
ការជួបជុំទិវាសិទ្ធិមនុស្សអន្តរជាតិពីម្សិលមិញ។ រូបថត អង្គការ CENTRAL
ភ្នំពេញៈ មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានអះអាងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ បើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ក៏ប៉ុន្តែសង្គមស៊ីវិលលើកឡើងថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០២០ មានការធ្លាក់ចុះ ដោយសំអាងថាមានការរឹតត្បិតសេរីភាពជាមូលដ្ឋាន។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានកត់សម្គាល់កាលពីម្សិលមិញថា ស្ថានភាពសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក៏ដូចជា ក្នុងសកលលោកនៅតែមានបញ្ហាជាច្រើនទាំងសង្គ្រាម ជម្លោះផ្ទៃក្នុង និងគ្រោះមហន្តរាយ ខណៈកម្ពុជាមានសុខសន្តិភាព សេរីភាពពេញលេញសម្រាប់ពលរដ្ឋ។
លោក រ៉េមី ថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា សង្គ្រាមនៅតែបន្តមាន ជម្លោះប្រដាប់អាវុធ ជម្លោះផ្ទៃក្នុងនៅតែបន្តកើតឡើង មានគ្រោះមហន្តរាយ ទឹកជំនន់ បាក់ដី និងជំងឺរាតត្បាតផ្សេងៗ ជម្លោះសាសនា ក៏បានកើនឡើង ការរើសអើងពូជសាសន៍ពណ៌សម្បុរនៅតែបន្តមានខុសពីកម្ពុជាដែលមានលក្ខណៈល្អប្រសើរជាង»។
បើតាមលោក រ៉េមី បញ្ហាសង្គ្រាមគឺធ្វើឱ្យបាត់បង់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋទូទាំងសកលលោក ពិសេសប្រទេសដែលរងផលប៉ះពាល់ផ្ទាល់។ ឧទាហរណ៍ដូចប្រទេសយេម៉ែន ដែលមានកុមាររហូតដល់ជាង ២ លាននាក់ប្រឈមនឹងកង្វះជាតិអាហារ ខណៈកម្ពុជាមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។
ចំណែកបញ្ហាជំងឺកូវីដ ១៩ ក៏ដូចជាបញ្ហាគ្រោះមហន្តរាយទឹកជំនន់ រាជរដ្ឋាភិបាលជាមួយកាកបាទក្រហម យុវជន និងកងយោធពលខេមរភូមិន្ទ ក្រុមមនុស្សធម៌ ថ្នាក់ដឹកនាំទាំងអស់មូលកម្លាំងគ្នាជួយសង្គ្រោះប្រជាជនទាន់ពេលវេលា។
លោក រ៉េមី បានបញ្ជាក់ថា៖ «នេះជាចំណុចសំខាន់មួយដែលរដ្ឋាភិបាលកម្ពុជាលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត ហើយក្រៅពីនេះរាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកាផ្តល់ជំនួយសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ពីកូវីដ ១៩ គឺក្រ ១ ក្រ ២ ក្នុងទំហំទឹកប្រាក់ ២៥ លានដុល្លាជារៀងរាល់ខែ»។
លោក រ៉េមី បានបន្ថែមថា ច្បាប់ប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដែលរដ្ឋធម្មនុញ្ញបានបង្ហាញថា គ្មានទោសប្រហារជីវិត ជំពូកទី ៣ នៃរដ្ឋធម្មនុញ្ញនិយាយពីបញ្ហាសិទ្ធិមនុស្សស្ទើរទាំងអស់។ ក្រៅពីនោះកម្ពុជាមានឆន្ទៈបន្តវត្តមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិជារៀងរាល់ ២ ឆ្នាំម្តង និងមានអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។
