ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បានឱ្យដឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ស្ថានភាព​បច្ចុប្បន្ន​នៃ​ជំងឺ​កូវីដ​ ១៩ បាន​កំពុង​រីករាលដាល​ឆ្លង​ចូលទៅ​តាម​ពន្ធនាគារ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ចាំបាច់​តម្រូវ​ឱ្យ​មាន​ឧបករណ៍​តេស្ត​រហ័ស និង​ថ្នាំ​សម្រាប់​ទប់ស្កាត់ និង​បង្ការ ការចម្លង ក្នុង​ចំណោម​អ្នកដែល​កំពុង​ជាប់ឃុំ​។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ផ្អែក​តាម​សេចក្ដី​ណែនាំ​ថ្មី បច្ចុប្បន្ន​មន្ដ្រី​នៃ​អគ្គនាយកដ្ឋា​ពន្ធនាគារ​កំពុង​សម្រុក​ចុះ​ទៅ​តាម​ពន្ធនាគារ​គោលដៅ ដើម្បី​ត្រួតពិនិត្យ និង​ដាក់​វិធានការ​ទប់ស្កាត់ បង្ការ កុំឱ្យ​មាន​ការបន្ត​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ ១៩ ចូលក្នុង​ពន្ធនាគារ ប៉ុន្តែ​នៅ​ខ្វះខាត​សម្ភារ​សម្រាប់​បង្ការ​ការចម្លង​មេរោគ​។

លោក សវនា បាន​ថ្លែងថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធនាគារ​យើង​ត្រូវការ​ចាំបាច់​នាពេលនេះ គឺ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩ ព្រោះ​វា​ជា​វត្ថុ​ចាំបាច់​ក្នុង​ការស្រាវជ្រាវ​រក​អ្នក​ផ្ទុកមេរោគ​កូវីដ​ ១៩ ដើម្បី​បង្កើន​វិធានការ​ការពារ​។ ក្រៅពីនេះ​យើង​ក៏ត្រូវ​ការចាំបាច់​នូវ​ថ្នាំបុរាណ​ចិន​ដែលជា ថ្នាំ​វីតាមីនសេ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ និង​ថ្នាំ​ជួយ​ទ្រទ្រង់​មួយចំនួនទៀត សម្រាប់​ព្យាបាល​អ្នកជំងឺ​កំពុង​ជាប់ឃុំ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ឧបករណ៍​ធ្វើតេស្ត​រហ័ស និង​ថ្នាំ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ១៩ គឺ​យើង​កំពុងតែ​ខ្វះ​ហើយ​យើង​កំពុង​ខិតខំ​ស្នើសុំ​ជំនួយ​ទាំង​ទៅ​រាជរដ្ឋាភិបាល និងអង្គការ​ដៃគូ​នានា​»​។

លោក​បាន​អះអាងថា ឱសថ​បុរាណ​ចិន​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ក្រោយពេល​ប្រើប្រាស់​ដល់​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​គឺមាន​ប្រសិទ្ធភាព​ល្អ ហើយ​បច្ចុប្បន្ន ជន​ជាប់ឃុំ​ដែលមាន​ជំងឺ​កូវីដ​ជាង​ ៧០ ​ភាគរយ ហើយ​បាន​ព្យាបាល​ជាសះស្បើយ​។

លោក សវនា បានបញ្ជាក់​ផងដែរ ថា លោក​មិន​ទទួលបាន​គោលការណ៍​ក្នុង​ការបង្ហាញ​ទិន្នន័យ​បច្ចុប្បន្នភាព​ជន​ជាប់ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នោះទេ​។ ប៉ុន្ដែ​រឿងនេះ​ជា​សមត្ថកិច្ច​របស់​ក្រសួង​សុខាភិបាល និង​រដ្ឋបាល​រាជធានី-ខេត្ដ​។

