ភ្នំពេញៈ កុមារ​កម្ពុជា​ប្រមា​​ណ ៣ ម៉ឺន​នាក់​ ត្រូវ​បាន​ដក​ហូតពី​ទម្រង់​ធ្ងន់ធ្ងរ​បំផុតនៃ​ពលកម្ម​កុមារ នៅ​ក្នុង​ប្រទេស​ក្នុង​រយៈពេល ​៥​ ឆ្នាំ​ចុង​ក្រោយ​នេះ ខណ​:​កុមារ​ប្រមាណ ​១៨ ម៉ឺន​នាក់​ទៀ​ត ត្រូវ​បាន​ទប់ស្កាត់​ពីការ​ប្រើ​ប្រា​ស់​ពលកម្ម​កុមារ​ដើម្បី​ផ្តល់​ឱកា​ស​ឱ្យពួក​គេ​ទទួល​បាន​ការអប់រំ​ បំណិន​ជីវិតនិង​បណ្តុះ​បណ្តា​ល​​ជំនាញ។​ នេះ​បើ​យោង​តាម​ ការ​អះ​អាង​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ។

មន្ត្រី​​រូប​នេះក៏​បាន​ឲ្យ​ដឹង​​ទៀត​ថា នៅ​ក្នុងឆ្នាំ ២០១៩ នេះ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​ជួយ​ស្តារ​កុមាររង​គ្រោះ​ដោយ​ផ្ទាល់​យ៉ាង​ហោច​ណាស់ ៤០០ នាក់ ក្នុង​ ១ ​ឆ្នាំ ដើម្បី​ឈាន​ទៅ​សម្រេច​ជោគ​ជ័យបញ្ចប់​ពលកម្ម​​​លើកុមារ​នៅ​ឆ្នាំ ២០២៥។

ការ​អះអា​ង​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទិវា​កុមារ​អន្តរ​ជាតិ ១ មិថុនា​ ឆ្នាំ ២០​១៩ និង​ទិវា​ពិភព​លោក​ប្រឆាំង​ពលកម្ម​កុមារ​ថ្ងៃទី ១២ ​មិថុនា ដែល​បាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ការងារ កាល​ពី​ម្សិល​មិញ ក្រោម​ប្រធាន​បទ «កុមារ​ត្រូវ​សម្រេច​​​​សុបិន​របស់​ខ្លួនដោយ​មិន​ត្រូវ​ធ្វើ​ជាពល​ក​ម្ម​កុមារ​នៅ​កន្លែង​ការងារ​ណាមួយ​ឡើយ»។​

ពិធី​នេះ​មាន​អ្នក​ចូល​រួម​ដែល​ជា​កុមារ អាណា​ព្យាបាល​កុមារ និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ប្រមាណ ៤០០ នាក់។

លោក វ៉ែង ហៀង អគ្គ​លេខាធិការ និង​ជា​ប្រធាន​នាយក​ដ្ឋាន​ការងារ​កុមារ នៃ​ក្រសួងកា​រងារ បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ចាប់ពី​ឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ដែល​មាន​រយៈ​ពេល ៥ ឆ្នាំ កុមារ​ចំនួន ៣ ម៉ឺន​នាក់ ត្រូវ​បាន​ដក​ហូត​ និង​ទប់​ស្កាត់​ពី​ទម្រង់​ធ្ងន់​ធ្ងរ​បំផុតនៃ​ពលកម្ម​កុមារ ស្រប​ពេល​ដែល​កុមារចំនួន ១៨ ម៉ឺន​នាក់ ត្រូវ​បានទប់​ស្កាត់​ជាមុនពីការ​ប្រើប្រាស់​ពលកម្ម​កុមារ។

