ព្រះវិហារៈ ​មន្ត្រី​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​អះអាង​ថា ករណី​ជនល្មើស​លួច​ចូលទៅ​កាប់​ឈើ​ដែលមាន​ទំហំ​ធំៗ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោសែន​ឫស្សី​ត្រឹប​ស្ថិត​នៅក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​នៅតែ​កើត​មាន​ជា​បន្តបន្ទាប់ បើទោះបី​មាន​ការអប់រំ​​ផ្សព្វផ្សាយ និង​ណែនាំ​អំពី​សារៈសំខាន់​នៃ​ព្រៃឈើ​យ៉ាងណា​​ក៏ដោយ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា សកម្មភាព​នៃ​ការលួចចូល​ទៅ​កាប់​ឈើ​នៅក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឫស្សីត្រឹប​ពី​សំណាក់​ពលរដ្ឋ​ទាំង​ ៣១ ​គ្រួសារ​ដែល​រស់នៅក្នុង​ឧទ្យាន​នេះ ហាក់​មាន​ការថមថយ បន្ទាប់ពី​មាន​ការចាប់​គោយន្ត​របស់​ពួកគេ ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ​មាន​អ្នក​ចំណូល​ថ្មី​ចូលទៅ​លួច​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ម្តង​។

លោក សុខ ទូច ថ្លែងថា ជាក់ស្តែង​កាលពី​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំនេះ លោក​ចាប់បាន​គោយន្ត​ចំនួន​ ១ ​គ្រឿង​ និង​រត់​រួច​ ១ ​គ្រឿង​ ដែល​គោយន្ត​ទាំងនេះ​បាន​ដឹកឈើ​មាន​ទំហំ​មុខកាត់​ចាប់ពី​ ៦០ ​ទៅ​ ៨០ ​សង់ទីម៉ែត្រ​ មាន​ទំហំ​ ២ ​ឱប​ទៅ​ ៣ ​ឱប និង​កាប់បំផ្លាញ​ដើមឈើ​អស់​ជាច្រើន​ដើម​។

លោក សុខ ទូច បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​បន្ត​ការបំផ្លាញ​យ៉ាង​ដូច្នេះ តើ​យើង​នឹង​អភិរក្ស​យ៉ាងដូចម្ដេច​? ដូច្នេះ​ហើយ​​យើង​នឹង​ចាប់យក​ដោយ​ពុំ​ផ្ដល់​សម្ភារ និង​គោយន្ត​ដែល​ជា​មធ្យោបាយ​ក្នុង​ការកាប់បំផ្លាញ​ព្រៃឈើ​ទាំងនេះ​វិញ​ឡើយ​។

អាលើក​ក្រោយនេះ​អត់ឱ្យ​វិញ​ទេ​ព្រោះ​វាត​ដៃ​។ ​ម្សិលមិញ​ [​ថ្ងៃទី​ ២៨ មីនា​] ​បាញ់ អស់​ច្រើន​គ្រាប់​ណាស់ បើ​មាន​អ្នក​ថត​វិញ ដូច​ហូលីវូដ​អ៊ីចឹង​»​។

ទោះជា​យ៉ាងណា​លោក សុខ ទូច ថ្លែងថា លោក​មិនមាន​វិធានការ​ ឬ​ស្វែងរក​ជន​ដែល​បាន​រត់រួច​នោះទេ ប៉ុន្តែ​ជា​វិធានការ​បន្ទាប់ លោក​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​បន្ថែម​មន្ត្រី​ឧទ្យានុរក្ស​យ៉ាង​ហោចណាស់​ឱ្យបាន​ ៦ ​នាក់​ទើប​អាច​គ្រប់គ្រង​បទល្មើស​លួច​ចូលទៅ​កាប់​ដើមឈើ​ក្នុង​ឧទ្យាន​នេះ​បាន ខណៈ​បច្ចុប្បន្ននេះ​មានតែ​ ២ ​នាក់​ប៉ុណ្ណោះ​។

បើតាម​លោក សុខ ទូច រហូត​មក​ទល់​ពេលនេះ លោក​ និង​មន្ត្រី​ឧទ្យានុរក្ស​នៃ​ឧទ្យាន​រាជបណ្ឌិត្យ​កម្ពុជា​បាន​ចាប់​ទុក​នូវ​រថយន្ត និង​រថយន្ត​មាន​ស្លាក​លេខ ខ.ម និង​គោយន្ត​សរុប​ចំនួន​ ៧ ​គ្រឿង ហើយ​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ជនល្មើស​យក​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​ធ្វើ​អាជីវកម្ម ។

លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ថ្លែង​ថា ជាធម្មតា​នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តព្រះវិហារ​តែង​ធ្វើ​សកម្មភាព​ចូល​កាប់​ទន្ទ្រាន​រាន​យក​ដីព្រៃ និង​កាប់​ឈើ​ធ្វើ​អាជីវកម្ម ប៉ុន្តែ​កម្លាំង​របស់​តំបន់​ការពារ និង​អភិរក្ស​​នីមួយៗ​មាន​ការទប់ស្កាត់ និង​បង្ក្រាប​ជា​បន្តបន្ទាប់​។

លោក​បាន​បន្តថា ដោយឡែក​សម្រាប់​នៅ​តំបន់​ឧទ្យាន​ជាតិ-រាជបណ្ឌិត្យ​សភា​កម្ពុជា តេជោសែន ឬស្សីត្រឹប បើទោះបី​មិន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន​ក៏មាន​ប្រជាជន​មួយ​ក្តាប់​តូច​ ឬ​ជន​ខិលខូច​មួយចំនួន​នៅ​តែ​ចូលទៅ​កាប់​ឈើ និង​បរបាញ់​សត្វ​ធ្វើ​អាជីវកម្ម​ដែរ ។

បើតាម​លោក មាស ញឹម ពលរដ្ឋ​មួយ​ក្តាប់​តូច​នោះ មិន​គាំទ្រ​ដល់​ការបង្កើត​ជា​តំបន់​ឧទ្យាន​នេះ​ទេ ព្រោះ​វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​តាមរយៈ​ការចូលទៅ​កាប់​ឈើ និង​​បរបាញ់​សត្វ​ធ្វើ​អាជីវកម្ម​។

លោក មាស ញឹម បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​និយាយ​ជារួម​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅក្នុង​ខេត្តព្រះវិហារ​មាន​ទាំង​ភ្លើង​ឆេះព្រៃ សកម្មភាព​នៃ​ការលួច​កាប់​ឈើ​ធ្វើ​អាជីកម្ម និង​ការទន្ទ្រាន​យក​ដីព្រៃ នៅតែ​បន្ត​កើតមាន​​ជា​បន្តបន្ទាប់ ព្រោះ​ជា​រដូវ​គ្មាន​ភ្លៀង ដែល​អាច​ឱ្យ​គោយន្ត បរ​ចូល​ទៅ​ក្នុងព្រៃ​បាន និង​បររទេះ​ចូល​ទៅក្នុង​ព្រៃ​ជ្រៅ​បាន វា​ងាយ​នឹង​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម​។

យើង​ក៏បាន​បញ្ជូន​មន្ត្រី​ឧទ្យានុរក្ស​ទៅ​ការពារ និង​ទប់ស្កាត់​ករណី​​នេះ​ផងដែរ​»៕

វីដេអូ៖