ក៏ប៉ុន្តែសម្រាប់លោក អំ សំអាត នាយករងអង្គការលីកាដូបានថ្លែងពីម្សិលមិញថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំនេះមានការវិវឌ្ឍថយក្រោយបើប្រៀបធៀបនឹងឆ្នាំមុន។ ថ្វីបើបញ្ហាកូវីដ១៩ជាបញ្ហាសកលដែលរដ្ឋាភិបាល និងពលរដ្ឋត្រូវតែចូលរួមដើម្បីទប់ស្កាត់ និងអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកក្ដី ប៉ុន្តែបញ្ហាសិទ្ធិមនុស្សគឺមិនអាចរឹតត្បិតទាំងស្រុងទេ។
លោក សំអាត ថ្លែងថា៖ «បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាចាប់ពីដើមឆ្នាំ ២០២០ មក សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋត្រូវបានរឹតត្បិត ដូចជាសិទ្ធិជួបជុំ និងប្រមូលផ្តុំដោយសន្តិវិធី តែងមានការបង្ក្រាប និងចាប់ខ្លួន សេរីភាពក្នុងការបញ្ចេញមតិស្ថិតក្នុងភាពកម្រិតមួយ ហើយសេរីភាពនៃអង្គការ សមាគម ឬក៏សហជីព ក៏មានភាពរឹតត្បិតសកម្មភាពដែរ» ។
ស្រដៀងគ្នានេះដែរលោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងពីម្សិលមិញដែរថា កម្ពុជានៅមានការរឹតបន្ដឹងសិទ្ធិសេរីភាពបញ្ចេញមតិ និងតែងកើតមានហិង្សាក៏ដូចជាការចាប់ខ្លួនអ្នកតវ៉ាជាដើម។
លោកថា៖ «យើងឃើញថាការបញ្ចេញមតិផ្សេងៗតាមអនឡាញ បណ្តាញសង្គមអីផ្សេងៗហ្នឹងត្រូវមានចំណាត់ការ ចំណែកសិទ្ធិនយោបាយវិញ សកម្មជននយោបាយនានាត្រូវបានធ្វើទុក្ខបុកម្នេញដោយការប្រើហិង្សាជាច្រើនករណី»។
បើតាមលោក សែនករុណា ក្រៅពីនោះក៏មានការចោទប្រកាន់ ការចាប់ខ្លួន ឃុំខ្លួនជាបន្តបន្ទាប់លើសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព ឬយុវជនជាដើម។
ដោយឡែកអតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកពីម្សិលមិញថា កម្ពុជាអាចមានសន្តិភាព និងការបង្រួបបង្រួមជាតិពិតប្រាកដបាន លុះត្រាតែពលរដ្ឋខ្មែរគ្រប់រូបទទួលបាននូវការគោរពសិទ្ធិរបស់ពួកគាត់។
លោក សុខា ថ្លែងថា៖ «ដើម្បីធានាឱ្យមនុស្សគ្រប់រូបក្នុងសង្គមមួយទទួលបាននូវផលប្រយោជន៍ និងសិទ្ធិមូលដ្ឋាន ពួកគេត្រូវការជាចាំបាច់ឱ្យមានការធានា និងគោរពនូវ «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
ទោះជាយ៉ាងណានៅក្នុងថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ ឆ្នាំ ២០២០ មានអង្គការសង្គមស៊ីវិលមួយចំនួនបានជួបជជែកគ្នាពីបញ្ហាសិទ្ធិនៅស្នាក់ការអង្គការសង់ត្រាល់ បន្ទាប់មកក៏មានអង្គការសង្គមស៊ីវិលចំនួន ៦៧ បានចេញសេចក្តីថ្លែងការណ៍រួមដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងរដ្ឋធម្មនុញ្ញនៃកម្ពុជា។
ជាមួយនោះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការកំណត់មុខសញ្ញាលើសកម្មជន អ្នកការពារសិទ្ធមនុស្ស អ្នកសារព័ត៌មាន អ្នកគាំទ្រគណបក្សជំទាស់ និងសំឡេងរិះគន់ដទៃទៀត ដែលប្រការនេះបានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែអាប់អួខ្លាំងឡើង៕