ភ្នំពេញៈ លោក សម រង្ស៊ី ​ប្រធានស្ដីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពីពេល​ថ្មីៗ​នេះ​បានចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ប្រមូលផ្ដុំ​ការគាំទ្រ​ចំពោះ​គម្រោង​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដោយ​លើក​ម្រាមដៃ​ ៩ ធ្វើជា​សញ្ញា ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​ចាត់ទុក​យុទ្ធនាការ​នេះ​ជា​ផែនការ​ប៉ុងប៉ង​ធ្វើ​រដ្ឋប្រហារ​។

មន្ត្រី​ដដែល​នេះ​បាន​ព្រមាន​ផងដែរ​ចំពោះ​អ្នកចូលរួម​យុទ្ធនាការ​ម្រាមដៃ​ ៩ ​របស់​ក្រុម​អតីត​គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវ​ច្បាប់ ហើយ​យុទ្ធនាការ​នេះ​នឹង​ទទួល​បរាជ័យ​ដូចគ្នា​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដែល​ជា​សញ្ញា​មិន​ឲ្យ​ពលរដ្ឋ​ចូលរួម​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាលពី​ខែ​ កក្កដា ឆ្នាំ​ ២០១៨​។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​ណាមួយ​ដែល​ជា​ការធ្វើ​សកម្មភាព ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការបញ្ចេញមតិ​ក្នុង​ចេតនា​រៀបចំ​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នឹង​ប្រឈម​ជាមួយ​វិធានការ​តាមផ្លូវ​ច្បាប់​គ្រប់​យ៉ាង​ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព​របស់​ប្រទេស​។

លោក ម៉ាលីន បាន​ថ្លែង​ថា​៖ «​ជន​ណា​ដែល​មាន​ចេតនា​បង្កចលាចល ក្នុង​សង្គម​គឺ​សមត្ថកិច្ច​ត្រូវ​តែ​មាន​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការទប់ស្កាត់ ហើយ​ប្រជាពលរដ្ឋ​គាំទ្រ​ទៅលើ​វិធានការ​ច្បាប់​នេះ​ដោយសារ​តែ​យើង​គាំទ្រ​តម្លៃ​នៃ​សន្តិភាព​ដែល​មាន​ក្នុងពេល​បច្ចុប្បន្ន​»​។

លោក ម៉ាលីន បាន​ឲ្យ​ដឹង​ទៀតថា​៖ «​ច្បាប់​បាន​បញ្ញត្តិ​ហើយ​គឺ​ការធ្វើ​សកម្មភាព​តាម​គ្រប់​រូបភាព​មិន​ថា​តាមរយៈ​ការបញ្ចេញមតិ ការផ្សព្វផ្សាយ​ព័ត៌មាន ការធ្វើ​កាយវិការ​ ឬ​ក៏​ទង្វើ​ផ្សេងៗ​ឲ្យ​តែ​ក្នុង​ចេតនា​មួយ​​គាំទ្រ​ដល់​ផែនការ​នៃ​ការវិលត្រឡប់​វិញ​ (​របស់​លោក សម រង្ស៊ី​) ច្បាប់​បាន​ចាត់ទុក​ថា​ផែនការ​ទាំងមូល​ហ្នឹង​គឺជា​ផែនការ​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដូច្នេះ​ការធ្វើ​សកម្មភាព​គ្រប់បែប​យ៉ាង​ក្នុង​ការគាំទ្រ​ដល់​ផែនការ​នៃ​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​គឺជា​ការប្រព្រឹត្ត​បទល្មើស​ដែល​ច្បាប់​បាន​កំណត់​ថា​ជាការ​រួមគំនិត​ក្បត់​»​។

ជាមួយ​គ្នា​នេះ​ដែរ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ក្រុម​បក្ស​ប្រឆាំង​បាន​ប្រើប្រាស់​ល្បិច​គ្រប់បែប​យ៉ាង​រួមទាំង​យុទ្ធនាការ​ម្រាមដៃ ៩ ដើម្បី​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចលនា​របស់គេ​ក្នុង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​នេះ​គ្រាន់តែ​ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។ គេ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ញុះញង់​ប្រជាពលរដ្ឋ​រងគ្រោះ​ពេល​ដែល​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវច្បាប់​។ ទី​១ គាត់​បាន​​អំពាវនាវ​រៀបចំ​ធ្វើ​រដ្ឋប្រហារ​​ផ្តួលរំលំ របប និង​រាជានិយម​។ គេ​នឹង​ក្លាយ​ទៅ​ជា​អ្នកចូលរួម​ធ្វើ​រដ្ឋប្រហារ​ដូច្នេះ​អ្នក​ហ្នឹង​ត្រូវតែ​ទទួល​ទោស​តាមផ្លូវ​ច្បាប់​»​។

លោក ផៃ ស៊ីផាន ថ្លែង​ថា​៖ «​គេ​ប្រើល្បិច​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​នៅក្នុង​ចលនា​ធ្វើ​រដ្ឋប្រហារ​នេះ យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ចូលរួម​ធ្វើ​រដ្ឋប្រហារ ពួកគេ​នឹង​ប្រឈមមុខ​ទៅនឹង​ច្បាប់​។ នេះ​មិនមែន​ជា​ការគាំទ្រ រង្ស៊ី​ទេ តែ​ជា​ការធ្វើ​រដ្ឋប្រហារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្នប្រយែង ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​និង​សណ្តាប់ធ្នាប់​។

