ភ្នំពេញៈ លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​បានឱ្យ​ដឹងថា ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​​ពី​អាន់ណាឡូក​ទៅ​ឌីជីថល​នឹង​ផ្តល់​ភាពសម្បូរ​បែប​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ពលរដ្ឋ​ទូទៅ ប៉ុន្តែ​ក៏​មាន​ផលប៉ះពាល់​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ​ផងដែរ​។

លោក ផុស សុវណ្ណ បាន​ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ ២២ ​មីនា​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​ហៅថា ទម្រង់​អាន់ណាឡូក ហើយ​ម៉ាស៊ីន​ផ្សាយ​ដែល​ប្រើប្រាស់​ជា​ទម្រង់​នេះ​ពិបាក​ក្នុង​ការពន្យល់​ឱ្យបាន​ច្បាស់​ព្រោះ​ជា​លក្ខណៈ​បច្ចេកទេស​។

ប៉ុន្តែ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​នេះ​ទៅជា​ប្រព័ន្ធ​ឌីជីថល​នឹង​ផ្ដល់​ព័ត៌មាន​កាន់តែ​សម្បូរបែប​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង លឿន​រហ័ស ទាំង​រូបភាព និង​សំឡេង​ច្បាស់ ប្រកប​ដោយ​គុណភាព​។

លោក​បាន​បន្តថា​៖ «​ការផ្សាយ​ទូរទស្សន៍​នៅ​ជា​ទម្រង់​អាន់ណាឡូក មាន​ន័យថា ១ ​ប៉ុស្តិ៍​អាច​ផ្សាយ​បានតែ​ ១ ​កម្មវិធី​ទេ ឧទាហរណ៍​ថា ទទក ប៉ុស្តិ៍​លេខ​ ៧ ​អ៊ីចឹង មើល​បាន​តែ ​ទទក​១ ក្នុង​ទំហំ​ ១ ​ទេ ប៉ុន្តែ​ពេល​ប្តូរ​ទៅជា​ឌីជីថល ប៉ុស្តិ៍​លេខ​ ៧ ​មួយ​ហ្នឹង យើង​អាច​ផ្សាយបាន​ ៤ ​ទៅ​ ៥ ​កម្មវិធី​ទៅតាម​ទំហំ​ដែល​​យើង​ចង់បាន​។ ​ឧបមា​ថា​យើង​ចង់​ផ្សាយ​ឱ្យ​វា​ច្បាស់​ភ្លឺ​ថ្លា​អ៊ីចឹងទៅ​យើង​យក​កម្រិត​ណា តែបើ​យើង​ចង់​ផ្សាយ​គ្រាន់តែ​ឱ្យមើល​ឃើញ​ធម្មតាៗ យើង​អាច​កម្រិតណា​មួយទៀត​អ៊ីចឹងទៅ​»​។

យ៉ាងណាក្ដី​លោក ផុសសុវណ្ណ បញ្ជាក់ថា ការផ្លាស់ប្តូរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​បែប​អាន់ណាឡូក​ទៅ​ឌីជីថល​មាន​ផលប៉ះពាល់​មួយចំនួន​ដែល​ត្រូវ​សិក្សា និង​ដោះស្រាយ ទី​១ គឺ​បញ្ហា​ការប្រើប្រាស់​ទូរទស្សន៍​របស់​ប្រជាពលរដ្ឋ​ទូទៅ ទី​២ ការសាងសង់​ស្ថានីយ និង​ទី​ ៣ ​គឺ​បញ្ហា​ហ្វ្រេកង់​នៅតាម​តំបន់​ព្រំដែន​។

លោក សុវណ្ណ បាន​លើកឡើង​ថា ចំពោះ​បញ្ហា​ទី​ ១ ការប៉ះពាល់​ដល់​ការប្រើប្រាស់​ទូរទស្សន៍​របស់​ពលរដ្ឋ​ទូទៅ​នៅពេល​ប្តូរ​ទៅជា​ប្រព័ន្ធ​ឌីជីថល ដោយសារ​តែ​ទូរទស្សន៍​ដែល​ពលរដ្ឋ​ប្រើប្រាស់​សព្វថ្ងៃ​មាន​ប្រព័ន្ធ​ទទួល​ដើរ​ដោយ​ប្រព័ន្ធ​អាន់ណាឡូក ហេតុនេះ​មន្ត្រី​ជំនាញ​ចាំបាច់​ត្រូវ​រក​វិធី​សម្រួល​ដល់​ការប្រើប្រាស់​ឱ្យបាន​គ្រប់​ប្រភេទ​ទូរទស្សន៍​។

លោក​បាន​ថ្លែងថា​៖ «​នៅពេល​ប្តូរ​ទៅ​ផ្សាយ​ជា​ប្រព័ន្ធ​ឌីជីថល យើង​កំពុង​គិតថា ត្រូវ​ឱ្យ​គាត់​បោះ​ទូរទស្សន៍​ចាស់​ហ្នឹង​ចោល ហើយ​ទិញ​ថ្មី​ដាក់ចូល​ ឬ​​ក៏​យើង​ដោះស្រាយ​ថា អាទូរទស្សន៍​ចាស់​ហ្នឹង​ត្រូវ​ថែម​ឧបករណ៍​អី​ដើម្បីឱ្យ​គាត់​អាច​មើល​បាន​»​។

