ភ្នំពេញៈ ក្រសួង​ការពារជាតិ និង​ក្រសួងមហាផ្ទៃ​កំពុង​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មាន​ងារ​ជា​ «​ឧកញ៉ា​» ​ហើយ​នឹង​ស្នើ​ឲ្យ​ពួកគេ​ធ្វើការ​ជ្រើសរើស ថា​តើ​ត្រូវយក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​បំពេញ​ការងារ​តទៅទៀត​ ឬ​យក​ងារ​ជា «​ឧកញ៉ា​»​។ នេះ​បើ​តាម​លោក ឈុំ សុជាត អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ និង​លោក​ ខៀវ សុភ័គ​អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ​។

ចំណាត់ការ​របស់​ក្រសួង​ទាំង​ ២ ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ ​កាលពី​ថ្ងៃទី​ ២២ ខែ​សីហា​បាន​បញ្ជា​ឲ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ត្រូវធ្វើ​ការជ្រើសរើស​ជាបន្ទាន់ ថា​តើ​ត្រូវ​យក​ងារ «​ឧកញ៉ា​» ឬ​យក​តួនាទី​ជា​​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​​ខ្លួន​កំពុង​បំពេញ​ការងារ​តទៅទៀត​។ បើ​យោង​តាម​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃទី​ ២៣ ខែ​សីហា​បាន​បញ្ជាក់​ថា​៖ «​ហាម​មិន​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​មាន​ដូចជា​ទាហាន នគរបាល និង​កងរាជ​អាវុធហត្ថ​មាន​ងារ​ជា «​ឧកញ៉ា​» តទៅទៀត​ឡើយ​ដែល​កន្លង​មក​មាន​មួយចំនួន​បាន​យក​តួនាទី​ទាំងនេះ​ទៅ​ប្រកបការងារ​ផ្សេងៗ​​ខុសច្បាប់​»​។

លោក​ ឈុំ សុជាត បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួង​ការពារ​ជាតិ បាន​និង​កំពុង​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​ទៅ​លើ​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​​មាន​ងារ​ជា «​ឧកញ៉ា​» ​ហើយ​ឲ្យ​ពួកគាត់​ជ្រើសរើស​យក​ងារ​ជា «​ឧកញ៉ា​» ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់អាវុធ​។ លោក​បញ្ជាក់​ថា​៖ «​យើង​អនុវត្ត​តាម​បទបញ្ជា​ (​របស់​សម្តេច​ ហ៊ុន សែន​) យើង​ពិតជា​មាន​មន្ត្រី​ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ដូច្នេះ​ហើយ​ទើប​សម្តេច​មាន​ប្រសាសន៍​ហើយ បើ​អត់​ក៏​មិនមាន​ប្រសាសន៍​ដូច្នេះ​ទេ​។ ដូច្នេះហើយ​យើង​ត្រូវ​អនុវត្ត​តាម​បទបញ្ជា​។ យើង​កំពុង​តែ​ធ្វើការ​ទៅ​លើ​រឿង​ហ្នឹង​»​។

ជាមួយ​គ្នា​នេះ​លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា បទបញ្ជា​របស់​លោក​នាយ​រដ្ឋមន្ត្រី គឺជា​ផ្នែក​មួយ​នៃ​ការធ្វើ​កំណែទម្រង់​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​កាត់បន្ថយ​មន្ត្រី​ណា​ដែល​មាន​មុខងារ​ច្រើន ហើយ​នៅ​ពេល​ខាងមុខ​នឹង​លែង​មាន​មន្ត្រី​ដែល​មាន​ងារ​ជា​ «​ឧកញ៉ា​» ​ទៀត​ហើយ​។

លោក​បញ្ជាក់​ថា​៖ «​សម្តេច​លោក​បញ្ជាក់​ជា​គោលការណ៍​ទេ បើ​មាន​ស័ក្តិ​មាន​តំណែង​ហើយ នៅពេល​អនាគត​មិន​ថា តែ​ទាហាន ឬ​ប៉ូលិស​ទេ​គឺ​ត្រូវ​មាន​តំណែង​តែ​មួយ​ទេ​មិន​អាច​មាន​តំណែង​នេះ​ផង តំណែង​នោះ​ផង វា​ច្រើន​ពេក​ដូចជា​វា​ពិបាក​ក្នុង​ការធ្វើ​ទិន្ន័យ​ឲ្យ​ជាក់លាក់​ណាស់​។ នេះ​គឺជា​វិធានការ​កែទម្រង់​មួយ និង​ដើម្បី​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើងវិញ​»​។