លោក​បន្ត​ថា ការ​ទប់​ស្កាត់​បញ្ហានេះ​ គឺបាន​ផ្តោត​លើ​គោល​ការណ៍​ចំនួន ២ គឺ ទី១ ការ​ផ្លាស់​ប្តូរ​អត្ត​ចរិត និង​ឥរិយា​បថ​របស់​អាណា​ព្យាបា​ល នៅ​ក្នុង​សហគម​ន៍ ក្នុង​ការ​ប្រើប្រាស់​ពលកម្ម​លើកុមារ​ និង​ទី​២ ការផ្តល់​ឱកាស​សេដ្ឋកិច្ច​ទៅ​ដល់​គ្រួសារ ដើម្បី​រំដោះ​ភាព​ក្រីក្រ និង​បង្កើន​ឱកាស​ការងារ​សម្រាប់​ពលរដ្ឋ។

ក្រៅ​ពីវិធាន​ការ​ទាំង​ ២​ នេះ លោក វ៉ែង ហៀង ក៏​បញ្ជាក់​ដែរ​ថា វិធាន​ការ​ដែល​មាន​សារៈ​សំខាន់ ក្នុង​ការ ទប់ស្កាត់​ពលកម្ម​លើ​កុមារ​មួយ​ផ្សេង​ទៀត គឺការ​ធ្វើ​អធិការកិ​ច្ចរបស់​មន្ត្រី និង​អាជ្ញាធរ​មូល​ដ្ឋាន​ជាប្រចាំ ដែល​វា​ជាកត្តា​ចាំបាច់ ដើម្បី​បញ្ឈប់​ឲ្យបាន​នូវ​ការ​ប្រើពលកម្ម​លើកុមារ​នៅ​កម្ពុជា ខណៈ​យុទ្ធសាស្ត្រ​នេះបាន​ធ្វើ​ឲ្យ​ពល​ក​ម្ម​កុមារ​នៅតាម​រោង​ចក្រ​សហ​គ្រា​ស បច្ចុ​ប្បន្នស្ទើរតែ​លែង​មាន ព្រោះ​និយោ​ជ​ក​ទាំង​នោះមានការ​យល់​ដឹង ហើយ​ពួក​គេឈប់​ប្រើប្រាស់​ពលកម្ម​លើ​កុមារ។

លោក​បញ្ជាក់​ថា៖ «ជា​ផែនការ​ទិស​ដៅសម្រាប់​ឆ្នាំ​នេះ​ដែរ ជារៀង​​រាល់ឆ្នាំ យើង​រំដោះ​ក្មេង​ដែល​គេ​ហៅ​ថា ក្មេង​ទទួល​ផល​ផ្ទាល់​ពី​គម្រោ​ង​តាម​រយៈ​ថវិកា​ក្រសួង​សេដ្ឋ​កិច្ច​របស់​រដ្ឋាភិបាល​យើងគឺ​ចំនួន ៤០០ នាក់»។

លោក​បន្ត​ថា៖ «ទន្ទឹម​នឹង​នោះ យើង​មាន​ការ​ទប់​ស្កាត់​ប្រហែលជាង​ ២៦ ០​០​០ នាក់​ទៀត សរុប​ជារួម​ទាំងទប់​ស្កាត់ និង​ដកហូត​ដោយ​ផ្ទាល់ មាន​ក្នុង​រង្វល់​ ៣ ម៉ឺន​នាក់។​ មិនថាគ្រួសារ​ពលក​ម្មកុមារ ឬកុមា​រ​ជាទូ​ទៅ គឺយើង​តែង​ជំរុញ​ឲ្យ​គាត់​ទទួល​បាន​មូល​ដ្ឋាន​នៃការ​អប់រំ​យ៉ាង​តិច​ ៩ ឆ្នាំ និង​ទទួលបាន​ការបណ្តុះ​បណ្តាល​ជំនាញ ព្រោះ​បើយើង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​បាន គឺ​អត្រា​នៃការ​ធ្វើជំនួញ​លើ​ពលកម្ម​កុមារ​បាន​ថយ​ចុះ»។

