កោះកុងៈ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងលោក សុខ សុទ្ធី បានឱ្យដឹងថា ផ្អែកតាមទិន្នន័យបឋមរបស់ខេត្ដគិតត្រឹមចុងឆ្នាំ ២០២០ គឺមានពលរដ្ឋជាង ២ ម៉ឺនគ្រួសារ បានមកចុះឈ្មោះស្នើសុំកាត់ឆ្វៀលដីក្នុងតំបន់អភិរក្ស និងតំបន់ការពាររបស់រដ្ឋផ្សេងៗខណៈគោលការណ៍ប្រគល់ដីនេះធ្វើចំពោះតែអ្នករស់នៅអាស្រ័យផលក្នុងរយៈពេលយូរប៉ុណ្ណោះ។
ការស្នើសុំកាត់ឆ្វៀលដីរបស់ពលរដ្ឋនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣ កក្កដា ឆ្នាំមុនឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានកាត់ឆ្វៀលដីជូនពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់អភិរក្ស និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។
លោក សុខ សុទ្ធី បានថ្លែងពីថ្ងៃទី ៥ មករាថា ការកំណត់អត្តសញ្ញាណពលរដ្ឋ ដើម្បីកាត់ឆ្វៀលដីក្នុងតំបន់ការពារ និងតំបន់អភិរក្ស បើតាមទិន្នន័យបឋមនៃពលរដ្ឋដែលបានមកចុះឈ្មោះស្នើសុំមានប្រមាណជាង ២ ម៉ឺនគ្រួសារ តែក៏មានអ្នករស់នៅយូរផ្សេងទៀតមិនទាន់បានមកចុះឈ្មោះដែរ។
លោកបានបញ្ជាក់ថា៖ «ទិន្នន័យបឋមនេះ យើងត្រូវចុះទៅសិក្សាមួយៗឱ្យច្បាស់ថែមទៀត ទិន្នន័យនេះវានឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្ដែង...ជំហររបស់ថ្នាក់ដឹកនាំក៏ដូចជា រដ្ឋបាលខេត្តមិនឱ្យពលរដ្ឋខ្វះខាតដីទេ។ យើងត្រូវអនុវត្ដ [ការកាត់ឆ្វៀល] គឺតាមគោលការណ៍ដល់អ្នករស់នៅអាស្រ័យផលជាក់ស្តែងជាយូរឆ្នាំមកហើយ មិនមែនជាការកាប់ទន្ទ្រានថ្មីៗនោះទេ»។
បើតាមលោក សុខ សុទ្ធី ការចុះឈ្មោះស្នើសុំកាត់ឆ្វៀលនេះគ្រាន់តែជាទិន្នន័យបណ្តោះអាសន្នប៉ុណ្ណោះ តែពលរដ្ឋខ្លះដែលមិនបានមកចុះឈ្មោះក៏ត្រូវផ្ដល់ដីឱ្យដែរ ព្រោះអ្វីដែលសំខាន់គឺពលរដ្ឋទាំងនោះជាអ្នកដែលអាស្រ័យផលរស់នៅពិតប្រាកដយូរឆ្នាំ។
លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្ដនេះថ្លែងពីថ្ងៃទី ៥ មករាថា ការងារកាត់ឆ្វៀលដីរដ្ឋឱ្យពលរដ្ឋរស់នៅជាក់ស្ដែងនេះ ក្រសួងពាក់ព័ន្ធបានខិតខំពន្លឿនកិច្ចការបច្ចេកទេសដើម្បីដាក់ជូនទីស្ដីការគណៈរដ្ឋមន្ដ្រីសម្រេច និងឆាប់បានចេញព្រះរាជក្រឹត្យ ឬអនុក្រឹត្យធ្វើការកាត់ឆ្វៀលដីនេះ។
