​ប៉ះពាល់​ពី​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​។

លោក អ៊ាង សុ​ផល្លែត​ បញ្ជាក់​ថា៖ «គឺ​យើង​រៀប​ចំ​ទិវា​ថ្ងៃអុំទូក​ហ្នឹង ដើម្បី​យើង​រៀប​ចំ​ជា​ Concert (ការ​ប្រគំ​តន្ត្រី) ជា​ស្ប៉ត​ដើម្បី​យើង​​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលា​យ»។​

បើ​តាម​លោក អ៊ាង​ សុ​ផល្លែត កិ​ច្ចប្រជុំ​នេះ​ ក៏​បាន​ពិភាក្សា​ពីការ​ស្វែង​រក​អ្វី​មក​ជំនួសវិ​ញ​ផង​ដែរ នៅ​ពេល​​បិទ​ការប្រើ​ប្រាស់​អ្វី​មួយ​ដើម្បី​អាច​មាន​អ្វី​ផ្សេង​ទៀត​យក​មក​ប្រើ​ប្រាស់​ជំនួស​។

កាលពី​ថ្ងៃ​ទី ​២ សីហា UNDP បាន​ប្រកាស​ក្នុង​ Facebook ថា សំរាម​ប្លាស្ទិក​បាន​ និង​កំពុង​បំពុល​បរិស្ថាន​សម្លាប់​សត្វ​ព្រៃ សត្វ​សមុទ្រ​ និង​បង្កឲ្យ មា​ន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ទៀ​តផង។ តាម​រយៈ​ជំនួយ​ថវិកា​របស់​ស្ថាន​ទូ​តស៊ុ​យ​អែត UNDP កំពុង​គំាទ្រ​ក្រ​សួ​ងប​រិស្ថាន​ក្នុង​យុ​ទ្ធ​នា​កា​រ​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ប្លា​ស្ទិ​ក។​

រា​ជធា​នីភ្នំពេញ​ ក្រុង​សៀម​រាប និងក្រុ​ងព្រះ​សីហនុ គឺ​ជាទី​ក្រុង​ធំៗ​ទាំង ៣ ​របស់​កម្ពុជាដែល​មាន​សំណល់​ប្លា​ស្ទិក​ច្រើន​ជាង​គេ។​ នេះ​បើ​តាម​ការ​ប្រ​កាស​តាម​ហ្វេស​ប៊ុក​របស់ UNDP កាល​ពី​ថ្ងៃទី ៣០ ខែ ​កក្កដា។ លោក ​ហេង ​យ៉ុនគូរ៉ា នា​យក​ប្រតិបត្តិ​អង្គ​ការ​កែច្នៃ​និង​អនា​ម័យ​សហគ​មន៍ (CSARO) បាន​ប្រាប់ភ្នំ​ពេញប៉ុស្តិ៍​កាលពី​ថ្ងៃអា​ទិត្យ​ថា ​អង្គការ​​លោក​គាំទ្រ​​អនុក្រឹត្យ​នេះ​ ព្រោះវា​ដល់​ដំណាក់​កាល​ហួស​និយាយ​ហើយ​ដែល​កម្ពុជា​ប្រើ​បំពង់​បឺត​ និង​ស្នោ​ច្រើន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សុខ​ភាព​ខ្លាំង។អង្គកា​រលោក​កំពុង​ផ្សព្វ​ផ្សាយ​ពី​បញ្ហា​នេះ​ឱ្យ​ព​លរដ្ឋ​បានយល់​ដឹង​ពី​ផល​ប៉ះ​ពាល់​នេះ​។

លោក​ យ៉ុន​គូរ៉ា​ បញ្ជាក់​ថា៖​ «ប្រសិន​បើរដ្ឋាភិ​បាល​យើង​មាន​បំណង​បង្កើត​អនុ​ក្រឹត្យ​ហ្នឹង​ យើង​មិន​ចង់​ថា បង្កើត​ហើយ​វា​មាន​តែ​ក្នុង​ការិ​យា​ល័យនោះទេ។ បង្កើត​ហើយ​ត្រូវមាន​ការ​ផ្សព្វផ្សាយ ឱ្យ​​ទូលំ​ទូលាយ​ដល់​សហ​គមន៍​ដល់​តំបន់​ដាច់​ស្រ​យាល»​។

លោ​ក​ ហេង​ យ៉ុន​គូរ៉ា បន្ត​ថា អង្គ​ការលោក​ស្រាវ​ជ្រាវ​ឃើ​ញថា​ មាន​ទឹក​ប្រាក់​ប្រមាណ ១០០ លាន​ដុល្លារ​ ដែល​កម្ពុជា​ទិញ​ប្លា​ស្ទិក​​ចូល​ក្នុង ១ ឆ្នាំៗ។​ បំពង់​បឺត និង​ស្នោ​គឺ​ជា​បញ្ហា​ប្រ​ឈម​ខ្លាំង​សម្រាប់​មុខ​មាត់​ប្រ​ទេស ​កម្ពុជា​។

លោក​បាន​បញ្ជាក់​ថា៖ ​«បំពង់​បឺតហ្នឹ​ង​យើង​ឃើញហើយ ​ពេល​ប្រើ​ហើយ វា​ទៅ​ជា​ស្ទះ​លូ ​ហើយ​ស្នោ​វា​អណ្តែត​តាម​វាល​ស្រែ។ វា​ធ្វើ​បំពុល​ដី ​បំពុល​អ៊ីចឹង​ទៅ ។ ​ប្រសិន​បើទប់​ស្កាត់​បាន​លឿន​កាល​ណា​ វាល្អ​សម្រាប់​ប្រទេស​យើង ហើយ​ជន​ជាតិ​ខ្មែរ​យើង​ក៏មាន​សុខភាព​​ល្អ​លឿន​ដែរ»៕