ភ្នំពេញៈ​ គណៈ​កម្មការ​សហភាព​អឺរ៉ុប​ កំពុង​វាយ​តម្លៃ​លើ​សិទ្ធិ​មនុស្ស​ និង​ស្ថានការណ៍​​ការងារ​នៅ​កម្ពុជា ​​មុន​នឹង​ធ្វើ​សេចក្តី​​សម្រេច​ថា​​តើ​នឹង​ត្រូវ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ឬយ៉ាង​ណា ខណៈ​មន្ត្រី​កម្ពុជា​យល់​ថា បើ​គ្មាន​​របៀប​វារៈ​នៅពី​ក្រោយ លទ្ធភាព​នៃ​ការ​ព្យួរ​ EBA គឺ​តិច​ណាស់ ​ដោយ​សារ​កម្ពុជា បាន​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​​ល្អ​ប្រសើរ​ហើយ។

ក្រោយ​ពេល​​ប្រតិភូ​គណៈ​កម្មការ​សហភាព​អឺរ៉ុប និង​សេវា​កិច្ចការ​បរទេស​របស់​អឺរ៉ុប បាន​បំពេញ​ទស្ស​កិច្ច​​ស្វែង​​រក​ការពិត​រយៈ​ពេល​មួយ​សប្តាហ៍​នៅ​កម្ពុជា លោក​ស្រី​ Cecilia MalmstrÖm ​ប្រ​ធាន​គណៈ​កម្មា​ធិការ​​ពា​ណិជ្ជ​កម្ម​​សហភាព​​អឺរ៉ុប​ បាន​ថ្លែង​កាល​ពី​សប្តាហ៍​មុន​ថា ​សហភាព​អឺរ៉ុប​ កំពុង​​វាយ​តម្លៃ​ លើ​ព័ត៌មាន​ដែល​ប្រមូល​បាន​ពី​បេកកម្ម​នៅ​កម្ពុជា ដើម្បី​ឈាន​ទៅ​​ដល់​ការ​សម្រេច​ចិត្ត​​លើ​ជំហាន​បន្ទាប់។

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌​មាន​ កាល​ពី​ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ ២០១៨ លោក​ស្រី MalmstrÖm បាន​ថ្លែង​ថា ការ​វិវត្ត​ថ្មីៗ​ ដែល​គួរ​ឲ្យ​បារម្ភ​ បាន​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​យ៉ាង​ដិត​ដល់​ ថា​តើ​ប្រទេស​កម្ពុជា ​​កំពុង​បំពេញ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ឬ​អត់។ ព័ត៌មាន​ដែល​បេសកកម្ម​ EU បាន​ផ្តោត​ទៅ​លើ​ គឺ​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំ​ លើ​​​បញ្ហា​សិទ្ធិ​នយោបាយ ​និង​សិទ្ធិ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​រាំង​ខ្ទប់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក​ ស្រី MalmstrÖm ថ្លែង​ថា៖ «មាន​ភាព​ខ្វះ​ខាត​ជា​ច្រើន​ នៅ​ពេល​និយាយ​ដល់​យន្តការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លី និង​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ ដល់​សេរី​ភាព​នៃ​ការ​ប្រមូល​ផ្តុំ និង​សិទ្ធិ​ទាមទារ​ជា​សមូហភាព។ នៅ​ក្នុង​គោល​ការណ៍​ពាណិជ្ជកម្ម​របស់​សហភាពអឺរ៉ុប យុត្តិធម៌​សង្គម​ គឺ​ជា​ទិដ្ឋភាព​សំខាន់​មួយ ដែល​រួម​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្តង់ដារ​សំខាន់​នៃ​សេរីភាព​និង​ការងារ»។

លោក​ស្រី​មិន​បាន​បញ្ជាក់​ថា​ តើ​សហភាព​អឺរ៉ុប ​នឹងធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ណា​ទេ ប៉ុន្តែ​ថា ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ជា«​​វិធានការ​ចុង​ក្រោយ​ ប្រ​សិន​បើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​របស់​យើ​ង​បរាជ័យ​ ក្នុង​ការ​ដោះ​ស្រាយ​​​ការ​ព្រួយ​បារម្ភ​ទាំង​នេះ»។