លោកបញ្ជាក់ថា៖ «គោលបំណងនៃការកាត់ឆ្វៀលដីនេះ គឺដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាស្រ័យផល»។
ជាមួយគ្នានេះលោក ផល្លា បានឱ្យដឹងទៀតថា រយៈពេល ១ ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុងបានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ១ ០៨៣ លើក ដោយបង្ក្រាបបទល្មើសបាន ៧៣៣ ករណីក្នុងនោះបានកសាងសំណុំរឿងបញ្ចូនទៅតុលាការបាន ៨៣ ករណីរួមមានបណ្តឹងអញ្ញាតជនចំនួន ៦៩ ករណី និងបណ្តឹងមានជនសង្ស័យ ១៤ ករណី។ រីឯការពិន័យអន្តរការណ៍មាន ៣១ ករណី និងធ្វើកិច្ចសន្យាអប់រំ ១១៩ ករណី។
លោកថា៖ «អ្វីដែលលំបាកបំផុតក្នុងពេលមន្ដ្រីឧទ្យានុរក្សយើងចុះបង្ក្រាបបទល្មើសការកាប់រានទន្ទ្រានដីព្រៃក្នុងតំបន់ការពារគឺពួកជនខិលខូចបានប្រមូលផ្ដុំគ្នាជាក្រុមៗមកតវ៉ាប្រឆាំងនឹងការអនុវត្ដច្បាប់»។
«ពេលមន្ដ្រីយើងចុះអនុវត្ដច្បាប់កន្លងទៅក៏ធ្លាប់រងរបួស និងខូចខាតសម្ភារប្រើប្រាស់មួយចំនួនដែរប៉ុន្ដែមន្ដ្រីយើងបានរក្សាភាពអត់ធ្មត់មិនតបតវិញទេ»។
បើតាមលោក ផល្លា បទល្មើសកាប់រានទន្ទ្រានដីព្រៃក្នុងតំបន់ការពារក្នុងទឹកដីខេត្ដកោះកុងបានកើតឡើងស្ទើរគ្រប់ស្រុក។ រីឯមន្ត្រីឧទ្យានុរក្សក្នុងខេត្ដបច្ចុប្បន្នមានតែ ១១០ នាក់ប៉ុណ្ណោះ រីឯផ្ទៃដីត្រូវចុះល្បាតទូទាំងខេត្ដមានទំហំរហូតជិត ១ លានហិកតា។
លោក ថោង ច័ន្ទតារា មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុក ប្រចាំខេត្ដកោះកុងបានថ្លែងថា តាមការសង្កេតករណីវិវាទដីធ្លីក្នុងខេត្ដនេះកំពុងបន្តកើតឡើងតាមរូបភាព អ្នកមានអំណាច មានលុយជួលពលរដ្ឋឱ្យទៅទន្ទ្រានដីព្រៃរបស់រដ្ឋដើម្បីស្នើសុំការកាត់ឆ្វៀលធ្វើជាកម្មសិទ្ធិ។
លោកថ្លែងថា៖ «យើងឃើញករណីនេះកំពុងកើតមានឡើងដូចជា ការចាក់ដី លុបអូរប្រឡាយ ដីព្រៃកោងកាងលិចទឹក និងធ្វើរបងហ៊ុមព័ទ្ធយកដីព្រៃរបស់រដ្ឋថ្មីៗ។ យើងមិនដឹងថាជាអ្នកមានអំណាចខាងក្នុងខេត្ដ ឬមកពីក្រៅទេ»។
បើតាមលោក ច័ន្ទតារា បច្ចុប្បន្នលោកទទួលពាក្យស្នើសុំការជួយអន្តរាគមន៍ពីពលរដ្ឋលើសំណុំរឿងដីធ្លីជាង ១០ ករណី។ លោកថា កន្លងមកអាជ្ញាខេត្ដបានឃាត់ខ្លួនពលរដ្ឋមួយចំនួនក្នុងករណីវិវាទដីធ្លីតូចតាច ប៉ុន្ដែករណីទន្ទ្រានដីព្រៃរដ្ឋនិងការចាក់ដីលុបបឹង អូរ និងលុបព្រៃកោងកាងគឺមិនទាន់ឃើញឃាត់ខ្លួនជនល្មើសបានទេ៕