ភ្នំពេញៈ មន្រ្តី​ជាន់ខ្ពស់​​ក្រសួង​​សុខាភិបាល​បាន​​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​កម្ពុជា​​រកឃើញ​អ្នក​ដែល​​វិជ្ជមាន​​វីរុស​កូរ៉ូណា​បង្ហាញ​រោគសញ្ញា​នៅ​ថ្ងៃទី ១៣​ នៃ​ការធ្វើ​ចត្តាឡីស័ក​ជា​មូលហេតុ​ដែល​ក្រសួង​តម្រូវ​ឱ្យ​មាន​ការធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ​រយៈពេល​ ១៤ ​ថ្ងៃ​​។

នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើការ​ផ្អាក​ដំណើរការ​អគារ​កាណាឌីយ៉ា បន្ទាប់ពី​មាន​មនុស្ស​ចំនួន​ ២ ​នាក់​ដែល​​ត្រូវ​ជា​បងប្អូន​បង្កើត​នឹង​គ្នា​បាន​ធ្វើការ​នៅក្នុង​ធនាគារ​ចិន និង​ធនាគារ​កាថេយូណៃធីត ដែល​ស្ថិត​នៅ​ក្នុង​អគារ​នេះ​មាន​វិជ្ជមាន​កូវីដ១៩។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បា​ន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២ ខែ​ធ្នូ​ថា៖ «តាម​ការសង្កេត​របស់​ខ្ញុំ​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដែល​ប្រហែល​ជា​ ២ ទៅ ​៣ ​ខែ​ចុងក្រោយ​នេះ​ យើង​រកឃើញ​អ្នក​ដែល​មាន​វិជ្ជមាន​កូវីដ​១៩​នៅ​ថ្ងៃទី ១៣ នៃ​ការធ្វើ​ចត្តាឡីស័ក​របស់​គាត់​»​។

តាំងពី​ថ្ងៃទី​ ៧ ខែ​មករា​ឆ្នាំ​ ២០២០ ​មកក្រសួង​សុខាភិបាល​​រកឃើញ​វីរុស​នេះ​ឆ្លង​ចេញ​រោគសញ្ញា​ ឬ​មិន​ចេញ​រោគ​សញ្ញា​ ភាគច្រើន​ក្នុង​ខ្ទង់ប្រហែល​ពី​ ៦០ ​ទៅ​ ៧០% ​នៃ​ចំនួន​អ្នក​ឆ្លង​គឺ​មិន​មាន​រោគសញ្ញា​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​អំឡុង​ថ្ងៃទី​ ៣ ទី ៥ អ្នក​ខ្លះ​ថ្ងៃ​ទី ៦ គឺ​នៅ​ក្នុង​ចន្លោះ​នោះ​។

លោកស្រី​បន្ត​ថា៖ «សម្រាប់​ប្រទេស​កម្ពុជា​យើង​ក៏យើង​សង្កេត​ឃើញ​ថា ក្នុង​ដំណាក់កាល​​ចុងក្រោយ​នេះ​ការរកឃើញ​ ការសម្ងំ​របស់​វីរុស​ដែល​បុគ្គល​នោះ ​មិនមាន​ចេញ​រោគសញ្ញា​គឺ​រហូត​មក​ដល់​ថ្ងៃទី ១៣ ​ទើប​យើង​រកឃើញ»។

លោកស្រី​ថា ​នេះ​ជា​ការវិវឌ្ឍ​មួយ​ទៀត​ ដែល​ជា​ការបង្ហាញ​ច្បាស់​ថា តម្រូវការ​នៃ​ការធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​គ្រប់​ ១៤ ​ថ្ងៃ​ត្រឹមត្រូវ​គឺ​ចាំបាច់​មែនទែន​ ហើយ​យើង​ត្រូវ​អនុវត្ត​​វិធានការ​នេះ​ឱ្យ​បាន​គ្រប់ៗ​គ្នា។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​​កាលពី​ម្សិលមិញ​បាន​ឱ្យ​ដឹងថា ក្រសួង​បាន​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូវីដ១៩​ចំនួន ២ នាក់​ដែល​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ក្នុង​នោះ​មាន​បុរស​ជនជាតិ​ខ្មែរ​ អាយុ​ ២៣ ​ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ធនាគារ​ចិន​ក្នុង​អគារ​កាណាឌីយ៉ា​ផ្លូវ​ព្រះមុនីវង្ស ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​ស្រ្តី​អាយុ​ ៣៦ ​ឆ្នាំ​ដែល​វិជ្ជមាន​កូវីដ​១៩​នៅ​ថ្ងៃ​ទី​ ២៩ ខែ​វិច្ឆិកា។

