ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​លើកឡើង​ថា​ បំណង​របស់​នាយករដ្ឋមន្ត្រី​​កម្ពុជា​ចង់​ឱ្យ​វ៉ាក់សាំង​ដែល​ផ្តល់​​ដោយ​ចិន​មក​ដល់​កម្ពុជា ​មុន​ចូលឆ្នាំ​ចិន ខណៈ​ពលករ​ខ្មែរ​មកពី​ថៃ​ ៤ ​នាក់​ទៀត​ និង​ពី​អាមេរិក​​ម្នាក់​ទើប​រកឃើញ​មាន​កូវីដ​១៩​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បានលើក​ឡើង​ពីថ្ងៃ​ទី​ ២០ មករា​ថា ទាក់ទង​នឹង​វ៉ាក់សាំង​ការពារ​កូវីដ​១៩ ដែល​​ផ្ដល់​ដោយ​ប្រទេស​ចិន​គឺ​លោក​​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ចង់​ឱ្យ​មកដល់​កម្ពុជា​នៅ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិន​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​អ្វី​ដែលជា​ជំហរ និង​ជា​ក្តីប្រាថ្នា​ហើយ​ក៏​ដូចជា​ប្រកាស​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​យើង លោក​ចង់​បានឱ្យ​វ៉ាក់សាំង​នេះ​មកដល់​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ចិន​គឺអាច​នឹង​ក្នុង​សប្តាហ៍​ទី​ ២ ​នៃ​ខែកុម្ភៈ​។ ​ដូចនេះ​យើង​នឹង​ពិនិត្យ​លទ្ធភាព​ប្រសិនបើ​អ្វីៗ​អាច​ដំណើរការ​ទៅដោយ​រលូន​ដោយ​មិនមាន​បញ្ហា​អ្វី​ផ្សេងៗ​ទៀត នោះ​យើង​រំពឹងថា​យើង​នឹង​អាច​ទទួលបាន​»​។

យ៉ាងណាក្ដី លោកស្រី​ ឱ វណ្ណឌីន បាន​ថ្លែងថា ប្រសិន​បើ​កម្ពុជា​មិនទាន់​អាច​ទទួលបាន​នៅពេល​នោះ​ទេ ក៏​រំពឹងថា​នៅ​ខែ​មីនា ខាងមុខ​អាច​នឹង​ទទួល​បាន​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​និយាយ​ឱ្យ​ខ្លី​ទៅ​វ៉ាក់សាំង​នេះ​នឹង​មក ប៉ុន្តែ​ឱ្យដឹង​ថ្ងៃ​ពិតប្រាកដ​នោះ គឺ​យើង​មិន​ដឹង​ទេ គ្រាន់តែ​ជា​ពេលវេលា​មួយ​ដែលជា​ការចង់បាន​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​ហើយក៏​ជា​ការ​គិតគូរ​មួយទៀត​ដែល​យើង​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​បន្ថែម​ហើយក៏​ជាការ​ត្រៀមលក្ខណៈ​រួច​​ជាស្រេច​របស់​យើង​ដែរ​»​។

ជុំវិញ​ប្រសិទ្ធភាព​វ៉ាក់សាំង​​វិញ លោកស្រី​ ឱ វណ្ណឌីន បាន​ពន្យល់ថា នៅពេល​ចាក់​វ៉ាក់សាំង​ចូល​ទៅក្នុង​សរីរាង្គ​គឺ​វា​បាន​ជួយ​ឱ្យ​វាយបក​ចំពោះ​ការវាយលុក​របស់​វីរុស​កូវីដ​១៩ នៅពេល​វីរុស​ចូលមកក្នុង​សរីរាង្គ​។

លោកស្រី​ថា​៖ «​វ៉ាក់សាំង​កូវីដ-១៩​នេះ​នៅពេល​ដែល​យើង​ចាក់​​ចូលទៅក្នុង​សរីរាង្គ​របស់​យើង គឺ​សរីរាង្គ​របស់​យើង​នឹង​បង្កើតបាន​នូវ​កងការពារ​សម្រាប់​វាយ​តទល់​ជាមួយ​វីរុស​កូវីដ​១៩​។

នេះ​ជា​ចំណុច​សំខាន់​ណាស់​»​។ ​លោកស្រី​បាន​បន្តថា ការប្រើប្រាស់​វ៉ាក់សាំង​កូវីដ​១៩​គឺ​ដើម្បី​ជួយ​កុំឱ្យ​សរីរាង្គ​មាន​ការវិវត្ត​ទៅរក​សភាព​ធ្ងន់ធ្ងរ​ដែល​អាចឱ្យ​គ្រប់គ្នា​អាច​ប្រកប​របរ​រកស៊ី​បាន​ជា​ធម្មតា​ដោយ​មិនមាន​បារម្ភ ប៉ុន្តែ​មិនមែន​មានន័យថា ឈប់​ការពារ​ពី​វីរុស​កូវីដ​១៩​នោះទេ​។

កាលពី​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា មាន​ពលករ​ខ្មែរ​មកពី​ថៃ​ ៤ ​នាក់​ត្រូវ​​បាន​រកឃើញ​មាន​វិជ្ជមាន​កូវីដ​-១៩​និង​អ្នកដំណើរ​ម្នាក់ទៀត​មកពី​អាមេរិក​ត្រូវ​បាន​រកឃើញ​វិជ្ជមាន​ពី​ថ្ងៃ​ ២០ មករា​។ ទន្ទឹម​នឹង​នេះ ពលករ​ខ្មែរ​មកពី​ថៃ​ ៤ ​នាក់​បាន​ព្យាបាល​ជា បន្ទាប់ពី​ធ្វើ​តេស្ត​​អវិជ្ជមាន​កូវីដ​១៩​ចំនួន​ ២ ​ដង​។

គិត​ត្រឹម​ថ្ងៃទី​ ២១ ខែមករា ឆ្នាំនេះ កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ចំនួន​ ៤៥៣ ​នាក់ ក្នុង​នោះ​​អ្នកជា​សះស្បើយ​មាន​ ៣៩៦ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៥៧ ​នាក់​៕