
អាជ្ញាធរទៅប្រាប់ប្រជាសហគមន៍ និងសង្គមស៊ីវិលមិនឲ្យចូលព្រៃបំបួសដើមឈើ។ រូបថត សហការី
ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា សហគមន៍ព្រៃឡង់បានធ្វើសកម្មភាពបំពានច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានចុះរារាំងសហគមន៍មិនឱ្យធ្វើដំណើរចូលទៅក្នុងតំបន់ព្រៃឡង់ ដើម្បីប្រារព្ធកម្មវិធីបុណ្យបំបួសដើមឈើ។
បណ្ដាញសហគមន៍ព្រៃឡង់គ្រោងរៀបចំប្រារព្ធពិធីបុណ្យបំបួសដើមឈើក្នុងតំបន់ព្រៃឡង់រយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ ប៉ុន្តែត្រូវបានអាក់ខាន ដោយសារកម្លាំងសមត្ថកិច្ច និងមន្ត្រីក្រសួងបរិស្ថានចុះរារាំង។ ក្រុមអ្នកចូលរួមដែលមានយុវជន និងព្រះសង្ឃដែលធ្វើដំណើរតាមរថយន្តក្រុងមកពីរាជធានីភ្នំពេញ និងខេត្តទាំង ៤ បានត្រឡប់មកលំនៅឋានរៀងៗខ្លួនវិញនៅថ្ងៃម្សិលមិញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានកាលពីថ្ងៃទី ២២ ខែកុម្ភៈបានសរសេរបញ្ជាក់តាមប្រព័ន្ធតេឡេក្រាមដោយបានហៅបណ្ដាញសហគមន៍ព្រៃឡង់ទាំង ៤ ខេត្តរួមមានខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារថា ជាក្រុមមិនស្របច្បាប់ និងបង្ហាញពីការសោកស្ដាយដែលសហគមន៍ទាំងនេះបានប្រព្រឹត្តខុសច្បាប់ម្ដងហើយម្ដងទៀត។
លោកចាត់ទុកការព្យាយាមរៀបចំបំបួសដើមឈើរបស់សហគមន៍ព្រៃឡង់រួមសហការជាមួយអង្គការសង្គមស៊ីវិលមួយចំនួនថា ជាទង្វើបំពានច្បាប់ជាគំរូមិនល្អ និងជាការបង្កជម្លោះជាមួយច្បាប់ក្រោមលេសសិទ្ធិសេរីភាព «ដាច់បង្ហៀរ»។
លោកថា៖ «តំបន់ដែលបណ្តាញសហគមន៍ព្រៃឡង់មានបំណងចូលទៅនោះជាតំបន់ដែលត្រូវអភិរក្ស និងការពារជាពិសេសកុំឱ្យប៉ះពាល់ដល់សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នោះ។ មន្ត្រីឧទ្យានុក្សនៃក្រសួងបរិស្ថានបាននិងកំពុងបំពេញបេសកកម្មរបស់ខ្លួនការពារព្រៃឈើ សត្វព្រៃក្នុងតំបន់ព្រៃឡង់ទាំងយប់ទាំងថ្ងៃ ចុះដើរល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមានក្នុងតំបន់អភិរក្សក៏ដូចជាដើរដោះអន្ទាក់ដែលជនល្មើសបានលបលួចដាក់ចាប់សត្វព្រៃខុសច្បាប់ផងដែរ»។
លោក ភក្ត្រា បានស្នើអង្គការមួយចំនួនដូចជាអង្គការសមធម៌កម្ពុជា ជាពិសេសអង្គការស្ពានសន្តិភាព និងអង្គការដាន់មិសិន (Danmission) ដែលមិនមានដែនសមត្ថកិច្ច និងមិនបានចុះអនុស្សរណៈជាមួយក្រសួងបរិស្ថាន គួរបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួននៅក្នុងតំបន់អភិរក្ស និងនៅពីក្រោយបណ្តាញព្រៃឡង់ធ្វើសកម្មភាពខុសច្បាប់តទៅទៀត។ «ប្រសិនបើអង្គការទាំងនេះចង់សហការ និងចូលរួមការងារអភិរក្សជាមួយក្រសួងបរិស្ថានស្វាគមន៍ ហើយគួរស្នើសុំជាផ្លូវការតាមនីតិវិធីច្បាប់ជាជាងការធ្វើការដោយលួចលាក់ខុសច្បាប់លើសដែនសមត្ថកិច្ចរបស់ខ្លួនដែលបង្កើតឱ្យមានការសង្ស័យពីភាពមិនស្មោះត្រង់ក្នុងការអនុវត្តកិច្ចការរបស់ខ្លួន»។
លោក នេត្រ ភក្ត្រា បន្តថា បណ្តាញសហគមន៍ព្រៃឡង់តែងព្យាយាមធ្វើសកម្មភាពក្រៅច្បាប់ និងធ្វើខ្លួនឱ្យឃ្លាតឆ្ងាយពីសមូហភាពនៃការដឹកនាំគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិជាមួយស្ថាប័នពាក់ព័ន្ធ។ លោកបញ្ជាក់ថាកាលពីថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រសួងបរិស្ថានរួមនឹងសហគមន៍តំបន់ការពារធម្មជាតិទូទាំងប្រទេស អាជ្ញាធរខេត្តនៃតំបន់ព្រៃឡង់បានរៀបចំកម្មវិធីបោះតង់ និងបំបួសដើមឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដោយមានអ្នកចូលរួមជាង ៥០០ នាក់ ប៉ុន្តែអង្គការទាំងនេះបែរជាបង្កើតកម្មវិធីដោយឡែកមួយផ្សេងដោយបំពានច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