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំង ២ ​រូប​ធ្វើឡើង​បន្ទាប់ពី​លោក ហូរ វ៉ាន់ អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​ក្នុង​ហ្វេសប៊ុក​នា​ថ្ងៃទី​ ២៣ កញ្ញា ថា​៖ «​ពីថ្ងៃ​នេះ​ទៅ ដល់​ថ្ងៃ​ ៩ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ គ្រប់ការ​ជួប​ស្វាគមន៍​គ្នា យើង​លើក​ដៃ​ម្រាម​ ៩ ដើម្បី​បញ្ជាក់​ពី​ការគាំទ្រ​ថ្ងៃ​ ៩ វិច្ឆិកា​»​។

យុទ្ធនាការ​ម្រាមដៃ​ ៩ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួនឯង​នៅឯ​ក្រៅប្រទេស​បាន​អំពាវនាវ​ទៅដល់​កងកម្លាំង និង​ពលរដ្ឋ​ឲ្យ​ចូលរួម​គាំទ្រ​ដំណើរ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា​ខាងមុខនេះ​ដើម្បី​ប្តូរ​មេដឹកនាំ​នៅក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្គ្រោះ​ប្រជាធិបតេយ្យ​ហើយ​បាន​ត្រៀម​ថវិកា​សម្រាប់​ទុក​ឲ្យ​កងទ័ព​ដែល​ផ្តាច់ខ្លួន​ចាំ​ជួយ​ការពារ​ពលរដ្ឋ​ខ្មែរ នៅពេល​ដែល​លោក​វិលត្រឡប់​ទៅ​កម្ពុជា​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា យុទ្ធនាការ​ម្រាមដៃ​ ៩ ​កាន់តែ​ទទួល​បរាជ័យ ធ្ងន់ធ្ងរ និង​ដ៏អាម៉ាស់​ដូច​យុទ្ធនាការ​ម្រាមដៃ​ស្អាត​កាលពី​ឆ្នាំ​ ២០១៨ ។

លោក ឥសាន បាន​ថ្លែងថា​៖ «​យើង​ធ្លាប់​ដឹង​ហើយ​ម្រាមដៃ​ស្អាត​ដែល​បាន​បរាជ័យ​រួច​ទៅហើយ ហើយ​ឥឡូវ​មាន​ម្រាមដៃ​ ៩ ​ទៀត​វា​កាន់តែ​បរាជ័យ​ខ្លាំង​។ ហើយ​ជីវិត​នយោបាយ​របស់​​ទណ្ឌិត​ត្រូវ​ចូលក្នុង​គុក​ព្រៃ ស​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ក៏បាន​ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា រាល់​សកម្មភាព​បុគ្គល​ទាំងឡាយ​ដែល​គាំទ្រ​ចលនា​របស់​លោក សម រង្ស៊ី គឺជា​ទង្វើ​ចូលរួម​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល​ដោយសារ​តែ​លោក​ សម រង្ស៊ី បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​ឲ្យ​ក្រោកឈរ​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ទង្វើ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ចលនា​នោះ​ និង​យុទ្ធនាការ​នោះ​គឺ​ស្មើ​នឹង​សមគំនិត​ក្នុង​ផែនការ​ក្បត់​ជាមួយ សម រង្ស៊ី ហើយ​ការលើកដៃ ឬ​ធ្វើ​សកម្មភាព​ណាមួយ​ដែល​ពាក់ព័ន្ធ​ផែនការ​ណាមួយ​ដែល​ផ្តួចផ្តើម​ដោយ​លោក សម រង្ស៊ី គឺជា​ការរួម​គំនិត​ក្បត់​ដែល​ប្រឈម​ទោសទណ្ឌ​ទៅតាម​ផ្លូវច្បាប់​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការលើក​ឡើង​របស់​រាជរដ្ឋាភិបាល​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា វិធានការ​របស់​សមត្ថកិច្ច​ចំពោះ​បុគ្គល​ដែល​ធ្វើ​សកម្មភាព ឬ​បញ្ចេញមតិ​ផ្សេងៗ គាំទ្រ​ផែនការ​របស់​លោក សម រង្ស៊ី គឺជា​ការរំលោភ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​នេះ​ធ្វើឲ្យ​លោក​កាន់តែ​ព្រួយ​បារម្ភ​។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​វា​មិនមែន​អ្វី​ប្លែក​ទេ ជា​រឿង​ដដែលៗ​តាំងពី​យុទ្ធនាការ អាវ​ស អាវខ្មៅ ម្រាមដៃ​ស្អាត ហើយ​ឥឡូវនេះ​យុទ្ធនាកា​នេះ​ថែមទៀត ហើយ​រដ្ឋាភិបាល​មិនគួរ ប្រតិកម្ម​ទៅ​លើ​បញ្ហា​នេះ​ខ្លាំង​ទេ​ដោយសារ​តែ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទិ្ធ​សេរីភាព​ប្រជាពលរដ្ឋ​។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​យល់​ពី​បញ្ហា​នេះ ហើយ​លោក​គ្រាន់តែ​ជា​អ្នក​ស្រឡាញ់​គាំទ្រ​លោក​ប្រធាន​ សម រង្ស៊ី ហើយ​ខ្លួន​ក៏​ធ្វើតាម ហើយ​បើ​យក​ពួកគេ​មក​ដាក់ ទោស​គឺ​វា​ខុស​។ វា​ធ្វើឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទៅ​»​។

លោក​ ឆាយ គឹមខឿន អគ្គស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​៕

វីដេអូ៖