ស្វាយរៀងៈ មន្ត្រីពេទ្យសត្វអះអាងថា សត្វជ្រូកចំនួន ៤៥ ក្បាល ដែលឈ្មួញដឹកចូលខេត្តស្វាយរៀងខុសច្បាប់ពីប្រទេស វៀតណាម គឺពុំមានផ្ទុកជំងឺប៉េស្ដជ្រូកអាហ្រ្វិកឡើយ បន្ទាប់ពីសត្វជ្រូកទាំងនោះ ត្រូវបានមន្ត្រីបូមឈាម និងបញ្ជូនមកពិនិត្យរកជំងឺប៉េស្ដជ្រូកអាហ្រ្វិកនៅអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មនៅរាជធានីភ្នំពេញ។
លោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀងប្រាប់ភ្នំពេញប៉ុស្ដិ៍ ពីម្សិលមិញថា សត្វជ្រូកទាំង ៤៥ ក្បាល ត្រូវបានមន្ត្រីយាមព្រំដែននៅខេត្តស្វាយរៀងបង្ក្រាបកាលពីថ្ងៃទី ៤ ខែ ឧសភា ហើយក្រោយមក បានប្រគល់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងរក្សាទុក។ លុះដល់ថ្ងៃទី ៦ ខែ ឧសភា ខាងមន្ត្រីពេទ្យសត្វខេត្តបានបូមឈាមសត្វជ្រូកទាំងនោះបញ្ជូនមកធ្វើ តេស្ដនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅរាជធានីភ្នំពេញ។ ការធ្វើតេស្ដបានចេញលទ្ធផលនៅថ្ងៃទី ៧ បង្ហាញថា សត្វជ្រូកទាំងនោះពុំមានផ្ទុកជំងឺប៉េស្ដជ្រូកអាហ្រ្វិកឡើយ។
លោកបញ្ជាក់ថា៖ «ឥឡូវខាងខ្ញុំកំពុងរៀបចំសុំគោលការណ៍ផាកពិន័យទៅតាមច្បាប់ពេទ្យ សត្វ ហើយបើកាលណាមានជំងឺ យើងសុំគោលការណ៍មួយទៀតដើម្បីកម្ទេចចោល ហើយវាអត់មានជំងឺផង។ យើងធ្វើតាមគោលការណ៍ពេទ្យសត្វ ដោយធ្វើការផាកពិន័យ និងប្រគល់ជ្រូកឱ្យម្ចាស់ដើមវិញ តែឱ្យម្ចាស់នោះធ្វើកិច្ចសន្យាកុំឱ្យប្រព្រឹត្តបទល្មើសលើកទី ២ ទៀត»។
បើតាមលោក ប៉ែន ចន្ធី សត្វជ្រូកទាំង ៤៥ ក្បាលនោះ ត្រូវបានឈ្មួញដឹកចេញពីវៀតណាមខុសច្បាប់តាមរថយន្តចំនួន ២ គ្រឿង ហើយត្រូវបានមន្ត្រីប្រចាំប៉ុស្ដិ៍ព្រំដែន បង្ក្រាបបាននៅក្បែរតំបន់ព្រំដែន ដោយ ១ គ្រឿង បង្ក្រាបនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត និង ១ គ្រឿងទៀត បង្ក្រាបនៅភូមិស្វាយភ្លរ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សារព័ត៌មានខ្លះបានផ្សាយដែរថា ឈ្មួញបានប្រើរូបភាពបណ្ដើរសត្វជ្រូកចេញពីវៀតណាម ហើយបានប្រើរថយន្តដឹកជ្រូកទាំងនោះពេលចូលមកកម្ពុជា។
ក្រសួងកសិកម្មចេញវិធានការការពារជំងឺឆ្លងជំងឺប៉េស្ដជ្រូកអាហ្រ្វិក តាំងពីចុងខែកុម្ភៈ ដោយជំរុញឱ្យមន្ទីរគ្រប់ខេត្តសហការជាមួយអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការនាំចូលជ្រូករស់ និងផលិតផលជ្រូកគ្រប់ប្រភេទដែលខុសច្បាប់ពីប្រទេសវៀតណាម គឺមុនជំងឺនេះត្រូវបានរកឃើញផ្ទុះឡើងលើកដំបូងនៅកម្ពុជាតាំងពីថ្ងៃទី ២២ ខែមីនាទៅទៀត។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញដែរថា គិតចាប់តាំងពីមានករណីផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្រ្វិកលើកដំបូងក្នុងប្រទេសកម្ពុជា គឺមកដល់ពេលនេះ ការលួចនាំចូលជ្រូកខុសច្បាប់ចេញពីប្រទេស វៀតណាម មានចំនួន ២០ ករណី ហើយដែលមន្ត្រីអគ្គនាយកដ្ឋានបង្ក្រាបបាន។ «វា (ករណី) មានតិច វាមានច្រើនទៅតាមហ្នឹង ជួនកាលករណីខ្លះវាមាន ៧០ ក្បាល វាមាន ២០ ក្បាល ជួនកាលវា ៥ ទៅ ៧ ក្បាល ក៏មានដែរ»។
បើតាមលោក ផាន់ណារ៉ា ជំងឺប៉េស្ដជ្រូកអាហ្រ្វិកមិនទាន់រាលដាលទៅកន្លែងផ្សេងឡើយ ក្រៅពីកំពុងកើតឡើងក្នុងស្រុកអូរយ៉ាដាវ និងស្រុកអូរជុំ ខេត្តរតនគិរី។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី លើកឡើងថា គិតចាប់ពីមានការផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្រ្វិកដំបូងនៅកម្ពុជាដែលស្ថិតក្នុងស្រុកអូរយ៉ាដាវ ហើយបន្តរាលដាលដល់ស្រុកអូរជុំ គឺបានធ្វើឱ្យជ្រូកឈឺងាប់ និងយកទៅសម្លាប់ចោលអស់ជាង ១ ពាន់ក្បាលហើយ។ ប៉ុន្តែលោកអះអាងថា ជំងឺឆ្លងនេះបានស្ងប់ស្ងាត់ដោយសារលែងមានជ្រូកឈឺ និងងាប់តាំងពីក្រោយថ្ងៃចូលឆ្នាំរួច៕