សៀមរាបៈ លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ខេត្ដ​សៀមរាប​បានឱ្យដឹងថា គម្រោង​ត​ខ្សែកាប​អុបទិក​បង្កប់​នៅក្រោម​ដី​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ​ ២០២៣ ​ខាងមុខនេះ ខណៈ​គម្រោង​នេះ​ទើប​ធ្វើបាន​រួច​ចំនួន​ ១៤ ខ្សែ​ (​ផ្លូវ​) ក្នុងចំណោម ៣៨ ​ខ្សែ​នៅក្នុង​ខេត្តសៀមរាប​។

លោក សុខ សីហា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន ក្រុម​ការងារ​កំពុងតែ​មមាញឹក​កាត់​ទម្លាក់​ខ្សែកាប​អុបទិក​លើ​អាកាស និង​តខ្សែកាប​អុបទិក​នៅក្រោម​ដី​នៅតាម​​បណ្តោយ​ផ្លូវ​សំខាន់​មួយចំនួន​។

លោក​បន្តថា​៖ «​កាលពី​ថ្ងៃទី​ ១៦ ខែឧសភា ក្រុមការងារ​​ពាក់ព័ន្ធ​រួមមាន អង្គភាព​អគ្គិសនី​,​រដ្ឋាករទឹក និង​ក្រុម​ការងារ​សាងសង់​ផ្លូវ​ ៣៨ ​ខ្សែ​ ក្នុង​ក្រុង​សៀមរាប​បាន​សហការគ្នា​យ៉ាង​មមាញឹក​ក្នុង​ការតបណ្ដាញ​ខ្សែកាប​ទាំងអស់​ដាក់ចូល​ក្នុង​បំពង់​កប់​ក្រោម​ដី​នៅតាម​ផ្លូវ​សំខាន់ៗ ដើម្បី​ធ្វើ​យ៉ាងណា​លែង​ឱ្យមាន​ខ្សែកាប​ទាំងអស់​នៅលើ​អាកាស​បន្ដទៀត »​។

លោក​បាន​បញ្ជាក់ថា​៖ « តាម​ផែនការ​ចំពោះមុខ រដ្ឋបាលខេត្ត​​សៀមរាប​នឹង​កាត់​ខ្សែកាប​លើ​អាកាស​ និង​ដាក់ចូល​ក្នុង​បំពង់​ខ្សែកាប​ក្រោម​ដី​ឱ្យ​រួចរាល់​នៅ​ឆ្នាំ​ ២០២៣ ក្នុងចំណោម​ ៣៨ ​ខ្សែ ​និយាយ​រួម​យើង​ធ្វើ​ស្របតាម​ការស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ ដែល​រដ្ឋបាល​កំពុង​ស្ថាបនា​»​។

លោក​បន្តថា គម្រោង​ដាក់​បណ្តាញ​ផ្លូវ​ខ្សែកាប​ក្រោម​ដី​នេះ​​គឺ​ដើម្បី​លើកកម្ពស់​សោភណភាព និង​សុវត្ថិភាព​ក្នុង​ទីក្រុង​សៀមរាប ខណៈ​ផ្លូវ​ចំនួន​ ១៤ ​ខ្សែ​ត្រូវបាន​បំពាក់​ខ្សែកាប​ក្រោម​ដី​រួចហើយ រួមមាន​តាម​បណ្តោយ​ផ្លូវ​លោកតាណឺយ​, ផ្លូវ​ជុំវិញ​ផប់ស្ទ្រីត​, ផ្លូវ​ហ្សាលដឺហ្គោល​, ផ្លូវ​ ៦០ ​ម៉ែត្រ​, ផ្លូវ​កូម៉ៃ, ផ្លូវ​៧​មករា​, ផ្លូវជាតិ​លេខ​៦ ចាប់ពី​ព្រំប្រទល់​រដ្ឋបាល​ស្រុក​ពួក ដល់​ស្រុក​ប្រាសាទបាគង ផ្លូវ​ស៊ីវុត្ថា និង​ផ្លូវ​សំខាន់ៗ​មួយចំនួន​ទៀត​ក្នុង​ក្រុង​អង្គរ​។

លោក​ឱ្យដឹង​ដែរ​ថា​៖ «​ផ្លូវ​ដែល​បាន​បង្កប់​ខ្សែកាប​ក្រោម​ដី​រួចហើយ​មាន​ប្រវែង​ ៧០ ​គីឡូម៉ែត្រ​ក្នុង​ចំណោម​គម្រោង​សរុប​ជាង ២០០ ​គីឡូម៉ែត្រ ។

បើតាម​លោក សីហា គម្រោង​​ខ្សែ​បំពាក់​ខ្សែកាប​ក្រោម​ដី​បានចាប់ផ្តើម​តាំងពី​ចុង​ ២០១៨ ​មក​​ម្ល៉េះ ប៉ុន្តែ​ដោយសារ​វិបត្តិ​កូវីដ ១៩ ក្រុមហ៊ុន​មួយចំនួន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន និង​បាន​ដំណើរការ​ឡើងវិញ​នៅ​ឆ្នាំ​ ២០២១ ​នេះ​។