បញ្ហា​មួយទៀត​គឺ​ការសាងសង់​ស្ថានីយទូរទស្សន៍ ដែល​បញ្ហា​នេះ​ត្រូវ​ពិនិត្យ​ទៅលើ​ការប្រើប្រាស់​ហ្វ្រេកង់​តាម​ស្តង់ដា​សមស្រប​តាម​ស្ថានភាព​ប្រទេស​​កម្ពុជា​។ ​«​ការបង្កើត​ស្ថានីយ​ហ្នឹង​ចង់​និយាយថា ការប្រើប្រាស់​ហ្វ្រេកង់ អាយធីយូ គេ​កំណត់​មក​មាន​ច្រើន​ម៉ូដែល យើង​ត្រូវ​សិក្សា​មើល​ការប៉ះពាល់​​ខ្លាំង ឬ​ខ្សោយ​យ៉ាងណា ទៅ​តាម​ស្ថានភាព​ប្រទេស​យើង​។

ចំណុច​ចុងក្រោយ ដែល​ត្រូវ​គិតគូរ​នៅពេល​ប្តូរ​ទៅជា​ឌីជីថល​គឺ​ត្រូវ​សិក្សា​ឡើងវិញ​ពី​បញ្ហា​ហ្វ្រេកង់​ដែល​កម្ពុជា​ធ្លាប់​ប្រើប្រាស់​នៅតាម​បណ្តា​ព្រំដែន​ក្នុងពេល​កន្លងមក​ជាមួយ​បណ្តា​ប្រទេសជិតខាង​។

លោក​ថា​៖ «​នៅ​តំបន់​កណ្តាល​មិន​អី​ទេ​ប៉ុន្តែ​អ្នក​នៅ​ខាងៗ​ដូចជា កោះកុង ប៉ៃលិន បន្ទាយមានជ័យ ឬ​បាវិត ស្វាយរៀង តើ​យើង​ប្រើម៉េច​? ​ព្រោះ​បើ​ប្រើ​មិន​ស្រួល​​ វា​ប៉ះពាល់​ជាមួយ​គេ គេ​ក៏​មើល​មិនឃើញ យើង​ក៏​មើល​មិនឃើញ ដំឡើង​ស្ថានីយ​អស់​លុយ​ទទេ អីចឹង​យើង​ត្រូវ​ចរចា​គ្នា​ពី​ការប្រើប្រាស់ ហ្វ្រេកង់​កុំឱ្យ​ជាន់គ្នា​»​។

លោក​ ផុស សុវណ្ណ ឱ្យដឹង​ដែរ​ថា តាម​គម្រោង ក្រសួង​គ្រោង​ធ្វើឱ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ដោយ​គិត​ចាប់ពី​ឆ្នាំ​ ២០២០ ប៉ុន្តែ​រហូត​មក​ទល់​​ពេលនេះ មិនទាន់​មាន​សកម្មភាព​ណាមួយ​ត្រូវបាន​អនុវត្ត​នោះទេ ពោល​គឺ​កំពុងស្ថិត​ក្នុង​គម្រោង​នៅឡើយ ដោយសារ​បញ្ហា​កូវីដ​១៩​។

លោក​ថា​៖ «​គម្រោង​ផ្លាស់ប្តូរ​ប្រព័ន្ធ​ទូរទស្សន៍​ពី​អាន់ណាឡូក​ទៅជា​ប្រព័ន្ធ​ឌីជីថល​នេះ​យើង​គ្រោង​ធ្វើឱ្យ​រួចរាល់​នៅ​​ឆ្នាំ​ ២០២៣ ​ខាងមុខនេះ​។ ​តាម​គម្រោង​ត្រូវ​ចំណាយ​ថវិកា​ជិត​ ៣០០ ​លាន​ដុល្លារ ប៉ុន្តែ​ដំណាក់កាល​ដំបូង​យើង​គ្រោង​គិតតែ​ថ្នាល​មួយ​សិន​ទេ​ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត​ ១០០ ​លាន​ដុល្លារ នៅ​គោលដៅ​ ២៨ ​ទីតាំង​ទូទាំង​រាជធានី-ខេត្ត​» ។

ក៏ប៉ុន្តែ​ការផ្លាស់ប្តូរ​នេះ មិនមែន​មាន​ន័យថា ទូរទស្សន៍​អាន់ណាឡូក​ទាំងអស់ ត្រូវ​បិទ​​ភ្លាមៗ​នោះទេ គឺ​បន្ត​ដំណើរការ​ទន្ទឹម​ជាមួយ​ទូរទស្សន៍​ឌីជីថល​ទៅតាម​កម្រិត​ណាមួយ​ផ្សេងទៀត​។ ​នេះ​បើតាម​ការផ្សាយ​របស់​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២២ ​មីនា​៕