លោក​ឧត្តមសេនីយ៍ទោ​ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ថ្លែង​ថា​អគ្គបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​នឹងធ្វើការ​ស៊ើបអង្កេត​ទៅលើ​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ហើយ​នឹង​ស្នើឲ្យ​ពួកគាត់​ធ្វើការ​ជ្រើសរើស​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់អាវុធ ឬ​ងារ​ជា​ «​ឧកញ៉ា​»​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ងារ​ជា​ «​ឧកញ៉ា​» ​គឺ​មាន​ចំនួន​តិចតួច​តែ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា​៖ «​គាត់​ត្រូវតែ​បញ្ឈប់​មួយ​ដូច​សម្តេច​មាន​ប្រសាសន៍​។ គាត់​នឹង​ត្រូវ​ធ្វើការ​ជ្រើសរើស​ថា តើ​គាត់​ជ្រើសរើស​យក​ងារ​ជា​ឧកញ៉ា ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់អាវុធ​»​។

ប៉ុន្តែ​យ៉ាងណា​ក្តី​ទាំង​លោក​ ឈុំ សុជាត និង​ទាំង​លោក ទៀ បាញ់ ​សុទ្ធតែ​ថ្លែងថា ពួកលោក​មិន​អាច​បញ្ជាក់ថា តើ​មាន​ទាហាន​ប៉ុន្មាន​នាក់​ដែល​មាន​ងារ​ជា «​ឧកញ៉ា​» ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​ការពារជាតិ​នោះទេ​។

នាយឧត្តមសេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ក៏បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ក្រសួង​មហាផ្ទៃ​នឹង​ធ្វើ​តាម​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​។ លោក​បន្ត​ថា​៖ «​យើង​នឹង​ណែនាំ​គេ (​ឧកញ៉ា​) ​កុំ​ឲ្យ​ប្រើប្រាស់​តួនាទី​ឧកញ៉ា​ទៀត​។ យើង​ពិត​ជា​មាន​មន្ត្រី​ដែល​មាន​ងារ​ជា​ឧកញ៉ា​។ យើង​មាន ៤ ទៅ ៥ ​នាក់​ដែរ​។ គេ​បាន​ងារ​ឧកញ៉ា​ដោយ​ផ្លូវច្បាប់​យើង​មិន​អាច​បដិសេធ​បាន​ទេ តែបើ​អ្នកឯង​ជា​ឧកញ៉ា​ហើយ អ្នកឯង​មិន​អាច​យក​ឈ្មោះ​ឧត្តមសេនីយ៍​បាន​ទេ​ហើយ​បើ​អ្នកឯង​ជា​ឧត្តមសេនីយ៍​មិន​អាច​យក​ឈ្មោះ​ជា​ឧកញ៉ា​បាន​ទេ​»​។

លោក ប៉ិចពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ដោយ​លោក​ចាត់ទុក​ថា វា​នឹង​ជួយ​កាត់បន្ថយ​នូវ​ជម្លោះ​ផលប្រយោជន៍​ដោយសារ​តែ​កន្លង​ទៅ​មាន​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ​ខ្លះ​មាន​ងារ​ជា​ «​ឧកញ៉ា​» ​បាន​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី​គាបសង្កត់​និង​រឹបអូស​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។ លោក​បញ្ជាក់​ថា​៖ «​ពេលណា​យើង​ជា​មន្ត្រី​សាធារណៈ​ហើយ​មាន​ងារ​ជា​ឧកញ៉ា វា​អាច​បង្ក​ឲ្យុ​មាន​ទំនាស់​ផលប្រយោជន៍​។ (​ខ្ញុំ​) ​គាំទ្រ​ និង​ស្វាគមន៍​នូវ​វិធានការ​នេះ​ដោយសារ​យើង​អាច​កាត់បន្ថយ​ទំនាស់​ផលប្រយោជន៍​ និង​ការរកស៊ី​របស់​គាត់​»៕