លោក​ថា​៖ «​នៅ​ចុងឆ្នាំ​ ២០១៨ ​ខែសីហា យើង​ចាប់ផ្តើម​កាត់​ខ្សែកាប​លើ​អាកាស​ទម្លាក់​មក​ដី​ដោយ​ក្នុង​ ១ ​ខែ ធ្វើបាន​ ១ ​ផ្លូវ ដូច្នេះ​ដល់​ខែសីហា ២០១៩ យើង​ធ្វើបាន​ ១២ ​ខ្សែ​ (​ផ្លូវ​) ​ហើយ​​នៅ​ឆ្នាំ​ ២០២០ យើង​គម្រោង​ធ្វើ​ ១២ ​ខ្សែ​ (​ផ្លូវ​) ​ទៀត តែ​ចៃដន្យ​យើង​ធ្វើ​បានធ្វើ​តែ​ ២ ​ខ្សែ​ទេ នៅ​ខែមករា និង​កុម្ភៈ ក៏​ផ្អាក​ត្រឹមនោះ ដោយសារ​កូវីដ ព្រោះ​​ក្រុមហ៊ុន​ប្រតិបត្តិករ​មួយចំនួន​មាន​បញ្ហា​សេដ្ឋកិច្ច​»​។ «​លុះដល់​ចុងឆ្នាំ​ ២០២០ ​ដដែល យើង​​បានទទួល​អំណោយ​របស់​សម្តេចតេជោ​ក្នុង​ការជួសជុល​ស្ថាបនា​ផ្លូវ​ ៣៨ ​ខ្សែ​នៅ​ខេត្តសៀមរាប យើង​ក៏​ចាប់ផ្តើម​គម្រោង​នេះ​ឡើងវិញ ដោយ​ដាក់​ខ្សែកាប​ក្រោម​ដី​ស្រប​តាមផ្លូវ ៣៨ ​ខ្សែ​»​។

លោក​ សីហា ឱ្យដឹង​ដែរ​ថា​​ក្នុង​គម្រោង​នេះ​មាន​ក្រុមហ៊ុន​ចំនួន ​២ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​ និង​ពី​ក្រសួង​ប្រៃសណីយ៍​ទូរគមនាគមន៍​ក្នុង​ការជីក​កប់​បណ្តាញ​ខ្សែកាប​ក្រោម​ដី​នៅក្នុង​ខេត្ដ​សៀមរាប​នេះ គឺ​ទី​ ១ ​គឺ​ទូរគមនាគមន៍​កម្ពុជា​របស់​រដ្ឋ និង​ ១ ​ទៀត​ក្រុមហ៊ុន CFOCN ជា​ក្រុមហ៊ុន​ឯកជន​។

ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ចំពោះ​បណ្តា​ក្រុមហ៊ុន​អ៊ីនធឺណិត​ផ្សេងទៀត​ដែលមាន​អាជ្ញាប័ណ្ណ​បើក​អាជីវកម្ម​ស្របច្បាប់​អាច​ជួល​ពី​ស្ថាប័ន​ទាំង​ ២ ​នេះ ដើម្បី​បំពាក់​បណ្តាញ​ខ្សែកាប​របស់ខ្លួន​ក្នុង​ការផ្តល់សេវា​ដល់​អតិថិជន​។

ទន្ទឹមនេះដែរ លោក សុខ សីហា អំពាវ​ដល់​ពលរដ្ឋ និង​អតិថិជន​ឱ្យមាន​ការយោគយល់​ខ្ពស់​ចំពោះ​រាល់​ការដាច់​ចរន្តអគ្គិសនី ទឹក និង​អ៊ីនធឺណិត ក្នុងអំឡុងពេល​អ្នកជំនាញ​កំពុង​ធ្វើការងារ​នេះ​ជា​ប្រយោជន៍​រួម​។

លោក​ថា​៖ «​នៅពេល​យើង​ជីក​បណ្តាញ​ទូរគមនាគមន៍​មួយ​វា​មាន​ការប៉ះពាល់​ទៅ​បណ្តាញ​ក្រោម​ដី​ដទៃទៀត​ គឺ​ដូចជា​បណ្តាញ​អគ្គិសនី​បណ្តាញ​​លូទឹក​ភ្លៀង លូទឹកស្អុយ និង​ទឹកស្អាត ពេល​យើង​ជីក​ទៅ​ដាច់​បណ្តាញ​អគ្គិសនី ឬ​ដាច់​បំពង់​ទឹកស្អាត ដូច្នេះ​សូម​ពលរដ្ឋ​មេត្តា​យោគយល់​»៕