យ៉ាងណាក្តីបើតាមសេចក្ដីប្រកាសព័ត៌មានរបស់បណ្ដាញសហគមន៍ព្រៃឡង់បញ្ជាក់ថា ការប្រារព្ធពិធីបុណ្យបំបួសដើមឈើគឺមានបំណងធ្វើពិធីរំឭកគុណព្រៃឈើ និងបួងសួងឱ្យព្រៃឡង់នៅគង់វង្ស ផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងទៅដល់សាធារណជនថា ព្រៃឡង់ត្រូវរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃ និងការពង្រឹងកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ និងជីវចម្រុះក្នុងតំបន់ព្រៃនេះ។
លោក ស្រី ថី បណ្ដាញសហគមន៍ព្រៃឡង់នៅខេត្តព្រះវិហារបានលើកឡើងថា បុណ្យបំបួសដើមឈើក្នុងតំបន់ព្រៃឡង់ត្រូវបានធ្វើឡើងរយៈពេល ៣ ឆ្នាំមកហើយដោយគ្មានការរារាំងនោះទេហើយកន្លងមកក៏អាជ្ញាធរដែនដីរួមទាំងមន្ត្រីក្រសួងបរិស្ថានបានចូលរួមដែរ។
លោកបន្តថា ការប្រារព្ធលើកទី ៤ ក្នុង ឆ្នាំ ២០២០ នេះគឺខាងសហគមន៍ បានដាក់លិខិតជូនដំណឹងទៅកាន់ស្ថាប័នពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាខេត្តទាំង ៤ រួមទាំងក្រសួងបរិស្ថានតាំងពី ១ ខែមុន។ លោកបន្ថែមថា សហគមន៍ព្រៃឡង់គឺជាក្រុមប្រជាពលរដ្ឋស្ម័គ្រចិត្ត និងអនុវត្តទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ការពារព្រៃឈើកុំឱ្យបាត់បង់។
លោកថា៖ «យោងតាមឯកសារពាក់ព័ន្ធ និងច្បាប់រដ្ឋធម្មនុញ្ញក៏បាននិយាយដែរថា ប្រជាពលរដ្ឋទាំង ២ ភេទត្រូវចូលរួមការពារសម្បត្តិធម្មជាតិទាំងអស់គ្នាមិនមែនរបស់ក្រសួងបរិស្ថាន ឬរបស់អ្នកណាម្នាក់ទេ ហើយយើងត្រូវការពារទាំងអស់គ្នាបានវា (ព្រៃ) នៅ ហើយគាត់ថាខុសច្បាប់ ខ្ញុំអត់យល់តើវាខុសច្បាប់រឿងអី?»។
លោកបញ្ជាក់ថា កន្លងមកអ្នកចូលរួមពិធីបុណ្យបំបួសដើមឈើនៅព្រៃឡង់ គឺមានចំនួនប្រហែល ៤០០ នាក់។
លោកស្រី ថី បន្ថែមថា សហគមន៍ព្រៃឡង់មកពីខេត្តព្រះវិហារដែលបានធ្វើដំណើរទៅចូលរួមដែលត្រូវបានអាជ្ញាធររារាំង គឺមានចំនួនជាង ១០០ នាក់ហើយលោកក៏បានអញ្ជើញអង្គការមួយចំនួនរួមទាំងអង្គការលីកាដូជាដើម ប៉ុន្តែក្រុមមន្ត្រីអង្គការលីកាដូក៏ត្រូវអាជ្ញាធររារាំងនៅកណ្ដាលផ្លូវមិនឱ្យចូលទៅកាន់កន្លែងរៀបចំពិធីបុណ្យបំបួសដើមឈើនេះដែរ។
អង្គការលីកាដូបានចេញសេចក្ដីថ្លែងការណ៍ ១ នៅថ្ងៃទី ២១ កុម្ភៈ បញ្ជាក់ថា អាជ្ញាធរមកពីក្រសួងបរិស្ថាន និងមន្ត្រីមូលដ្ឋានដែលមួយចំនួនប្រដាប់ដោយកាំភ្លើងបានប្រាប់ទៅក្រុមសហគមន៍ទាំង ៤ ខេត្តថា ចាំបាច់តម្រូវឱ្យមានការអនុញ្ញាតពី «ថ្នាក់លើ» ទើបអាចចូលទៅកាន់ព្រៃឡង់បាន និងបានទាមទារឱ្យអ្នកចូលរួមទាំងនេះមាន «លិខិតអនុញ្ញាតជាផ្លូវការ»។ អង្គការលីកាដូបញ្ជាក់ថា ការចូលរួមការពារធនធានធម្មជាតិគឺមិនមានតម្រូវក្នុងច្បាប់ណាមួយឲ្យសុំការអនុញ្ញាតនោះទេ។
សហគមន៍ព្រៃឡង់ត្រូវក្រសួងបរិស្ថានឈប់អនុញ្ញាតឱ្យចូលដើរល្បាតនៅក្នុងព្រៃ បន្ទាប់ពីសហគមន៍នេះកាលពីថ្ងៃទី ៣ ខែកុម្ភៈ បានចេញផ្សាយរបាយការណ៍មួយ ដោយបានអះអាងថាចាប់ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០១៨ ព្រៃឈើជាង ៤ ម៉ឺនហិកតា ឬស្មើជិត ១០ ភាគរយ នៃតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ដែលមានទំហំសរុបជាង ៤ សែនហិកតាត្រូវបាត់បង់។ ប៉ុន្តែរបាយការណ៍នេះត្រូវបានលោក នេត្រ ភក្ត្រា ចាត់ទុកថា បានប្រើប្រាស់ទិន្នន័យព័ត៌មានមិនពិត និងគ្មានការទទួលស្គាល់៕