ភ្នំពេញ: រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា បាន​អះអាង​ថា ដំរី​អាស៊ី​កំពុង​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​នៅលើ​សកលលោក​​ខណៈ​ដំរី​តូចធំ​ ៨ ​ក្បាល​នៅ​កម្ពុជា​បាន​ងាប់​ជា​បន្តបន្ទាប់​ក្នុង​ដែនជម្រក​សត្វព្រៃ​ដោយ​មន្ត្រី​សង្ស័យ​ថា​មកពី​ការបរបាញ់ ខណៈ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​។

ថ្លែង​កាលពី​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា លោក នេត្រ ភក្ត្រា បាន​លើកឡើង​ថា ដំរី​អាស៊ី ត្រូវបាន​ចាត់​បញ្ចូល​ជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​ (IUCN)​ ​ក៏ប៉ុន្តែ​វា​កំពុង​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​លើ​សកលលោក​។

ការរេចរឹល​ទីជម្រក​បាន​ធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា​ និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​សត្វ​ដ៏សំខាន់​នេះ​។

លោក​បន្តថា ចំណែក​នៅក្នុង​តំបន់​ទេសភាព​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា មាន​ការកត់សម្គាល់​ថា មានកូន​ដំរី និង​ដំរី​ធំ​ងាប់​ចំនួន​ ៨ ​ក្បាល​ដែល​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ការបរបាញ់ និង​ជាប់អន្ទាក់​។ ក្នុង​នោះ​កាលពី​​ដើមឆ្នាំ​មុន សត្វ​ដំរីព្រៃ​វ័យ​ចំណាស់​ ១ ​ក្បាល ត្រូវ​បាន​ប្រទះ​ឃើញ​ងាប់​ដោយ​ត្រូវគេ​បាញ់​នឹង​គ្រាប់កាំភ្លើង​កែច្នៃ​នៅក្នុង​ចម្ការ​ស្វាយចន្ទី​របស់​ពលរដ្ឋ​ជិត​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​ភ្លុក និង​កន្ទុយ​របស់​វា​ត្រូវ​បាន​គេ​លួច​កាត់​យក​ទៅ​បាត់​។

លោក​បាន​បន្តថា ដោយឡែក​នៅ​ឆ្នាំ​ ២០២០ ​នេះ​កូនដំរី​ព្រៃ​ចំនួន​ ២ ​ក្បាល ត្រូវ​បាន​រកឃើញ​ងាប់​ក្នុង​ខេត្ត​មណ្ឌលគិរី​ក្នុងនោះ​ ១ ​ក្បាល​ងាប់​ដោយ​លង់ទឹក​ ​និង​ ១ ​ក្បាល​ទៀត​កើតមក​មាន​សុខភាព​មិនល្អ ហើយ​បាន​ងាប់​ទៅវិញ ក្រោយពី​ក្រុមមន្ត្រី​ជួយសង្គ្រោះ​មិនទាន់​។ ​លើសពី​​នេះ​លទ្ធផល​ពី​ការបំពាក់​ម៉ាស៊ីនថត​ស្វ័យប្រវត្តិ​ក្នុង​ឧទ្យាន​ជាតិ​​ជួរ​ភ្នំក្រវាញ​ខាងត្បូង​ថ្មីៗ​នេះ​​ឃើញ​ថា ក្នុងចំណោម​កូនដំរី​ ៧ ​ក្បាល​គឺ​មាន​ ៤ ​ក្បាល​ជាប់អន្ទាក់​នៅ​ជើង ក្នុងនោះ​មាន​ ១ ​ក្បាល​ជាប់អន្ទាក់​រហូត​ងាប់​...​។

លោក នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​ការប្រើប្រាស់​អន្ទាក់​សម្រាប់​ចាប់​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏ចម្បង​ហើយក៏​ជា​គ្រោះថ្នាក់​ដល់​សត្វដំរី​អាស៊ី ព្រោះ​វា​អាច​បណ្តាល​ឱ្យ​សត្វ​ដំរី​រងរបួស និង​ងាប់​បាន​។

ហេតុនេះ​យើង​បាន​បង្កើន​ការចុះ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ទាំង​ ៦៨ ​កន្លែង​ដោយបាន​ដក​អន្ទាក់​ប្រមាណ​ ៣ ​ម៉ឺន​អន្ទាក់ និង​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ក្បាល​ថែមទៀត​»​។

