
សកម្មភាពមន្ត្រីជំនាញពេលយកគ្រាប់ពីនាវាចម្បាំងដែលលិចមកលើគោក ថ្មីៗនេះ ។ រូបថត សហការី
ភ្នំពេញៈ មន្ត្រីជំនាញបានប៉ាន់ប្រមាណថា នាវាចម្បាំងសល់សម័យសង្គ្រាមដែលលិចនៅក្នុងទន្លេ នៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្រើប្រាស់ដោយទាហានជំនាន់ លន់ នល់ ត្រូវបានផលិតដោយប្រទេសបារាំង ហើយបានដឹកគ្រាប់ចេញពីកំពង់ផែនៅក្នុង ទីក្រុងហូជីមិញ យកមកផ្គត់ផ្គង់នៅក្នុងមូលដ្ឋានទ័ពក្នុងខេត្តកំពង់ចាម។
លោក ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីថ្ងៃទី ២៧ មករាថា នាវាចម្បាំងនេះមានទំហំធំដែលមានបណ្តោយប្រវែង ៤៥ ម៉ែត្រ និងទទឹង ប្រមាណ ៨ ម៉ែត្រជាប្រភេទនាវាចាស់សល់ពីបារាំង និងផលិតដោយបារាំងដែលអាចផ្ទុកសម្ភារសឹកបានជាច្រើនតោន។
លោកថ្លែងថា៖ «តាមការប៉ាន់ស្មាននាវាចម្បាំងនេះជារបស់ប្រទេសបារាំង ដែលបានដឹកគ្រាប់យុទ្ធភណ្ឌមកពីទីក្រុងហូជីមិញប្រទេសវៀតណាម ព្រោះកាលពីសម័យសង្គ្រាម មូលដ្ឋានទ័ពធំរបស់អាមេរិក គឺនៅក្នុងទីក្រុងហូជីមិញ ហើយបានដឹកគ្រាប់យកមកគាំទ្រប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា»។
លោក ម៉ី សុភា បានរៀបរាប់ទៀតថា នៅក្នុងសង្គ្រាមឆ្នាំ ១៩៧០-១៩៧៥ គេយកនាវាចម្បាំងនេះប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រាប់សម្ភារសឹកផ្សេងៗ ដោយបានឃើញស្លាកឈ្មោះជាភាសាបារាំងថា Marine National Khmer ហើយជាទូទៅប្រភេទនាវាធំបែបនេះអាចនឹងមានកងការពារ និងនាវឹកប្រមាណ ៣០ នាក់។ ប៉ុន្តែក្នុងអំឡុងពេលនៃការផ្ទុះនាវានេះ គេនៅមិនទាន់ដឹងថា មានអ្នកស្លាប់ប៉ុន្មាន និងនៅរស់ប៉ុន្មាននោះទេដោយរង់ចាំពេលលើកយកមកដល់លើគោកសិន។
ចាប់តាំងពីពេលចាប់ផ្តើមនៃការរុករក និងយកគ្រាប់ចេញពីនាវានេះរហូតមកទល់ពេលនេះ ក្រុមប្រតិបត្តិករបានយកគ្រាប់បានប្រមាណជាង ៦ តោន ខណៈបច្ចុប្បន្ននេះប្រតិបត្តិករនៅតែបន្តការរុករកគ្រាប់រាល់ថ្ងៃរហូតដល់បញ្ចប់ផែនការ។ បើតាមការប៉ាន់ស្មានពីមន្ត្រីជំនាញគ្រាប់ដែលនៅក្នុងនាវាចម្បាំងនេះមានចន្លោះពី ៥០ ទៅ ១០០ តោន។
បើតាមលោក ម៉ី សុភា តាមផែនការនៃការយកគ្រាប់ និងលើកនាវាចម្បាំងនេះចេញពីទឹក ទន្លេនឹងត្រូវបញ្ចប់នៅក្នុងខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ប៉ុន្តែក៏នៅរង់ចាំមើលស្ថានភាពជាក់ស្តែង។ វាអាចនឹងមានការប្រែប្រួលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការរុករកគ្រាប់នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាមដោយមានសមាសភាពចំនួន ១៧ រូបដែលមានលោក នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិជាប្រធាន។
ក្រុមមន្ត្រីជំនាញបានសិក្សាស្រាវជ្រាវរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចនេះនៅលើវិសាលភាពនៃផ្ទៃទន្លេបណ្តោយ ១ ៥០០ ម៉ែត្រ និងទទឹង ១ ០០០ ម៉ែត្រ (១៥០ ហិកតា) និងបានបែងចែកជា ៣ តំបន់រួមមាន តំបន់ហានិភ័យខ្ពស់ ទំហំ ២០០ ម៉ែត្រគុណ ២០០ ម៉ែត្រ,ចំណុចនាវាលិចតំបន់មានហានិភ័យមធ្យមទំហំ ៥០០ ម៉ែត្រគុណ ១ ០០០ ម៉ែត្រ និងតំបន់នៅសល់មានហានិភ័យទាប៕