ភ្នំពេញ៖ មន្រ្តីដែលបានចេញសេចក្តីហាមឃាត់មិនឲ្យមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រលប់មកប្រទសកម្ពុជាវិញ បាននិយាយការពារការសម្រេចចិត្តរបស់លោក ក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយ៍វិទ្យុមួយកាលពីថ្ងៃអង្គា ដោយបានពន្យល់ថា សេចក្តីណែនាំនេះត្រូវបានចេញដើម្បីចៀសវាងការខូចខាតទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អាកាសយានដ្ឋាន ក្នុងករណីដែលមានបាតុកម្មកើតឡើង។
ការហាមឃាត់លើការវិលត្រលប់របស់លោក សម រង្ស៊ី និងមិនអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោក សម រង្ស៊ី មកប្រទេសកម្ពុជា ត្រូវបានចេញដោយទីស្តីការគណៈរដ្ឋមន្រ្តីនៅដើមខែនេះ ពោលគឺជិត ១ ឆ្នាំ បន្ទាប់ពីមេដឹកនាំគណបក្សសង្គ្រោះជាតិ បានភៀសខ្លួនទៅទីក្រុងប៉ារីសម្តងទៀត ដើម្បីគេចពីការចាប់ខ្លួន។
សេចក្តីហាមឃាត់ ដែលស្មើនឹងការនិរទេសកំណត់ដោយរដ្ឋនេះ បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកសង្កេតការណ៍។
លោក តឹក រ៉េតសម្រេច រដ្ឋលេខាធិការប្រចាំនៅទីស្តីការគណរដ្ឋមន្រ្តីដែលបានចេញសេចក្តីហាមឃាត់នេះ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងស្ថានីយ៍វិទ្យុវាយោ អេស អឹម ថា ការសម្រេចចិត្តរបស់លោកគឺជាការសម្រេចចិត្តដែលសមហេតុផល។
លោកនិយាយថា៖ «យើងត្រូវតែការពារវាទុកជាមុន។ យើងឃើញថា ដំណើររបស់គាត់ [សម រង្ស៊ី] នៅពេលខាងមុខ ក្រោមកាលៈទេសៈនយោបាយទាំងនេះ នឹងនាំទៅរកការធ្វើបាតុកម្ម។ នៅពេលដែលលោកចូលមក លោកនឹងត្រូវបានឃាត់ខ្លួន។ វានឹងមានបាតុកម្ម មានការតវ៉ា»។
មន្រ្តីរូបនេះបន្តថា៖ «នៅអាកាសយានដ្ឋាន មានហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានតម្លៃរាប់រយលានដុល្លារ ហើយយន្តហោះមួយៗមានតម្លៃរាប់រយលានដុល្លារ»។
លោកបន្ថែមថា៖ «ក្នុងករណីនេះ ខ្ញុំគឺជាអ្នកទទួលខុសត្រូវ។ ជាឧទាហរណ៍ ប្រសិនជាគាត់មក ហើយមានយន្តហោះឆេះ តើនរណាជាអ្នកទទួលខុសត្រូវ? នៅចុងបញ្ចប់ មានតែខ្ញុំប៉ុណ្ណោះ»៕ TN