សហភាព​អឺរ៉ុប​ បញ្ជាក់​ថា ទីផ្សារ​អឺរ៉ុប​ មាន​ទំហំ​ ៤០ ​ភាគ​រយ​ នៃ​ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា ដោយ​ការ​នាំចេញ​មាន​ការ​កើន​ឡើង​ខ្លាំ​ង គឺ​ក្នុង​​ទំហំ​ ២២៧ ​ភាគ​រយ ​ក្នុង​ចន្លោះ​ឆ្នាំពីឆ្នាំ ២០១១ ដល់​ឆ្នាំ​ ២០១១៦ ហើយ​​នៅ​ឆ្នាំ​ ២០១៧ ការ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប ​មានទឺក​ប្រាក់​សរុប​ ៥ ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​កម្ពុជា ​ស្ថិត​ក្នុង​លំដាប់​​ទី​ ២ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​ទទួល​បាន​ផល​ប្រយោជ​ន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ នេះ។

ទោះ​យ៉ាង​ណា​ មន្ត្រី​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ GMAC យល់​ថា លទ្ធភាព​នៃ​ការ​ព្យួរ​ប្រព័ន្ធ​ EBA មាន​តិច​តួច​ណាស់ ​ព្រោះ​កម្ពុជា​ មាន​ការ​រីក​ចម្រើន​ច្រើន​ ហើយ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ការងារ។

លោក កាំង ម៉ូនីកា អគ្គ​លេខា​ធិការ​រង​ ​និង​ជា​អ្នកនាំពាក្យ​របស់​ GMAC ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ យោង​ទៅ​លើ​ការ​អភិវឌ្ឍ​ជាក់​ស្តែង​កន្លង​មក ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច ទាំង​ផ្នែក​សង្គម​ រួម​ទាំង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ក៏​ដូច​ជា​សិទ្ធិ​ការងារ​ផង បើ​សិន​ជា​គេ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យុត្តិធម៌​ខ្ញុំ​គិត​ថា កម្ពុជា​ នឹង​មិន​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​ទេ»។

លោក​បន្ថែម​ថា លោក​មើល​ឃើញ​មាន​ការ​វិវត្ត​ទៅមុខ​ លើ​ផ្នែក​លទ្ធិ​ប្រជា​ធិបតេយ្យ សិទ្ធ​មនុស្ស​ វិស័យ​ការងារ ដោយ​​មាន​ការ​កើន​ឡើង​ប្រាក់​ឈ្នួល​ជា​លំដាប់ ហើយ​ប្រព័ន្ធ​សន្តិសុខ​សង្គម ​ក៏​មាន​ការ​អនុវត្ត​បាន​ល្អ​ប្រសើរ។

ស្រដៀង​គ្នា​នេះ​ដែរ​ លោក មាស​ សុខដេរសាន អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​​ថា ដោយ​ផ្អែក​លើ​ជ្រុង​សេដ្ឋកិច្ច​កម្ពុជា​ លោក​យល់​ថា EU នឹង​មិន​ព្យួរ​ EBA ទេ ប្រសិនបើ​មិន​មាន​របៀប​វារៈ​ណាមួយ​នៅ​ពី​ក្រោយ។

លោក​ថ្លែង​ថា៖ «យើង​ខិត​ខំ​កែ​លម្អ​ច្រើន​ហើយ​ តាំង​ពី​រឿង​កម្មករ ឬ​ពាក់​ព័ន្ធ​នឹង​ស្ករ​អំពៅ​ យើង​បាន​ដោះ​ស្រាយ ហើយ​យើង​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​ EU រួច​ហើយដែរ។ ថ្មីៗ​នះ​​ យើង​​ក៏​បាន​បង្ហាញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រឹង​របស់​រដ្ឋាភិបាល​ តាម​​អ្វី​ដែល​ជា​វិធានការ​មាន​ស្រាប់ ហើយ​និង​ច្បាប់​អនុញ្ញាត​។ សម្រាប់​​យើង​ខ្ញុំ ខ្ញុំ​មិន​ដឹង​ថា ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៀត​ដើម្បី​ឲ្យ​ EU គាត់​ទទួល​យក​ ឬ​មិន​ទទួល​យក។ សំខាន់​បើ​ EU មិន​មាន​របៀប​វារៈ​អ្វីនៅ​ពីក្រោយ​ទេ​ បញ្ហា​វា​កើត​ឡើង​ តាំង​ពីរាប់​ឆ្នាំ​មក​ហើយ មិន​មែនទើប​ឥឡូវ​ទេ ហើយ​ឥឡូវ​ យើង​បាន​ដោះ​ស្រាយ​បញ្ហា​ចេញ​ច្រើន​ហើយ»។

ភ្នំពេញ ​ប៉ុស្តិ៍ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នៃ​ក្រសួង​ពាក់​ព័ន្ធ​ផ្សេង​ទៀត​បាន​ទេ​កាល​ពី​ម្សិល​មិញ៕