ឧត្តរមានជ័យៈ លោក​ រិទ្ធី ប៉ាក់ អភិបាលស្រុក​ចុងកាល់​ថ្លែង​ថា តំបន់​គម្រប​ព្រៃឈើ​មួយ​កន្លែង​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ស្នើឱ្យ​ខេត្ត​ឧត្តរមានជ័យ​ចាត់វិធានការ​ទប់ស្កាត់​ការកាប់រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​គឺជា​តំបន់​គ្រប់គ្រង​ជាន់គ្នា​រវាង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តសៀមរាប​។

កាលពី​ថ្ងៃទី ​២៦ ខែ​មេសា រដ្ឋបាល​ខេត្ត​ឧត្តរមានជ័យ​បានចេញ​លិខិត​មួយ​ចាត់​ឱ្យ​រដ្ឋបាល​ស្រុក​ចុងកាល់​ចាត់វិធានការ​ទៅលើ​សកម្មភាព​រំលោភ​ដីព្រៃ​ទំហំ ៤៤២៥ ​ហិកតា​ស្ថិត​នៅក្នុង​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​ដែល​ត្រូវបាន​កាប់​រាន​កាន់កាប់​ស្ទើរ​ទាំងស្រុង​នាពេល​កន្លងមក​។ លិខិត​សរសេរ​ថា​៖ «​បច្ចុប្បន្ន​ (​ដី​ទាំងនេះ​) ​ត្រូវ​បាន​ដាំដុះ​ជា​ចម្ការ​ដំឡូងមី វាលស្រែ ខ្ទម​ចាំ​ស្រែ និង​ចម្ការ និង​មាន​បន្សល់​ព្រៃ​រេចរឹល​ខ្លះ​តាម​ដងអូរ​»​។

លោក រិទ្ធី ប៉ាក់ អភិបាលស្រុក​ចុងកាល់​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៨ ខែមេសា​ ថា ដីព្រៃ​ទាំងនេះ​គឺ​ស្ថិត​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​តែ​នៅលើ​ផែនទី​ប៉ុណ្ណោះ ដោយសារ​កន្លងមក និង​មក​ដល់​ពេល​នេះ​គឺ​បន្ត​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​ខេត្តសៀមរាប​នៅ​ឡើយ​ទេ​។ លោក​បន្តថា កន្លងមក​ខេត្ត​ទាំង​ ២ ​ក៏​ធ្លាប់បាន​ប្រជុំ​ដោះស្រាយ​គ្នា​អំពី​បញ្ហា​ដី​នេះដែរ ប៉ុន្តែ​មិនទាន់​បាន​ដោះស្រាយ​ចេញ​នៅ​ឡើយ​។

លោក​ថា​៖ «​ខ្ញុំ​កំពុង​រៀបចំ​លិខិត​មួយ​តប​ទៅ​រដ្ឋបាលខេត្ត​វិញ​ដោយសារ​តែ​កន្លងមក​ហ្នឹង វា​មាន​បញ្ហា​ស្មុគស្មាញ ព្រោះ​វា​មានតែ​នៅក្នុង​ស្រុក​ចុងកាល់​តែ​នៅក្នុង​ផែនទី​ ប៉ុន្តែ​តាមពិត​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​ទេ​គឺជា​អ្នកគ្រប់គ្រង​តាំងពី​បង្កើត​ខេត្ត​ឧត្តរមានជ័យ​»​។

ខេត្ត​ឧត្តរមានជ័យ​ត្រូវ​បាន​បង្កើត​ចេញពី​ខេត្តសៀមរាប​ចាប់​តាំងពី​ឆ្នាំ​ ១៩៩៥​។ លោក​បន្តថា ដើម្បី​ដោះស្រាយ​ចំពោះ​ការកាប់​រាន​ដីព្រៃ​នេះ​បាន​គឺ​ទាល់តែ​អាជ្ញាធរខេត្ត​ទាំង​ ២ ​ធ្វើ​ការងារ​ជាមួយ​គ្នា ពីព្រោះ​ខាង​រដ្ឋបាល​ស្រុក​ចុងកាល់ មិន​អាច​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការងារ​នេះ​ដោយ​រំលោភ​ដែន​សមត្ថកិច្ច​របស់​ស្រុក​ស្រីស្នំ​បាន​ឡើយ​។

លោក រិទ្ធី ប៉ាក់ បញ្ជាក់​ថា ការដាក់​លិខិត​ត្រឡប់​ទៅ​សាលាខេត្ត​ឧត្តរមានជ័យ​វិញ​នាពេល​ខាងមុខ​គឺ​ដើម្បី​ស្នើសុំ​ឱ្យ​មន្ត្រី​ថ្នាក់​ខេត្ត​ឧត្តរមានជ័យ និង​សៀមរាប​ជួបពិភាក្សា និង​សម្របសម្រួល​គ្នា​ម្ដងទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ដីព្រៃ​នេះ​។