ករណី​ទី​ ២ ​គឺ​ស្រ្តី​ជនជាតិ​ខ្មែរ​អាយុ​ ២១ ឆ្នាំ​ស្នាក់នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ​ជា​បុគ្គលិក​ធនាគារ​កាថេយូណៃធីត និង​​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​អ្នក​ជំងឺ​ខាង​លើ។ ក្រសួង​បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ការអនុញ្ញាត​ពី​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន និង​ដោយ​សារ​ធនាគារ​កាថេយូណៃធីត​មាន​បុគ្គលិក​ជាច្រើន​ ដែល​កំពុង​បម្រើការ​នៅ​ទីនោះ​ ធនាគារ​នេះ​ត្រូវ​បាន​សម្រេច​ឱ្យ​​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ ១៤ ​​ថ្ងៃ និង​ធនាគារ​ចិន​នៅ​អគារ​កាណាឌីយ៉ា ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន​សិន​ក្នុង​រយៈពេល​ខ្លី ដោយ​គិត​ចាប់​ពី​ថ្ងៃទី​ ៣ ខែ​ធ្នូ​ ឆ្នាំ​ ២០២០ ​នេះ​តទៅ​។

ការផ្អាក​នេះ​គឺ​ដើម្បី​ឱ្យ​ក្រុម​ការងារ​ក្រសួង​សុខាភិបាល ចុះ​យក​វត្ថុ​សំណាក​បុគ្គលិក​ទាំងអស់​ និង​តម្រូវ​​ឱ្យ​បុគ្គលិក​ទាំងអស់​នេះ​ធ្វើ​ចត្តាឡីស័ក​​ ១៤ ​ថ្ងៃ​ផង​ដែរ។

ក្រសួង​សុខាភិបាល​ក៏​បាន​លើកឡើង​ទៀតថា ​ចំពោះ​លទ្ធផល​នៃ​ការធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា គិត​ពី​ថ្ងៃទី ២៩ ខែ​វិច្ឆិកា​ដល់​ថ្ងៃ​ទី ២ ខែ​ធ្នូ ក្រសួង​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ទាំងអស់​សរុប​បាន​ចំនួន​ ៨ ៧៦៦ នាក់​ដែល​នៅ​ក្នុង​ចំនួន​នេះ​មាន​អ្នក​វិជ្ជមាន​សរុប​​ចំនួន​ ១៩ នាក់​ដែល​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​។

គណៈ​គ្រប់គ្រង​របស់​អគារ​កាណាឌីយ៉ា​បាន​ជូន​ដំណឹង​នៅ​ថ្ងៃ​ម្សិលមិញ​ថា ជា​ការឆ្លើយតប​ និង​ចាត់​វិធានការ​ការពារ​ អគារ​កាណាឌីយ៉ា​នឹង​ត្រូវ​បិទ​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន​​ចាប់​​ពី​ថ្ងៃ​ទី​​ ៣ ខែ​ធ្នូ​។ សេចក្តី​ជូនដំណឹង​បន្តថា អតិថិជន​របស់​ធនាគារ​កាណាឌីយ៉ា​ទាំងអស់​ដែល​ត្រូវការ​ធ្វើ​ប្រតិបត្តិការ​សេវាកម្ម​ធនាគារ​ សូម​អញ្ជើញ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាមរយៈ​ប្រព័ន្ធ Mobile Banking, Internet Banking, ម៉ាស៊ីន​ដក-ដាក់​ប្រាក់ ATM/CRM និង​តាម​បណ្ដាសា​ខា​របស់​ធនាគារ​នៅ​ខេត្ត-រាជធានី​ភ្នំពេញ រួម​ទាំង​សាខា​កោះពេជ្រ​។

ចំណែក​វិទ្យុ​បារាំង​អន្តរជាតិ RFI ក៏​បាន​​ប្រកាស​ពី​ម្សិលមិញ​ផង​ដែរ​ថា ចាប់ពី​ពេល​នេះ​តទៅ​ការផ្សាយ​របស់​វិទ្យុនេះ​ត្រូវ​ផ្អាក​ដោយ​ហេតុ​ថា ការិយាល័យ​វិទ្យុ RFI ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​អគារ​កាណាឌីយ៉ា​ត្រូវ​អាជ្ញាធរ​ប្រកាស​បិទ​ជា​បណ្ដោះអាសន្ន​ បន្ទាប់ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​លើ​បុរស​ម្នាក់​ដែល​ធ្វើការ​នៅ​ធនាគារ​ចិន​នៃ​អគារ​កាណាឌីយ៉ា​នេះ។

ក្រសួង​សុខាភិបាល​ក៏​បាន​សម្រេច​យក​​ទីតាំង​ចំនួន​ ២ ​កន្លែង​គឺ​ក្រសួង​មហាផ្ទៃ និង​ស្តាត​អូឡាំពិក សម្រាប់​ធ្វើ​តេស្ត​​លើក​ទី​ ២ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៨ ខែ​ធ្នូ ឆ្នាំ​ ២០២០។

យោង​តាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញកម្ពុជា​មាន​អ្នក​វិជ្ជមាន​កូវីដ១៩​ចំនួន​ ៣៣១ ​នាក់ (ស្រ្តី ៧៥ នាក់) ហើយ​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​សរុប​ ៣០៤ នាក់​ឯ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ និង​មណ្ឌល​សុខភាព​ចាក់អង្រែ​មាន​ចំនួន​ ២៧ ​នាក់៕