លោក​បន្តថា​៖ «​ខ្ញុំ​មិន​ទទួលបាន​គោលការណ៍​ចំពោះ​ការឆ្លើយ​បំភ្លឺ​លើ​ចំនួន​អ្នក​ឆ្លង​កូវីដ ១៩ ​ទេ​។ ប៉ុន្ដែ​បើ​ព័ត៌មាន​ផ្លូវការ​របស់​ក្រសួងសុខាភិបាល​ក៏ដូចជា​រដ្ឋបាល​រាជធានី-​ខេត្ដ​​ប្រចាំថ្ងៃ​ដែល​បានចេញ​ផ្សាយ​នោះ​ជា​សមត្ថកិច្ច​ក្នុង​ការផ្សាយ​របស់គេ​»​។

យោងតាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានី-ខេត្ដ​នាពេល​កន្លង​មក​នេះ​ជំងឺ​កូវីដ​ ១៩ ​កំពុង​ឆ្លង​រីករាលដាល​ចូល​ពន្ធនាគារ​មួយចំនួន​ក្នុងនោះ​មាន​ពន្ធនាគារ​មណ្ឌល​អប់រំ​ទី​ ១ ឬ​ព្រៃស ពន្ធនាគារ​ខេត្ដ​កណ្ដាល ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ និង​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ ដែល​មាន​ជន​ជាប់ឃុំ​សរុប​ជិត​​ ២០០ ​នាក់​មាន​វិជ្ជមាន និង ជន​ជាប់ឃុំ​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត​កំពុង​ធ្វើតេស្ដ​រក​មេរោគ​ និង​ធ្វើ​ចត្ដាឡីស័ក​។

លោក សវនា បាន​ឱ្យ​ដឹងថា ផ្អែកលើ​បទពិសោធ​កន្លងមក​ដែល​បណ្ដាល​ឱ្យ​មាន​ការផ្ទុះ​រីករាលដាល​កូវីដ​ចូល​ដល់​ក្នុង​ពន្ធនាគារ គឺ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​យក​បទពិសោធ​ទាំងនោះ​មក​ចងក្រង​ជា​សេចក្ដី​ណែនាំ​ថ្មី​សម្រាប់​ដាក់ឱ្យ​អនុវត្ត​នៅ​តាម​ពន្ធនាគារ​រាជធានី-ខេត្ដ​។

លោក​បាន​ថ្លែងថា​៖ «​គោលការណ៍​ណែនាំ​ថ្មី គឺ​យើង​បន្ថែម​ការធ្វើ​ចត្ដាឡីស័ក​ចំពោះ​ជនជាប់ឃុំ​ដែល​ចូល​ថ្មី និង​ជនដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ចាប់ពី ១៤ ​ថ្ងៃ​ទៅ​ ២០ ​ថ្ងៃ និង​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​។ កាលពី​មុនមក​ចំពោះ​ជន​ជាប់ឃុំ​ដែល​ចូល​ថ្មី​គឺ​យើង​គ្រាន់តែ​ធ្វើការ​ពិនិត្យ​សំណាក​ប៉ុណ្ណោះ​។ ប៉ុន្ដែ​គោលការណ៍​ថ្មី​នេះ​គឺ​ត្រូវ​ពិនិត្យ​សំណាក​ជន​ជាប់ឃុំ​ដែល​ចូល​ថ្មី​ចំនួន​ ៣ ​ដង​»​។

លោក សវនា បញ្ជាក់ថា កត្ដា​ចាំបាច់​នាពេល​បច្ចុប្បន្ន​ដែរនោះ គឺ​កិច្ចសហការ​រវាង​​រដ្ឋបាល​រាជធានី​-​ខេត្ដ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ និង​ពន្ធនាគារ​នៅតាម​ខេត្ដ​ផ្ទាល់​ក្នុង​ការអនុវត្ដ​វិធានការ​ទប់ស្កាត់ ការឆ្លង​រីករាលដាល​ចូលក្នុង​ពន្ធនាគារ​។

