ភ្នំពេញៈ ប្រតិភូ​កម្ពុជា​បាន​ថ្លែង​ប្រាប់​សហគមន៍​អឺរ៉ុប​ថា បើ​ទោះ​ជា​កម្មវិធី «​ការអនុគ្រោះ​ពន្ធ​លើ​ទំនិញ​ទាំងអស់​លើកលែង​តែ​សព្វាវុធ (EBA)» អាច​នឹង​ត្រូវ​ព្យួរ​ក៏ដោយ ក៏​កម្ពុជា​នឹង​មិន​ផ្លាស់ប្តូរ​ការតាំង​ចិត្ត​របស់​ខ្លួន​ឡើយ​ជា​អ្វី​ដែល​អ្នកវិភាគ​យល់​ថា ការព្យួរ EBA នឹង​រុញច្រាន​ឲ្យ​កម្ពុជា​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​ហើយ​អ្នក​នយោបាយ​កម្ពុជា​ទាំងអស់​គឺជា​អ្នក​ដែល​ត្រូវ​តែ​ទទួល​ការស្តីបន្ទោស ចំពោះ​ការមិន​អាច​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បាន​។

លោក​ លុយ ដាវីត រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​នៅ​វិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​ការសិក្សា​អំពី​អាស៊ី​ហៅ​កាត់​ថា EIAS នៅ​ទីក្រុង​ប្រ៊ុចសែល​ ​កាលពី​ចុង​ខែ​មិថុនា ​លើ​ប្រធានបទ «​តើ​ប្រទេស​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​ណា​?» ​ដោយ​លោក​ថ្លែង​ពន្យល់​អំពី​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​បច្ចុប្បន្ន និង​ការយល់​ខុស​លើ​កម្ពុជា​ចំពោះ​អ្វី​ដែល​លោក​ចាត់ទុក​ថា ដោយសារ​តែ​ការផ្សព្វផ្សាយ​មិន​ពិត​ពី​កម្ពុជា​។

យោង​តាម​សុន្ទរកថា​ របស់​លោក​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​លោក​ ដាវីត ថ្លែង​ថា​របាយការណ៍​ជាច្រើន​អំពី​កម្ពុជា​ ដែល​រៀបចំ​ដោយ​ស្ថាប័ន​ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា និង​មាន​ប្រភព​មូលនិធិ​ប្រហែល​គ្នា​គឺជា​របាយការណ៍ «​ដូច​គ្នា តែ​ខុស​គ្នា​» ដោយ​លោក​ពន្យល់​ថា របាយការណ៍​ទាំង​នេះ​ស្ទើរតែ​ដូច​គ្នា​ទាំង​ស្រុង​ខុស​តែ​គម្រប​របាយការណ៍ និង​ឈ្មោះ​ស្ថាប័ន​។

ក្រោយពី​ពន្យល់​អំពី​ស្ថានការណ៍​របស់​កម្ពុជា​លោក​ លុយ ដាវីត បាន​បញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​ដោយ​លោក​ថ្លែង​ថា​៖ «​ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ការ​-​ដាក់​ទណ្ឌកម្ម​យើង​យល់ឃើញ​ថា ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​នឹង​មិន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ផ្នែក​នយោបាយ​ចំពោះ​សោកនាដកម្ម​របស់​កម្ពុជា​ទេ​។

ការព្យួរ EBA គឺ​ស្មើ​នឹង​ការពិន័យ​ពួកយើង​ដែល​ការពារ​ស្ថាប័ន​របស់​យើង​ប្រឆាំង​នឹង​ការផ្លាស់ប្តូរ​របប​តាម​បែប​មិន​ប្រជាធិបតេយ្យ ហើយ​វា​ក៏​នឹង​មិន​ផ្លាស់ប្តូរ​ការតាំងចិត្ត​របស់​យើង​បាន​ដែរ​។ ផ្ទុយ​ទៅ​វិញ​វា​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​ក្រីក្រ និង​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ដំណើរ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​យើង​ឆ្ពោះ​ទៅ​រក​ «​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​ទោះបី​ជា​មាន​សម្ពាធ​ពី​ខាង​ក្រៅ​ច្រើន​ក៏ដោយ ខ្ញុំ​អាច​ធានា​ជូន​អស់​លោក-លោកស្រី​ថា គ្មាន​នរណា​ម្នាក់​អាច​មាន​មន្ទិល​សង្ស័យ​ចំពោះ​ឆន្ទៈ​របស់​យើង​ក្នុង​ការពង្រឹង​ប្រជាធិបតេយ្យ​ប្រកប​ដោយ​សន្តិភាព និង​ការលើក​ស្ទួយ​វិបុលភាព​របស់​ប្រជាជន​កម្ពុជា​ឡើយ​»​។

លោក ដាវីត ក៏​បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​កម្ពុជា​​ប្តេជ្ញា​ធ្វើឲ្យ​ការបោះឆ្នោត​នៅ​ថ្ងៃទី​ ២៩ កក្កដា ខាង​មុខ​នេះ​ជា​ជ័យជម្នះ​ផ្នែក​ប្រជាធិបតេយ្យ​ហើយ​ថា កម្ពុជា​នឹង​មាន​អនាគត​ភ្លឺស្វាង​ក្នុង​នាម​ «​និមិត្តរូប​ប្រជាធិបតេយ្យ​» ​ក្នុង​តំបន់​។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​នៅ​វិទ្យាស្ថាន Yusof Ishak ផ្នែក​ការសិក្សា​អំពី​អាស៊ីអាគ្នេយ៍​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការសម្រេច​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ត្រូវ​តែ​ផ្អែក​លើ​ភាពជាក់ស្តែង ថា​តើ​វា​នឹង​មាន​ឥទ្ធិពល ឬ​ធ្វើឲ្យ​មាន​ភាពប្រសើរ​ឡើង​អ្វី​ខ្លះ​ទៅ​លើ​បរិយាកាស​នយោបាយ និង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ការដាក់​ទណ្ឌកម្ម​នឹង​រុញច្រាន​កម្ពុជា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ចិន​។ ទណ្ឌកម្ម​នឹង​មិន​ប៉ះពាល់​ដល់​ជំហរ​របស់​អ្នក​ដែល​កាន់អំណាច​ទេ​។ ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​រង​ផលប៉ះពាល់ ហើយ​អ្នក​នយោបាយ​កម្ពុជា​ទាំងអស់ គឺជា​អ្នក​ដែល​ត្រូវ​តែ​ទទួល​ការស្តី​បន្ទោស​ចំពោះ​ការដែល​មិន​អាច​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បាន​»​។

ស្រដៀង​គ្នា​នេះ​លោក​ បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​ថា ការប្រកាស​ជំហរ​របស់​កម្ពុជា​នៅ​ដំណាក់កាល​នេះ​បង្ហាញ​ពី​បរាជ័យ​របស់​កម្ពុជា​ហើយ​ថា «​ដោយ​មាន​ការគាំទ្រ​យ៉ាង​រឹងមាំ​ពី​ចិន​លោក​នាយក​រដ្ឋមន្ត្រី​របស់​យើង​នឹង​មិន​ងាករេ​ទេ​»​។

លោក​ ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​បដិសេធ​ធ្វើ​អធិប្បាយ បន្ទាប់ពី​កិច្ចប្រជុំ​ចុងក្រោយ​ជាមួយ​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​ក្រសួង​ការបរទេស​កាលពី​ម្សិលមិញ​៕