លោកស្រី ខៃ ចិន្ដា ប្រធាន​មូលនិធិ​សមាគម​ដំរី​អៃរាវត្តា​ខេត្តរតនគិរី​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​សត្វ​ដំរីព្រៃ​កំពុង​ប្រឈម​ច្រើន​ចំពោះ​​ការប្រើប្រាស់​អន្ទាក់​របស់​ព្រានព្រៃ ជាពិសេស​ពួកវា​ខ្វះ​ទីជម្រក​សមរម្យ និង​ចំណីអាហារ​​ប្រចាំថ្ងៃ​នៅ​រដូវប្រាំង ព្រោះ​កំណើន​ពលរដ្ឋ​ធ្វើឱ្យ​មាន​តម្រូវការ​ដី​ច្រើន​សម្រាប់​រស់នៅ​ ឬ​ធ្វើ​កសិកម្ម និង​ការប្រើប្រាស់​ព្រៃឈើ​ក៏មាន​ការកើនឡើង​ដែរ​។

លោកស្រី​បន្តថា ចំណែក​ដំរី​ស្រុក​ក៏​កំពុង​ប្រឈម​ខ្លាំង​ដែរ ដោយសារ​កង្វះ​ដំរី​មេ សម្រាប់​បង្កាត់​ពូជ ក៏ដូចជា មិនទាន់​មាន​អ្នកជំនាញ​ខាង​អភិរក្ស​ដំរី​ច្បាស់លាស់​។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា គួរ​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​បន្ថែមទៀត ដើម្បី​អភិរក្ស​សត្វ​ដំរី ព្រោះ​ដំរី​ត្រូវបាន​ចាត់ទុក​ជា​ប្រភេទ​សត្វបង្គោល​ដ៏សំខាន់​ផ្នែក​វប្បធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្តានុពល​ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅក្នុង​ដែន​ជម្រក​របស់​វា​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​គួរតែ​បង្កើន​ការយកចិត្ត​ទុកដាក់​អភិរក្ស​សត្វ​ដំរី​បន្តទៀត​តាមរយៈ​ការបង្កើត​ប្រភព​ទឹកធំៗ​នៅក្នុង​ព្រៃ និង​ការពារ​អភិរក្ស​ព្រៃឈើ​ឱ្យ​បាន​គង់វង្ស ព្រោះ​ព្រៃឈើ​ជា​ទីជម្រក​ដ៏សំខាន់​របស់​សត្វព្រៃ​មិន​ថា តែ​សត្វ​ដំរី​មួយ​មុខ​ទេ បើ​យើង​អាច​ធ្វើ​បាន​ចំណុច​នេះ គឺ​ចំនួន​សត្វ​ដំរីព្រៃ​នឹង​កើនឡើង​វិញ​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ​»​។

យ៉ាងណាក្ដី​បើ​តាម​លោក នេត្រ ភក្ត្រា រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដោយ​បង្កើត​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​ (CECG) ​ដោយ​មាន​ការចូលរួម​ពី​រដ្ឋបាល​ព្រៃឈើ អង្គការ​សត្វព្រៃ​អន្តរជាតិ​ដើម្បី​ជំរុញ​ឱ្យ​មាន​កំណើន​សត្វ​ដំរី​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ​មន្ត្រី​បាន​រៀបចំ​ផែនការ​សម្រាប់​រយៈពេល​ ១០ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ​ ២០២៩ ដោយបាន​កំណត់​បញ្ហា​អាទិភាព​រួមមាន ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក ការអភិរក្ស និង​តភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ ការពង្រឹង​ការអនុវត្ត​ច្បាប់​បង្ការ​មិនឱ្យ​មាន​ការចាប់​ដំរីព្រៃ​មក​ចិញ្ចឹម ការបន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ និង​មនុស្ស ​និង​អប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក នេត្រ ភក្ត្រា​។

បើតាម​លោក នេត្រ ភក្ត្រា ផ្អែកលើ​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈពេល​ ១០ ​ឆ្នាំ​​ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី​នេះ​ត្រូវការ​ថវិកា​ ៤០,៥ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​​គម្រោង​ថវិកា​នេះ​រំពឹងថា​នឹង​ទទួល​បាន​មកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕

វីដេអូ៖