លោក​បានឱ្យ​ដឹងថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​មាន​អង្គការ​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​កំពុងផ្ដល់​កិច្ចសហការ​ក្នុង​ការផ្ដល់ជំនួយ​ក្នុង​នោះ​មាន​គណៈកម្មការ​កាកបាទ​ក្រហម​អន្តរជាតិ (ICRC) និង​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​។

អង្គការ​សហប្រជាជាតិ (UN) និង​ដៃគូ​មនុស្សធម៌​កំពុង​សម្របសម្រួល​ដើម្បី​ផ្តល់ជំនួយ​មនុស្សធម៌​ជាបន្ទាន់​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​កាត់បន្ថយ​ហានិភ័យ និង​ទប់ស្កាត់​ការរាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្នុង​សហគមន៍​ ២០ កុម្ភៈ ដល់​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​។ នេះ​បើតាម​លោកស្រី​ Pauline Tamesis ​អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ១៩ ខែឧសភា​។

លោកស្រី​ថ្លែងថា​៖ «​តាមរយៈ​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ UN បាន​សហការ​ជាមួយ​អាជ្ញាធរ​ពន្ធនាគារ​ និង​ដៃគូ​មនុស្សធម៌​ ដើម្បី​វាយតម្លៃ​លើ​ស្ថានភាព​នៅ​ទីនោះ​។ អង្គការសហប្រជាជាតិ​នឹង​ផ្តល់​ការគាំទ្រ​ដល់​អ្នកទោស​ដែល​រង​ផលប៉ះពាល់ និង​ការត្រៀម​បង្ការ​ ដើម្បី​ការពារ​ចំពោះ​ការផ្ទុក​មេរោគ​កូវីដ ១៩ នៅក្នុង​ពន្ធនាគារ​»​។

លោក អំ សំអាត នាយករង​អង្គការ លីកាដូ បាន​ថ្លែង​ដោយបាន​បង្ហាញ​ការព្រួយបារម្ភ​លើ​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​តាំងពី​ជំងឺ​កូវីដ​ ១៩ ចាប់ផ្តើម​រីករាលដាល​ជា​សកល​នៅលើ​ពិភពលោក ព្រោះ​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​មាន​ភាពចង្អៀតណែន​លើសលប់ ដូច្នេះ​បើ​មាន​ការឆ្លង​ជំងឺ​នេះ​ចូលទៅ​គឺមាន​ហានិភ័យ​ខ្ពស់ និង​ពិបាក​ក្នុង​ការបង្ការ និង​ទប់ស្កាត់​។

លោក​បាន​បន្តថា តុលាការ​គួរ​ពិចារណា​លើ​ការដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន លើ​ជន​ត្រូវ​ចោទណា​ដែល​ជាប់ចោទ​ពី​បទល្មើស​មជ្ឈិម​កម្រិត​ស្រាល ជាពិសេស​ស្ត្រី​ដែលមាន​ផ្ទៃពោះ ស្ដ្រី​ដែល​មាន​កូន​តាម​ម្តាយ និង​អនីតិជន​។

លោក​ថ្លែង​ថា តុលាការ​គួរ​ពិនិត្យ​ដោះលែង​ទៅលើ​ទណ្ឌិត​ដែល​ជិត​រួច​ទោស​អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ ជាដើម ដែល​មធ្យោបាយ​នេះ​អាច​កាត់បន្ថយ​ភាពចង្អៀតណែន​ក្នុង​ពន្ធនាគារ ហើយ​ក៏​ជាការ​កាត់បន្ថយ​ហានិភ័យ និង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង និង​វិធាន​ការបង្ការ និង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ពន្ធនាគារ​។ លីកាដូ ក៏​មាន​ក្រុមគ្រូពេទ្យ​បាន​សហការ​ក្នុង​ការព្យាបាល​អ្នក​ជាប់​ឃុំ​នាពេល​កន្លងមក​ផងដែរ​៕

វីដេអូ៖