ភ្នំពេញៈ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹងថា លទ្ធផល​ដែល​លោក​ទទួល​បាន​ជាបឋម​គឺ​ខេត្ត​ចំនួន ២០ ក្នុង​ចំណោម​រាជធានី-ខេត្ត​ទាំង ២៥ បាន​គាំទ្រ​ចំណុច​នៃ​ការហាម​ស្លៀកពាក់​ខ្លី​ខើច​លើ​ខើច​ក្រោម​ខ្លាំង​របស់​ស្ត្រី​នៅក្នុង​សេចក្តី​ព្រាងច្បាប់​សណ្តាប់ធ្នាប់​សាធារណៈ ដោយ​គ្រាន់​តែ​ស្នើឲ្យ​មាន​ការចែង​លម្អិត​បន្ថែម​ទៀត​នូវ​ពាក្យពេចន៍ និង​ទីកន្លែង​ឲ្យ​បាន​ច្បាស់លាស់​ប៉ុណ្ណោះ​។

ក្រសួង​មហាផ្ទៃ​បាន​សម្រេច​បញ្ចប់​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​ដំណាក់កាល​ក្រុមការងារ​នៃ​ក្រសួង​កាលពី​ថ្ងៃទី​ ១៦ ខែ​មិថុនា និង​បាន​បញ្ជូន​ទៅ​រដ្ឋបាល​រាជធានី-ខេត្ត​ទាំង​ ២៥ ដើម្បី​ទទួល​បាន​មតិយោបល់ និង​ធាតុ​ចូល​សម្រាប់​បំពេញ​បន្ថែម ដើម្បី​ធ្វើការ​កែតម្រូវ និង​បន្ថែម​ពាក្យពេចន៍​ក្នុង​ការធ្វើឲ្យ​ច្បាប់​នេះ​កាន់តែ​ល្អប្រសើរ​។

លោក អ៊ុក គឹមលេខ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា បន្ទាប់ពី​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​បឋម​នេះ​ទៅកាន់​រាជធានី-ខេត្ត​ទាំង​ ២៥ ក៏​មាន​ខេត្ត​ចំនួន ២០ ​បាន​ធ្វើការ​ជជែក​ពិភាក្សា និង​បាន​ប្រគល់​ត្រឡប់​នូវ​ធាតុ​ចូល​របស់​ពួកគេ​មកកាន់​ក្រុម​ការងារ​វិញ​។

លោក​បន្តថា​ ក្នុង​ចំណោម ២០ ​ខេត្ត​នោះ​ គឺ​បាន​ឯកភាព​លើ​ខ្លឹមសារ​ទាំងអស់ ដោយ​គ្រាន់តែ​ស្នើឲ្យ​មាន​ការកែប្រែ​ចំណុច​ខ្លះៗ​ទៅតាម​ពាក្យពេចន៍ និង​ទីកន្លែង​ស្រប​ទៅ​តាម​តំបន់​របស់ខ្លួន ហើយ​ក្នុង​នោះ​ក៏​បាន​ស្នើឲ្យ​មាន​ការបញ្ជាក់​ឲ្យ​បាន​លម្អិត ជុំវិញ​ចំណុច​ហាមប្រាម​ស្លៀក​ខ្លី និង​បុរស​មិន​ពាក់អាវ​នៅ​តាម​ទីសាធារណៈ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​យើង​សនិ្នដ្ឋាន​ថា មិនមាន​អ្វី​ប្លែក​ទេ ការចូលរួម​យោបល់​របស់​ខេត្ត​ទី​១ ​គឺ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​។ ទី​២ ដោយ​គ្រាន់តែ​ស្នើ​កែ​ឃ្លាឃ្លោង​ខ្លះ សុំឲ្យ​បន្ថែម​ឃ្លា​ឲ្យ​ច្រើន​។ គាត់​សុំ​បន្ថែម​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ខេត្ត​នីមួយៗ​។ អត់​មាន​ការជំទាស់​ទៅ​នឹង​មាត្រា​ដែល​មាន​ចែង​ពី​ការស្លៀកពាក់​ខ្លី​ទេ ភាគច្រើន​ពួកគាត់​ព្រម តែ​ក៏​មាន​ការស្នើសុំ​ឲ្យ​បន្ថែម​កន្លែង​មាត់សមុទ្រ ឬ​កន្លែង​ជាក់លាក់ ព្រោះ​ចំណុច​ជារួម គឺ​គាំទ្រ​»​។

