ព្រះវិហារៈ មាន​សំណុំរឿង​ និង​ជនល្មើស​ពាក់ព័ន្ធ​នឹង​ការរុករាន​ដីព្រៃ​ការបរបាញ់​សត្វ និង​កាប់ឈើ​ខុសច្បាប់​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំពក-​ភ្នំត្នោត​ នៅ​ខេត្តព្រះវិហារ​ចំនួន​ ២២ ​ករណី​ ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​នៅក្នុង​ឆ្នាំ​ ២០២០ និង​ ២ ​ករណី​ទៀត​នៅ​ដើមឆ្នាំ​ ២០២១ ដែល​ចំនួន​នេះ​មាន​ការថយចុះ​ប្រមាណ​ ៥០% ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

នេះ​បើតាម​លោក មាស ញឹម អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ទទួលបន្ទុក​តំបន់​ការពារ​ដែល​បានឱ្យ​ដឹង​ពីថ្ងៃ​ទី​ ៣១ ​ខែមករា​។ លោក​ថា កម្លាំង​របស់លោក​បាន​ទប់ស្កាត់​ និង​បង្ក្រាប​ជនល្មើស​ដែល​បាន​កាប់​ទន្ទ្រាន​រាន​ដីធ្លី​ការកាប់​ឈើ​ធ្វើ​អាជីវកម្ម​ និង​បរបាញ់​សត្វព្រៃ​ខុសច្បាប់​នៅក្នុង​ភ្នំត្នោត​-​ភ្នំពក​នេះ​ និង​បាន​កសាង​សំណុំរឿង​ទៅ​តុលាការខេត្ត ហើយ​ត្រូវបាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​ចំនួន​ ១០ ​ករណី​។

លោក​បន្តថា​នៅសល់​ប្រមាណ​ ១២ ​ករណី​ទៀត​ តុលាការខេត្ត​បាននិង​កំពុង​បន្ត​នីតិវិធី​តាម​សំណុំរឿង​នីមួយៗ​។ ក្រៅពីនេះ​ក៏មាន​ករណី​មន្ត្រី​ឧទ្យានុរក្ស​ចាប់​យក​មក​អប់រំ​ធ្វើលិខិត​ព្រមាន​ និង​ការដក​វត្ថុតាង​យកមក​រក្សាទុក​ដើម្បី​ឱ្យ​រាងចាល​ផងដែរ​។

សម្រាប់​ដើមឆ្នាំ​ ២០២១ ​នេះ​គឺមាន​សំណុំរឿង​ ២ ​ករណី​ទៀត​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ចន្ទ​។

លោក​ មាស ​ញឹម បញ្ជាក់​ទៀត​ថា តាមរយៈ​ការចាប់​ដាក់​ពន្ធនាគារ​តាមច្បាប់ ការផាកពិន័យ​ និង​ប្រាប់​ពួកគាត់​ពី​ទោសទណ្ឌ​ និង​អប់រំ​ណែនាំ​បាន​ធ្វើឱ្យ​បទល្មើស​ក្នុង​ដែន​ជម្រក​ភ្នំត្នោត-​ភ្នំពក​នេះ​មាន​ការថយចុះ​ប្រមាណ​ ៥០ ​ភាគរយ​។

បើតាម​លោក មាស ញឹម ផែនការ​បន្ទាប់​ទៀត​គឺ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពុង​សហការ​ជាមួយ USAID ​រៀបចំ​កំណត់​ព្រំប្រទល់​ដែនជម្រក​សត្វព្រៃ​ភ្នំត្នោត​-​ភ្នំ​ពក​នេះ ព្រោះ​កន្លងមក​មាន​ពលរដ្ឋ​មិនបាន​ដឹង​ពី​តំបន់​ណា​ជា​តំបន់​អភិរក្ស និង​តំបន់​ណា​ដែល​ពួកគាត់​មាន​សិទ្ធិ​ក្នុង​ការប្រើប្រាស់​។ ដូច្នេះ​នៅពេល​កំណត់​តំបន់​រួច​ពលរដ្ឋ​នឹង​យល់ច្បាស់​អំពី​តំបន់​ដែល​គាត់​មាន​សិទ្ធិ​អាស្រ័យផល​។

លោក​ថា​៖ «​យើង​បានកំណត់​តំបន់​ជា​ ៤ ​គឺ​តំបន់​ស្នូល​តំបន់​អភិរក្ស តំបន់​ប្រើប្រាស់​ដោយ​ចីរភាព និង​តំបន់​សហគមន៍​។ ​នៅពេល​ដែល​កំណត់​រួចហើយ​បទល្មើស​នឹងមាន​ការថយចុះ​។ ​បទល្មើស​ភាគច្រើន​គឺជា​អ្នក​ចំណូលស្រុក​មកពី​ខេត្ត​សៀមរាប​ និង​កំពង់ធំ​ និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​មាន​ចំនួន​តិចតួច​បំផុត​»​។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ ក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ឱ្យដឹង​ដែរ​ថា ការអនុវត្ត​ច្បាប់​ក្នុង​តំបន់ភ្នំ​ត្នោត-ភ្នំពក​នេះ​គឺ​ក្រសួង​បាន​សហការ​ជាមួយ USAID ​តាមរយៈ​គម្រោង​ព្រៃឡង់​ និង​បាន​សហការ​ជាមួយ​ដៃគូ​ក្នុង​ការអនុវត្ត​ច្បាប់​ក្នុង​នោះ​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​តំបន់​នេះ​បាន​ត្រៀម​អនុវត្ត​ច្បាប់រួម​ជាមួយ​សហគមន៍​កងរាជ​អាវុធហត្ថ​ក្នុង​ការចុះបង្ក្រាប​នៅ​តំបន់​នេះ​។ មាន​ករណី​ជាច្រើន​ត្រូវ​បាន​ចងក្រង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​អនុវត្តតាម​ច្បាប់​ហើយ​កិច្ចការងារ​នេះ​ក៏ត្រូវ​បានធ្វើ​នៅ​តំបន់ការពារធម្មជាតិ​ និង​អភិរក្ស​ផ្សេងទៀត​ទូទាំង​ប្រទេស​។