ចំណែក​លោក សូត្រ ស៊ីសុខឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ថា ដី​នេះ​កាលពី​ឆ្នាំ​ ២០០២ តំបន់​នេះ​គឺជា​ដី​គម្រប​ព្រៃឈើ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​បាន​ពលរដ្ឋ​ភាគច្រើន​មកពី​ខេត្តសៀមរាប​ចូល​ទៅ​កាប់​រាន​កាន់កាប់​ដើម្បី​ដាំដំណាំ​។ លោក​បន្តថា ដោយសារ​កន្លងមក​ខាង​ខេត្ត​ឧត្តរមានជ័យ​បាន​ចាត់ទុក​ថា ជា​ដី​គ្រប់គ្រង​ដោយ​ខេត្ត​សៀមរាប​ទើប​អាជ្ញាធរ​នៅ​ខេត្ត​ឧត្តរមានជ័យ​ពុំដែល​បាន​ចុះ​ទៅ​ដល់​ដី​នេះ​ផ្ទាល់​ ឬ​ទប់ស្កាត់​កុំឱ្យ​មាន​ការកាប់​រាន​ដីព្រៃ​ឡើយ​។

លោក​ថា​៖ «​ជាទូទៅ​ប្រសិនបើ​ពលរដ្ឋ​ចូលទៅ​អាស្រ័យ​នៅលើ​ដី​នេះ​ពិតប្រាកដ គឺ​រដ្ឋាភិបាល​តែង​មាន​ការអធ្យាស្រ័យ ដោយ​មិន​បណ្ដេញចេញ​វិញ​ឡើយ និង​ប្រគល់​ដី​ទាំងនោះ​ជូន​ប្រជាជន​នូវ​កម្រិត​ណាមួយ​ដោយ​មិន​ផ្ដល់ឱ្យ​ទាំងស្រុង​ឡើយ​»​។

លោក​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​ដី​នេះ​បាន​គឺ​ដំបូង​ខេត្ត​ទាំង​ ២ ត្រូវ​ញែក​ឱ្យ​ច្បាស់​អំពី​ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវ​គ្រប់គ្រង​រវាង​ខេត្ត​ទាំង​ ២ ហើយ​បន្ទាប់មក​ត្រូវ​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ដែល​ចូលទៅ​ដាំដុះ​លើ​ដី​នេះ​ជាង​ ១០០ ​គ្រួសារ​ថា តើ​មាន​ប៉ុន្មាន​គ្រួសារ​ដែល​កំពុង​អាស្រ័យផល​ជាក់ស្ដែង ដើម្បី​ចៀសវាង​កុំឱ្យ​មាន​អ្នក​ចាំ​យាម​ដី​ឱ្យ​ឈ្មួញ​ក្នុង​បំណង​យក​ដីព្រៃ​ទាំងនោះ​ទៅ​លក់ដូរ​។

លោក​ថា​៖ «​យើង​នឹង​មិន​ឱ្យ​ដី​ទាំងនេះ​យក​ទៅ​លក់​ទេ អ៊ីចឹង​ហើយ​យើង​ត្រូវ​មើល​អត្តសញ្ញាណ និង​គល់បញ្ជី​របស់​ពួកគាត់ បើ​គាត់​មាន​ដី​កន្លែង​ផ្សេង​យើង​អត់ឱ្យ​ទេ បើ​គាត់​អត់​ពិតប្រាកដ អាហ្នឹង​គាត់​មាន​ឱកាស​ទទួល​បាន​ដី​»​។ បើតាម​លោក ស៊ីសុខឃាង ដីព្រៃ​នេះ​គឺ​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ដែល​ពុំ​សូវ​មាន​អ្នក​ចូលទៅ​ដល់​ឡើយ ដោយសារ​ពិបាកធ្វើ​ដំណើរ និង​មាន​ចម្ងាយ​ប្រហែល​ ២០ ​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​។

លោកស្រី​ ណារ៉េន អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​ឧត្តរមានជ័យ បាន​ថ្លែង​ថា ការចាត់វិធានការ​លើ​ការកាប់រាន​ដីព្រៃ​នេះ​គឺ​ហាក់​មិន​ស្មុគ​ស្មាញ​ឡើយ ព្រោះ​មន្ត្រី​ស្រុក​ចុងកាល់​អាច​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​មន្ត្រី​ស្រុក​ស្រីស្នំ​ដោយ​មិនចាំបាច់​ទាល់តែ​ថ្នាក់​ខេត្ត​នោះទេ​។

លោក​ថា​៖ «​មន្ត្រី​តំណាង​ស្រុក​ទាំង​ ២ ​ហ្នឹង​ជួប​គ្នា​ទៅ ពីព្រោះ​ចម្ងាយ​ពី​ស្រុក​ចុងកាល់ និង​ស្រុក​ស្រីស្នំ មិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ទេ​គឺ​មាន​ចម្ងាយ​ដី​ប្រហែល ១០ ​គីឡូម៉ែត្រ​។ អ៊ីចឹង​អាច​ណាត់គ្នា ហើយ​យក​ផែនទី និង​យក GPS កំណត់​អំពី​ទីតាំង​ដី​ទៅ​។ ប៉ុន្តែ​ខ្លាច​តែ​ពួកគាត់​គ្មាន​ឆន្ទៈ​ដោយសារ​តែ​មន្ត្រី​ទាំងអស់​ហ្នឹង​មាន​ផលប្រយោជន៍ អ៊ីចឹង​ហើយ​បាន​ជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ការរុករាន​ព្រៃឈើ​របស់​រដ្ឋ​កាន់តែ​រាលដាល​ថែម​ទៀត​»​។

បើ​តាម​អភិបាលស្រុក​ចុងកាល់ មន្ត្រី​ខេត្ត​ឧត្តរមានជ័យ និង​មន្ត្រី​ខេត្តសៀមរាប​នឹង​អាច​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដីព្រៃ​នេះ នៅពេល​ដែល​ជំងឺ​កូវីដ ​១៩ ​ស្ងប់ស្ងាត់​៕