បើតាមលោក វ៉ែង ហៀង បាន​បញ្ជាក់​ថា៖ «កុមារ​ដែល​ទទួល​រងពលកម្ម​ទម្រង់​ធ្ងន់​ធ្ងរ គឺ​សំដៅ​លើការងា​រ​ដែល​កុមារ​ធ្វើ​ការ​នោះ ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​សុខ​ភាព ចិត្ត​គំនិត ស្មារតី និង​ការ​អភិវឌ្ឍ​របស់​កុមារ។ ឧទា​ហរណ៍​យ៉ាង​សាមញ្ញ កុមារ​ធ្វើ​ការ​នៅ​ឡ​ឥដ្ឋ​ គាត់​អាច​គ្រោះ​ថ្នាក់​ដល់សុ​ខ​ភាព បើ​អាច​ពិការ ហើយ​កុមារ​ដែល​លីសែង​ ប្រឈម​នឹង​ការ​ក្រិន ក្រិស ហើយកុ​មារ​ខ្លះ​ទៀត អាច​ទទួល​ជំងឺរ៉ាំ​រ៉ៃរយៈ​ពេល​វែង ដូចជា​កុមារ​នៅ​ធ្វើការ​នៅ​ស្រែ​អំបិល​ ភាគច្រើន​នៃ​ពួកគេ ​គឺរក​ឃើញ​ថា មាន​ជំងឺ​មហារីក​ស្បែក ដែល​បន្ត​កើត​មានដល់​កុមារ​ក្នុង​រយៈពេ​លវែង ដែល​វាជាការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ឱកាស​ជីវិត​របស់​ពលរដ្ឋ»។

ក្រុម​មន្ត្រី​នៅ​ក្នុង​ពិធី​នៅ​ក្រសួង​ការ​ងារ​ កាលពីម្សិល​មិញ​។ ហុង មិនា

លោក ស្រី ស៊ើង សរសុ​ចិត្តា រដ្ឋលេខា​ធិការ​ក្រសួង​ការ​ងារ បាន​ថ្លែង​ថា ក្រសួង​នឹង​ពង្រឹង​បន្ថែ​ម​ទៀត ចំពោះ​ក្រុម​អធិការ​កិច្ច​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បន្ត​ចុះទៅ​ដល់​មូលដ្ឋាន ធ្វើការ​ណែនាំ​ដល់​គ្រប់​អាណា​ព្យា​បាល ជា​ពិសេស​ចំពោះ​សិប្បកម្ម ​សហគ្រាស​នានា ស្រប​ពេល​ដែល​លោក​ស្រី អះអាង​ថា បច្ចុប្បន្ន វិស័យ​មួយ​ចំនួន ដូច​ជា វិស័យ​សំណង់​ វិស័យ​ឡឥដ្ឋ វិស័យ​នេសាទ និង​វិស័យ​កសិកម្ម ដែល​នៅ​តែបន្ត​ប្រើប្រាស់​ពលកម្ម​លើ​កុមារ។

លោក​ស្រី​បញ្ជាក់​ថា៖ «ត្រូវ​បន្ត​សម្របសម្រួល​អនុវត្ត​អនុ​សញ្ញា​អន្តរ​ជាតិ និង​គោល​នយោ​បាយ​ជាតិ​ពាក់​ព័ន្ធ ដើម្បី​ជំរុញ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​ជាតិ ស្តីពីការ​កាត់​បន្ថយ​ពល​កម្ម​កុមារ និង​ការលុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ឆ្នាំ ២០១៦-២០២៥»។

លោក​ស្រី​បន្ថែម​ថា ក្រៅ​ពី​នេះ គឺ​ត្រូវ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ការងារ និង​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សុខ​ភាព សម្រាប់​កម្មករ​និយោ​ជិត​វ័យ​ក្មេង ដើម្បី​លុប​បំបាត់​ពលកម្ម​កុមារ ជាពិសេស​ពង្រីក​វិសាល​ភាព​ការ​ងារ វិស័យ​សេដ្ឋ​កិច្ច មិន​រៀប​រយ ដូច​ជា​កម្មករ​ការងារ​តាម​ផ្ទះ សិប្បកម្ម និង​សេវាកម្មដ​ទៃ​ទៀត។