លោក​ នេត្រ ភក្ត្រា ថ្លែងថា​៖ «​បទល្មើស​នៅក្នុង​តំបន់​ភ្នំពក-ភ្នំត្នោត​នេះ​ភាគច្រើន​ជា​ករណី​រុករាន​ទន្ទ្រាន​ដី​បរបាញ់​សត្វ​ និង​លួច​កាប់​ដើមឈើ​ខុសច្បាប់ ហើយ​ត្រូវបាន​កត់សម្គាល់​ថា​ក្នុង​រយៈពេល​កន្លងមក​នេះ​មិនសូវ​កើតមាន​ច្រើន​ទេ​ដោយសារ​តែមាន​វិធានការ​តឹងរ៉ឹង អប់រំ​ផ្សព្វផ្សាយ​ និង​ការចូលរួម​ពី​ពលរដ្ឋ​នៅក្នុង​សហគមន៍​»​។

លោក​ ភក្ត្រា បាន​ទទួលស្គាល់​ថា ករណី​លួច​កាប់​ឈើ​ការលួច​បរបាញ់​សត្វ ដាក់​អន្ទាក់ នៅតែ​មាន ប៉ុន្តែ​ក្រសួង​បរិស្ថាន​បាន​គិតគូរ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅក្នុង​សហគមន៍​។ ទោះយ៉ាងណា បច្ចុប្បន្ន​ប្រជាសហគមន៍​ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះ​បាន​ចូល​ប្រមូល​អនុផល​ព្រៃឈើ​ហួសប្រមាណ​ដោយ​មិនបាន​គិតពី​និរន្តរភាព​ជីវចម្រុះ​។

លោក​បញ្ជាក់ថា​៖ «​បើ​គេ​កាប់​ឈើ​ ១ ​ដើម​វា​នៅសល់​ព្រៃ​ និង​សត្វ​ប៉ុន្តែ​បើ​ករណី​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ពួកគាត់​ត្រូវ​ដុត​កម្ទេច​ព្រៃ​ចោល​ទាំងនេះ​ហើយ​ដែល​យើង​ត្រូវការ​ទប់ស្កាត់​»​។

លោក ​ពៅ យ៉ាត ប្រជាសហគមន៍​នៅ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំពក-​ភ្នំត្នោត​ដែល​ធ្លាប់​ជា​អ្នកបរបាញ់​សត្វ​ដែរ​នោះបាន​ថ្លែងថា សត្វ​នៅក្នុង​តំបន់​នេះ​នៅតែមាន​ប៉ុន្តែ​មិនទាន់​មាន​សុវត្ថិភាព​ទេ​ដោយសារ​ចេះតែមាន​មនុស្ស​ចូល​បរបាញ់​រាល់ថ្ងៃ​។ ប៉ុន្តែ​វា​បាន​កាត់បន្ថយ​បាន​ច្រើន​ និង​មាន​ស្ថានភាព​ល្អប្រសើរ​ដោយសារ​មាន​លោក Ben Davis ជា​អ្នក​អភិរក្ស​ និង​ការពារ​ផ្ទាល់​នៅក្នុង​តំបន់​និង​មន្ត្រី​បាន​ចូលរួម​ជាមួយ​សហគមន៍​ក្នុង​ការទប់ស្កាត់​ និង​ណែនាំ​ដល់​ពលរដ្ឋ​។ ដោយឡែក​ការរុករាន​ទន្ទ្រាន​ដី​ក៏​ថយចុះ​ដែរ ប៉ុន្តែ​វា​មិនទាន់​មាន​សុវត្ថិភាព​ ១០០% ​ទេ​។

លោក Ben Davis បានឱ្យ​ដឹងថា ដោយមាន​ការចូលរួម​ពី​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួងបរិស្ថាន និង​ប្រជាសហគមន៍​ក្នុង​ការទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅក្នុង​តំបន់​នេះ​បាន​ធ្វើឱ្យ​បទល្មើស​ដែល​ភាគច្រើន​កើត​នៅពេល​យប់​ថយចុះ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ពេល​កន្លង​មក​នេះ​។

លោក​បន្តថា​៖ «​បើ​គ្មាន​ក្រុម​ពួកគាត់​ (​មន្ត្រី​សមត្ថកិច្ច​) ​ទេ​វា​នឹងមាន​ការលំបាក​ក្នុងការ​ទប់ស្កាត់​បទល្មើស​នៅក្នុង​តំបន់​នេះ​មិនខានឡើយ​»៕