បើ​តាម​លោក អ៊ុក គឹមលេខ បន្ទាប់ពី​បាន​ទទួល​ធាតុ​ចូល​ពី​រាជធានី-ខេត្ត​ទាំង​ ២៥ ក្រុម​ការងារ​នឹង​កែប្រែ​ខ្លឹមសារ​ទៅ​តាម​ការស្នើឡើង​មុន​នឹង​ឈាន​ទៅ​ដល់​ការប្រជុំ​ពិភាក្សា​ជា​ថ្នាក់​ក្រសួង ថ្នាក់​អន្តរក្រសួង និង​បញ្ជូន​ទៅ​រដ្ឋាភិបាល ពិនិត្យ​ជា​ចុងក្រោយ​មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា អនុម័ត​។

លោក​បញ្ជាក់ថា​៖ «​ខេត្ត​នីមួយៗ​មាន​​ចំណុច​ខុសគ្នា​...​ហើយ​រឿង​ស្លៀក​ខ្លី ពាក់​ខ្លី​មិន​សម្រេច​លើ​ខ្ញុំ​ទេ អាស្រ័យ​លើ​ការពិភាក្សា​គ្នា​បន្តទៀត​ក្នុង​ដំណាក់កាល​អន្តរក្រសួង ជាពិសេស​ក្រសួង​វប្បធម៌​»​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ក្រុម​ការងារ ធ្វើការ​សិក្សា និង​ចងក្រង​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ​ដោយ សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​ដែល​មាន​ ៨ ​ជំពូក និង​ ៤៨ ​មាត្រា​ត្រូវ​បង្ហាញ​ជា​សាធារណៈ​នាពេល​ថ្មីៗ​នេះ​ក៏​ត្រូវ​បាន​សាធារណជន ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​មួយចំនួន​បាន​ធ្វើការ​រិះគន់​ថា ការហាមប្រាម​ការស្លៀក​ខ្លីខើច​លើ​ខើច​ក្រោម​របស់​ស្ត្រី គឺជា​ការបិទ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​បង្កើន​វប្បធម៌​និទ្ទណ្ឌភាព​ដែល​ទាក់ទង​នឹង​អំពើហិង្សា​ប្រឆាំង​នឹង​ភេទ​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថ្លែង​ថា ក្រសួង​វប្បធម៌​មិនទាន់​អាច​ធ្វើការ​សម្រេច​យ៉ាងណា​ចំពោះ​ចំណុច​ស្លៀក​ខ្លី​ដែល​កំពុង​ទទួលរង​នូវ​ការរិះគន់​នេះ​យ៉ាង​ណា​នោះទេ ព្រោះ​សេចក្តី​ព្រាង​ច្បាប់​​នេះ​មិន​ទាន់​បញ្ជូន​មកដល់​ដំណាក់កាល​ដែល​ក្រសួង​ត្រូវ​ចូលរួម​ពិនិត្យ និង​ផ្តល់យោបល់​។ ប៉ុន្តែ​លោក​យល់​ថា ច្បាប់​នេះ​ត្រូវតែ​មាន​រួមទាំង​ចំណុច​នៃ​ការហាម​ការស្លៀកពាក់​ខ្លី​នេះ​ក៏​ត្រូវ​តែ​មាន គ្រាន់តែ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀត​មុន​នឹង​ដាក់​ឲ្យ​អនុវត្ត​។

លោក​ថា​៖ «​ទាក់ទង​នឹង​​សណ្តាប់ធ្នាប់​សាធារណៈ​ហ្នឹង ជាទូទៅ​គឺ​គេ​ឲ្យ​ការពារ​ទៅលើ​អ្វី​ដែល​ធ្វើឲ្យ​មាន​ការជះ​ឥទ្ធិពល និង​ខូច​សណ្តាប់​សង្គម ហើយ​ទោះ​ស្រុក​ណា​ក៏ដោយ ក៏មាន​ដូចជា​ករណី​បទ​ជើង​តាម​ផ្លូវ​ជាដើម ដែល​ជា​ការបង្ក​ឲ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម​។ ឧបមាថា ការ​ស្លៀក​លេច​លើ​លេច​ក្រោម​អី​ជាដើម ដែល​ជា​ចេតនា​បង្ហាញ​តែម្តង ឬ​ការអាក្រាត​នៅតាម​ផ្លូវ​អី គឺ​គេ​មិន​ឲ្យ​មានតែ​ម្តង​»​។

លោក​បញ្ជាក់ថា ក្នុង​នាម​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​ព្យាយាម​ពិនិត្យ​ និង​តាមដាន​សេចក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​អស់​ពី​​លទ្ធភាព ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​បរិបទ​សង្គម វប្បធម៌ និង​សាសនា​របស់​ខ្មែរ​៕