លោក ទុន សុភ័ណ អ្នក​សម្រប​សម្រួល​ជាតិ​នៃអង្គការ​ ILO ប្រចាំ​ប្រទេស​ កម្ពុជា​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ពីម្សិល​មិញ​ថា តាម​រយៈ​ការ​បង្ហាញ​របាយ​ការណ៍​នេះ គឺ​បញ្ជាក់​បានថា ពលកម្ម​កុមារ​នៅ​កម្ពុជា គឺ​ពិត​ជាមាន​ការថយ​ចុះ​ច្រើន​ ដែល​លោកយល់​ថា កម្ពុជាអាច​នឹង​សម្រេច​បាន​តាម​ផែន​ការ​របស់​ខ្លួន​ ក្នុង​ការ​លុប​បំបាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ។

ប៉ុន្តែ​យ៉ាង​ណាក្តី លោកលើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ការងារ បន្តការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀតលើ​បញ្ហា​នេះ ជាពិសេស​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​បំផុត ព្រោះ​វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​របស់​កម្ពុជា​នៅ​ឡើយ។

លោក​បញ្ជាក់​ថា​៖ «យើង​មាន​បញ្ហា​ប្រឈម​ទាក់​ទង​នឹង​ទម្រង់​ធ្ងន់​ធ្ងរ​លើ​ពលកម្ម​កុមារ​ហ្នឹង​ ដែល​ថយ​ចុះ​ដែរ​ ប៉ុន្តែ​ថយ​ចុះតិច ដោយ​ទាក់​ទងនឹ​ងបញ្ហាឡ​ឥដ្ឋ វិស័យ​កសិក​ម្ម មាន​ដូច​ជាស្ករអំ​ពៅ​ជាដើម និង​នេសាទអីអ៊ីចឹ​ង។ ដែល​មាន​កុមារ​នៅ​ធ្វើការ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ហ្នឹង ដែល​ការងារ​បន្ត​ទៀត ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់»។

យោង​តាម​ទិន្នន័យ​នៃការ​អង្កេត​សេដ្ឋ​កិច្ច​សង្គម​កម្ពុជាឆ្នាំ ២០១៧ បាន​បង្ហាញ​ថា ចំនួន​កុមារ​ចូល​រួម​សកម្មភាព​សេដ្ឋកិច្ច​មាន​ការ​ថយ​ចុះពី ១,៥ លាន​នាក់ នៅ​ឆ្នាំ ២០០០ មក​នៅ​ត្រឹម ៧៥​ ម៉ឺន​នាក់ នៅក្នុង​ឆ្នាំ ២០១៣ ហើយ​វា​បាន​ថយ​ចុះ​បន្ថែម​ទៀត នៅ​ក្នុង​ឆ្នាំ ​២០១៧ គឺនៅ​ត្រឹម ៤៣ ម៉ឺន​នាក់។

ជាមួយ​នឹង​ការ​ថយ​ចុះ​នេះ យោង​តាម​ទិន្នន័យ​វិទ្យា​ស្ថាន​ស្ថិតិ គឺមាន​កុមារ​ចំនួន ៣៣ ម៉ឺន​នាក់ ត្រូវ​បាន​ដក​ហូត និង​ទប់​ស្កាត់​ពីគ្រប់​ទម្រង់​នៃ​ពលកម្ម​កុមារ ពី​ក្រុម​គ្រួសារ​ប្រមាណ​ ២ ០០០ គ្រួសារ ហើយ​ពួក​គេ ក៏បាន​ផ្លាស់​ប្តូរ​ឥរិយា​បថ ស្តីពីការប្រើប្រាស់​ពលកម្ម​កុមារ​ គិត​ចាប់​ពីឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៣៕