ភ្នំពេញៈ លោក នួន ផារ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ​ និង​ជា​សមាជិក​គណៈកម្មការ​ជាតិ​គ្រប់គ្រង​ និង​ដឹកនាំ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ (គបខ) បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​នៃ​ការបិទ​ខ្ទប់​នេះ មាន​អំណោយ​របស់​រាជរដ្ឋាភិបាល​ជាង ១០ ម៉ឺន​កញ្ចប់​ត្រូវបាន​ចែកជូន​ដល់ដៃ​ពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​នៅក្នុង​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​នៅ​ព្រឹក​នេះ លោក នួន ផារ័ត្ន បាន​អះអាង​ថា៖ «គ្រាន់តែ​យើង​ជូន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​គឺមាន​សរុប​ជាង ១០ ម៉ឺន​កញ្ចប់​សម្រាប់​បងប្អូន​ដែល​កំពុង​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​ជីវភាព​ខ្វះខាត​ និង​ផ្តល់​អាទិភាព​ខ្ពស់​ដល់​អ្នក​រស់នៅក្នុង​តំបន់​ក្រហម ដែល​ពួកគាត់​មិន​អាច​ចាកចេញ​ពី​ផ្ទះ​បាន»។

លោក ផារ័ត្ន បាន​អះអាងថា ការចែក​អំណោយ​សង្គ្រោះ​បឋម​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​រដ្ឋាភិបាល​កម្ពុជា​គឺ​សំដៅ​ជូន​ដល់​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត ដូច្នេះ​ចំពោះ​អ្នក​មិនមាន​ជីវភាព​ខ្វះខាត មិនគួរ​ទាមទារ​នូវ​អំណោយ​ទាំងនេះ​ទេ។

ការថ្លែង​របស់លោក​យ៉ាង​ដូច្នេះ ដោយ​សំអាង​ថា ក្នុងស្ថានភាព​បច្ចុប្បន្ន រដ្ឋាភិបាល​អាច​ផ្តល់ជូន​តែ​ពលរដ្ឋ​មួយចំនួន​ប៉ុណ្ណោះ​ជាពិសេស​ពលរដ្ឋ​ដែល​ប្រឈម​ការខ្វះខាត​ខ្លាំង​ហើយ​អ្នក​ដែល​អាច​ទ្រទ្រង់បាន​ដោយ​ខ្លួនឯង គួរតែ​ចូលរួម​ជួយ​ជាមួយ​រដ្ឋាភិបាល។

លោក​បាន​បញ្ជាក់ថា៖ «ការផ្តល់ជូន​ប៉ុណ្ណឹង​គឺ​មិនទាន់​ដល់ដៃ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​គ្រប់​នោះទេ។ ប៉ុន្តែ​យើង​បាននិង​កំពុង​ប្រឹងប្រែង​មាន​យន្តការ​តាមរយៈ​ក្រុម​តេឡេក្រាម​របស់ (គបខ) ដែល​ផ្តល់ព័ត៌មាន​ស្នើសុំ​ជំនួយ​នេះ។ ក្នុង​អំឡុងពេល​មួយ​ខ្លី​យើង​មិនអាច​រៀបចំ​នូវ​អំណោយ​រាប់សែន​កញ្ចប់​ដល់​ពលរដ្ឋ​បាន​គ្រប់ៗ​គ្នា ក្នុង​រយៈពេល​មួយ​ខ្លី​នោះទេ»៕